ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្រេចក្នុងយប់ថ្ងៃចន្ទនេះ ប្រកាស«ទទួលស្គាល់​ឯករាជ្យ​ខេត្ត២» នៃក្រុមនិយម​បំបែកទឹកដី​ ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី និងដែលកំពុងប្រយុទ្ធតតាំង ទល់នឹងកងទ័ពរបស់ប្រទេសអ៊ុយក្រែន ក្នុងភាគខាងកើត។ ការប្រកាស​របស់លោកប្រធានាធិបតី ជំរុញឲ្យមានប្រតិកម្មភ្លាមៗ ពីសំណាក់បណ្ដាមេដឹកនាំនានា នៅបស្ចឹមលោក។

ក្នុងសុន្ទរកថាដ៏វែងអន្លាយ ធ្វើទៅកាន់ប្រជាជាតិ តាមកញ្ចក់ទូរទស្សន៍ លោក ពូទីន បានថ្លែងឡើងថា៖

«ខ្ញុំ​ចាត់​ទុក​ថា ​វា​ជាការចាំ​បាច់ ​ក្នុង​ការ​សម្រេចមួយ​នេះ ​ដែលមានលក្ខណៈ​ទុំ​ជោរ មកជា​យូរ​មក​ហើយ។ នោះ គឺទទួលស្គាល់ក្នុងពេលនេះភ្លាមៗ នូវឯករាជ្យភាព​នៃសាធារណៈរដ្ឋប្រជាមានិត “Donetsk” និងសាធារណៈរដ្ឋប្រជាមានិត “Lugansk”។»

លោកបានថ្លែងស្នើឲ្យរដ្ឋសភារ៉ុស្ស៊ី ទទួលយកការសម្រេចរបស់លោកខាងលើ ព្រមទាំងផ្តល់សច្ចាប័ន «លើកិច្ចព្រមព្រៀងមិត្តភាព និងការជួយគ្នាទៅវិញទៅមក ជាមួយសាធារណរដ្ឋទាំងពីរ»។

បន្ទាប់ពី«ទទួលស្គាល់​ឯករាជ្យ​ខេត្ត២» របស់ក្រុមបះបោរ​នៅភាគខាងកើត​នោះរួច លោក ពូទីន បានដាក់កំហិត ឲ្យប្រទេសអ៊ុយក្រែន ត្រូវ«បញ្ឈប់សកម្មភាពយោធាទាំងអស់» ប្រឆាំងនឹងក្រុមនិយមបំបែកទឹកដី ដែលសុទ្ធសឹងជាក្រុម ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី។ លោកថា៖

«យើងទាមទារ​ឲ្យអ្នកមានអំណាច នៅគៀវ (រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន) ត្រូវបញ្ឈប់ជាបន្ទាន់ នូវប្រតិបត្តិការយោធាទាំងអស់។ បើមិនដូច្នេះទេ ពួកគេនឹងទទួលខុសត្រូវទាំងស្រុង នូវការបង្ហូរឈាមទាំងឡាយ ដែលនឹងបន្តហូរ។»

ភ្លាមៗ នៅក្រោយការថ្លែងរបស់ប្រធានាធិបតី ពូទីន បណ្ដាមេដឹកនាំនានា នៅបស្ចឹមលោក បានចេញមកធ្វើប្រតិកម្មសឹងតែគ្រប់ៗគ្នា ដោយធ្វើការ«ថ្កោលទោស» និងហៅការសម្រេចនេះ ថាបាន«រំលោភយ៉ាងគឃ្លើន ទៅលើច្បាស់អន្តរជាតិ» និង«បូរណភាពទឹកដីអ៊ុយក្រែន»។

