របាយការណ៍ឯកសារលំអិត

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅខាងមុខវិមានរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ (រូបថត AFP/ David Van DerVann)

ការដាក់មនុស្សជំនិត របស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់ មិនឲ្យជាន់ដីអាមេរិកនោះ ដូចជាបានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ពិតជាជនដៃដល់ នៅក្នុង​ព្រឹត្តិការណ៍​គប់គ្រាប់បែក នៅមុខអាគាររដ្ឋសភាចាស់ ខែមីនា ឆ្នាំ១៩៩៧ ដែលបង្ក​ឲ្យមាន​​មនុស្សស្លាប់ និងរបួសច្រើននាក់។

រឿងដែលរសើប មិនស្ថិតនៅត្រឹមតែទណ្ឌកម្ម ដាក់ប្រឆាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តែគេត្រូវ​សម្លឹង​មើល ពីមូលហេតុដ៏សំខាន់មួយ ដែលឈាន​ទៅដាក់​មេបញ្ជាការ​យោធា​ខ្មែរ ចូលក្នុង​បញ្ជីខ្មៅ​​របស់សហរដ្ឋអាមេរិក៖ នោះគឺលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្ស របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិករកឃើញថា គឺជាជនដៃដល់ នៃការគប់​គ្រាប់បែក ប្រឆាំងក្រុមបាតុករអហិង្សា នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាល​ឲ្យមានមនុស្សស្លាប់ និងរបួសរាប់​សិបនាក់ (ក្នុងនោះ មានពលរដ្ឋអាមេរិកាំងម្នាក់)។

«អំពើភេរវកម្មថ្នាក់រដ្ឋ»

ទង្វើនេះ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ជនរងគ្រោះម្នាក់ នៅក្នុងព្រឹត្តិការណ៍​គប់​គ្រាប់បែក​នោះ ចាត់ទុកជា«អំពើភេរវកម្មថ្នាក់រដ្ឋ» ហើយមេក្លោងអ្នកបញ្ជាពីក្រោយ មិនមាននរណាផ្សេង ក្រៅពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរាប់ទសវត្សន៍​ នៅកម្ពុជា​នោះឡើយ។

ការចោទប្រកាន់ របស់មេដឹកនាំប្រឆាំង ដែលកាលពីមុន បានរងការវាយបកវិញ ថាជា​ការ​ចោទប្រកាន់ខ្យល់នោះ បាននិងកំពុងបង្ហាញ ពី«ពន្លឺ»ចេញ​បន្តិចម្ដងៗ។ នេះ បើគេ​វិលត្រឡប់ ទៅតាមដានសាច់រឿងឡើងវិញ ជាមួយនឹងការអះអាង របស់សាក្សី​ជាច្រើន​នាក់ រួមនឹងសំដីរបស់លោក ហ៊ីង ប៊ុនហៀង ខ្លួនឯងផង ដែលបានឆ្លើយដោះខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថាលោកធ្វើតាមតែបញ្ជា របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹង នៅលើបណ្ដាញសង្គមទ្វីសធើរ កាលពីមុននេះបន្តិចថា៖

«វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋបាលអាមេរិក បានផ្តល់យុត្តិធម៌ ដល់ដាក់​ទណ្ឌកម្ម នៅសប្តាហ៍នេះ ទៅលើឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាមួយនឹងការ​ចង្អុល​បង្ហាញ ពីការជាប់ពាក់ព័ន្ធរបស់គាត់ នៅក្នុងការវាយប្រហារ គ្រាប់បែកសម្លាប់មនុស្ស ក្នុងឆ្នាំ ១៩៩៧ នៅរាជធានីភ្នំពេញ រួមជាមួយអំពើហិង្សា ជាបន្តបន្ទាប់»។

