តើ«សមិទ្ធិផល»របស់សម្ដេច នរោត្ដម សីហនុ ណាខ្លះ ដែលបានបាត់បង់ និងសមិទ្ធិផល​ណាទៀត ដែល​នៅសេសសល់ ហើយក្លាយជាអ្វី នៅពេលបច្ចុប្បន្ននេះ?

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ខណៈដែលប្រជាជនកម្ពុជាជាទូទៅ កំពុងរួមកាន់ព្រះមរណទុក្ខ នៃព្រះបរមសព​ព្រះមហាវីរក្សត្រ នរោត្តម សីហនុនោះ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានផ្តល់បទសម្ភាន៍មួយ ទៅអោយ​ទូរទស្សន៍ក្នុងស្រុកស៊ីអ៊ិនស៊ី ដោយលើកឡើងថា៖

«ស្នាព្រះហស្តព្រះករុណាសម្តេចឪ ត្រូវខ្មែរក្រហមបំផ្លាញអស់ហើយ ហើយសមិទ្ធផលដែលមានឥឡូវ គឺបានកសាងចាប់ពីឆ្នាំ១៩៧៩ មកទេ»។

ពាក្យសម្ដីរបស់លោក កែប ជុតិមា បានរងនូវ​ប្រតិកម្មខ្លាំងក្លា និងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេស​​ពីសំណាក់អ្នកប្រើប្រាស់បណ្តាញ​សង្គម និង​ប្លូកផ្សេងៗ នៅតាមប្រព័ន្ធអ៊ិនធើណែត។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ បានទទួលស្គាល់ថា មានតែមួយផ្នែកប៉ុណ្ណោះ នៃសមិទ្ធិផល​របស់​សម័យ​សង្គមរាស្ត្រនិយម  ដែលត្រូវរងនូវការបំផ្លាញ។ តែលោកនៅតែលើកបង្ហាញ ពីភាពលំបាកលំបិន ជាងការសាង​សង់​ថ្មីទៅទៀត នៃការស្ដាសមិទ្ធិផល ដែលនៅសេសសល់នេះឡើងវិញ នៅក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត។

អតីតព្រះមហាក្សត្រសម្តេច នរោត្តម សីហនុ ជាអង្គវីរៈក្សត្រដ៏មាន ប្រជាប្រិយភាពជាទីបំផុត នៅក្នុងពេលព្រះអង្គ​ ទ្រង់​នៅ​គ្រងរាជ្យអំណាច ជាពិសេសក្នុងអំឡុងឆ្នាំ១៩៥៥ មកដល់ឆ្នាំ ១៩៧០ ដោយកាលនោះ ព្រះអង្គទ្រង់បានដាក់រាជ្យ ដើម្បីយាងចុះមកធ្វើនយោបាយ ហើយបានបង្កើតនូវរបបមួយ មានឈ្មោះថា៖ «សង្គមរាស្រ្តនិយម»។ របបដែលជាស្នាព្រះហស្ថផ្ទាល់ របស់ព្រះអង្គ ​ត្រូវបាន​គេដឹង និងទទួលស្គាល់ថា មានសុខសន្តិភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ។

ទស្សនាវដ្តីមនោម្យ.អាំងហ្វូ សូមបង្ហាញជូនត្រួសៗ នូវសមិទ្ធផលមួយចំនួន ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ក្នុង​សម័យសង្គមរាស្រ្តនិយមទាំងនោះ ដោយបញ្ជាក់ថា បើទោះជាសមិទ្ធិផលខ្លះ ជាការដាក់​ទុន​វិនិយោគ របស់ផ្នែកឯកជនក៏ដោយ ក៏គេនៅតែគិតថា នោះជាអ្វីដែលបានកើតឡើង នៅសម័យកាលនោះ ដែលស្ថិតនៅក្រោម​ព្រះរាជកិច្ចគ្រប់គ្រង នៃអង្គសម្ដេច នរោត្តម សីហនុ ដែរ។

