ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកពី«បុព្វហេតុ»របស់លោក ដោយហៅការចាកចេញពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ជាជាង​ស្ដាប់​ការនិទានម្ដង​ហើយ​ម្ដង​ទៀត ពី​សំណាក់​លោក ហ៊ុន សែន និងបក្ខពួករបស់លោកតែម្ខាង។

តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី – ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី​«វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់​«ដ៏ធំធេង» របស់លោក នៅពេលដែលលោក​បានចាកចេញ​ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​វៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅ​ការរត់ចេញ​ពីប្រទេសនេះ ថា«បុព្វហេតុ»​ដើម្បីស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​រំដោះជាតិ​ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

លោក ហ៊ុន សែន បានយករឿងនេះ​មកព្យាយាមសរសេរឡើងវិញ នៅថ្ងៃទី២០ ខែមិថុនា​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ តែសំណេរនោះ លែងហៅ​លោក ហ៊ុន សែន ខ្លួនឯង ថាជាសម្ដេច«តេជោ»ទៀតហើយ តែជា​«សមមិត្ត​ ហ៊ុន សែន» ដែលជាគោរមងារ​«សមភាព» នៅក្នុងជួរកម្មាភិបាល​កុម្មុយនីស​នៃ​អង្គការ​ខ្មែរក្រហម និង​កម្មាភិបាល-​បក្ខជន​​កុម្មុយនីស នៃអង្គការបដិវត្តថ្មីមួយ ដែលលើកបន្តុបដោយវៀតណាម។

អតីតសមមិត្តនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីពេលចាកចេញ​ពីប្រទេសកម្ពុជា គេចចូលទៅក្នុង​ប្រទេស​វៀតណាម​នោះ មាន៧ចំណុច៖

ចំណុច​ទីមួយ នៅលើទឹកដីកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពេល​នោះ​ជាខេត្តកំពង់ចាម) វេលាយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាចំណុច​ដែល​លោក និងកម្មាភិបាល​ដ៏​ទុក​ចិត្ត​​បួន​នាក់ទៀត គឺលោក នុច ថន – លោក ញឹក ហួន – លោក ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និងលោក វ៉ា ប៉ោអ៊ាន ចាប់​​ចេញ​​ដំណើរ​​ភៀសខ្លួន​ទៅវៀតណាម។

លោកសរសេរថា៖ «ចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទី រំលងអាធា្រត្រ (នៅ​ថ្ងៃ​នោះ) មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ ម្យ៉ាង​ត្រូវ​ការ​ពុះពារទ្រាំទ្រនឹង អាកាសធាតុដ៏លំបាក ប៉ុន្តែ​ម្យ៉ាង​ទៀត ក៏​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ការពារខ្លួន ក្នុងពេលធ្វើដំណើរនេះ»។

រីឯក្នុងចំណុចទី២ គឺចំណុចដែលលោក ហ៊ុន សែន និងអ្នករួមដំណើរបួននាក់ទៀត បានចូលក្នុង​ទឹកដី​វៀតណាម បាន​ប្រមាណ​​ជា២០០ម៉ែត្រ នៅ​វេលា​ម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧។

នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ដែលអះអាងថា «ពុំមានអ្វីទទួលទាននោះ» បានសួរខ្លួនឯងថា៖

«តើ​អាច​ត្រូវ​ស្លាប់​ នៅ​ពេលឆ្លងព្រំដែន កម្ពុជា-​វៀតណាម ដោយការជាន់មីន ឬដោយកងការពារ​ព្រំដែន ​របស់​វៀតណាម​ឬទេ ? តើអាច ត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើ​វៀតណាម​ជឿ ហើយ​សុខចិត្ត​ជួយ​ក្នុង​ការ​ផ្តួល​រំលំ ​របបប្រល័យពូជសាសន៍ ប៉ុលពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនង​ការទូត ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ ? សំណួរចុងក្រោយ គឺតើវៀតណាម​អាចចាប់បញ្ជូន មកឲ្យប៉ុលពត​វិញ​ឬទេ?»។

អតីតកម្មាភិបាលខ្មែរក្រហម រត់ចោលជួររូបនេះ នៅបានរំលើកឡើងវិញទៀតថា លោក«ពិតជាមានការ​លំបាក ខាង​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ» ដោយគិតដល់​ផលវិបាក ដែលអាចកើតមាន ចំពោះភរិយាពរពោះ៥ខែ ដែលកំពុង​ស្ថិត​នៅ​ក្នុង​ក្រញាំ​ឃោឃៅ របស់ពួកខ្មែរក្រហម នៅឡើយ។

លោក ហ៊ុន សែន បានរំលឹកមកនិយាយ នៅត្រង់ចំណុចទី៣ បន្ទាប់ពីបានចូលក្នុងទឹកដីវៀតណាម បាន​ប្រមាណ​ជិត៦គីឡូម៉ែត្រ នៅវេលាម៉ោង ១១:០០នាទី ជិតថ្ងៃត្រង់ ដោយក្រុមលោកសម្រេចលាក់អាវុធ រួច​រៀបចំ​ដាំ​បបរដោយ​អង្ករ ដើម្បីទទួលទាន មុននឹងបន្តដំណើរ តាមផ្លូវថ្នល់ ទៅរកជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម ។

គ្នា៥នាក់ មានគម្រោងវាយឆ្មក់វៀតណាម?

