«គណបក្សប្រឆាំងពីរត្រួត»៖ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះ ប្រធានបក្សប្រឆាំងធំបំផុតបាននិយាយថា “ការបោះឆ្នោតឲ្យគណបក្សតូចៗ ជាការបង្ហិនសន្លឹកឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែសង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់ក៏បានបញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជាទេ ទើបមានលទ្ធភាពឈ្នះនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០១៨។ …មានតែក្រុមពីរទេ គឺមួយចង់ដូរ និងមួយមិនចង់ដូរ។ អ្នកចង់ដូរមកសង្រ្គោះជាតិ អ្នកមិនចង់ដូរនៅដដែល”។
សំណួរសួរថា តើក្នុងបរិបទនយោបាយសព្វថ្ងៃនេះ ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតមានជម្រើសគណបក្សតែពីរនេះទេ ឬយ៉ាងណា? ពិតណាស់ថា មានតែពីរជម្រើសទេគឺមិនដូរឬដូរ តែមិនដូរ=បក្សប្រជាជន ឯដូរ=សង្គ្រោះជាតិ មិនមែនជារឿងត្រឹមត្រូវឡើយ។
ការនិយាយថាមិនដូរ មានន័យថានៅបន្ដបោះឆ្នោត ឲ្យបក្សប្រជាជន។ នេះជាជម្រើសតែមួយ សម្រាប់អ្នកដែលមិនចង់ដូរ។ ប៉ុន្ដែនិយាយចំពោះអ្នកចង់ដូរវិញ មិនមែនជាការត្រឹមត្រូវឡើយ ដែលនិយាយថា ជម្រើសមានតែមួយ គឺបោះឆ្នោតឲ្យសង្គ្រោះជាតិ។
អ្នកដែលមិនគាំទ្រការដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន (អ្នកចង់ដូរ) គេត្រូវតែនិយាយគ្នាសិនថា តើចង់ដូរទៅណា? ការបោះឆ្នោតឲ្យបក្សប្រជាជន មានជម្រើសតែមួយ តែការមិនបោះឆ្នោតឲ្យគណបក្សប្រជាជន មានជម្រើសច្រើនលើសពីមួយ។ មន្ដ្រីបក្សប្រឆាំងធំបំផុតធ្លាប់ថា កាលបើមានពហុបក្សក្នុងការដឹកនាំ នាំមកនូវការរីកចម្រើន ដោយសារវាជួយ កុំឲ្យបក្សប្រជាជនជិះសេះលែងដៃ។ ប៉ុន្ដែពហុបក្សដែលគេសំដៅដល់គឺ បើបក្សគេបានចូលដែរនោះ ហៅថាពហុបក្សហើយ។ ផ្ទុយទៅវិញ បើមិនទាន់មានបក្សខ្លួនចូលទ គឺគ្មានពហុបក្សទេ។
ជាការពិត ដែលពេលនេះមានតែបក្សប្រជាជន និងបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតប្រដំប្រសងគ្នាពី៤០ ទៅ៥០%។ ចំណែកឯបក្សដទៃ ទទួលបានសំឡេងគាំទ្រមិនដល់៥%។ យ៉ាងណាក៏ដោយ ក៏មិនអាចនិយាយថាការបោះឆ្នោតឲ្យបក្សតូចៗជាការបង្ហិនសន្លឹកឆ្នោតដែរ។
មិនគួរភ្លេចឡើយថាមុនពេលកើតសង្គ្រោះជាតិ បក្សសិទ្ធិមនុស្សក៏ត្រូវបានរាប់ថាជាបក្សតូចដែរ។ កាលណោះលោក សម រង្ស៊ី ក្នុងនាមជាមេបក្សប្រឆាំងធំបំផុត ធ្លាប់ហៅមិនឲ្យពលរដ្ឋបែកសំឡេង ទៅបោះឲ្យសិទ្ធិមនុស្ស ដែរនាំខាតសំឡេង ហើយបក្សសិទ្ធិមនុស្ស ក៏ធ្លាប់ត្រូវបានលោក រង្ស៊ី ហៅថាអាយ៉ងថែមទៀត។ មិនគួរណាលោក កឹម សុខា ឆាប់ភ្លេចដល់ម្លឹង ឬមួយលោកមិនភ្លេចទេ តែដោយចេតនា គឺលោកទម្លាក់ពាក្យ ដែលបក្សលោកធ្លាប់ទទួលមកលើបក្សតូចៗ ដទៃបន្ដ?
