ព្រឹត្តិការណ៍ប្រដាល់ដ៏ធំ ក្នុងយប់ថ្ងៃសៅរ៍ ទី១ ខែធ្នូនេះ នាមណ្ឌល «Staples» នៃក្រុងឡូសអេនជឺឡេស (ភាគខាងលិចអាមេរិក) បានបញ្ចប់ទៅ ដោយលទ្ធផល«ស្មើ» នៃគូប្រកួត រវាងកីឡាករ «Deontay Wilder» និងកីឡាករ «Tyson Fury» ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ។
នៅក្នុងការប្រកួត កីឡាករអាមេរិក «Deontay Wilder» អាយុ៣៣ឆ្នាំ បានបំបាក់គូប្រកួតខ្លួន គឺកីឡាករអង់គ្លេស «Tyson Fury» អាយុ៣០ឆ្នាំ ដោយវាយឲ្យដួលទៅ លើសង្វៀនជាច្រើនដង ប៉ុន្តែកីឡាករស្បែកស អតីតម្ចាស់ខ្សែក្រវ៉ាត់ «WBA/WBO/IBF» ឆ្នាំ២០១៥ នៅតែងើបត្រឡប់មកប្រកួតវិញ រហូតដល់ចប់ទាំង១២វគ្គ។
លទ្ធផលបូកសរុបពិន្ទុ របស់អាជ្ញាកណ្ដាលទាំងអស់ បានបង្ហាញថា កីឡាករទាំងពីរវ៉ៃចេញ ត្រូវគោលដៅ និងមានបច្ចេកទេស កម្លាំងប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យលទ្ធផលនៃការប្រកួត បានត្រឹមតែស្មើប៉ុណ្ណោះ។
សូមជម្រាបដែរថា កីឡាករ «Deontay Wilder» ទទួលបាន១៤លានដុល្លារ ខណៈ កីឡាករ «Tyson Fury» ទទួលបាន១០លានដុល្លារ ដែលសុទ្ធសឹងជាតម្លៃខ្លួន ក្នុងការឡើងមកប្រកួតនេះ៕