របាយការណ៍ឯកសារលំអិត

ភាពខ្ជីខ្ជារបស់កងទ័ពម៉ាឡេស៊ី រួមចំណែកក្នុងការបាត់យន្ដហោះ MH370

ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងនៃយន្ដហោះ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ (Malaysia Airlines) កាលពីខែមិនា ឆ្នាំ២០១៤ មានចំណែកទទួលខុសត្រូវមួយភាគ ពីកងទ័ពម៉ាឡេស៊ី។ នេះ បើតាមការស្រាវជ្រាវមួយ របស់ទូរទស្សន៍បារាំង ដែលបានចុះទៅយកការណ៍ ដល់កន្លែងកើតហេតុផ្ទាល់។

កម្មវិធី «Complément d’enquête» របស់ទូរទស្សន៍បារាំង «France 2​» បានធ្វើការអង្កេត ដោយចាប់ផ្ដើមសិក្សាជាដំបូង ទៅលើរបាយការណ៍ផ្លូវការ ដែលបានអះអាងថា ក្នុងយប់ថ្ងៃ៨ ខែមិនា ឆ្នាំ២០១៤ យន្ដហោះប្រភេទ ប៊ូអីង (Boeing 777) បាន​ហោះ​ត្រឡប់ក្រោយវិញ បន្ទាប់ពីបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ បានប្រមាណ ជាង៣០នាទីក្រោយមក ហើយថែមបានហោះ ពីលើដែនដីភាគខាងជើងបំផុត នៃប្រទេសម៉ាឡេស៊ីនោះផង។

ដំណើរហោះត្រឡប់ក្រោយនេះ របស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ត្រូវបានថតជាប់ ដោយប្រព័ន្ធឃ្លាំមើលដែនអាកាស របស់មូលដ្ឋានយោធាមួយឈ្មោះ «Butterworth» ស្ថិតក្នុងក្រុង «Penang» ភាគខាងជើងប្រទេស។

ជាធម្មតា មូលដ្ឋានយោធានោះ ត្រូវមានតួនាទីជាយុទ្ធសាស្ត្រ ក្នុងការការពារទឹកដី ដែនសមុទ្រ និងការពារដែនអាកាសដ៏រឹងមាំ របស់ប្រទេសម៉ាឡេស៊ី។ ផ្ទុយទៅវិញ នៅចំពោះវត្តមានយន្ដហោះដ៏ចម្លែកមួយ ដែលហោះរំលងពីលើខ្លួន ក្នុងអំឡុងម៉ោង ១និង៥២នាទី (ទៀបភ្លឺ)  មូលដ្ឋានយោធា «Butterworth» បែរជាមិនបានធ្វើប្រតិកម្ម អ្វីទាល់​តែ​សោះ។

ហេតុអ្វី ក៏​យន្ដហោះ​ប៊ូអីង ដែលដឹកមនុស្ស​២៣៩​នាក់ បានក្លាយជាយន្ដហោះ​ចម្លែក? ព្រោះ​យន្ដហោះនេះ បានបាត់ការ​ទាក់ទង​សូន្យ​ឈឹង​តែម្ដង រាប់ពីពេល​យន្ដហោះ វិលត្រឡប់​ក្រោយ​វិញ។ រាល់ការប៉ុនប៉ង​ភ្ជាប់ទំនាក់ទំនង ទៅកាន់​យន្ដហោះ មិនទទួលបាន​ការឆ្លើយតបវិញទេ។ ដូច្នេះ ក្នុងវិស័យ​ការពារជាតិ វាអាចជាយន្ដហោះ​របស់បច្ចាមិត្ត – ចោរប្លន់អាកាស ឬរបស់ភេរវករ ដែលកងទ័ពការពារដែនអាកាស ចាំបាច់​ត្រូវប្រតិកម្មភ្លាម។

ប៉ុន្តែ នៅឯមូលដ្ឋានយោធា «Butterworth» មិនមាននរណាម្នាក់រង្គើខ្លួនទេ ខណៈនៅទីនោះ មានយន្ដហោះប្រដេញជាច្រើនគ្រឿង ដែលនៅបញ្ឈរជើង និងត្រៀមលក្ខណៈ អាចចេញធ្វើប្រតិកម្មបាន។ ហេតុអ្វី?

