កីឡា និងបច្ចេកវិទ្យាបាល់ទាត់

សារព័ត៌មានអ៊ឺរ៉ុប​លត់ក្រុម បាសឺឡូន ដែលរង​ការបាក់មុខ​ជាប្រវត្តិសាស្ត្រ

កីឡាករ លីយ៉ូនែល ម៉េស៊ី កំពូលខ្សែប្រយុទ្ធរបស់ក្រុម បាសឺឡូន។ (រូបថតក្រុមបាសឺឡូន)
កីឡាករ លីយ៉ូនែល ម៉េស៊ី កំពូលខ្សែប្រយុទ្ធរបស់ក្រុម បាសឺឡូន។ (រូបថតក្រុមបាសឺឡូន)

បរាជ័យជាប្រវត្តិសាស្ត្រ របស់ក្រុម បាសឺឡូន (FC Barcelonne – អេស្ប៉ាញ) កាលពីយប់​ថ្ងៃសុក្រ ទល់នឹងក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) ដោយគ្រាប់បាល់ ២-៨ បាន​ធ្វើឲ្យសារព័ត៌មាន នៅទ្វីបអ៊ឺរ៉ុបបង្ហូទឹកប៉ាកកាមិនតិចទេ ក្នុងថ្ងៃសៅរ៍នេះ។

ការប្រកួតនោះ ធ្វើឡើងក្នុងវគ្គជម្រុះ (ចាញ់ចេញ) «១/៤» ក្របខណ្ឌ «Champions League» ដែលជាពានរង្វាន់ ជើងឯកអ៊ឺរ៉ុប ប្រចាំឆ្នាំ ដែលក្រុមបាល់ទាត់អ៊ឺរ៉ុបនានា  តែងតែសុបិន្តចង់លើក។

​តែបើក្រុមអ្នកមានបុណ្យ បាសឺឡូន បានចាញ់ ដោយពិន្ទុប្រហាក់ប្រហែលគ្នា នោះទំនង​ជា​អ្នកផងអាចយល់បានខ្លះ តែនេះ កីឡាកររួមក្រុមរបស់ខ្សែប្រយុទ្ធ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានទទួលគ្រាប់បាល់ ទាត់បញ្ចូលទីពីក្រុម បាយ៉ឺន ហាក់ដូចជា​គ្រាប់​ភ្លៀង៖ ៤គ្រាប់​ក្នុង​ពាក់កណ្ដាលម៉ោងដំបូង និង៤គ្រាប់ទៀត ក្នុងពាក់កណ្ដាល​ម៉ោង​ទីពីរ។

ទស្សនាវដ្ដីអាល្លឺម៉ង់ «Bild» បានសរសេរថា៖

«ក្រុម បាយ៉ឹន មិនបានអាណិតអាសូរ សូម្បីបន្តិចឡើយ ចំពោះក្រុមអ្នកមានបុណ្យ ដ៏មហិមា ហើយបានបណ្ដេញ​បណ្ដាតារាបាល់ទាត់ ដែលនៅជុំវិញកីឡាករ លីយ៉ូនែល ម៉េស៊ី ឲ្យចេញពីការប្រកួតក្របខណ្ឌ “Champions League”។»

«គ្រាន់តែក្នុងរយៈពេល ៣១នាទីដំបូងប៉ុណ្ណោះ ក្រុម បាសឺឡូន ទទួលគ្រាប់បាល់​រហូតដល់​ទៅ៤គ្រាប់ ដែលមិនធ្លាប់ដែលមាន នៅក្នុងប្រវត្តិរបស់ក្រុមមួយនេះ សម្រាប់រាល់​ការប្រកួត ក្របខណ្ឌអ៊ឺរ៉ុបកន្លងមក។»

ទស្សនាវដ្ដីអាល្លឺម៉ង់មួយទៀត ឈ្មោះ «Kicker» ក៏បានរៀបរាប់ដែរថា៖

«ក្រុម បាយ៉ឺន បានឡើងទៅវគ្គ ១/២ ជាមួយនឹងជោគជ័យ ជាប្រវត្តិសាស្ត្រ ខណៈវាជា​លទ្ធផល​ដ៏អាណោចអាធម សម្រាប់ក្រុមអ្នកមានបុណ្យ នៃប្រទេសអេស្ប៉ាញ។ ក្រុម​បាល់ទាត់ នៃក្រុង មូនិឆ (ភាគខាងត្បូងអាល្លឺម៉ង់) មិនបានផ្ដល់​ឱកាសបន្តិច​សោះឡើយ ដល់ក្រុមបាសឺឡូន ដែលមានខ្សែការពារ ដ៏ផុយស្រួយ។»

