«ទិវា​ពលកម្ម​អន្តរជាតិ ឬទិវាបុណ្យការងារ» ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា ទិវាមួយ​ឧសភា។ ទិវានេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ នៅជុំវិញ​ពិភពលោក តាមរយៈការដង្ហែក្រុមហ្វូង​មនុស្ស​ជា​ច្រើន នៅតាម​ដង​ផ្លូវ ដោយមានកាន់​បដា និង​បន្លឺ​ពាក្យពេចន៍​នានា​ ក្នុង​ន័យ​បង្ហាញ រំលឹក ឬទាមទារ ទៅកាន់​និយោជក រដ្ឋាភិបាល និងមហាជនផ្សេងទៀត ឲ្យ​គោរពសិទ្ធិ​បុគ្គលិក កម្មករ ឬនយោជិក​ ស្របតាម​ច្បាប់​ការងារ​របស់​ប្រទេស ក៏ដូចជា​ច្បាប់​ការងារ​អន្តរជាតិ ។

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ប្រទេសមួយចំនួនធំនៅក្នុងពិភពលោក មិនដែលភ្លេចប្រារព្ធ ទិវា​ពលកម្ម​អន្តរជាតិឡើយ។ តើទិវានេះមានប្រវត្តិ និងអត្ថន័យខ្លឹមសារបែបណាខ្លះ? សូមលោក​អ្នក​អញ្ចើញ​តាម​ដាន អត្ថបទ​​ស្រាវជ្រាវ​មួយ ដែលដកស្រង់ពីឯកសារជាច្រើន មកជម្រាបជូន​ដូចខាងក្រោម៖

អត្ថន័យ

ទិវានេះត្រូវបានប្រារព្ធឡើង ដោយចលនាពលកម្មអន្តរជាតិ រួមនិងចលនាឆ្វេងនិយម ដែលអាចជា​ទម្រង់​ផ្លូវ​ការ ឬ​មិនផ្លូវការ ទៅតាមប្រទេសជាច្រើនក្នុងពិភពលោក។ ថ្ងៃទី​០១ ខែឧសភា ត្រូវបានគេចាត់ទុកថា ជាថ្ងៃ​ឈប់​​សម្រាក​​​របស់ជាតិនីមួយៗ នៅក្នុងចំណោមប្រមាណជា ៨០ប្រទេស។

នៅ​ប្រទេសបារាំង ថ្ងៃឈប់​សំរាក​ការងារ​«១​ឧសភា» មិនត្រូវបាននយោជក​កាត់ចេញ ពីប្រាក់ខែនោះទេ ហើយនយោជក ត្រូវផ្ដល់​ប្រាក់​បំណាច់​ចំនួន​ទ្វេដង ទៅកម្មករនយោជិកណា ដែលការងារតំរូវ​អោយគ្នាធើ្វការ ក្នុងថ្ងៃទីមួយឧសភានេះ។

ប្រវត្តិ«ទិវា​ពលកម្ម​អន្តរជាតិ»

ការប្រារព្ធ​«បុណ្យការងារ» ជាលើកទីមួយចាប់ផ្ដើម នៅចុងសតវត្សទី ១៨ នៅប្រទេសបារាំង នៅថ្ងៃទីមួយ នៃ​ខែ​ដំបូងរបស់ប្រតិទិន «Pluviôse» (រវាងថ្ងៃទី២០មករា និង ១៨កុម្ភះ នៃប្រតិទិនបច្ចុប្បន្ន) ហើយបន្ដធ្វើ​នៅឆ្នាំ​បន្តបន្ទាប់ ​ក្រោយមក។

ហើយនៅឆ្នាំ១៨៦៧ ឧស្សាហកម្មជាគ្រួសាររបស់ ហ្គោដាំង ដឺហ្គីស (Godin de Guise) បាន​បង្កើតជា បុណ្យពលកម្មមួយ មានរូបរាងច្បាស់លាស់ជាងមុន ដោយលោក ហ្សន់ បាទីស ហ្គោដាំង បានសសេរ​ជាអត្ថបទ​មួយឡើង ស្ដីអំពីដំណោះស្រាយសង្គមមួយ​ សំរាប់កម្មករ។ កាលនោះ ថ្ងៃ​ដែល​គេ​អាច​ដង្ហែ​ក្បួន​បាន មិនមែននៅថ្ងៃ​ទីមួយឧសភាទេ តែគេបានធ្វើវា​នៅថ្ងៃទី៥មិថុនាទៅវិញ។