មេដឹកនាំប្រឆាំង បានបន្តថា៖

«ការទទួលស្គាល់ជាផ្លូវការ នូវការទទួលខុសត្រូវ របស់លោក ហ៊ីង ប៊ុនហៀង នៅក្នុង​ឧក្រិដ្ឋកម្មដ៏សាហាវនេះ ទំនងជាមានផលប៉ះពាល់​យ៉ាងជ្រាលជ្រៅ ដោយចាប់ផ្តើម ពីការបញ្ជាក់ នូវតួនាទីដ៏ច្បាស់លាស់ របស់លោក ហ៊ុន សែន ដែលជាមនុស្សតែម្នាក់គត់ ក្នុងការបញ្ជា។ នៅពេលការដាក់ទណ្ឌកម្ម ត្រូវបានប្រកាស ដាក់ទៅលើរូបគាត់រួច លោក ប៊ុនហៀង បានព្យាយាមកាត់បន្ថយ ការទទួលខុសត្រូវ របស់គាត់ថា “ខ្ញុំមិនដែលធ្វើអ្វី តាមចិត្តខ្ញុំទេ ខ្ញុំគ្រាន់តែធ្វើ តាមការបញ្ជាប៉ុណ្ណោះ”។ គាត់ចាប់ផ្តើមចង្អុល ទៅលោក ហ៊ុន សែន។»។

ការបញ្ជាក់របស់អនុរដ្ឋលេខាធិការអាមេរិក…

ការដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ីង ប៊ុនហៀង ត្រូវបានប្រកាសឲ្យដឹង ដោយសេចក្ដី​ប្រកាស​ព័ត៌មានមួយ របស់ក្រសួងរតនាគារជាតិអាមេរិក ដែលចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

សេចក្ដីប្រកាសនោះ បានសង្កត់ធ្ងន់ថា មេបញ្ជាការផ្កាយ៤រូបនេះ រួមនឹងកងអង្គរក្ស​របស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​ លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក​​​មួយ​រូប​​។

សេចក្ដីប្រកាសព័ត៌មានដដែល ថែមទាំងស្រង់សំដីរបស់អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃក្រសួងរតនាគារជាតិអាមេរិក មកបញ្ជាក់ថែមទៀត ជុំវិញ​ករណី​នេះផង។ សូមចូលទៅអាន សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារ​ជាតិអាមេរិក នៅត្រង់នេះ

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

ការបង្ករបួសស្នាម ទៅលើពលរដ្ឋអាមេរិក នៅពេលនោះ បានតម្រូវឲ្យអាជ្ញាធរអាមេរិក ចាំបាច់ត្រូវបញ្ជូន​ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា «FBI» មកកាន់កម្ពុជា។ ក្រុម​ភ្នាក់ងារទាំងនោះ មិនបានស្នាក់នៅ ក្នុងប្រទេសកម្ពុជាយូរថ្ងៃទេ ដោយស្ថានទូត​អាមេរិកបានប្រាប់ពួកគេ ឲ្យចាកចេញពីកម្ពុជា ជាបន្ទាន់វិញ ក្រោមហេតុផល​សុវត្ថិភាព។ ប៉ុន្តែមិនបានស្នាកនៅកម្ពុជាយូរថ្ងៃ មិនមានសេចក្ដីថា ការស៊ើបអង្កេត មិនអាចធ្វើបាននោះឡើយ។

«ហ៊ីង ប៊ុនហៀង ៖ ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ»

របាយការណ៍ «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ – ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុង​ប្រទេសកម្ពុជារបស់ ហ៊ុន សែន» របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch»​ ដែលចេញផ្សាយ នៅចុងឆ្នាំ២០១២ ធ្លាប់បានអះអាងថា អង្គការសហ​​ប្រជាជាតិ និង​ការិយាល័យ «FBI» នៃសហរដ្ឋអាមេរិក បានចោទអំពីការ​ជាប់​ពាក់ព័ន្ធ របស់អង្គភាព​កងអង្គរក្ស​ របស់លោក ហ៊ុន សែន ក្នុងការវាយប្រហារនេះ និងបានរកឃើញថា លោក ប៊ុនហៀង ជាអ្នក​ដឹកនាំ​ប្រតិបត្តិការនេះ។

