របាយការណ៍ឯកសារលំអិត

ភាពខ្ជីខ្ជារបស់កងទ័ពម៉ាឡេស៊ី រួមចំណែកក្នុងការបាត់យន្ដហោះ MH370

ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងនៃយន្ដហោះ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ (Malaysia Airlines) កាលពីខែមិនា ឆ្នាំ២០១៤ មានចំណែកទទួលខុសត្រូវមួយភាគ ពីកងទ័ពម៉ាឡេស៊ី។ នេះ បើតាមការស្រាវជ្រាវមួយ របស់ទូរទស្សន៍បារាំង ដែលបានចុះទៅយកការណ៍ ដល់កន្លែងកើតហេតុផ្ទាល់។

កម្មវិធី «Complément d’enquête» របស់ទូរទស្សន៍បារាំង «France 2​» បានធ្វើការអង្កេត ដោយចាប់ផ្ដើមសិក្សាជាដំបូង ទៅលើរបាយការណ៍ផ្លូវការ ដែលបានអះអាងថា ក្នុងយប់ថ្ងៃ៨ ខែមិនា ឆ្នាំ២០១៤ យន្ដហោះប្រភេទ ប៊ូអីង (Boeing 777) បាន​ហោះ​ត្រឡប់ក្រោយវិញ បន្ទាប់ពីបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ បានប្រមាណ ជាង៣០នាទីក្រោយមក ហើយថែមបានហោះ ពីលើដែនដីភាគខាងជើងបំផុត នៃប្រទេសម៉ាឡេស៊ីនោះផង។

ដំណើរហោះត្រឡប់ក្រោយនេះ របស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ត្រូវបានថតជាប់ ដោយប្រព័ន្ធឃ្លាំមើលដែនអាកាស របស់មូលដ្ឋានយោធាមួយឈ្មោះ «Butterworth» ស្ថិតក្នុងក្រុង «Penang» ភាគខាងជើងប្រទេស។

ជាធម្មតា មូលដ្ឋានយោធានោះ ត្រូវមានតួនាទីជាយុទ្ធសាស្ត្រ ក្នុងការការពារទឹកដី ដែនសមុទ្រ និងការពារដែនអាកាសដ៏រឹងមាំ របស់ប្រទេសម៉ាឡេស៊ី។ ផ្ទុយទៅវិញ នៅចំពោះវត្តមានយន្ដហោះដ៏ចម្លែកមួយ ដែលហោះរំលងពីលើខ្លួន ក្នុងអំឡុងម៉ោង ១និង៥២នាទី (ទៀបភ្លឺ)  មូលដ្ឋានយោធា «Butterworth» បែរជាមិនបានធ្វើប្រតិកម្ម អ្វីទាល់​តែ​សោះ។

ហេតុអ្វី ក៏​យន្ដហោះ​ប៊ូអីង ដែលដឹកមនុស្ស​២៣៩​នាក់ បានក្លាយជាយន្ដហោះ​ចម្លែក? ព្រោះ​យន្ដហោះនេះ បានបាត់ការ​ទាក់ទង​សូន្យ​ឈឹង​តែម្ដង រាប់ពីពេល​យន្ដហោះ វិលត្រឡប់​ក្រោយ​វិញ។ រាល់ការប៉ុនប៉ង​ភ្ជាប់ទំនាក់ទំនង ទៅកាន់​យន្ដហោះ មិនទទួលបាន​ការឆ្លើយតបវិញទេ។ ដូច្នេះ ក្នុងវិស័យ​ការពារជាតិ វាអាចជាយន្ដហោះ​របស់បច្ចាមិត្ត – ចោរប្លន់អាកាស ឬរបស់ភេរវករ ដែលកងទ័ពការពារដែនអាកាស ចាំបាច់​ត្រូវប្រតិកម្មភ្លាម។

ប៉ុន្តែ នៅឯមូលដ្ឋានយោធា «Butterworth» មិនមាននរណាម្នាក់រង្គើខ្លួនទេ ខណៈនៅទីនោះ មានយន្ដហោះប្រដេញជាច្រើនគ្រឿង ដែលនៅបញ្ឈរជើង និងត្រៀមលក្ខណៈ អាចចេញធ្វើប្រតិកម្មបាន។ ហេតុអ្វី?