ខណៈចំណុចទី៤ គឺជាចំណុច ដែលក្រុមលោកទាំង៥នាក់ បានជួបកម្មករយួនម្នាក់ នៅក្នុងភូមិវៀតណាមមួយ ដែល​មានចំងាយ​១៤​គីឡូម៉ែត្រ ពីព្រំដែន។ ពេលនោះ គឺម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​១៩៧៧។​ បន្ទាប់​ពី​ឲ្យ​រង់ចាំ​នៅនឹងកន្លែង កម្មករយួនរូបនោះបានចេញ ទៅនាំកម្លាំង​ស្វ័យការពារ​វៀតណាម​ ដោយ​មាន​ទាំង​អាវុធ មកជាមួយផង ។

លោក ហ៊ុន សែន សរសេរ នៅក្នុងចំណុចបន្ទាប់មកទៀតថា ដំបូងឡើយ វៀតណាមបានសង្ស័យ​ទៅលើ​ពួក​លោក​នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ច​របស់ ប៉ុល ពត ហើយបាន​ធ្វើការសាកសួរ ជាច្រើន​លើក​ច្រើន​សារ និង​ដោយ​បំបែកគ្នា រវាងលោក និងគ្នីគ្នារបស់លោក​ ទាំងបួននាក់។ ប៉ុន្តែ​នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ កងទ័ព​វៀតណាម បានទទួលស្គាល់​នៅទីបំផុតថា៖

«សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ ជាថ្នាក់បញ្ជាការ​វរសេនា​ធំ​ហើយ មិនមែន​ជា​ក្រុម​ ដែល​ប៉ុលពត​បញ្ជូនមក វាយឆ្មក់វៀតណាមទេ»។

លោក ហ៊ុន សែន បានថ្លែងរំលើក នៅទីបញ្ចប់ថា៖

«ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បាន​ក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិ​សាស្រ្ត​​ប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បាន​ចាប់​ផ្តើម​ដំណើរ ឆ្ពោះទៅការផ្តួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុលពត»។

ភាពមិនប្រក្រតី ដូចជាផ្សេងពីហ្នឹង…

តែការរំលើករបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក ហាក់មានភាពមិនប្រក្រតី​ ទាក់ទង​នឹង​ពេល​វេលា និងចម្ងាយផ្លូវ នៃការធ្វើដំណើរ។

វីដេអូពីរឿងរ៉ាវនេះ ផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ពន្យល់​ថា ពីចំណុចកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ទៅដល់ព្រំដែនវៀតណាម មាន​ចំងាយ​៩,៩គីឡូម៉ែត្រ ហើយ​លោក ហ៊ុន សែន ត្រូវបន្តដំណើរថ្មើរជើង ប្រមាណជា១៤គីឡូម៉ែត្រ នៅក្នុងទឹកដីវៀតណាម មុននឹងជួប​ជា​មួយ​​កម្មករ​​ចំការ​កៅស៊ូ​របស់វៀតណាម។

នៅត្រង់នេះ តើគេមិនគួរឆ្ងល់ទេឬ ថាលោក ហ៊ុន សែន ចេញដំណើរនៅម៉ោង២០ យប់ថ្ងៃទី២០ ខែមិថុនា និង​ទៅ​​ដល់ចំណុចជួប ជាមួយកម្មករ នៅម៉ោង​១៤ ថ្ងៃទី២១ ខែមិថុនា ពោលគឺលោកប្រើពេល​តែ ១៥ម៉ោង​ប៉ុណ្ណោះ ក្នុងការធ្វើដំណើរ​ទាំងយប់ កាត់ភ្លៀងព្យុះ ត្រូវឆ្លងព្រៃភ្នំក្រំថ្ម សម្រាប់​​ចំងាយ​ផ្លូវ​​ ជិត​២៥គីឡូម៉ែត្រ។ តើ​លោក ហ៊ុន សែន និង​​គ្នីគ្នា​​របស់​លោក​រត់រហូត មិនសម្រាក មិន​ឈប់​ទទួល​ទាន​អាហារ និង​ស្គាល់​ផ្លូវ​គេចខ្លួន​ទាំងនេះ​ដូចលោកស្គាល់​​បាត​ដៃ​ឬ?

ឯកសារបរទេសស្រាវជ្រាវឃើញផ្សឹង!