បែបនេះជាការប្រមាថដល់បក្សតូចៗដទៃថាអត់បានការ ក៏ជាការប្រមាទការណ៍ថាខ្លួនធំដោយបានឡើងជាប្រធានបក្សប្រឆាំងធំបំផុតផង ដូច្នេះលើទីលាននេះគ្មានបក្សណាមកប្រជែងប្រឆាំងនឹងបក្សខ្លួនបានឡើយ។ ដោយសារតែសម្អប់និងកំហឹង ពលរដ្ឋជាច្រើនពិសេសពលរដ្ឋ ដែលរងគ្រោះផ្ទាល់ពីផលប៉ះពាល់នានា ក្នុងការដឹកនាំប្រទេសរបស់បក្សកាន់អំណាចបានបង្កើត ជាចរន្ដប្រឆាំងឡើង។
ក្នុងចិត្ដពលរដ្ឋ ដែលបានបោះឆ្នោត ឲ្យសង្គ្រោះជាតិគឺប្ដូរៗៗ ហើយប្ដូរនោះទៀតសោត គឺប្ដូរសិនទៅចាំគិតទៀត។ ពួកគាត់ក៏គិតយ៉ាងធូរៗថា បើសង្គ្រោះជាតិដឹកនាំមិនកើតចាំប្ដូរទៀត។ បើទោះបីជាប្រទេសយើង ស្គាល់ក្លិនប្រជាធិតេយ្យរាប់សិបឆ្នាំ ហើយក៏ដោយ ប៉ុន្ដែមិនទាន់មានសូម្បីម្ដងឡើយ ដែលពលរដ្ឋខ្មែរយើងអាចប្រើសន្លឹកឆ្នោត ដោយសន្ដិវិធី ប្ដូរអ្នកដឹកនាំតាមចិត្ដរបស់ខ្លួនបាន។
តើនរណាហ៊ានអះអាងថា បើសង្គ្រោះជាតិបានកាន់រដ្ឋាភិបាលបែបអំណាចប្រមូលផ្ដុំ ត្រឹមមួយអាណត្ដិ ពលរដ្ឋអាចប្ដូរគេចេញបានបើពលរដ្ឋមិនពេញចិត្ដ? ប្រសិនបើប្រទេសយើងកំពុងតែស្ថិត នៅក្នុងលក្ខខណ្ឌ ដែលមានប្រព័ន្ធកាត់បន្ថយអំណាចរដ្ឋ ដើម្បីរក្សាតុល្យភាពអំណាច រវាងពលរដ្ឋជាម្ចាស់ប្រទេស និងអ្នកកាន់ការងារស្រុកទេស នោះវាគ្មានអ្វីខ្លាចឡើយថា បើសង្គ្រោះជាតិដឹកនាំមិនកើត ត្រឹមមួយអាណត្ដិ ពលរដ្ឋអាចប្ដូរគេចេញបាន។
យ៉ាងណាក៏ដោយ យើងត្រូវតែគិតដោយភាពប្រាកដនិយម គឺគិតដោយមិនភ្លេចច្រឡំ ដកជើងចេញ ពីស្ថានភាពជាក់ស្ដែង។ កាលពីមុន មានមនុស្សតិចប៉ុណ្ណោះ ដែលទទួលស្គាល់ថា រដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយប្រមូលផ្ដុំអំណាច បើទោះបីជាគេអះអាងថា គេបានធ្វើវិមជ្ឈការ និងវិសហមជ្ឈការអំណាច ទៅថ្នាក់ក្រោមជាតិក៏ដោយ។ សព្វថ្ងៃនេះសូម្បីតែបក្សប្រឆាំងធំបំផុត ក៏ទទួលស្គាល់ដែរថា រដ្ឋាភិបាលមិនបែងចែកអំណាច។
ប៉ុន្ដែសង្គ្រោះជាតិមិនដែលបង្ហាញថា គេចង់បំបែកអំណាចរដ្ឋ ដើម្បីធានាតុល្យភាពអំណាចឡើយ។ គេនិយាយត្រឹមតែថា ពួកខ្លួនមានឆន្ទៈដឹកនាំប្រទេស ឲ្យល្អប៉ុណ្ណោះ គឺបើគេជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល នោះរបៀបដឹកនាំរដ្ឋ នឹងនៅតែដដែលដូរតែមនុស្ស។ បែបនេះមិនយូរទេ មុខជាការសន្យាថា ធ្វើតាមឆន្ទៈរាស្ដ្រ ក្លាយជាការទាក់រាស្ដ្រយកសន្លឹកឆ្នោតទៅឆាន់មិនខាន។
គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ដែលដើរមុនប្រទេសយើង ដឹកនាំប្រទេសដោយគ្មានប្រព័ន្ធ រក្សាតុល្យភាពអំណាចឡើយ។ ប្រព័ន្ធនឹងធានាថា អ្នកកាន់ការស្រុកទេស នឹងមិនអាចនៅក្រាញ់អំណាច បើទោះបីជាគេចង់នៅក្រាញ់ក៏ដោយ។ ប្រព័ន្ធនឹងរុញច្រានគេចេញពីតំណែង កាលណាគេខកខានបំពេញកាតព្វកិច្ច ឲ្យបានត្រឹមត្រូវ ឬដល់អាណត្ដិ ឬពេលចាញ់ឆ្នោត។ កាលណាមានប្រព័ន្ធនោះ មុខជាអ្នកដែលមានតំណែងតួនាទី ត្រូវតែធ្វើការដោយទទួលខុសត្រូវ ចំពោះមុខពលរដ្ឋ ដែលជាម្ចាស់ប្រទេស។ តំណែងតួនាទីទាំងនោះ គឺជាអម្រែកនៃការទទួលខុសត្រូវសុទ្ធសាធ។ ប្រព័ន្ធនឹងច្រោះយកតែមនុស្ស ដែលមានទាំងឆន្ទៈ និងសមត្ថភាពពិតប្រាកដ ដើម្បីទៅធ្វើការបម្រើពលរដ្ឋ។
«គណបក្សប្រឆាំងពីរត្រួត»
ថ្វីត្បិតគណបក្សសង្គ្រោះជាតិ នាំពលរដ្ឋដែលមិនពេញចិត្ដ នឹងរដ្ឋាភិបាលបច្ចុប្បន្ន ទៅដូរ ប៉ុន្ដែបក្សនេះគ្មានគំនិតកសាងប្រព័ន្ធ ធានាតុល្យភាពអំណាចឡើយ។ ដូររបស់គេមានន័យថា គេនឹងដូរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចេញ ដាក់លោក កឹម សុខា ឬលោក សម រង្ស៊ី ជំនួស តែរបៀបដែលធ្លាប់អនុវត្ដ ក្នុងការដឹកនាំប្រទេសយ៉ាងណា នឹងនៅតែរក្សាដដែល គឺអំណាចប្រមូលផ្ដុំ នឹងនៅតែប្រមូលផ្ដុំ ខុសតែត្រង់បច្ចុប្បន្នវាផ្ដុំលើអេគីបលោកនាយករដ្ឋមន្ដ្រី តែក្រោយពីប្ដូរនោះ អំណាចវានឹងប្រមូលផ្ដុំលើអេគីបលោក កឹម សុខា ឬលោក សម រង្ស៊ី ម្ដង។
និយាយចំពោះអ្នកដែលចង់ប្ដូរ ឲ្យតែបានសិន សង្គ្រោះជាតិពិតជាជម្រើស តែមួយគត់មែន។ ប៉ុន្ដែនិយាយចំពោះអ្នក ដែលចង់ចេញពីអំណាចប្រមូលផ្ដុំ ទៅរកប្រព័ន្ធតុល្យភាពអំណាច បក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ គឺតែមួយដូរនាំតែហត់អត់អំពើ ព្រោះមានកន្លែងខ្លះ ការនៅក្រោមអំណាចបច្ចុប្បន្ន ហាក់រាងធូរស្រាល ជាងនៅក្រោមអំណាចសង្គ្រោះជាតិ។
មិនអាចបដិសេធឡើយថា បរិយាកាសនៅស្រុកយើង ទោះមិនគួរជាទីពេញចិត្ដយើង ប៉ុន្ដែយើងត្រូវតែទទួលស្គាល់ ពីចំណុចល្អខ្លះៗ ដែលរដ្ឋាភិបាលធ្វើ ដែលហោចណាស់ បានទុកឲ្យយើងដកដង្ហើមខ្លះដែរ។ បើគេមិនបន្ធូរដៃទេ នោះម្ល៉េះសមបក្សតូចៗគ្មានឱកាសជាបក្សប្រឆាំងពីរត្រួតដែរ។ ប្រឆាំងពីរត្រួត គឺប្រឆាំងនឹងរបៀបដឹកនាំ របស់បក្សកាន់អំណាចមួយជាន់ហើយ លើសពីនេះនៅប្រឆាំង នឹងបក្សប្រឆាំងធំបំផុតមួយជាន់ទៀត។