នៅក្នុងកញ្ចក់ទូរទស្សន៍អូស្ត្រាលី រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានព្យាយាមលាក់បាំងភាពខ្ជីខ្ជាខាងលើ ដោយរុញការទទួលខុសត្រូវ ទៅលើកងទ័ពអាមេរិក ថាបានបាញ់ទម្លាក់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ។

បទយកការណ៍របស់ «Complément d’enquête» បានរកឃើញពីមូលហេតុ«យ៉ាងងាយ»ដូច្នេះថា ទាហានបម្រុងម៉ាឡេស៊ី ដែលអាចបើកយន្ដហោះប្រដេញទាំងនោះបាន កំពុងលង់លក់ក្នុងដំណេក នៅឯលំនៅដ្ឋានរបស់ផងខ្លួន។

អ្នកសារព័ត៌មានបារាំង បានជួបជាមួយអតីតមេបញ្ជាការ កងទ័ពជើងអាកាសម៉ាឡេស៊ី លោក «Ahmad Zaïdi» ដើម្បីស្វែងរកការបញ្ជាក់ ពីកង្វះខាតភាពប្រុងប្រយ័ត្ន របស់កងទ័ពអាកាសម៉ាឡេស៊ី នោះពេលនោះ។ លោកថា៖

«ក្នុងពេលមានសន្តិភាព គ្រប់គ្នាវិលត្រឡប់ទៅផ្ទះវិញ នៅពេលយប់។ ដើម្បីអាចចេញធ្វើប្រតិកម្មបាន យើងត្រូវការពេលរហូតដល់ទៅ ២ម៉ោង។ ហើយនៅពេលនោះ គ្រប់ទាហានអ្នកបើកយន្ដហោះទាំងអស់ កំពុងនៅផ្ទះរបស់ពួកគេ។ គ្មានអ្នកបើកបរ​យន្ដហោះ​ណាម្នាក់ នៅប្រចាំការទេ។»

យន្ដហោះបាត់ខ្លួន បានភ្ជាប់ជើងហោះហើររបស់ខ្លួន ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី​ប៉េកាំង ប្រទេសចិន។ មក​ទល់​នឹង​ពេលនេះ ការរុករក​យន្ដហោះ​បាត់ខ្លួន នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ខាង​ត្បូង គ្មានទទួលបាន​​លទ្ធផលអ្វី​ឡើយ។

នៅចំពោះសំនួរអ្នកកាសែត ដែលសួរថា តើអាចនិយាយសរុបមក អំពី«ភាពខ្ជីខ្ជា»របស់កងទ័ព បានដែរឬទេ? លោក «Ahmad Zaïdi» បានឆ្លើយថា៖

«ពិតហើយ ! វាជាភាពខ្ជីខ្ជាដ៏ធំមួយ។ ជាចន្លោះប្រហោង នៃការគ្រប់គ្រង។ រដ្ឋាភិបាលយើង គួរទទួលខុសត្រូវចំពោះករណីនេះ តែគ្មាននរណាម្នាក់ បានលាលែងចេញពីតំណែងទេ៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

សំដី​ចុងក្រោយ​«ដ៏រន្ធត់»​របស់​កីឡាករ សាឡា ខ្សែប្រយុទ្ធ​ថ្មី​របស់ក្រុម កាឌីហ្វ

នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារ​ជាសម្លេង​«ដ៏រន្ធត់»​មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។ ...
កម្រមាន

ប្រឌិតរឿងប្លន់យន្ដហោះ ព្រោះ​«ស្នេហ៍​អូន»… ឥឡូវជាប់គុកមួយជីវិត!

នៅប្រទេសឥណ្ឌា បុរសអ្នកមានប្រាក់ម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យបន្តរស់នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃស្លាប់។ បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកជំនួញខាងត្បូងពេជ្រ ត្រូវបានតុលាការរកឃើញថា ជាអ្នកទទួលខុសត្រូវ ក្នុងការប្រកាសអាសន្នមិនពិតមួយ ដែលថាមានចោរប្លន់យន្ដហោះ។ ទង្វើនេះ ធ្វើឡើងព្រោះមូលហេតុ«ស្នេហ៍​អូន»។ ...
ដំណឹង

MH17 ៖ ជនសង្ស័យ​៤នាក់ ក្នុងនោះ​រ៉ុស្ស៊ី​៣នាក់ នឹងត្រូវ​នាំមក​កាត់ទោស

ហេតុការណ៍បានកន្លងទៅ ៥ឆ្នាំហើយ ដែលយន្ដហោះដឹកអ្នកដំណើរ ដែលមានជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាញ់កម្ទេច ដោយកាំជ្រួចផលិតនៅរ៉ុស្ស៊ី នៅខណៈពេលយន្ដហោះនេះ បានហោះរំលង ពីលើតំបន់ប្រទាញប្រទង់គ្នា ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.