ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចចិត្តថា នឹងមិនទៅចូលរួមបុណ្យសព​ព្រឹទ្ធសមាជិក លោក ចន ម៉ាកខេន (John McCain) នៅចុងសប្ដាហ៍ខាងមុខនេះទេ។ តែលោក ត្រាំ បានយល់ព្រម ឲ្យបង្ហូត​ទង់ជាតិ​អាមេរិក នៅពាក់កណ្ដាលដង នៅក្នុងប្រទេស ដើម្បីបង្ហាញពីការចូលរួមមរណទុក្ខ ថ្នាក់ជាតិ ចំពោះ​មរណភាពលោក ម៉ាកខេន។

នៅក្នុងគណបក្សតែមួយមែន តែលោក ម៉ាកខេន និងលោក ត្រាំ ជាធាតុពីរខុសគ្នា ដូចទឹកនិងប្រេង។ លោក ចន ម៉ាកខេន សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ចាស់វស្សា បានបរិហារជាញយដង ពីសុន្ទរកថាពោរពេញ ដោយលក្ខណៈ​ជាតិនិយម និងការបង្ករឿង របស់ប្រធានាធិបតីអាមេរិក ទី៤៥ ដែលមានអតីតភាព ជាអ្នកធ្វើជំនួញម្នាក់។

ហើយនៅប៉ុន្មានថ្ងៃ មុនទទួលអនិច្ចកម្ម លោក ម៉ាកខេន បានសរសេរព្រមាននយោបាយ របស់លោក ដូណាល់ ត្រាំ ថា៖

«យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលដែលយើងយល់ច្រឡំ ពីទឹកចិត្តស្នេហាជាតិរបស់យើង ទៅជាការប្រកួតប្រជែងគ្នា បែបកុលសម្ព័ន្ធ ដែលធ្វើឲ្យកើតមានឡើង នូវការអាក់អន់ចិត្ត ការស្អប់ខ្ពើម និងអំពើហិង្សា នៅជុំវិញពិភពលោក។ យើងកំពុងធ្វើ ឱ្យភាពអស្ចារ្យរបស់យើង ធ្លាក់ចុះខ្សោយ នៅពេលយើងលាក់ខ្លួន នៅពីក្រោយ​ជញ្ជាំង តែយើងមិនបានបំបាត់ ការអាក់អន់ចិត្ត ការស្អប់ខ្ពើម និងអំពើហិង្សានោះទេ។»។

អ្នកនយោបាយចាស់វស្សាអាមេរិករូបនេះ គឺជាអតីតអ្នកបើកយន្ដហោះចម្បាំង ដែលរងទារុណកម្ម នៅក្នុងសង្គ្រាម​វៀតណាម ហើយក៏ជាបេក្ខជនប្រធាធិបតី ឆ្នាំ២០០៨ ដែរ។ លោកបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជន្នាយុ ៨១ឆ្នាំ ដោយសាររោគ​មហារីកខួរក្បាល ដែលបានយាយីលោក តាំងពី១ឆ្​នាំមកហើយ។

បុណ្យសពលោក ចន ម៉ាកខេន ដែលនឹងត្រូវរៀបចំឡើង ជាលក្ខណៈបុណ្យជាតិអាមេរិក នៅថ្ងៃសៅរ៍ខាងមុខ នឹងគ្មាន​វត្តមានចូលរួម របស់លោក ត្រាំ ទេ។ ផ្ទុយទៅវិញ លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោក ចក ប៊ូស (George W. Bush) អតីតប្រធានាធិបតី មកពីគណបក្សធំទាំងពីរ នឹងត្រូវឡើងថ្លែង​ធ្វើវិយោគកថា នៅក្នុងកម្មវិធី​នោះ ដែលគ្រោងធ្វើ ក្នុងព្រះវិហារកាតូលិក ដែលធំនិងសំខាន់ជាងគេ នៃរដ្ឋធានី វ៉ាស៊ីនតោន។

ផ្ទុយពីអនុប្រធានាធិបតី និងអ្នកស្រី មេឡានី ត្រាំ ជាភរិយា, លោក ដូណាល់ ត្រាំ មិនបាននិយាយអ្វីច្រើន ក្រៅតែពី​ពាក្យប៉ុន្មានម៉ាត់ ដែលត្រូវបានលោកបង្ហោះ នៅលើទំព័រទ្វីសធើរ កាលពីថ្ងៃសៅរ៍ ប៉ុន្មាននាទីបន្ទាប់ដំណឹង​មរណភាព នៃលោក​ ម៉ាកខេន បានធ្លាក់មកដល់ទេ។ លោក ត្រាំ បានសរសេរថា៖

«សូមចូលរួមមរណៈទុក្ខ និងសំដែងការគោរព ដ៏ស្មោះបំផុត ចំពោះគ្រួសារ​ព្រឹទ្ធសមាជិក ចន ម៉ាក់ខេន។ បេះដូង និងការបន់ស្រន់របស់យើង គឺនៅជាមួយអ្នក!»។

ប៉ុន្តែភាពស្ងាត់ស្ងៀម របស់លោក ដូណាល់ ត្រាំ មិនទទួលបានការស្វាគមន៍ជាទូទៅ នៅក្នុងប្រទេសលោកទេ និងនៅទីបំផុត ភាពស្ងាត់ស្ងៀមនេះ បានបិទបញ្ចប់ទៅ ដោយបញ្ជាថ្មីរបស់ប្រធានាធិបតី ឲ្យបង្ហូតទង់ជាតិអាមេរិក នៅពាក់កណ្ដាលដង ដើម្បីបង្ហាញពីមរណទុក្ខថ្នាក់ជាតិ ឧទ្ទិសជូនលោក ម៉ាកខេន។