ប៉ុន្តែ អង្គការសហប្រជាជាតិ និងការិយាល័យ «FBI» មិនបានអះអាងជាផ្លូវការ ពីការចោទ​ប្រកាន់នេះទេ។

គួរកត់សម្គាល់ថា ចំណងជើងរបស់របាយការណ៍ ដែលមានសេចក្ដីថា «ប្រាប់ពួកគេទៅ ថាខ្ញុំចង់សម្លាប់ពួកគេ» នេះ គឺជាការដកស្រង់សំដី ​របស់លោក ហ៊ីង ប៊ុនហៀង ផ្ទាល់ ​ដែលបានឆ្លើយតប ទៅ​នឹង​សំណួរមួយរបស់អ្នកកាសែត ដែលសួរជុំវិញ​ការចោទ​ប្រកាន់​លោក នៅក្នុងព្រឹត្តិការណ៍ គប់​គ្រាប់បែកនោះឯង។

» អត្ថបទដែលទាក់ទង៖ មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​​២០​ឆ្នាំ និង​និទណ្ឌភាព

បន្ថែមពីលើនេះ សាក្សីរស់ដ៏សំខាន់មួយរូប ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះ និង​ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ រហូតមកដល់ថ្ងៃនេះ បាន​អះអាង​ច្បាស់ៗ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីបារាំងថា អង្គរក្សលោក ហ៊ុន សែន គឺជាជនដៃដល់ ហើយពួកគេថែមទាំងរត់ ទៅលាក់ខ្លួន នៅក្នុងគេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី ឯវិមានឯករាជ្យនោះទៀតផង។ សាក្សីរស់នោះ គឺលោក ហេង ពៅ អតីត​ស្នងការនគរបាល​រាជធានីភ្នំពេញ។

«ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន»

លោក ហេង ពៅ បានថ្លែងប្រាប់ ក្នុងកិច្ចសម្ភាសនោះថា លោកបានទៅដល់​ មុខវិមាន​រដ្ឋសភាចាស់ នៅ​​ប៉ុន្មាន​​នាទី​​មុន​គ្រាប់បែកផ្ទុះបន្តិច ហើយលោកបានឃើញ មនុស្សបួន​នាក់ បានរត់តម្រង់គេហដ្ឋាន របស់​នាយក​រដ្ឋមន្ត្រី។ លោកបានថ្លែងឡើងថា៖

«ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្ស​របស់​លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់​ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជា​មេ​បញ្ជាការ​កង​កម្លាំង​នេះ។ លោក​បានប្រាប់ខ្ញុំ ឲ្យ​នៅស្ងៀម និងកុំនិយាយប្រាប់នរណាទាំងអស់។ តែខ្ញុំបានផ្ទុះ​កំហឹង​ឡើង និង​បន្ទាប់​មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី (Editor’s Note: ហុង ឡងឌី ជាអតីតអគ្គស្នងការនគរបាលជាតិ)»

«លោក ហុក ឡងឌី ក៏មាន​ប្រតិកម្ម​​ដូច​លោក ហ៊ុយ ពិសិដ្ឋ ដែរ។ នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់​អត្តសញ្ញាណ នៅ​នឹង​កន្លែង​នោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជាអ្នក​បោកគ្រាប់បែក។ ជននោះ បាន​និយាយ​ប្រាប់ខ្ញុំថា “ខ្ញុំ​ស្ដាប់​តាម​បញ្ជា របស់លោក ហ៊ុន សែន”។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាព​របស់​ជននេះ។»