ឧស្សាហកម្មជាគ្រួសារ របស់ហ្គោដាំង ដឺហ្គីស។ (រូបភាព wikipedia.org)

តែ «ទិវាពលកម្មអន្តរជាតិ» ដែលយើងដឹងរាល់គ្នា ហើយប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ​នៅក្នុងប្រទេសជាច្រើន នា​ពេលបច្ចុប្បន្ននេះ វាមានប្រភពចេញពីការតស៊ូ​របស់កម្មករ​ នយោជិក នៅចុងសតវត្សទី ១៩ ដើម្បីទាមទារ អោយ​មានការ​កំណត់ ពេលវេលាធ្វើការងារក្នុងមួយថ្ងៃ ត្រឹមតែ៨ម៉ោង។

រលកចលនាតស៊ូទាំងនោះ ចាប់ផ្ដើមតាំងពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ១៨៨២ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិក ដោយ​កម្មករនយោជិក ចំនួនជាង ១០ ០០០នាក់ មកពីសហជីពជាច្រើនស្ថាប័ន បានចុះដើរតាមដងផ្លូវ ហើយវាបានក្លាយ​ជា ក្បួនដង្ហែរ​លើកទីមួយនៃ ទិវា«បុណ្យការងារ»។

នៅក្នុងសមាជជួបជុំគ្នាដ៏ធំ នាឆ្នាំ១៨៨៤ ពពួក​សហជីព​បានកំណត់​ឱសានវាទពេលវេលា​ចំនួនពីរឆ្នាំ ទៅខាងនយោជក ដើម្បីផ្ដូរ​ពេលវេលា​ធ្វើការក្នុងមួយថ្ងៃ មកត្រឹម​តែ​៨ម៉ោងវិញ។ ពួកគេបាន​កំណត់ «ថ្ងៃទីមួយខែឧសភា» ជាថ្ងៃផ្ដើមដំបូងនៃការតស៊ូនេះ ដោយមក​ពីថ្ងៃនេះ​ជាថ្ងៃ​វិលជុំ​ប្រចាំឆ្នាំរបស់​សហគ្រាស ក្នុងការកំណត់យកធ្វើជាថ្ងៃនៃកិច្ចសន្យាធ្វើការ ដែលភាគច្រើន​បានចប់ ឬ​ចាប់​ផ្ដើម​នៅថ្ងៃនេះ។

ការតស៊ូទាមទារនេះ ឈានមកដល់ដំណាក់កាលរីករាលដាលខ្លាំង ហើយបាតុកម្មដ៏ធំមួយ ត្រូវបានរៀបចំធ្វើ នៅ​ថ្ងៃទីមួយ ខែឧសភា ឆ្នាំ១៨៨៦ ដែលមានកម្មករ​ នយោជិកចូលរួមធ្វើប្រមាណជា ៣៤០ ០០០នាក់ មកពី​គ្រប់​ទិសទី ក្នុង​ប្រទេសអាមេរិក។​

នៅតំបន់ «Haymarket (ទីផ្សារ ស្មៅស្ងួត)» នាទីក្រុង ស៊ីកាហ្គោ ក្នុងខណៈ​ដែល​ការ​ទាមទារ បាន​ឈានទៅដល់ការ ប្រទាញប្រទង់គ្នា រវាងកងកំលាំងនគរបាល និងកម្មករ​ នយោជិក ស្រាប់​តែ​មាន​ជន​មិន​​ស្គាល់​​មុខម្នាក់ បានបោកគ្រាប់បែក ឆ្នៃពីរំសេវផ្ទុះ នៅនឹងជួរមុខ​នៃក្រុមកម្លាំងនគរបាល ដែល​បាន​ធ្វើ​អោយ​នគរបាល​ម្នាក់​ស្លាប់។ នគរបាលប្រាំពីរនាក់ ផ្សេងទៀត​បានស្លាប់ដែរ នៅក្នុងពេល​ប្រតាយ​ប្រតប់គ្នា​បន្ទាប់មក។