បើនរណាចេះហៅបក្សបែបនេះ ថាបក្សអាយ៉ងក៏ហៅ ដោយមិនចេះខ្មាសមាត់ទៅចុះ។ បើសិនជាគ្មានវត្តមានបក្សប្រឆាំងពីរត្រួត លើទីលាននយោបាយទេ នោះសមថាជម្រើសចេញពីរដ្ឋាភិបាលបច្ចុប្បន្ន មានតែមួយគត់ គឺរើសយកសង្គ្រោះជាតិ។ កាលពីមុនអ្នកកាសែត វិទ្យុ ទូរទស្សន៍ មិនដែលយកភ្នែកមើលគណបក្សនេះឡើយ ដោយយល់ថាបក្សអាយ៉ងតូចឥតបានការ នោះគឺបក្សជួង តែពេលនេះ តើគេនៅតែបន្ដធ្វើពើទៀតឬ? ពេលខ្លះមានការចេញផ្សាយការរិះគន់ អិលឌីភី ប៉ុន្ដែគេបែរជាទាត់ចោល មិនចេញផ្សាយការបកស្រាយតប ពីអ្នកគាំទ្រអិលឌីភី។ នេះជាទម្រង់មួយនៃការរើសអើង របស់អ្នកសារព័ត៌មាន។
ជារឿយៗ ដោយចង់គេចចេញ ពីការប្រឈមមុខ ជាមួយបក្សជួង គេប្រាប់ទៅសកម្មជនរបស់ខ្លួនថា កុំទៅរវល់ឆ្លើយឆ្លងជាមួយបក្សតូចៗ។ ប៉ុន្ដែគេលួចបារម្ភ ពីដំណើរទៅមុខរបស់បក្សជួង។
បក្សជួង ជាបក្សប្រឆាំងពីរត្រួត ដែលចង់នាំខ្មែរឲ្យរើខ្លួន ចេញពីអំណាចប្រមូលផ្ដុំ។ ទៅតាមផ្លូវបក្សកាន់អំណាច ក៏ជួងមិនទៅ ទៅតាមផ្លូវបក្សប្រឆាំងធំបំផុត ក៏យើងមិនទៅ គឺបក្សជួងត្រួសត្រាយផ្លូវមួយថ្មី ដែលក្រាលដោយប្រព័ន្ធធានាតុល្យភាពអំណាច។ ប្រព័ន្ធនេះ មិនបដិសេធយកអ្នកដែលថា ខ្លួនមានឆន្ទៈឡើយ ប៉ុន្ដែសូមទុកឲ្យប្រព័ន្ធដើរតួនាទី ជាអ្នកបន្សុទ្ធមនុស្សចុះ។
បើអ្នកមានឆន្ទៈពិតប្រាកដថា ចង់ប្ដូររបៀបដឹកនាំមែន ដាច់ខាតត្រូវតែបង្ហាញ ពីឆន្ទៈកសាងប្រព័ន្ធ។ កាលណាកសាងបានប្រព័ន្ធហើយ ទោះអ្នកកសាងនោះមិននៅដឹកនាំក៏បាន គឺមិនមែនទាល់តែ “ខ្ញុំទើបអាចដឹកនាំប្រទេសបាន” នោះទេ។
សូមជម្រាបថា បក្សជួងមិនធ្វើនយោបាយផ្គាប់ចិត្ដរាស្ដ្រ ដើម្បីទាក់យកសន្លឹកឆ្នោតឡើយ លើសពីនេះ យើងហៅទង្វើបែបនេះថា ជាទង្វើរបស់អ្នកនយោបាយថោកទាប ឯអ្នកវិភាគណា ដែលផ្ដល់យោបល់ថា គួរតែធ្វើបែបនេះដូរបែបនោះ ដើម្បីទាក់យកសន្លឹកឆ្នោត ក៏រាប់ថាជាជនថោកទាបដែរ ដែលចង់កេងចំណេញ ពីពលរដ្ឋឯង។ ជនបែបនោះគេចេះតែថាបក្សជួង មិនយកគំនិតអ្នកដទៃ ដែលការពិតវាជាគំនិតដ៏សែនកខ្វក់ ហើយគេថាបក្សជួងជេរគ្រប់គ្នា ដែលមិនត្រូវជាមួយខ្លួន។