សមិទ្ធផលត្រួសៗ ដែលបានបាត់រូបរាងរួមមាន៖

  • ចំណតអាកាសយានដ្ឋានបែកចាន (ខេត្តបាត់ដំបង)
  • ធនាគារជាតិ ក្រហម (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទកំពង់ចាម
  • សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
  • សាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត
  • ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ
  • រោងចក្រចម្រាញ់ប្រេងកាត (ក្រុងព្រះសីហនុ)
  • រោងចក្រស្រាបៀរ(ក្រុងព្រះសីហនុ)
  • រោងចក្រ “ព្រះនរោត្តម” តម្លើងត្រាក់ទ័រ និងរថយន្តធំ (ក្រុងព្រះសីហនុ)
  • រោងចក្រស្ករស (កំពង់ត្រាំ ខេត្តកំពង់ស្ពឺ)
  • រោងចក្រវាយនភណ្ឌ(ខេត្តកំពង់ចាម)
  • រោងចក្រវាយនភណ្ឌ (ខេត្តបាត់ដំបង)
  • រោងចក្របាវក្រចៅ (ដូនទាវ ខេត្តបាត់ដំបង)
  • រោងចក្រស៊ីម៉ងត៍ (ចក្រីទីង ខេត្តកំពត រោងចក្រកែវជើងឯក(ភ្នំពេញ)
  • រោងចក្រ ក្តារបន្ទះដីឥដ្ឋ(ខេត្តកណ្តាល)
  • រោងចក្រក្រដាស(ឆ្លូង ខេត្តក្រចេះ)
  • រោងចក្រជីហ្វូសស្វាត(ទូកមាស ខេត្តកំពត)
  • រោងចក្រកង់ឡាន(តាខ្មៅ ខេត្តកណ្តាល)
  • រោងចក្រត្រីខប្រអប់(ខេត្តកោះកុង)
  • រោងចក្រវារីអគ្គិសនីគិរីរម្យ (ខេត្តកំពង់ស្ពឺ)
  • ស្ពាន សង្គមរាស្រ្តនិយម (ឆ្លងកាត់ទន្លេសាប​ ភ្នំពេញ)
  • សណ្ឋាគារ“ឯករាជ្រ” (ក្រុងព្រះសីហនុ)។

យើងមិនអាចដឹងឲ្យច្បាស់លាស់ នូវមូលហេតុដែលបណ្ដាលឲ្យមានការបាត់បង់ ឬមូលហេតុ ដែលឈាន​ទៅ​ដល់​ការបំផ្លិចបំផ្លាញ ណាមួយនោះទេ។ យើងគ្រាន់តែអាចលើកមកជំរាប ជាមូលដ្ឋានខ្លះ ដូចយ៉ាងមូលហេតុ៖ សង្គ្រាម – ខុសនយោបាយ – ការលួចបំផ្លិចបំផ្លាញ និងការបោះបង់ចោលជាដើម។

សាកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ត្រូវបាន​កំទេច ដោយសាររងការជួបប្រយុទ្ធ រវាងកងទ័ពសាធារណរដ្ឋ និងកងទ័ពខ្មែក្រហម មុនឆ្នាំ១៩៧៥ ដោយអាចចាត់ទុក ជា​មូលហេតុសង្រ្គាម។ មូលហេតុនេះ មិនខុសប៉ុន្មាននឹង ការដាក់មីនកំទេចស្ពាន សង្គមរាស្ត្រ​និយម​នៅភ្នំពេញមុនឆ្នាំ ១៩៧៥នោះដែរទេ។ សាកលវិទ្យាល័យផ្សេងទៀត ត្រូវបានបោះបង់ចោល និងខ្លះទៀត ត្រូវបានវាយកម្ទេចចោល​រាប​ដល់ដី នៅក្រោមរបបប៉ុលពត ដោយសារតែរបបនេះ មិនដែលអោយតំលៃលើការសិក្សាខ្ពង់ខ្ពស់ ដែលយើងចាត់ទុក ជាមូលហេតុខុសនយោបាយ។

ដោយហេតុថា ធនាគារជាតិនៅរាជធានីភ្នំពេញ សម្បូរទៅដោយគន្លឹះយន្ដ ដែលបានបំពាក់ដើម្បីការពារ ហិរញ្ញវត្ថុ និងរបស់មាន​តម្លៃ​របស់ជាតិ (មាស-ប្រាក់) មួយផ្នែកនៃអាគារក្រហមនេះ ត្រូវ​បាន​វាយកំទេច (ឯកសារខ្លះថា បានដាក់គ្រាប់បែកបំផ្ទុះ និងខ្លះទៀតថា ការលួចបំផ្លិចបំផ្លាញនេះ ត្រូវបានធ្វើ​នៅឆ្នាំ១៩៧៩ ដោយកងទ័ពវៀតណាម) ដើម្បីអាចចូលទៅលួចគាស់កកាយ ដែលអាចចាត់ទុក​ជាមូលហេតុមួយដែរ។