លោក ត្រាំ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទ អះអាងពីបទបញ្ជខាងលើ ដោយមិនភ្លេចផងទេ ពីការលើកឡើង​នៃវីរភាព ប្រមាណជា ៦០ឆ្នាំ របស់លោក ចន ម៉ាកខេន ក្នុងការបម្រើសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក បាន​សរសេរថា៖

«ថ្វីបើមានភាពខុសគ្នា ផ្នែកនយោបាយក៏ដោយ តែខ្ញុំគោរពការប្តេជ្ញាចិត្ត នៃព្រឹទ្ធសមាជិក ចន ម៉ាកខេន ចំពោះ​ប្រទេសជាតិ របស់យើង»។

តាំងពីច្រើនខែមកហើយ សារព័ត៌មានអាមេរិកជាច្រើន បានលើកឡើង ពីបណ្ដាំចុងក្រោយ របស់លោក ចន ម៉ាកខេន ថាលោកមិនចង់ឲ្យលោក ដូណាល់ ត្រាំ (Donald Trump) ចូលរួម​ក្នុង​បុណ្យសព​របស់​លោកទេ។ ហើយបំណង​របស់លោកព្រឹទ្ធសមាជិក ក៏មិនមែនគ្មានឫសគល់ ច្បាស់លាស់នោះដែរ បើសិនជាគេ​ត្រឡប់ទៅមើល ជម្លោះ​ពាក្យ​សំដី រវាងរដ្ឋបុរសទាំងពីរ នៅក្នុងពេលកន្លងមក។

សង្គ្រាមសំដីតាំងពីពេលយុទ្ធនាការឃោសនា…

នៅក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ លោក ចន ម៉ាកខេន ជាមន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្សសាធារណរដ្ឋ ដែលប្រកាសដោយចេញមុខ មិនគាំទ្រលោក ដូណាល់ ត្រាំ និងមិនបោះឆ្នោត ជូនលោកទេ។

នៅពេលលោក ត្រាំ ដាក់បេក្ខភាពដំបូង នៅក្នុងជួរគណបក្ស ឆ្នាំ២០១៥ លោក ចន ម៉ាកខេន បានលើកឡើងថា អតីតមហាសេដ្ឋី ត្រាំ បានបញ្ឆេះ «មនុស្សឆ្កួត» ជាមួយនឹងសុន្ទរកថាប្រឆាំងជនអន្តោរប្រវេសន៍។ ប្រតិកម្មតបវិញ លោក ត្រាំ បានហៅលោកព្រឹទ្ធសមាជិក ថាជាមនុស្ស «ល្ងីល្ងើ» ម្នាក់។

ប៉ុន្តែលោក ត្រាំ បានធ្វើឲ្យផ្ទុះការក្ដៅក្រហាយ នៅលើផ្ទៃប្រទេស បន្ទាប់ពីលោក បានតបទៅលោក ម៉ាកខេន នៅ​ពេលនោះថា៖

«គាត់មិនមែនជាវីរបុរស នៃសង្គ្រាម [នៅវៀតណាម] ទេ។ គាត់គ្រាន់តែជាវីរបុរស ដោយសារគាត់ ត្រូវបានគេ​ចាប់ខ្លួន​ប៉ុណ្ណោះ។ (…) ហើយខ្ញុំចូលចិត្តនរណាក៏ដោយ ដែលមិនត្រូវបាន ឲ្យគេចាប់ខ្លួន។»។

ប៉ុន្តែសង្គ្រាមពាក្យសំដីប៉ុណ្ណេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ព្រោះនៅក្នុងសំនុំរឿងជាច្រើន ក្នុងពេលក្រោយៗមក ដូចជាការលូកលាន់ របស់វិមានក្រឹមឡាំង (រ៉ុស្ស៊ី) នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ឬការព្យួរ​ប្រព័ន្ធ​ជំនួយផ្នែកសុខភាព «Obamacare» ជាដើម លោក ម៉ាកខេន ជាមន្ត្រីជាន់ខ្ពស់ និងដ៏សំខាន់ ចេញពីគណបក្ស​សាធារណរដ្ឋ (មានសម្លេង​ភាគច្រើន) ដែលប្រឆាំងដោយចំហរ ទៅនឹងនយោបាយ ឬជំហររបស់លោកប្រធានាធិបតី ត្រាំ។ ជាជម្លោះតជាតិ  រហូតដល់ដង្ហើម​ចុងក្រោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ថ្លែង​​«សារដំបូង»​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ...
កម្ពុជា

ស្ថានទូត​អាមេរិក​រិះគន់​«សមិទ្ធិផល​ចិន» ថា​គ្មាន​គុណភាព​និង​អសុវត្ថិភាព

«តើអ្នកមើលឃើញ រូបភាពរួម[ដូច្នេះ]ឬទេ?» ជាសំនួររបស់ទំព័រហ្វេសប៊ុក នៃស្ថានទូតសហរដ្ឋអាមេរិក សួរទៅកាន់ប្រិយមិត្តរបស់ខ្លួន ជុំវិញគុណភាព និងសុវត្ថិភាព ចំពោះ«សមិទ្ធិផល​ចិន» ដែលត្រូវបានសង់ឡើង នៅក្នុងបណ្ដាប្រទេសនានា ក្នុងពិភពលោក។ ហើយសំណេរនោះ គឺជាភាគបន្តនៃការឌឺដងផ្លែផ្កា ...
កម្ពុជា

អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.