កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អតីតប្រធាន UEFA ខឹង​អាជ្ញាកណ្ដាលវីដេអូ ក្រោយជំនួប PSG Man-U

អតីតប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) លោក មីឆែល ប្លាទីនី (Michel Platini) បានតំឡើងសម្លេងខ្លាំងៗ ដាក់អាជ្ញាកណ្តាលវីដេអូ នៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប៉ារីស (Paris Saint-Germain – បារាំង) ត្រូវបានជម្រុះចេញ ត្រឹមវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) ក្នុងជំនួបជាមួយក្រុម មេនឆេស្ទ័រយូណាយធីត (Manchester United – អង់គ្លេស) កាលពីថ្ងៃពុធ ក្នុង​ក្របខណ្ឌ​ដណ្ដើម​ជើងឯក​អ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩។

លោក ប្លាទីនី ដែលមិនដែលចូលចិត្ត​ ការវិនិច្ឆ័យការប្រកួត តាមរយៈការមើលវីដេអូ នៅតាមកញ្ចក់ទូរទស្សន៍នោះ បានលើកយកមកនិយាយ នូវករណីដែលអាជ្ញាកណ្ដាល បានអនុញ្ញាតឲ្យក្រុមបីសាចក្រហម ទាត់បាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្ដាលរូបនោះ ទទួលបានការខ្សិបប្រាប់ពីការប៉ះដៃ មុននឹងទៅទស្សនាវីដេអូផ្ទាល់ ដែលដាក់បង្ហាញតាមរយៈអេក្រង់មួយ នៅជាប់ទីលានប្រកួត។ 

ក្នុងកិច្ចសម្ភាសមួយ ទៅឲ្យសារព័ត៌មានបារាំង «JDD» អតីតបុរសខ្លាំងទីមួយ នៃបាល់ទាត់អ៊ឺរ៉ុបបានថ្លែងឡើងថា៖

«ក្នុងអំឡុងពេលនៃការកាន់តួនាទីរបស់ខ្ញុំ ខ្ញុំតែងតែព្យាយាមការពារបែបផែន នៃការប្រកួត និងការពារកីឡាករ។ អ្វីដែលបានកើតឡើង កាលពីថ្ងៃពុធ គឺជាសក្ខីកម្មដ៏សាមញ្ញមួយទៀត ដែលបញ្ជាក់ពីសំដី​របស់ខ្ញុំ។ នោះ គឺកីឡាករខ្សែការពាររបស់ក្រុមប៉ារីស បានបែរខ្នងហើយបានប៉ះដៃ ជាមួយនឹងបាល់ ដែលត្រូវបានទាត់បញ្ចូលទី ពីចំងាយ។ ជាការប៉ះបាល់ ដោយអចេតនា។»

«អាជ្ញាកណ្ដាលបានសម្រេចរួចហើយ អំពីអ្វីដែលគាត់ត្រូវធ្វើ គឺគ្មានការពិន័យបាល់ ១១ម៉ែត្រទេ និងតម្រូវឲ្យទាត់បាល់ពិន័យ ពីជ្រុងវិញ។ តែបន្ទាប់មក ស្រាប់តែមានមនុស្សមកខ្សិប ថាឲ្យទៅមើលរូបភាពយឺតៗ ឲ្យបានច្បាស់។»

«ហើយបើគេបង្កើតលក្ខខណ្ឌ ថាឲ្យតែបាល់ប៉ះដៃ នៅលើតំបន់គ្រោះថ្នាក់ ត្រូវតែមានការពិន័យបាល់១១ម៉ែត្រនោះ វាជាការប្រឆាំងនឹងបែបផែននៃបាល់ទាត់។​ បន្ទាប់មក នឹងឈានដល់ករណី ដែលអនុញ្ញាត ឲ្យកីឡាករទាំងឡាយឈប់ទាត់បាល់តម្រង់ទី តែពួកគេបែរជានាំគ្នាទាត់បាល់តម្រង់ដៃ របស់កីឡាករគូប្រកួត នៅក្នុងតំបន់គ្រោះថ្នាក់ទៅវិញ។»

«ឲ្យក្រុមកីឡាករហើបគូថឡើង»

លោក មីឆែល ប្លាទីនី មិនបានបន្ទោសអាជ្ញាកណ្ដាលទេ តែលោកបានតម្រង់ទិសដៅ នៃការថ្លែងរបស់លោក ទៅកាន់មេដឹកនាំសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ហៅកាត់ «UEFA» ដោយអះអាងថា លោកបានផ្ញើរលិខិតមួយ ជុំវិញករណីនេះ ទៅកាន់សហព័ន្ធកីឡាករបាល់ទាត់អាជីពអន្តរជាតិ «FIFpro» រួចហើយ។

លោកពន្យល់ថា៖

«តាំងពីដំបូងមក ខ្ញុំប្រឆាំងនឹងរឿងនេះ (ករណីអាជ្ញាកណ្ដាលវីដេអូ)។ នៅពេលខ្ញុំនៅជាកីឡាករមួយរូបនោះ ខ្ញុំបានដឹងថា នៅតាមកញ្ចក់ទូរទស្សន៍ មិនអាចបង្ហាញ​ពីការពិតទាំងអស់ ដូចនៅផ្ទាល់​លើទីលានប្រកួត​នោះទេ។»

