ដំណឹងពិភពលោក

RSF ថា​«Covid-19»ធ្វើឲ្យ​អន្ដរាយ​ដល់​សេរីភាព​សារព័ត៌មាន​ ៣០ប្រទេស

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) បានបរិហារប្រទេសជាច្រើន នៅលើពិភពលោក រួមទាំងកម្ពុជា ថាបានបើកយុទ្ធនាការ នៅក្នុងរយៈពេលនៃការរាតត្បាត ជំងឺ«Covid-19» ដើម្បីតាមយាយី បង្ក្រាបតាមគ្រប់រូបភាព ទៅលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលគ្រាន់តែពួកគេធ្វើការងារ ផ្ដល់ព័ត៌មានអំពីជំងឺនេះប៉ុណ្ណោះ។

របាយការណ៍ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនារបស់ «RWB / RSF» បានឲ្យដឹងថា ប្រទេសប្រមាណជា៣០ ពីទ្វីបទាំង៥ ក្នុងនោះរាប់ទាំងកម្ពុជា បានជាប់ឈ្មោះ ជាប្រទេសកោងកាច ដែលអង្គការអន្តរជាតិមួយនេះចាត់ទុកថា បានប្រើប្រាស់ការរាតត្បាត នៃជំងឺ«Covid-19» ដើម្បីបង្ហាញសាច់ដុំដាក់អ្នកកាសែត ក្រោមការចោទ ពីបទញុះញង់ ឬផ្ដល់ព័ត៌មានមិនពិត បង្កចល្លាចលជាដើម។

អង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន ដែលមានទីស្នាក់ការ នៅក្នុងរដ្ឋធានីប៉ារីស (បារាំង) បានលើកយកករណី នៃប្រទេសកម្ពុជា មកបញ្ជាក់ថា ក្រោមផ្លាកនៃការប្រកាសសភាពអាសន្ន ប្រទេសមួយនេះបានបង្កើតច្បាប់មួយឡើង ដើម្បីគ្រាន់តែធ្វើការរាំងខ្ទប់ ចំពោះព័ត៌មានទាំងឡាយណា ដែលមិនត្រូវចិត្តមេដឹកនាំ។ របាយការណ៍បានសរសេរថា៖

«រដ្ឋាភិបាលកម្ពុជា បានបង្កើតបានច្បាប់មួយ ដើម្បីធ្វើជាឧបករណ៍ នៅក្នុងដៃ ដើម្បីហាមឃាត់ការផ្សព្វផ្សាយ នូវរាល់ព័ត៌មានទាំងឡាយ ដែលច្បាប់នេះហៅថា បង្កចល្លាចល បង្កើតភាពភ័យភិត ឬធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់។»

លោក «Christophe Deloire» អគ្គលេខាធិការ នៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖

«វិបត្តិសុខាភិបាល បង្កើឡើងដោយ​មេរោគកូរូណា បានពង្រីកឲ្យមានវិបតិ្តទាំងអស់ និងជាពិសេស បង្កផល់ប៉ះពាល់ ដល់វិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាព ក្នុងការទទួលបានព័ត៌មាន។»

លោកបន្តថា៖

«ដើម្បីបង្កើនការបង្ក្រាប ឲ្យកាន់តែខ្លាំង របបដឹកនាំដ៏អាក្រក់បំផុត នៅជុំវិញពិភពលោក បានប្រើគ្រប់មធ្យោបាយទាំងអស់ (…) ហើយនៅពេលពួកគេគិតថា នៅមិនទាន់គ្រប់គ្រាន់នោះ ពួកគេបានបន្ថែមមធ្យោបាយផ្សេងទៀត ក្រោមលេសការប្រកាសភាពអាសន្ន ឬវិធានការពិសេស។»

«នៅថ្ងៃនេះ ដល់ពេលដែលត្រូវបញ្ឈប់ នូវរាលចំណាត់ការពិសេសទាំងនោះ និងបើកលំហ សម្រាប់សេរីភាពព័ត៌មានឡើងវិញ។»

នៅក្នុងប្រទេសកម្ពុជា ករណីចាប់អ្នកកាសែត​​​ដាក់ពន្ធនាគារ បិទស្ថាប័នព័ត៌មាន និងការរាំងខ្ទប់គេហទំព័រ​ បានកើតមានជាហូហែរ ក្នុងរយៈពេល ចាប់ពីចុងខែមីនាមក។

កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់​ពន្ធនាគារដែរ បន្ទាប់ពីលោក បាន​ចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បី​ទិញ​អង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។

នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរង​ការរាំងខ្ទប់ ដោយមិនឲ្យប្រិយមិត្តបើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័ន​មិនចំណុះ​មួយនេះ បានផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅ​កម្ពុជា និងនៅ​ប្រទេស​ចិន។

ករណីទាំងពីរខាងលើ រងការថ្កោលទោស ដោយអង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន (ចុចអានទីនេះ និងទីនេះ) ដោយហៅទង្វើទាំងនេះ ថាជាការគម្រាមកំហែង ទៅលើ​សិទ្ធិ អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។

នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់​ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម​១៨០ប្រទេស នៅជុំវិញ​ពិភពលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ តុលាការ​ឯករាជ្យ​មួយ នឹង​បកមុខ​ជន​គប់​គ្រាប់បែក​មុខ​អតីតរដ្ឋសភា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ តុលាការ​ឯករាជ្យ​មួយ នឹងបង្ហាញជាសាធារណៈ នូវភេរវករ​ដែលបានគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងបាតុកម្មដោយសន្តិវិធី ...
ដំណឹង

Covid-19 : នាយករដ្ឋមន្ត្រីអង់គ្លេស ចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីបង្ការ

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានចូលសម្រាកក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យនេះ ដែលជា«កិច្ចបង្ការ» បន្ទាប់ពីបានធ្វើតេស្តិ៍ តាំងពី១០ថ្ងៃមុន រកឃើញថា លោកមានផ្ទុកមេរោគ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.