វិភាគ អត្ថាធិប្បាយឯកសារលំអិត

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AFP)

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។

នេះ បើតាមការអះអាង របស់អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី ដោយបានបញ្ជាក់ពីមូលហេតុថា ព្រោះហេតុការណ៍ ដ៏អាណោចអាធ័មខាងលើ «ជាបច្ច័យដែលកេីតចេញ ពីដំបៅចាស់រាំរ៉ៃ»។

សោកនាដកម្ម នៃការដួលស្រុតអគារ កំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បានបណ្ដាលឲ្យមនុស្ស ២៨នាក់ ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ២៦នាក់ផ្សេងទៀត បានរងរបួស។ សង្គ្រាមប៉ាកកា បានផ្ទុះឡើងមិនតិចទេ ជុំវិញមូលហេតុ ដែលអគារមួយ ត្រូវបានសង់ឡើង ដោយគ្មានការអនុញ្ញាតដូច្នេះ។

សម្រាប់ លោកបណ្ឌិត មាស នី បានពន្យល់ថា ហេតុការណ៍នេះ ទំនងជាមានជាប់ពាក់ព័ន្ធយ៉ាងជ្រៅ ជាមួយអំពើពុករលួយ កង្វះការអនុវត្តច្បាប់ និងនយោបាយខ្នង-បក្សពួកនិយម។ លោក បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«សោកនាដកម្ម ដែលបណ្តាលមកពីការបាក់រលំអគារ នៅក្រុងកំពង់សោម នាពេលថ្មីៗនេះ វាជាបច្ច័យដែលកេីតចេញ ពីដំបៅចាស់រាំរ៉ៃ នៃអំពេីរពុករលួយ ភាពកង្វះការអនុវត្តច្បាប់ និងនយោបាយខ្នងនិយម ដែលពេលខ្លះ អាចធ្វេីឲ្យអ្នកបច្ចេកទេស មិនអាចបំពេញតួនាទីបានត្រឹមត្រូវ ឬមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបាន។»

មន្ត្រីជាន់ខ្ពស់ពីរនាក់ ម្នាក់នៅថ្នាក់មូលដ្ឋាន និងម្នាក់ទៀតនៅថ្នាក់ជាតិ ត្រូវបាននាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផ្លាស់ចេញពីតំណែងដើម របស់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺពីរថ្ងៃ ក្រោយថ្ងៃកើតហេតុ។

លោក ហ៊ុន សែន បានការពារចំណាត់ការ របស់លោកមួយនេះថា គឺលោកសម្រចតាមការស្នើសុំ របស់លោក យន្ដ មីន អតីត​អភិបាលខេត្ត ដែលបានស្គាល់កំហុសខ្លួន និងសុំលាលែងពីតំណែង។ ចំពោះលោក ញឹម វណ្ណដា អតីតទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយវិញ ត្រូវបានលោក ហ៊ុន សែន ដកចេញពីតំណែង​  ដោយសារ​ខ្វះការទទួលខុសត្រូវ និងភូតភរ។

ប៉ុន្តែ នៅថ្ងៃដដែលនោះ លោក ហ៊ុន សែន បែរជាបាន​ស្នើសុំ​ព្រះមហាក្សត្រ​ ឲ្យតែងតាំង​លោក ញឹម វណ្ណដា ជាទី​ប្រឹក្សា​រដ្ឋាភិបាល​របស់​លោក មាន​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី​ដដែល​។ ចំណែក​លោក យន្ត មីន ត្រូវ​បាន​លោក ហ៊ុន សែន ស្នើសុំ​ផ្ទេរ​ភារកិច្ច​ឱ្យ​ទៅ​បម្រើ​ការងារ ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​វិញ​។​

បន្ថែមពីលើ​នេះ ក៏​មាន​លិខិត​បែក​ធ្លាយ​មួយទៀត បង្ហាញ​ថា លោក ហ៊ុន សែន បាន​ស្នើសុំ​ទៅព្រះមហាក្សត្រ ឱ្យ​តែងតាំង​លោក យន្ត មីន ជា​នាយ​ឧត្ដមសេនីយ៍​ (ផ្កាយ៤) នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ឡើងជា​រដ្ឋលេខាធិការ ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

ចុះ«អភិក្រមទី៥»របស់លោក ហ៊ុន សែន?