សមិទ្ធផលខ្លះទៀត ដែលនៅសេសសល់ក្រោយឆ្នាំ១៩៧៩រួមមាន៖

  • វិមានឯករាជ្យ (ភ្នំពេញ)
  • វិមានរដ្ឋចំការមន (ភ្នំពេញ)
  • ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង (បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ចំណតអាកាសយានដ្ឋានសៀមរាប
  • ផ្លូវជាតិលេខ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)
  • ផ្លូវដែក (ក្រុងភ្នំពេញ-ក្រុងព្រះសីហនុ)
  • កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
  • សាលសន្និសីទ “ចតុមុខ” (ភ្នំពេញ)
  • សាលមហោស្រពជាតិ “ព្រះសុរាម្រិត” (សាលមហោស្រពជាតិទន្លេបាសាក់ ភ្នំពេញ)
  • រោងភាពយន្តរដ្ឋចេនឡា (ភ្នំពេញ)
  • ពហុកីឡាដ្ឋានជាតិ អូឡាំពិក (ភ្នំពេញ)
  • បូរីកីឡា (ភ្នំពេញ)
  • ស្ពានព្រះមុនីវង្សទី ២  (ភ្នំពេញ)
  • សាកលវិទ្យាល័យ “សង្គមរាស្រ្តនិយម” (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទចំការដូង (ភ្នំពេញ)
  • សាលាភូមិន្ទរដ្ឋបាល (ភ្នំពេញ)
  • មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ភ្នំពេញ)
  • មហាវិទ្យាល័យគរុកោសល្យ (ភ្នំពេញ)
  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ)
  • មហាវិទ្យាល័យសិល្បៈស្ថាបនា (ភ្នំពេញ)
  • មហាវិទ្យាល័យ សិល្បៈនិងមុខរបរ (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ភ្នំពេញ)
  • សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត (ភ្នំពេញ)
  • មន្ទីរពេទ្រមិត្តភាពខ្មែរ-សូវៀត (ភ្នំពេញ)។

ក្នុងរបបសង្គមរាស្ត្រនិយម នៅមានការកសាង នូវសមិទ្ធិផលជាច្រើនទៀត ដែលឯកសារជាច្រើន ពុំបានលើកឡើងមក​និយាយទេ។ តែសមិទ្ធិផលដែលនៅសេសសល់ ក្រោយឆ្នាំ១៩៧៩នេះ មានមួយចំនួន ត្រូវបានផ្លាស់ប្ដូររូបរាង ឬបាត់​រូបរាងតែម្ដង (ដូចជាបូរីកីឡា) ខ្លះទៀតត្រូវបានពុះជ្រៀក ជាចំរៀកៗ (ដូចជាទីធ្លាជុំវិញ​ពហុកីឡាដ្ឋានអូឡាំពិក ឬរោងភាពយន្តរដ្ឋចេនឡា) និង​ខ្លះ​ទៀតបានរងអគ្គីភ័យ រហូតត្រូវវាយកំទេចចោល រាបដល់ដី (ដូចជាសាលមហោស្រពជាតិ “ព្រះសុរាម្រិត”ជាដើម) ក្នុង​ពេលបច្ចុប្បន្ននេះផង។

ដូច្នេះការបាត់បង់រូបរាង ការផ្លាស់ប្ដូរ ឬការវិវឌ្ឍន៍ណាផ្សេង ដែលមានទៅលើ«សមិទ្ធិផល» ពីសម័យកាលរបស់ អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ មិនមែនមាននៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម តែមួយរបបនោះទេ តែត្រូវ​រាប់​បញ្ចូលទាំងសម័យកាលមុនឆ្នាំ ១៩៧៥ និងក្រោយឆ្នាំ១៩៧៩ដូចគ្នា។

នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលទាក់ទងនឹងការផ្លាស់ប្ដូរអ្នកដឹកនាំ ជារឿយៗ គេតែងតែសង្កេតឃើញ ថា​មានការផ្លាស់ប្ដូរដូចគ្នា នូវខ្សែរបន្ទាត់នយោបាយ ជំនឿសាសនាគោរពបូជា ឬការប្រកាន់នូវបក្សពួកនិយម ។ល។ ដែលទាំងអស់នេះ បានឈានទៅរក​ការផ្លាស់ប្ដូរ​រាជធានី ការវាយបំផ្លាញចោល នូវសមិទ្ធិផលរបស់អ្នកដឹកនាំមុន ដើម្បី​ដាក់មកវិញនូវគំនិតថ្មី ឬសមិទ្ធិផលថ្មីរបស់អ្នកដឹកនាំក្រោយ។