យោបល់ខ្លះ បង្ហាញពីភាពអាត្មានិយម របស់អ្នកផ្ដល់យោបល់នោះ។ ពេលបក្សជួងទាត់ចោល គេទទួលមិនបានដោយសារគេមាននាមជាអ្នកចេះដឹង ហើយក៏ចេញជាពាក្យកាច់មួល មកលើបក្សជួង។ លុះដល់គេជេរ គេក៏ថាបក្សជួងចេះតែជេរគេ។ សូមក្រលេកមើលម្ដងមួយៗ ដោយចិត្ដស្មើៗ នោះអ្នកនឹងឃើញថា តើបុគ្គលប្រភេទណាខ្លះដែលបក្សជួងជេរមិនខាន។ វាត្រូវតែមានមូលហេតុថា ហេតុអ្វីទើបបក្សជួងជេរ វាមិនដែលបើកទ្វារមកភ្លាម ប្រមុខបក្សជួងជេរយកៗនោះទេ។
បក្សជួងធ្វើនយោបាយ ដោយមានមនោគមវិជ្ជានយោបាយជាក់លាក់ គឺសំដៅបណ្ដុះមូលដ្ឋានពិចារណាដល់ពលរដ្ឋ ឲ្យចេះពិចារណាបែងចែកល្អ និងអាក្រក់ ប្រកបដោយហេតុនិងផល ជៀសវាងចូលរួមនយោបាយ ដោយគំនុំសម្អប់កំហឹង និងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
បក្សជួងមាន៖
១) គោលដៅកសាងសង្គមប្រជាធិបតេយ្យមួយ ដែលពលរដ្ឋទាំងអស់រស់នៅ ដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ប្រទេស
២) ដើម្បីឈានទៅកាន់គោលដៅខាងលើ គឺបក្សជួងចាប់ផ្ដើម ចេញពីការពន្យល់ពលរដ្ឋឲ្យមានមូលដ្ឋានពិចារណា
៣) ឥរិយាបថនយោបាយរបស់បក្សជួង គឺសុចរិតមិនលាបព៌ណ មិនញុះញង់ មិនចោទប្រកាន់គេដោយគ្មានភស្ដុតាង មិនបំភ័ន្ដការគិតរបស់ពលរដ្ឋ មិនកុហកមិនបោកយកតែសន្លឹកឆ្នោត ផ្ទុយទៅវិញ គឺបើកបង្ហាញឲ្យពលរដ្ឋបានឃើញ ពីទង្វើទុច្ចរិត រួមទាំងរបស់អ្នកនយោបាយ ទាំងក្នុងរដ្ឋាភិបាល និងបក្សប្រឆាំង អ្នកសាសនា អង្គការសង្គមស៊ីវិល រួមទាំងភាពអសកម្មនានារបស់ពលរដ្ឋ។
ដោយសារតែបក្សជួង បើកបង្ហាញជុំទឹសបែបនេះហើយ ទើបគេចេះតែលើកឡើងថាបក្សជួងជេរនរណាស្រេចចិត្ដ ក្រៅពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ និយាយបែបនេះលើសហើយ។ មនុស្សថ្លៃថ្នូរ មិនមកកាច់មួលគេស្រស់ៗបែបនេះទេ។ ប្រមុខបក្សជួងបានជេរ ប៉ុន្ដែគាត់ជេរចំពោះទង្វើថោកទាប របស់បុគ្គលតែប៉ុណ្ណោះ គាត់មិនដែលជេរ ប្រទូស្ដកេរ្ដ៍ភេទបុគ្គលណា ជាពាក្យអាសអាភាសឡើយ។
៤) ធនធានមនុស្ស។ គេថាបក្សជួងជេរគេមិនរើសមុខ បើពិតជាដូច្នេះមែន ហេតុអ្វីមានពលរដ្ឋប្រហែលជា២០ម៊ឺននាក់ គាំទ្របក្សជួង? តើពលរដ្ឋមួយក្រុមតូចនុះ ខូចខួរក្បាលក្លាយជាក្បាលដែកគោល ដូចគេចោទអស់ហើយឬ?
