កម្ពុជាដំណឹង

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែសីហាខាងមុខនេះតទៅ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅមុននេះបន្តិច បានបញ្ជាក់ពីបទបញ្ជា របស់លោក ហ៊ុន សែន ចុះថ្ងៃទី២៥ ខែកក្កដាម្សិលម៉ិញ ដើម្បីឲ្យផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការហោះហើរទាំងឡាយ ពីប្រទេសទាំងពីរ បន្ទាប់ពីសង្កេតឃើញថា ការឆ្លងជំងឺកូវីដ១៩ របស់អ្នកដំណើរមកពីប្រទេសទាំងពីរ មានអត្រាខ្ពស់។

តែក្រសួងសុខាភិបាល មិនបានបញ្ជាក់ថា ការផ្អាកជើងយន្ដហោះ នឹងមានសុពលភាពរហូតដល់ពេលណា និងជាប់ពាក់ព័ន្ធ ជាមួយជនជាតិកម្ពុជា ដែលត្រូវធ្វើដំណើរ វិលចូលមាតុភូមិខ្លួនវិញ ឬយ៉ាងណានោះទេ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ក្នុងរយៈពេលចុងក្រោយ ចាប់ពីថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលរកឃើញ មានការកើនឡើង គួរឲ្យកត់សម្គាល់ នូវអ្នកផ្ទុកមេរោគកូវីដ-១៩ រហូតដល់១០៨នាក់ ពីក្នុងចំណោមអ្នកដំណើរសរុប ២៣.៥៦៧នាក់ ក្នុងនោះអ្នកជំងឺភាគច្រើន ធ្វើដំណើរ​តាមជើង​យន្ដហោះ ពីប្រទេសម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ។

ក្រសួងសរសេរបន្តថា៖

«ម្យ៉ាងវិញទៀត ចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹង​មានការឈប់​សម្រាក ក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ក្នុងកិច្ចការពារចម្លង​វិរុសកូវីដ១៩។»

ក្នុងពេលរាំងខ្ទប់ជើងយន្ដហោះ ពីប្រទេសម៉ាឡេស៊ី ក្នុងពេលកន្លងមក ក្រោមបញ្ជា​របស់​លោក ហ៊ុន សែន បានធ្វើឲ្យពលរដ្ឋខ្មែរ​ច្រើនសិបនាក់ គ្មានទឹកដីមាតុភូមិ និងជាប់គាំង​ជាច្រើនសប្ដាហ៍ នៅក្នុងប្រទេសម៉ាឡេស៊ី រហូតលុះត្រា​មានភ្ជាប់ជើងហោះហើរ​ឡើងវិញ កាលពីខែមិថុនាកន្លងមក។

គិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺ​កូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និង​បុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយ មានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស ១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាល នៅតាម​មន្ទីរពេទ្យរដ្ឋ​មានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់)៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន គម្រាម​បិទ​«ហ្វេសប៊ុក»​នៅកម្ពុជា

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងនៅកម្ពុជា បានប្រកាសព្រមានក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃនេះ ថានឹងបិទបណ្ដាញសង្គមមួយនេះនៅកម្ពុជា ប្រសិនណាជាក្រុមហ៊ុន ហ្វេសប៊ុក បិទគណនីនិងទំព័ររបស់លោក។ លោក ហ៊ុន សែន បានសរសេរដូច្នេះនៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានចំនួនអ្នកតាមដាន ...
កម្ពុជា

ហ៊ុន សែន អះអាងថា​នឹង​«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»​ដាច់ខាត

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងព្រឹកថ្ងៃនេះថា លោកនឹង«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា លោកមិនមានសញ្ជាតិបរទេស ដើម្បីអាចរត់ទៅបរទេសបានទេ បើទោះក្នុងពេលកន្លងមក លោកអាចចាកចេញ ...
កម្ពុជា

អង្គការ​លើកលែង​ទោស​ទម្លាយ​រូបភាព​ដ៏កម្រ នៃពន្ធនាគារ​«អន្សម»​កម្ពុជា

រូបភាពដ៏កម្រ នៃពន្ធនាគារ«អន្សម»មួយ នៅកម្ពុជា ត្រូវបានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) យកមកបង្ហោះ នៅពាសពេញបណ្ដាញសង្គម កាលពីម្សិលម៉ិញ។ រូបភាពវីដេអូ ប្រមាណជា១៥វិនាទីនោះ ត្រូវបានថតចេញ ពីពន្ធនាគារមួយកន្លែង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.