សំនួរខាងលើនេះ ត្រូវបានចោទសួរឡើង ដោយមនុស្សជាច្រើន ដែលតាមដាន«ទ្រឹស្ដី» នៃអភិក្រមទាំង៥ ដែលលោក ហ៊ុន សែន ខ្លួនលោក បានដាក់ចុះ កាលពីប៉ុន្មានខែមុន ហើយដែល​ត្រូវបាន​ក្រុមអ្នក​ហែហម​លោក យកទៅបន្ទរតាម យ៉ាងគគ្រឹកគគ្រេង។ អភិក្រមទាំង៥នោះ រួមមាន៖ ១. ឆ្លុះកញ្ចក់ ២. ងូតទឹក ៣. ដុសក្អែល ៤. ព្យាបាល ៥. វះកាត់។

ផ្ទុយទៅវិញ លោក ហ៊ុន សែន ទំនងជាបានភ្លេច ឬធ្វើជាភ្លេចយក«ទ្រឹស្ដី» នៃអភិក្រមទាំង៥របស់លោក មកអនុវត្តន៍ ក្នុងគ្រោះមហន្តរាយ នៅខេត្តព្រះសីហនុ។ ចំពោះលោកបណ្ឌិត មាស នី បានបញ្ជាក់ថា លោក ហ៊ុន សែន អនុវត្តអភិក្រមនេះមិនបានទេ ព្រោះ វាហាក់ដូចជាស្ដោះទឹកមាត់ លើទ្រូងឯង។

លោក សរសេរថា៖

«មានសំណួរជាច្រេីន បានលេីកឡេីងថា ចុះហេតុអី បានជាអភិក្រមទី៥ មិនអាចយកមកអនវត្ត លេីករណីនេះបាន? ជាការយល់ឃេីញរបស់ខ្ញុំ ការយកអភិក្រមទី៥ មកប្រេី ក្នុងករណីនេះ វានឹងមិនខុសអី ពីការយកអាល់កុល មកចាក់លេីដំបៅថ្មីនោះឡេីយ។ កាន់ធ្វេីកាន់តែឈឺចាប់ ហេីយបេីអង្កេតកាន់តែសុីជម្រៅ នឹងអាចកាន់តែឃេីញ ដូចពាក្យចាស់ពោលថា ជាការស្តោះទឹកមាត់ ដាក់លើទ្រូងឯង។»

រីឯអ្នកវិភាគឯករាជ្យមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ បានចាត់ទុកទង្វើ ទម្លាក់-តម្លើងតំណែង របស់លោក ហ៊ុន សែន ថានឹងធ្វើឲ្យខូចឈ្មោះរដ្ឋាភិបាល និងខូចទាំងឈ្មោះនាយករដ្ឋមន្ត្រីនោះទៀត។ លោក បានសរសេរនៅលើបណ្ដាញសង្គមដែរថា៖

«តើត្រូវទេ តែងតាំងទេសរដ្ឋមន្ត្រីមួយរូប ដែលនាយករដ្ឋមន្ត្រីដកហូត ពីមុខតំណែង និងប្រកាសលាំងៗថា “ខ្វះការទទួលខុសត្រូវ និងភូតភរ” ជាទីប្រឹក្សារាជរដ្ឋាភិបាល មាន​ឋាន:​ស្មើទេសរដ្ឋមន្ត្រី នោះ?»

«ខូចឈ្មោះរាជរដ្ឋាភិបាល ខូចឈ្មោះនាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាលអស់ហើយ បើធ្វើតែយ៉ាងនេះ។ ខូចឈ្មោះ គេលែងគោរព គេលែងទុកចិត្ត គេលែងស្តាប់៕»

តើត្រូវទេ តែងតាំងទេសរដ្ឋមន្ត្រីមួយរូប ដែលនាយករដ្ឋមន្ត្រីដកហូត ពីមុខតំណែង និងប្រកាសលាំងៗថា “ខ្វះការទទួល ខុសត្រូវនិងភូតភរ”…

Posted by Mong Hay Lao on Tuesday, June 25, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ «វិមាន​ឈ្នះឈ្នះ គួរ​មាន​ឈ្មោះ​វិមាន​ហ៊ុនសែន​ក្បត់ជាតិ»

នៅតែប៉ុន្មានម៉ោង មុនការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវវិមាន«ឈ្នះឈ្នះ» ក្នុងព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចេញប្រតិកម្មរបស់លោក គួរហៅស្ដូបចងចាំ ដ៏ធំសម្បើម ថាជាវិមាន «ហ៊ុនសែនក្បត់ជាតិ» ...
កម្ពុជា

សម រង្ស៊ី៖ បណ្ដឹង​របស់ ស ខេង ធ្វើឡើង​តាម​«បញ្ជា»​របស់ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានពន្យល់ថា បណ្ដឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលបានដាក់ឡើង​ទៅតុលាការរាជធានី ប្ដឹងរូបលោក ជុំវិញករណីមរណភាពរបស់លោក ហុក ...
កម្ពុជា

សម រង្ស៊ី ប្រាប់ ស ខេង ដែល​ត្រៀម​កម្លាំង​រួច ឲ្យ​កម្ចាត់ ហ៊ុន សែន មុន

លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃនេះ ឲ្យបុរសទីពីរនៃរបបក្រុងភ្នំពេញ គឺលោក ស ខេង ដែលមេដឹកនាំប្រឆាំងជឿថា បានត្រៀមកម្លាំងរួចជាស្រេចនោះ ឲ្យបើកប្រតិបត្តិការ​«វាយកម្ចាត់»​លោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.