សហភាពអ៊ឺរ៉ុប ដែលមានសមាជិក២៧ប្រទេស សហរដ្ឋអាមេរិក រួមមនឹងចក្រភពអង់គ្លេសផង បានលើកឡើងថា កំពុងពិចារណាចាត់វិធានការណ៍ទណ្ឌកម្មភ្លាមៗ និងចំទិសដៅ ប្រឆាំងមេដឹកនាំរ៉ុស្ស៊ី និងក្រុមនិយមបំបែកទឹកដីអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល្ស (Olaf Scholz) បានជួបជជែកគ្នាតាមទូរស័ព្ទជាបន្ទាប់ ក្នុងយប់ថ្ងៃចន្ទនេះ និងបានព្រមានថា ទង្វើរបស់ប្រទេសរ៉ុស្ស៊ី នឹងមិនអាចធ្វើឡើង ដោយគ្មានការឆ្លើយតប នោះឡើយ។

លោក ម៉ាក្រុង ដែលបានជួបលោក ពូទីន កាលពីប៉ុន្មានថ្ងៃមុន បានចោទប្រធានាធិបតីរ៉ុស្ស៊ី ថា«មិនគោរពសម្ដីរបស់ខ្លួន» ដែលបានជជែកគ្នា នៅក្នុងជំនួបនោះ។

កិច្ចប្រជុំមួយ​របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវបានកោះធ្វើជាបន្ទាន់ ក្នុងយប់ថ្ងៃចន្ទនេះ (ទី២១ ខែកុម្ភៈ ឆ្នាំ២០២២) វេលាម៉ោង២១យប់ ម៉ោងក្នុងក្រុង ញ៉ូយក សហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិខាងលើ។ កិច្ចប្រជុំនេះ ផ្ដួចផ្ដើមដំបូងដោយប្រធានាធិបតីបារាំង មុននឹងស្នើឡើងជាផ្លូវការ ដោយប្រទេសចំនួន៧ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អៀរឡង់ ណ័រវេស អាល់បានី និងប្រទេសម៉ិចសិក។ ប្រទេសរ៉ុស្ស៊ី ដែលជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សា បានទាមទារឲ្យមានកិច្ចប្រជុំបិទទ្វា តែត្រូវបានបដិសេធ ដោយប្រទេសផ្សេងទៀត៕



លំអិតបន្ថែមទៀត

ដំណឹង

ស៊ី ជិនពីង ថាចិន«មិនចង់ឃើញសង្គ្រាម»​នៅអ៊ុយក្រែន

ជួប​ជាមួយប្រធានាធិបតី​អាមេរិក តាមរយៈទូរស័ព្ទ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានអះអាងថា ប្រទេសរបស់លោក «មិនចង់ឃើញសង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែនទេ ដោយគូសបញ្ជាក់ថា ...
ដំណឹង

សង្គ្រាម​នៅអ៊ុយក្រែន៖ EU ផ្អាកការផ្សាយរបស់ «ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​»

នៅថ្ងៃទី៤ នៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដោយកងទ័ពរ៉ូស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​ ឬ​ដែលស្និត​នឹងវិមានក្រឹមឡាំង ត្រូវបានសហភាពអ៊ឺរ៉ុប «EU» សម្រេចឲ្យផ្អាកការផ្សាយរបស់ខ្លួន នៅលើទឹកដីនៃសមាជិកទាំង២៧ប្រទេស​ របស់សហភាព។ បម្រាមនេះត្រូវបានប្រកាសឡើង ដោយអ្នកស្រី «Ursula ...
កម្ពុជា

មន្ត្រី CNRP ត្រូវខុទ្ទកាល័យ​ប្រធានាធិបតី​បារាំងទទួលជួប​ នៅសប្ដាហ៍​ក្រោយ

ខុទ្ទកាល័យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទទួលជួបតំណាងរបស់គណបក្សសង្គ្រោះជាតិ នៅសប្ដាហ៍​ក្រោយ ដើម្បីអនុញ្ញាតឲ្យពួកគេដាក់ញត្តិទាមទារ និងជម្រាបជូនប្រធានាធិបតីបារាំង ពីស្ថានភាពវិបត្តិនយោបាយ នៅកម្ពុជា។ នេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.