សម្រាប់សារព័ត៌មាន ក្នុងប្រទេសអេស្ប៉ាញខ្លួនឯងវិញ ក៏មិនប្រណីក្រុមបាល់ទាត់​មួយនេះ​ដែរ។ សារព័ត៌មាន «Mundo Deportivo» បានដាក់ចំណងជើង ឲ្យអត្ថបទរបស់ខ្លួនថា «ការដួលដាច់ផ្ងារ ជាប្រវត្តិសាស្ត្រ សម្រាប់ក្រុម បាសា»។

សារព័ត៌មានបានសរសរទម្លាក់កំហុស ឲ្យក្រុមកីឡាករ​ថា៖

«លទ្ធផលនៃការប្រកួត ៨-២ មិនដែលមានក្រុមធំៗ​ណាផ្សេង ធ្លាប់ជួបដូច្នេះ ក្នុងការប្រកួត​ក្របខណ្ឌ “Champions League” ពីមុនមកទេ។ ពួកកីឡាករ ដែលធ្វើឲ្យក្រុម​​ទទួលបាន​កិត្តិយស នៅថ្ងៃនេះ មិនសក្ដិសមទាត់ឲ្យក្រុមបាល់ទាត់ ដែលមានឈ្មោះ ថា “FC Barcelone” នេះឡើយ។»

សារព័ត៌មាន បានស្រង់សំដី​របស់កីឡាករ​ខ្សែបម្រើម្នាក់ មកពន្យល់ថា៖

«ដូចកីឡាករ «Arturo Vidal» បាននិយាយហើយនិយាយទៀតថា “យើងជាក្រុម​បាល់ទាត់ បាសា ដែលជាក្រុមខ្លាំងជាងគេ ក្នុងពិភពលោក”។ តែក្រុម បាសា ដូចនោះ មិនមែន​ជាក្រុម បាសា ថ្ងៃនេះទេ។»

សម្រាប់គេហទំព័រ «Goal» ជំនាញខាងកីឡាបាល់ទាត់ បានសរសរថា លទ្ធផលចេញ​ពី​ការប្រកួត រវាងក្រុមទាំងពីរ គឺជា«ឃាតកម្មឈាមត្រជាក់»មួយ។ សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធើណែតមួយនេះ បានសរសេរថា៖

«ឃាតកម្មមួយនេះ ត្រូវបានគេមើលដឹងមុន ថានឹងអាចកើតឡើង ព្រោះវាជា​ការខុស​គ្នាខ្លាំង រវាងម្ខាង ជាក្រុមកីឡាករ ដែលចិញ្ចឹមចិត្តចេញប្រកួត ដើម្បីយកជ័យជំនះ និង​ម្ខាងទៀត ជាក្រុមអ្នកទេសចរណ៍ ដែលមកកាន់ប្រទេសព័រទុយហ្គាល់ គ្រាន់តែជាដំណើរ​កម្សាន្ដ៕»



You may also like

កីឡា និងបច្ចេកវិទ្យា

សារព័ត៌មានអេស្ប៉ាញថា លីយ៉ូនែល ម៉េស៊ី នឹងទៅទាត់​ឲ្យក្រុម ប៉ារីស

បន្ទាប់ពីចាកចេញ ពីក្រុមបាសឺឡូន (FC Barcelone) កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ម្ចាស់​បាល់មាស​៦ជំនាន់ អាចនឹង​បង្ហាញខ្លួន នៅក្រុមបាល់ទាត់​នៃរដ្ឋធានី ប៉ារីស ...
កីឡា និងបច្ចេកវិទ្យា

អាហ្សាក់​អាមស្ទែដាម បន្ត​យកប្រៀប​ឡើងទៅ​ផ្ដាច់ព្រ័ត្រ

ក្រុមបាល់ទាត់ អាហ្សាក់​អាមស្ទែដាម (Ajax Amsterdam) របស់រាជាណាចក្រ ហូឡង់ កំពុងបន្តក្ដីសុបិន្តរបស់ខ្លួន ក្នុងការដណ្ដើមពាន់ជើងឯកអ៊ឺរ៉ុប បន្ទាប់ពីបានយកឈ្នះ ១-០ នៅក្នុងផ្ទះរបស់ក្រុម ថូថេនហាម (Tottenham ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ លីវើភូល បំបាក់​ក្ដីសុបិន្ដ​ផ្ដាច់ព្រ័ត្រ វីឡារ៉េអាល

ក្ដីសុបិន្ដរបស់ក្រុម វីឡារ៉េអាល (Villarreal – អេស្ប៉ាញ) មានជីវិត​ត្រឹមតែ​៤៥នាទីដំបូង ក្នុងការប្រកួតល់នឹងក្រុម លីវើភូល (Liverpool – ) ប៉ុណ្ណោះ។ ជាការប្រកួតជុំទី២ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...