មនុស្សភពក្រៅ មាននៅលើផែនដីយើងមែនឬទេ? ពិបាកឆ្លើយបន្តិច… តែបុរសជាតិបារាំងម្នាក់នេះ អាចឆ្លើយនឹងសំនួរខាងលើបាន៖ មនុស្សភពក្រៅ គឺជារូបគាត់នេះតែម្ដង។ លោក «Anthony Loffredo» ទើបនឹងបានកាត់ច្រមុះ និងបបូរមាត់ខាងលើ របស់លោក ដើម្បីសម្រេចបំណងប្រាថ្នា នៅក្នុងគម្រោងដ៏ពិសេសមួយ ហៅថា «The black alien project»។
នៅក្នុងប្រទេសបារាំង និងនៅបណ្ដាប្រទេសភាគច្រើន ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ការកាត់អវយវៈ ឬផ្នែកណាមួយ នៅលើរាងកាយ មិនត្រូវបានអនុញ្ញាតទេ លើកលែងតែនៅក្នុងប្រទេសអេស្ប៉ាញ។
ហេតុដូច្នេះហើយ ទើបបុរសវ័យ៣២ឆ្នាំ ដែលមានរាងកាយ សាក់រូបពណ៌ខ្មៅទាំងស្រុង (រួមទាំងភ្នែកទាំងគូ) រួចហើយនេះ បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ កាលពីខែកញ្ញាកន្លងទៅ ដើម្បីកាត់ផ្នែកចុងច្រមុះរបស់លោក ដែលមានទាំងសាច់ និងឆ្អឹងចេញ។ បន្ទាប់មក កាលពីដើមខែមករា លោកបានកាត់បបូរមាត់ខាងលើ ចេញបន្ថែមទៀត។
មិនត្រឹមតែប៉ុណ្ណឹងទេ តែលោក «Anthony Loffredo» នៅមានចំណុចពិសេសផ្សេងទៀត នោះគឺអណ្ដាតលោក ត្រូវបានកាត់ញែកជាពីរ (ដូចអណ្តាតពស់) និងដាក់ដាំនៅពេញទាំងខ្លួន នូវដុំសាច់កំពីកកំពត ក៏ដូចជាគ្រឿងអលង្កាធ្វើពីដែកជាច្រើន។
គម្រោងទាំងអស់ខាងលើ ត្រូវបានលោកបញ្ជាក់ថា ទើបនឹងសម្រេចបាន ត្រឹមតែ២០% នៃគម្រោង «The Black Alien Project» ប៉ុណ្ណោះ។ លោកបានប្រកាសបន្ថែម ប្រាប់សារព័ត៌មានក្នុងប្រទេសបារាំងថា លោកសុបិន្ដចង់ជំនួសស្បែករបស់លោក ដោយស្បែក ធ្វើពីលោហៈទាំងស្រុង និងប៉ងធ្វើការផ្លាស់ប្ដូរដៃ ជើង ម្រាមដៃ និងផ្នែកខាងក្រោយ នៃក្បាលរបស់លោក។
កាលពីឆ្នាំ២០១៧ លោកត្រូវបានសារព័ត៌មានតំបន់ ឈ្មោះ «Midi Libre» ស្រង់សំដីមកផ្សាយថា៖
«តាំងពីខ្ញុំនៅតូចម្លេះ ខ្ញុំឈ្លក់វង្វេងនឹងការប្រែរូប និងការផ្លាស់ប្ដូរ នៃរាងកាយមនុស្ស។»
បើទោះជាលោកមានរូបរាងចម្លែកបែបនេះក្ដី (មិនត្រូវវិនិច្ឆ័យថា រូបរាងអាក្រក់ទេ) លោក «Anthony Loffredo» បានថ្លែងដោយអំនួតថា លោកនៅតែអាចប្រលោមស្នេហ៍ ជាមួយនាងៗទាំងឡាយ ដែលលោកគិតថា មានចិត្តចង់៕