តើតាំងតែពីដើមមក អស់លោកដែលឭដែលឃើញថា មានសមាជិក ឬអ្នកគាំទ្របក្សជួងម្នាក់ ណាជាជនពាលាអាវ៉ាសែ ផឹកស្រាស្រវឹងអួរទីនួ វ៉ៃប្រពន្ធទាត់កូន ឬឈ្លោះគេវ៉ៃទាត់ធាក់ ប្រើអំពើហឹង្សា ឬជេរប្រមាថដល់កេរ្ដ៍ភេទនរណាម្នាក់ ឬមានសាហាស្មន់ក្បត់ប្ដីផិតប្រពន្ធ ឬប្រព្រឹត្ដបទល្មើសចោរកម្ម ឬលេងល្បែងស៊ីសងបៀរអាប៉ោងកន្ទុយលេខ ឬជួញដូរ ប្រព្រឹត្ដគ្រឿងញៀននៅឯណាទេ?
បើបក្សជួងបំផ្លាញជាតិពិតមែន ១១ឆ្នាំមកនេះ មុខជាសមល្មម នឹងបណ្ដុះបានជនពាលាអាវ៉ាសែ អុកឡុកពេញសង្គមមិនខាន។ ផ្ទុយទៅវិញសមាជិក និងអ្នកគាំទ្របក្សជួងជាទូទៅជាជនគំរូ ទាំងក្នុងគ្រួសារ និងសហគមន៍។ ភាពមានវិន័យ តាមផ្លូវថ្លៃថ្នូរមិនសុំសន្លឹកឆ្នោតគេ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឃុំសង្កាត់ថ្មីៗនេះ ជាការបង្ហាញជាក់លាក់ ពីផលវិជ្ជមាន នៃការពន្យល់របស់ប្រមុខបក្សជួងហើយ។
យ៉ាងណាក៏ដោយ គេនៅតែមើលមិនឃើញ ពីចំណុចល្អ ដែលគ្មានបក្សដែលថា ខ្លួនត្រឹមត្រូវណាមួយ អាចធ្វើបានដូច បើគេពាក់វ៉ែនតាខ្មៅ សម្លឹងមកបក្សជួងដោយអគតិ។ ប្រមុខបក្សជួង បាននិយាយជាង៤ពាន់ម៉ោងហើយ។ គាត់ទទួលខុសត្រូវគ្រប់ម៉ាត់ ដែលគាត់បានខ្ជាក់។ សំឡេងក៏នៅមនុស្សក៏នៅ បើនរណាយល់ថា មិនត្រឹមត្រូវត្រង់ណា អាចលើកយកមកតតាំងគ្នាបាន តែកុំចេញមកបំពានថា គេចេះតែជេរមួយមុខ នោះអ្នកមុខជាត្រូវបានក្មេងជេរមិនខាន។
ឈ្មោះថា “បក្សអាយ៉ង” ត្រូវបានគេបោះ មកឲ្យបក្សជួង។ បើអ្នកពិចារណាអំពីយន្ដការ៨ចំណុច នោះអ្នកមុខជាឃើញថា នេះជាយន្ដការធានាតុល្យភាពអំណាច បំបែកអំណាចប្រមូលផ្ដុំសព្វថ្ងៃ។ តើមានឬដែលបក្សអាយ៉ង ចង់បំបែកអំណាចមេអាយ៉ង?
តាមពិតទៅ បក្សកាន់អំណាចមិនជាស្រួលចិត្ដ ជាមួយបក្សជួងប៉ុន្មានទេ ប៉ុន្តែគេក៏មិនទាន់ដឹងថា ត្រូវធ្វើបែបណាចំពោះពួកជួង បើពួកជួងចូលរួមនយោបាយ ដោយស្មោះត្រង់មានការយល់ដឹងដូច្នេះ។ ក្រោយការបោះឆ្នោត តើហេតុអ្វីទើបគេព័ទ្ធវ៉ៃ ស្រោចមកលើកូនបក្សនេះម្ល៉េះ?