» អត្ថបទដែលទាក់ទង៖ សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

សាក្សីមួយរូបទៀត ដែលជាជនជាតិន័រវេស ធ្លាប់រស់នៅក្នុងប្រទេសកម្ពុជា ក៏បាន​អះអាង​ដែរថា យោធាគឺជាអ្នករៀបចំ ឲ្យមានហេតុការណ៍នេះឡើង។ សាក្សីរូបនោះ ដែល​ដាក់ឈ្មោះ «Faraya Mishakit» នៅលើបណ្ដាញសង្គមទ្វីសធើរ បានរៀបរាប់ថា នៅពេល​កើតហេតុ លោកកំពុងស្ថិតអាគារស្នាក់នៅមួយ ក្បែរវិមានរដ្ឋសភាចាស់។

«Faraya Mishakit» បានអះអាងថា៖

«ខ្ញុំបានឃើញទាហានរដ្ឋាភិបាល បានមក​ឈរជើង នៅខាង​លើដំបូលផ្ទះ ដែលស្ថិតនៅទល់មុខផ្ទះខ្ញុំ។ ខ្ញុំចោទសួរខ្លួនឯងថា ហេតុអ្វីបានជា​ទាហានរដ្ឋាភិបាល ស្ថិតនៅទីនោះ នៅពេលផ្ទុះហេតុការណ៍នេះឡើង? [ព្រោះ] ការវាយ​ប្រហារ​នេះ រៀបចំឡើង ដោយកងទ័ព។»៕

— Faraya (@FarayaMishakit) 15 juin 2018

This is correct. I was there. I looked out of my bathroom window only seconds after the first granade exploded. I saw gov’t soldier stationed on the rooftop across from me. I wondered why a government soldier was there at that moment. The attack was orchestrated by the military.


You may also like

កម្ពុជា

ហ៊ុន សែន ព្រមាន​កុំឲ្យ​យក​«នំបញ្ចុក» ទៅភ្ជាប់​នឹង​នយោបាយ

«នំបញ្ចុក ជារបស់ជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ» នេះ ជាការអះអាង​ឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងយុទ្ធនាការ​ទទួលទាននំបញ្ចុក នៅទូទាំងប្រទេស ដែលលោកបានបញ្ជាឲ្យធ្វើ កាលពីថ្ងៃចន្ទកន្លងមក។ បុរសខ្លាំងកម្ពុជា ...
កម្ពុជា

ស្រុតអគារនៅខេត្តព្រះសីហនុ៖ សម រង្ស៊ី ចង្អុល​ដាក់​ ហ៊ុន សែន

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ហេតុការណ៍នៃការបាក់ស្រុតអគារ ដែលកំពុងស្ថិតក្នុងការសាងសង់ នៅខេត្តព្រះសីហនុ ជាការទទួលខុសត្រូវ នៃរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រធានស្ដីទីគណបក្សប្រឆាំង ...
កម្ពុជា

នាយករដ្ឋមន្ត្រី​ហុងគ្រី​ថា​បញ្ហា EBA គួរត្រូវ​ដោះស្រាយ​ផ្សេង​ពី​នយោបាយ

ប្រទេសហុងគ្រី មានជំហរចង់ឲ្យការខ្វែងគំនិតគ្នា រវាងសហភាពអ៊ឺរ៉ុប និងរបបក្រុងភ្នំពេញ ជុំវិញកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ – EBA» គួរត្រូវដោះស្រាយ ដោយមិនជាប់ពាក់ព័ន្ធ នឹងបញ្ហានយោបាយ។  ខាងលើនេះ ...

Comments are closed.

របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅពីក្រោយ​ឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...
របាយការណ៍

Covid-19៖ ភស្ដុតាង​បង្ហាញថា ចិន​លាក់​តួលេខ​អ្នកស្លាប់ យ៉ាងធំសម្បើម

នៅពេលដែលចិនកុម្មុយនីស្ដិ៍ កំពុងអួតអាងថា ការរាតត្បាតនៃជំងឺ «កូរូណា» ឬ «Covid-19» កំពុងថមថយកម្លាំង ក្នុងប្រទេសខ្លួន និងបម្រាមនានា កំពុងត្រូវបានលើកចេញ ជាបន្តបន្ទាប់នោះ ស្រាប់តែភស្ដុតាង ដែលបង្ហាញឲ្យដឹង ...