ផ្ទុយទៅវិញ ឯកសារផ្សេងទៀតនៅឯបរទេស ស្រាវជ្រាវដោយអ្នកនិពន្ធឯករាជ្យ បានលើកឡើង​ខុសគ្នា​ស្រឡះ​ ពី​ការ​និទាន​ខាងលើ។ ឯកសារ​ទាំង​នោះ បានពន្យល់ថា លោក ហ៊ុន សែន បាន​រត់​ចោល​ស្រុក គឺ​នៅ​ក្នុង​បុព្វហេតុ​តែមួយគត់ នោះគឺគេចចេញ ពីចំណាត់ការ​របស់ប៉ុលពត ដែល​កំណត់​ឲ្យ​កំចាត់​​ក្រុម​​ក្បត់​​អង្គការ ក្បត់​បដិវត្តន៍ នៅ​តំបន់​បូព៌ា។

សក្ខីកម្មនៃឯកសារស្រាវជ្រាវ នៅឯបរទេស ត្រូវបានក្រុមអ្នកប្រើប្រាស់ គេហទំព័រ «Wikipedia» ធ្វើ​ការ​ប្រមែ​ប្រមូល និង​យក​មក​សង្ខេប ទាក់ទងនឹងប្រវត្តិរបស់លោក ហ៊ុន សែន ដូច​ខាង​ក្រោម៖

នៅឆ្នាំ១៩៧៧ ឧបទ្ទវហេតុជាច្រើន​បានកើតឡើង នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានបង្ក​​ឱ្យ​មាន​ការ​ឆ្លើយតប ពីសំណាក់​កងទ័ព​ប្រជាជន​វៀតណាម ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ពិបាក​នឹង​ធ្វើការទប់ទល់។ មេ​បញ្ជាការជាន់ខ្ពស់ នៃរបបខ្មែរក្រហម នៅភ្នំពេញ បានទម្លាក់ការទទួលខុសត្រូវ នៃការទប់ទល់​​ដ៏ខ្សត់ខ្សោយ​​នា​ពេល​​នោះ ទៅលើក្រុមទាហាន និងក្រុមមេទាហាន​របស់​ខ្លួនមួយចំនួន ដែល​មិន​មាន​ភក្ដីភាព​ពេញ​លេញ ជា​មួយ​​នឹង​អង្គការ ហើយបានបញ្ជា​​ឲ្យមានការចម្រាញ់ចេញ នូវជនក្បត់បដិវត្តន៍ ដែល​​មាន​ទំនោរ​​ងាក​ទៅ​​ក្រុង ហាណូយ។

ដើម្បី​​គេច​​ចេញ ពីយុទ្ធនាការ​ចម្រាញ់នេះ លោក ហ៊ុន សែន បានសម្រេចចិត្ត​រត់​ឆ្លង​ព្រំដែន ចូល​ប្រទេស​វៀតណាម។ លោក ហ៊ុន សែន បានរត់គេចខ្លួន​ នៅខែមិថុនា ហើយបានរស់នៅ ក្នុងព្រៃអស់រយៈពេល​ជា​ច្រើន​ខែ មុននឹង​ចូល​​ទៅដល់ទឹកដីវៀតណាម ក្នុងខែធ្នូ ឆ្នាំ១៩៧៧។

ពេលទៅដល់ភ្លាម លោក ហ៊ុន សែន ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​មួយរយៈទៀត។ បន្ទាប់ពីត្រូវ​បាន​ដោះ​លែង លោក ហ៊ុន សែន បានចូលរួមជាមួយ​លោក ហេង សំរិន និង​លោក ជា ស៊ីម ក្នុងការបង្កើត​ឲ្យមាន​ចលនា​នយោបាយមួយ ដើម្បីផ្ដួលរំលំ​របប​ខ្មែរក្រហម។ ចលនា​នោះ មាន​ឈ្មោះ​ដំបូង​ឡើង​ថា «រណសិរ្សសាមគ្គី​ប្រជាជន​ខ្មែរ ដើម្បីស​ង្គ្រោះជាតិ» និងក្រោយមក​បានប្ដូរ​មក​ជា «រណសិរ្សយសាមគ្គីសង្គ្រោះជាតិកម្ពុជា» ហៅ​កាត់​ជា​ភាសា​បារាំង «FUNSK»។

សក្ខីកម្មមួយទៀត នៅក្នុងសៀវភៅ «ប៉ែន​ សុវណ្ណ ជីវប្រវត្តិ​សង្ខេប និងបុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា» ដែល​លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី (មុនលោក ហ៊ុន សែន) នៃរបប​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា សរសេរដោយ​ខ្លួន​លោក ហើយចេញផ្សាយ នៅក្នុងទសវត្សន៍​ចុងក្រោយនេះ បាន​ពន្យល់​ថា គម្រោង​រៀបចំ​វាយ​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៨ និង​ដើម​​ឆ្នាំ​១៩៧៩ ត្រូវ​បាន​​រៀបចំ​ដោយ​ក្រុង​ហាណូយ ជាយូរខែឆ្នាំ​មកហើយ មិនមែនដោយសារលោក ហ៊ុន សែន និង​គ្នីគ្នា​បួន​ប្រាំ​នាក់ ទៅ​​និយាយ​​​មួយ​​ម៉ាត់ពីរ ក៏ស្រាប់តែ​​វៀតណាម​​ធ្វើតាម​នោះទេ៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ...
កម្ពុជា

ហ៊ុន សែន ធ្វើពិធីទទួល«វ៉ាក់សាំងចិន»​ថ្ងៃ៧កុម្ភៈ រួចចាក់​នៅ​ថ្ងៃ១០កុម្ភៈ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...
កម្ពុជា

រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.