ចាស់ថា គេចង់ស៊ីឆ្កែ គេចោទថាឆ្កែនោះឆ្កួតទៅ មុខជាធ្វើឆ្កែនោះស៊ី បានមិនខាន។ នេះជាទង្វើរបស់ជនថោកទាប ទាំងន័យត្រង់ ទាំងន័យធៀប។ ជាការពិត បក្សកាន់អំណាចពិតជាបានចំណេញខ្លះ ពីបក្សជួង ដែលបក្សជួងបានបើកបង្ហាញ ពីភាពស្មោគគ្រោគរបស់បក្សប្រឆាំងធំបំផុតជួសខ្លួន ព្រោះគេក៏ចង់វ៉ៃសង្រ្គោះជាតិដែរ ប៉ុន្តែដោយសារតែខ្លួនគេមិនស្អាត ទើបវ៉ៃគេមិនមុត។ ត្រង់នេះហើយ ទើបគេថាបក្សជួង ជាអាយ៉ង។
យ៉ាងណាក៏ដោយ ប្រមុខបក្សជួងធ្លាប់បានផ្ញើរសារ ទៅបក្សកាន់អំណាចរួចហើយថា “កុំភ្លេចថា ពេលពលរដ្ឋចេះដឹង បក្សប្រឆាំងក្រឡុកបោកពលរដ្ឋលែងកើត ប៉ុន្ដែពេលនោះបក្សកាន់អំណាច ក៏ក្រឡុកពលរដ្ឋមិនបានដូចគ្នា”។ បក្សជួងនៅឈរជើង លើទីលាននយោបាយបាន ច្បាស់ណាស់ដោយសារតែបក្សកាន់អំណាច គេមានអធ្យាស្រ័យដែរ តែសូមកុំច្រលំថា មកពីជាអាយ៉ង ទើបគេមិនធ្វើបក្សជួងស៊ី ផ្ទុយទៅវិញដោយសារតែតម្លៃនៃភាពល្អត្រឹមត្រូវ របស់បក្សជួងផ្ទាល់ ទើបយើងអាចឈរជើងបាន។
តាមដានគ្រប់បក្សជារឿង ដែលពលរដ្ឋគ្រប់រូបគួរធ្វើ មិនមែនឲ្យតែឭថាប្រឆាំង សុទ្ធតែល្អទេ។ សំខាន់រឿងត្រូវឬខុស មិនសំខាន់ថាធំឬតូចឡើយ។ បើនរណាហ៊ានទាញថា ធំ=ត្រូវ តូច=ខុស នោះអាចមកតតាំងបាន។ សូមតាមដានមើលថា តើគេប្រឆាំងនឹងរបៀបដឹកនាំ ឬប្រឆាំងនឹងបុគ្គល? ឬប្រឆាំងដោយសារតែគេឈ្មោះ ជាបក្សប្រឆាំង?
វាមិនទាន់ខុសឬត្រូវ ល្អឬអាក្រក់ឡើយ ដែលនរណាម្នាក់គាំទ្របក្សណា។ សំខាន់ថា តើហេតុផលអ្វី ទើបគេជ្រើសរើសគាំទ្របក្សនោះ? តើព្រោះចង់រក្សាប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារចាញ់បោកគេ ឬដោយសារមានហេតុផលត្រឹមត្រូវ ក្នុងការគាំទ្រ? នោះទើបជារឿង ដែលយើងគួរតែពិភាក្សាគ្នា។ បើត្រឹមមានស្លាក ជាគណបក្សប្រឆាំងធំបំផុត ហើយមកខ្ទប់ដំណើរលូតលាស់ របស់បក្សតូចៗ នោះវាបង្ហាញពីការភ័យខ្លាចក្នុងចិត្ដ ថាបក្សដទៃ នឹងមកដណ្ដើមយកឈ្មោះជា “គណបក្សប្រឆាំងដាច់មុខ” ពីបក្សខ្លួនតែប៉ុណ្ណោះ។
មធ្យោបាយល្អបំផុត គឺពលរដ្ឋតាមដានគ្រប់បក្សទាំងអស់គ្នា ហើយម្នាក់ៗជ្រើសរើសយកបក្ស ដែលខ្លួនពេញចិត្ដ ដោយការយល់ដឹង និងការទទួលខុសត្រូវ៕
——————–
ដោយ ប៉ាង វ៉ាន់ថោន
——————–
អត្ថបទស្ដីពី«គណបក្សប្រឆាំងពីរត្រួត»ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]។