មានភស្ដុតាងជាច្រើនបានបង្ហាញ នៅតាមប្រាង្គប្រាសាទ​នានា ដែលព្រះរាជាក្រោយ បានត្រាស់បង្គាប់អោយ ឆ្លាក់រូបព្រះឥសី បញ្ជាន់លើរូបព្រះពុទ្ធ ដែលជាស្នាដៃរបស់​ព្រះរាជា​​មុន ឬការផ្លាស់ប្ដូរាជធានី ពីអង្គរទៅកោះកេរ និងក្រោយមក ពីកោះកេរទៅអង្គរវិញជាដើម។

មានតែក្សត្រតែប៉ុន្មានអង្គប៉ុណ្ណោះ នៅក្នុងចក្រភពអង្គរ (ស.វ ទី៩ ដល់ ស.វ ទី១២) ដែលទ្រង់បានថែរក្សា ដុះខាត់នូវ​សមិទ្ធិផល របស់ព្រះរាជាអង្គមុនៗ ហើយអភិវឌ្ឃន៍ សមិទ្ធិផលថ្មីបន្ថែមទៀត នៅជិតៗគ្នានោះ។ ហើយនេះជាមូលហេតុ​មួយ ក្នុងចំណោមមូលហេតុផ្សេងទៀត ដែលនាំអោយប្រទេសកម្ពុជា ក្លាយជាមហាអំណាចមួយក្នុងតំបន់ កាលពី​សម័យ​កាលមហានគរនោះ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន នៅតែបានអំពាវនាវ អោយមានការថែរក្សាជាបន្ដ នូវ​កេរ្ដ៍ដំណែលពីសម័យសង្គមរាស្រ្តនិយមដែរ ដោយសុំអោយមានការរំលឹក ពីប្រវិត្តិសាស្រ្តទាំងនេះឡើងវិញ ហើយលោក​ថា មិនបាននិយាយ យកនយោបាយមកលាយឡំ ជាមួយប្រវត្តិសាស្ត្រឡើយ។ តែ«អ្នកនយោបាយ» ដែលប្រកាស​ថា មិន​និយាយពី«រឿងនយោបាយ» វាជារឿងមិនគួរអោយជឿបាន ព្រោះថា «ប្រវត្តិសាស្រ្ត» មិនគួរត្រូវបានប្រកាស ចេញ​ពី​មាត់​របស់«អ្នកនយោបាយ»ខ្លួនឯងនោះទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

ផែង វណ្ណៈ ត្រូវ​ឃុំខ្លួន​នៅ​​គុក​ព្រៃស តែ​ពីរថ្ងៃ​បន្ទាប់​ពីត្រូវ ហ៊ុន សែន ប្ដឹង​

រងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ភាគីចុងចោទ លោក ផែង វណ្ណៈ បានស្គាល់រសជាតិពន្ធនាគារ រួចជាស្រេចហើយ។ មន្ត្រីយោធាស័ក្ដិ៤កន្លះ និងជាម្ចាស់គណនី-ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ ត្រូវបានចៅក្រមស៊ើបសួរ ...
កម្ពុជា

នាយករដ្ឋមន្ត្រី​ហុងគ្រី​ថា​បញ្ហា EBA គួរត្រូវ​ដោះស្រាយ​ផ្សេង​ពី​នយោបាយ

ប្រទេសហុងគ្រី មានជំហរចង់ឲ្យការខ្វែងគំនិតគ្នា រវាងសហភាពអ៊ឺរ៉ុប និងរបបក្រុងភ្នំពេញ ជុំវិញកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ – EBA» គួរត្រូវដោះស្រាយ ដោយមិនជាប់ពាក់ព័ន្ធ នឹងបញ្ហានយោបាយ។  ខាងលើនេះ ...
កម្ពុជា

បន្ទាប់ពី​កូរ៉េខាងត្បូង តើ សម រង្ស៊ី គ្រោងទៅ​ប្រទេស​ណាទៀត​នៅអាស៊ី?

មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពី​កូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.