ក្រោយ​ពី​ព្រឹត្តិការណ៍ដែលខាងអជ្ញាធរបានចោទ ថា​ជាអំពើភេវរកម្មនេះ សមាជិកសហជីពចំនួន៥នាក់ ត្រូវ​បាន​គេ​​យកទៅ​ប្រហាជីវិត (បួននាក់ប្រហាជីវិតដោយព្យួករ នៅថ្ងៃទី១១វិច្ឆិការ ឆ្នាំ១៨៨៧ – ថ្ងៃនោះ​មាន​ឈ្មោះ​ថា ជាថ្ងៃ​សុសុក្រខ្មៅ​ងងឹត – និងម្នាក់ទៀតសំលាប់ខ្លួនមុន នៅក្នុងពន្ធនាគារ) បើទោះជាគ្មាន​ភស្ដុតាង​ច្បាស់​លាស់​​ បញ្ជាក់​ពី​​ទោស​​កំហុស របស់ពួកគេក៏ដោយ។

សមាជិកសហជីពបីនាក់ផ្សេងទៀត ត្រូវបានគេកាត់ទោស អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត តែត្រូវដោះលែងនៅឆ្នាំ១៨៩៣ ដោយការលើកលែងទោសមួយ របស់​អភិបាល​​នៅ​តំបន់​នោះ យោងទៅលើភាព​ផុយស្រួយខ្លាំង ​ក្នុងការស៊ើបអង្កេតរកទណ្ឌភាព ដាក់លើសមាជិក​សហជីព​ទាំង​នេះ។

ដើម្បីឧទ្ទឹសទៅអ្នកដែលបានស្លាប់ទៅ ដើម្បីបុព្វហេតុរួមនេះ នៅវាលកប់សាកសព វ័លដហាម (Cimetière de Waldheim) នៅទីក្រុង ស៊ីកាហ្គោ (Chicago) គេបានចារផ្ទាំងសិលា នៅលើផ្នូរវីរជននៃសហជីព​ទាំង​នោះ ដោយ​​មានអត្ថន័យ​ថា៖

«ថ្ងៃនោះនឹងមកដល់ – គឺថ្ងៃដែលភាពស្ងៀមស្ងាត់របស់យើង មានអនុភាពខ្លាំង ជាង​សំរែក​ឈឺចាប់​របស់អ្នក ដើម្បីបុព្វហេតុរួម​នៅថ្ងៃនេះ»

«The day will come when our silence will be more powerful than the voices you strangle today»

«Le jour viendra où notre silence sera plus puissant que les voix que vous étranglez aujourd’hui»

ការទាមទារនេះ បានរីករាលដាល​កាន់តែធំឡើងៗ រហូតមកដល់ឆ្នាំ ១៨៨៩ សមាជជួបជុំគ្នាស្ដីពីការងារ ជា​លក្ខណៈ​អន្តរជាតិលើកទីពីរ ក៏ត្រូវបានគេរៀបចំឡើង នៅក្នុងរដ្ឋធានី​ប៉ារីស ប្រទេសបារាំង នៅ​ក្នុង​ឱកាស​បុណ្យ​ខួប ១០០ឆ្នាំ​នៃ​បដិវត្តបារាំង និងការតាំងពិពណ៌សាកល។

ក្រោយមកទៀត សំណើរមួយក៏ត្រូវបាន​លើក​ឡើង ​​នៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ១៨៨៩ ដោយលោក រ៉េម៉ុង ឡាវីញ (Raymond Lavigne) យកថ្ងៃទី១ឧសភា ឆ្នាំ​១៨៩០ ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៃ​ចលនា​តស៊ូរបស់កម្មករ​-នយោជិក ពលីនៅទីក្រុងស៊ីកាហ្គោ ដែល​បាន​ទាមទារ​ឲ្យកំរិតពេលវេលាធ្វើការ តែ​៨ម៉ោងក្នុង​មួយថ្ងៃ ហើយក៏ជាថ្ងៃសំរាប់ការដង្ហែ ក្បួនជាទូទៅ នៃទិវា​បុណ្យ​ការងារ​ផងដែរ។

