ក្រុមបាល់ទាត«Villarreal» នៃក្រុង«Vila-Real»ដ៏តូចមួយ ភាគខាងកើតប្រទេសអេស្ប៉ាញ បានលើកពាន«Europa League» ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីបានបំបាក់ក្រុម«Manchester United» ដោយគ្រាប់បាល់កាត់សេចក្ដី ១១-១០ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២១នេះ នាកីឡដ្ឋាន«Energa» ដែលស្ថិតក្នុងភាគខាងជើង នៃប្រទេសប៉ូឡូញ។
ក្នុងការប្រកួត៩០នាទីដំបូង ក្រុមបាល់ទាត់ទាំងសងខាង រកបាន១គ្រាប់ស្មើគ្នា ដោយកីឡាករ«Gerard Moreno» របស់ក្រុម«Villarreal» បានទាត់បញ្ចូលទី នៅនាទីទី២៩ មុននឹងកីឡាករ«Edinson Cavani» របស់ក្រុម«Man U» រកគ្រាប់បាល់បានស្មើមកវិញ នៅនាទីទី៥៥។
បន្ទាប់មក ក្រុមទាំងពីរបានទាត់បន្ថែមម៉ោង ចំនួន៣០នាទីទៀត (១៥+១៥) តែរកមិនបានគ្រាប់បាល់បន្ថែមទេ និងតម្រូវឲ្យទាត់បាល់កាត់សេចក្ដី នៅទីបញ្ចប់ដើម្បីកំណត់រកអ្នកឈ្នះ (និងអ្នកចាញ់)។ ជាអកុសលសម្រាប់ក្រុមមែនយូ គ្រាប់បាល់របស់កីឡាករចាំទី «David De Gea» របស់ក្រុមបីសាចក្រហមអង់គ្លេស ត្រូវបានទះចេញ ដោយកីឡាករចាំទី «Geronimo Rulli» របស់ក្រុម«Villarreal»។
ជ័យជំនះរបស់ក្រុម«Villarreal» បានធ្វើឲ្យគ្រូបង្វឹករបស់ក្រុម លោក«Unai Emery» លើកពាន«Europa League»បានដល់ទៅបួនលើក ដែលមកដល់ថ្ងៃនេះ មិនទាន់មានគ្រូបង្វឹកណាម្នាក់ មានលទ្ធភាពដូច្នេះនៅឡើយ។ ក្នុងពេលកន្លងមក លោក«Unai Emery» បានលើកពាន«Europa League»ជាមួយនឹងក្រុម«Seville FC-អេស្ប៉ាញ»បីលើកជាប់ៗគ្នា (ឆ្នាំ២០១៤ – ២០១៥ និងឆ្នាំ២០១៦)៕