«អញ្ចឹងហើយ ទើបខ្ញុំផ្ញើរលិខិតនេះ ដើម្បីឲ្យក្រុមកីឡាករហើបគូថឡើង តាមរយៈសហជីព ឬសហព័ន្ធរបស់ពួកគេ ហើយតវ៉ាថា គ្រប់គ្រាន់ហើយ ព្រោះយើង (កីឡាករបាល់ទាត់) ក៏មានចំណែក នៅក្នុងការបង្កើតច្បាប់បាល់ទាត់ដែរ។ ហើយវាមិនត្រូវសម្រេចឡើង ដោយមានតែក្រុមអាជ្ញាកណ្ដាលគ្រាក់ៗ ឬដោយមនុស្សមួយក្រុម ដែលមិនដឹងជាចេញពីណា​មក​នោះទេ។»។

មិនមែនមានតែលោក ប្លាទីនី តែមួយរូបទេ ដែលបានធ្វើប្រតិកម្ម ប្រឆាំងនឹងអាជ្ញាកណ្ដាលវីដេអូ ដែលកីឡាករច្រើននាក់ រួមនឹងមនុស្សសំខាន់ៗផ្សេងទៀត នៅក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប ក៏បានសំដែងការក្ដៅក្រហាយរបស់ពួកគេ ចំពោះការសម្រេចរបស់អាជ្ញាកណ្ដាល ដែលហាក់ដូចជាផ្ដល់គ្រាប់បាល់ យ៉ាងងាយស្រួលទៅឲ្យក្រុមមួយ ហើយបំបាក់ក្រុមមួយទៀត តាមរយៈកំហុសអចេតនា​ដ៏ហួសចិត្ត។

ដូចយ៉ាង កំពូលខ្សែប្រយុទ្ធរបស់ក្រុមប៉ារីស កីឡាករ ណីម៉ា (Naymar Jr) បានបង្ហោះ​សារឆេះដុំ​ប៉ុន្មានម៉ាត់របស់ខ្លួន នៅលើបណ្ដាញសង្គម ភ្លាមៗបន្ទាប់ពីក្រុមខ្លួន ត្រូវបានជម្រុះចេញ។ កីឡាករសរសេរថា៖

«ជាការអាម៉ាសមួយ។ គេឲ្យបុរស៤នាក់ ដែលមិនយល់អ្វីទាំងអស់ពីបាល់ទាត់ ឲ្យទៅមើលការទាត់បញ្ចូលទីមួយ តាមរយៈរូបភាពយឺតៗ នៅលើកញ្ចាក់ទូរទស្សន៍… ដែលតាមពិតទៅ អត់មានរឿងអ្វីទាំងអស់។ តើឲ្យយកដៃ (របស់កីឡាករខ្សែការពារ)ទៅទុកនៅឯណា?»៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Champions League៖ ក្រុម​ដែល​ចេញ​ពី​វគ្គ​ជម្រុះ ឡើង​ទៅ​វគ្គ១/៨

យប់ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ជាថ្ងៃដំបូង នៃការប្រកួតជុំចុងក្រោយ ក្នុងវគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ហើយលទ្ធផលជាផ្លូវការបានចេញ​មកមួយភាគធំហើយ អំពីក្រុមដែលទទួលបានសំបុត្រ សម្រាប់ឡើងទៅទាត់ ...
កីឡា និងបច្ចេកវិទ្យា

មែន-ស៊ីធី អាចត្រូវ​«UEFA»​ព្យួរចេញ​ពីការប្រកួត​ក្របខណ្ឌ​អ៊ឺរ៉ុប

ម្ចាស់ជើងឯកពីរជំនាន់ ក្របខណ្ឌបូកពិន្ទុ របស់ចក្រភពអង់គ្លេស ក្រុមបាល់ទាត់ មែនឆេស្ទ័រ-ស៊ីធី (Manchester City) អាចត្រូវបណ្ដេញចេញមួយរដូវកាល ពីការប្រកួតក្របខណ្ឌអ៊ឺរ៉ុប ជាពិសេសពីក្របខណ្ឌ «Champions League» បន្ទាប់ពីក្រុមមួយនេះ ...
កីឡា និងបច្ចេកវិទ្យា

Europa League ៖ ៨ក្រុម​ចុងក្រោយ សម្រាប់​រដូវកាល២០២០-២១

បន្ទាប់ពីជ័យជំនះ​របស់ក្រុមបាល់ទាត់ចំនួន៨ នៅក្នុងការប្រកួត​​ជុំទី២ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍នេះរួច ខាង​ក្រោម​ជាបញ្ជីក្រុម​ទាំង​«៨ក្រុម​ចុងក្រោយ» សម្រាប់រដូវកាលឆ្នាំ២០២០-២០២១ នៃក្របខណ្ឌដណ្ដើម​ជើងឯក​រង នៅទ្វីបអ៊ឺរ៉ុប «Europa League» (សរសេរជូន​ជាអក្សរឡាតាំង) ៖ (ឈ្មោះក្រុមបាល់ទាត់ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.