ព្រឹត្តការណ៍ដ៏សោកសៅមួយទៀត ក្នុងពេលដង្ហែក្បួនថ្ងៃទីមួយឧសភា ឆ្នាំ១៨៩១ នាផ្នែកខាងជើង នៃ​ប្រទេស​បារាំង កងកំលាំងនគរបាល​បានបាញ់រះ ​ទៅលើអ្នកចូលរួមដង្ហែក្បួន ធ្វើឲ្យមានអ្នកស្លាប់៩នាក់ នៅពេលនោះ។ ព្រឹត្តការណ៍នេះ បាបានធ្វើឲ្យ​អត្តសញ្ញាណ នៃទិវាថ្ងៃទីមួយឧសភា កាន់តែត្រូវ​បាន​គេ​និយាយ​រក​ និង​​ទទួល​​ស្គាល់​ជាផ្លូវការថា ជា​ព្រឹត្តិការណ៍​​ប្រចាំឆ្នាំទូទៅមួយ សរាប់ពលករ​ទាំងឡាយ​ក្នុង​ពិភពលោក ក្នុងការ​ទាមទារអោយគេគោរពសិទ្ធ​របស់ខ្លួន និងសិទ្ធរស់នៅជាមូលដ្ឋាន នៅក្នុងសង្គម។

នៅប្រទេសបារាំង គេតែងតែជូនរង្វាន់គ្នា ទៅវិញទៅមក នូវផ្កា មុយហ្គេ (Le muguet – រូបថតខាងលើ) ដែល​គេបានគិតថា​ជាផ្កា ​នាំ​មក​នូវសំណាងល្អ ហើយវារីកតែនៅក្នុងអំឡុងពេលថ្ងៃទីមួយ ខែឧសភានេះតែប៉ុណ្ណោះ។ ទម្លាប់នេះត្រូវបាន បណ្ដា​ជន​ជាតិ​​បារាំង​យក មកប្រើក្នុងឱកាស «ទិវាពលកម្ម​ ឬទិវាបុណ្យការងារ អន្តរជាតិ» នៅឆ្នាំ១៩០៧ និង​នៅ​ឆ្នាំ​១៩៣៦ បន្ត​បន្ទាប់មក៕



លំអិតបន្ថែមទៀត

ដំណឹង

យីហោ​សម្លៀកបំពាក់​ធំៗ កំពុងត្រៀម​ដកខ្លួន ពីរោងចក្រ​នៅអាស៊ី?

យីហោ​សម្លៀកបំពាក់​ធំៗ ជាច្រើន​របស់​បស្ចឹមលោក កំពុងគ្រោងដកខ្លួន ឬផ្អាកការបញ្ជាទិញ ក្នុងរយៈពេលវែង ដែលបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅដល់ការងារកម្មករ ជាពិសេសបណ្ដាកម្មករ ដែលជាសមាជិកសហជីព នៅក្នុងបណ្ដារោងចក្រនានា លើទឹកដីអាស៊ីអាគ្នេយ៍។ នេះ ...
កម្ពុជា

បំណុល​វ័ណ្ឌក ៖ ក្រុមសង្គមស៊ីវិល​បដិសេធកែ​ប្រែ​របាយការណ៍​របស់ខ្លួន

បំណុល​វ័ណ្ឌក ៖ សំណើររបស់សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ឲ្យអង្គការ​សង្គមស៊ីវិលចំនួន៤ ធ្វើការកែប្រែរបាយការណ៍ចំនួនបី ដែលចេញផ្សាយ កាលពីពេល​កន្លងមក ត្រូវបានអង្គការទាំងនោះ ប្រកាសបដិសេធ។ ការឆ្លើយឆ្លងគ្នា រវាងក្រុមសមាគម និងអង្គការទាំងបួន ...
កម្ពុជា

Covid-19៖ ពលរដ្ឋខ្មែរ​«ទ្រហោយំ» ព្រោះ ហ៊ុន សែន មិនឲ្យ​ចូលស្រុក

ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី ប្រមាណជា ១៥០នាក់ បាន«ទ្រហោយំ» បន្ទាប់ពីត្រូវបានរដ្ឋាភិបាលកម្ពុជាខ្លួនឯង បដិសេធមិនទទួលយក ខណៈពេលដែលពលរដ្ឋទាំងនោះ កំពុងត្រៀមឡើងយន្ដហោះ វិលមកមាតុភូមិវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកម៉ិញ ក្នុងព្រលានយន្ដហោះ នៃរាជធានី ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.