នៅក្នុងកញ្ចក់ទូរទស្សន៍អូស្ត្រាលី រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានព្យាយាមលាក់បាំងភាពខ្ជីខ្ជាខាងលើ ដោយរុញការទទួលខុសត្រូវ ទៅលើកងទ័ពអាមេរិក ថាបានបាញ់ទម្លាក់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ។

បទយកការណ៍របស់ «Complément d’enquête» បានរកឃើញពីមូលហេតុ«យ៉ាងងាយ»ដូច្នេះថា ទាហានបម្រុងម៉ាឡេស៊ី ដែលអាចបើកយន្ដហោះប្រដេញទាំងនោះបាន កំពុងលង់លក់ក្នុងដំណេក នៅឯលំនៅដ្ឋានរបស់ផងខ្លួន។

អ្នកសារព័ត៌មានបារាំង បានជួបជាមួយអតីតមេបញ្ជាការ កងទ័ពជើងអាកាសម៉ាឡេស៊ី លោក «Ahmad Zaïdi» ដើម្បីស្វែងរកការបញ្ជាក់ ពីកង្វះខាតភាពប្រុងប្រយ័ត្ន របស់កងទ័ពអាកាសម៉ាឡេស៊ី នោះពេលនោះ។ លោកថា៖

«ក្នុងពេលមានសន្តិភាព គ្រប់គ្នាវិលត្រឡប់ទៅផ្ទះវិញ នៅពេលយប់។ ដើម្បីអាចចេញធ្វើប្រតិកម្មបាន យើងត្រូវការពេលរហូតដល់ទៅ ២ម៉ោង។ ហើយនៅពេលនោះ គ្រប់ទាហានអ្នកបើកយន្ដហោះទាំងអស់ កំពុងនៅផ្ទះរបស់ពួកគេ។ គ្មានអ្នកបើកបរ​យន្ដហោះ​ណាម្នាក់ នៅប្រចាំការទេ។»

យន្ដហោះបាត់ខ្លួន បានភ្ជាប់ជើងហោះហើររបស់ខ្លួន ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី​ប៉េកាំង ប្រទេសចិន។ មក​ទល់​នឹង​ពេលនេះ ការរុករក​យន្ដហោះ​បាត់ខ្លួន នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង គ្មានទទួលបាន​​លទ្ធផលអ្វី​ឡើយ។

នៅចំពោះសំនួរអ្នកកាសែត ដែលសួរថា តើអាចនិយាយសរុបមក អំពី«ភាពខ្ជីខ្ជា»របស់កងទ័ព បានដែរឬទេ? លោក «Ahmad Zaïdi» បានឆ្លើយថា៖

«ពិតហើយ ! វាជាភាពខ្ជីខ្ជាដ៏ធំមួយ។ ជាចន្លោះប្រហោង នៃការគ្រប់គ្រង។ រដ្ឋាភិបាលយើង គួរទទួលខុសត្រូវចំពោះករណីនេះ តែគ្មាននរណាម្នាក់ បានលាលែងចេញពីតំណែងទេ៕»



លំអិតបន្ថែមទៀត

ដំណឹង

MH17 ៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់

១៥ខែ ក្រោយការធ្លាក់យន្ដហោះម៉ាឡេស៊ី «MH17» នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន សេចក្ដីសន្និដ្ឋាន​ចេញ​ពីការ​ស៊ើប​អង្កេត​មួយ ត្រូវបានប្រកាសឲ្យដឹង ជាផ្លូវការនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នេះ។ យន្ដហោះ​ដែល​កំពុង​ហោះ ត្រូវ​បាន​បាញ់​កំទេច នៅក្នុងអាកាស ដោយកាំជ្រួចបាញ់ពីដី ...
ដំណឹង

យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ...
កម្ពុជា

Covid-19៖ ពលរដ្ឋខ្មែរ​«ទ្រហោយំ» ព្រោះ ហ៊ុន សែន មិនឲ្យ​ចូលស្រុក

ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី ប្រមាណជា ១៥០នាក់ បាន«ទ្រហោយំ» បន្ទាប់ពីត្រូវបានរដ្ឋាភិបាលកម្ពុជាខ្លួនឯង បដិសេធមិនទទួលយក ខណៈពេលដែលពលរដ្ឋទាំងនោះ កំពុងត្រៀមឡើងយន្ដហោះ វិលមកមាតុភូមិវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកម៉ិញ ក្នុងព្រលានយន្ដហោះ នៃរាជធានី ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.