អ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងក្លាយជា«អនុប្រធានាធិបតីស្ត្រីដំបូងគេ» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានផ្ដល់ជ័យជំនះ ឲ្យបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ជំនាន់ទី៤៦ បន្តពីលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់តំណែង។
ក្នុងឱកាសនៃការថ្លែង ជាលើកដំបូង ទៅកាន់អ្នកគាំទ្រ កាលពីយប់ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ក្នុងក្រុង «Wilmington» នៃរដ្ឋ «Delaware» (ភាគខាងកើត) អ្នកស្រី ហារី បានសង្កត់ធ្ងន់ ពី«សុបិន្ត»របស់ស្ត្រីអាមេរិកាំងគ្រប់រូប ហើយថា រូបអ្នកស្រីដែលនឹងក្លាយជាអនុប្រធានាធិបតី នៃប្រទេសមហាអំណាច មិនមែនជា«ស្ត្រីចុងក្រោយ»នោះឡើយ។
អ្នកស្រី កាម៉ាឡា ហារី បានឧទ្ទិសជ័យជំនះរបស់អ្នកស្រី ជូនទៅអ្នកម្ដាយឈ្មោះ «Shyamala Gopalan Harris» ដើមកំណើតឥណ្ឌា ដែលបានមករស់នៅ សហរដ្ឋអាមេរិក ក្នុងចុងទសវត្សរ៍ឆ្នាំ៥០ (ឆ្នាំ១៩៥៧ នៅពេលអ្នកស្រីអាយុ១៩ឆ្នាំ) និងដែលបានទទួលមរណភាព នៅឆ្នាំ២០០៩។ អ្នកស្រី កាម៉ាឡា ហារី បានថ្លែងឡើងថា៖
«អ្នកម្ដាយ ពិតជាមិនអាចនឹកស្មានដល់ អំពីអ្វីដែលកំពុងកើត នៅពេលនេះ (ដែលមានកូនស្រី ក្លាយជាអនុប្រធានាធិបតីអាមេរិក) ប៉ុន្តែអ្នកម្ដាយបានជឿជាក់ យ៉ាងជ្រាលជ្រៅ ថាប្រទេសអាមេរិកមួយនេះ ពិតជាមានលទ្ធភាព ក្នុងការផ្ដល់ឱកាសដូច្នេះ។»
«ដូច្នេះ ខ្ញុំនឹកទៅដល់អ្នកម្ដាយ ទៅដល់ស្ត្រីគ្រប់ជំនាន់ គ្រប់ពណ៌សម្បុរទាំងអស់ ទោះមានស្បែកខ្មៅ មកពីអាស៊ី មានស្បែកស មកពីអាមេរិកឡាទីន ឬមានដើមកំណើតជាឥណ្ឌាស្បែកក្រហម ថាពួកគេកំពុងដើរនៅលើវិថី នៃក្ដីសុបិន្ត ដែលអាចសម្រេច ក្នុងថ្ងៃណាមួយ។»
អនុប្រធានាធិបតីស្ត្រីដំបូងគេ ដែលមិនមែនជា«ស្ត្រីចុងក្រោយ»
អ្នកស្រី កាម៉ាឡា បានបន្តថ្លែងថា អ្នកស្រីជាស្ត្រីដំបូងគេ ដែលមានដើមកំណើត ពី«អាស៊ីខាងត្បូង» ដោយបានឡើងកាន់កាប់តំណែង ជា«អគ្គរដ្ឋអាជ្ញា» ប្រចាំរដ្ឋកាលីហ្វ័នី មុននឹងក្លាយជា«សមាជិកព្រឹទ្ធសភា» នៃសហរដ្ឋអាមេរិក ហើយអ្នកស្រីបានសំដែងការគោរព ទៅដល់ស្ត្រីទាំងឡាយ ដែលបានបូជាជីវិត ដើម្បី«សមភាព សេរីភាព និងយុត្តិធម៌ ដើម្បីមនុស្សរាល់គ្នា»។
អ្នកស្រីលើកឡើងថា៖
«(ការតស៊ូរបស់ស្ត្រី ធ្លាប់កើតឡើងរួចហើយ) កាលពី១០០ឆ្នាំកន្លងទៅ ជាមួយវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១៩ – កាលពី៥៥ឆ្នាំមុន ជាមួយនឹងច្បាប់ ដែលផ្ដល់សិទ្ធិឲ្យស្ត្រី បានចូលរួមបោះឆ្នោត និងពេលនេះ ក្នុងឆ្នាំ២០២០ ជាមួយនឹងស្ត្រីគ្រប់រូប នៅក្នុងប្រទេសយើង ដែលបានបោះឆ្នោត បន្តការប្រយុទ្ធ ដើម្បីសិទ្ធិជាមូលដ្ឋានគ្រឹះ និងដើម្បីសម្លេងរបស់ផងខ្លួន ត្រូវបានស្ដាប់ឮ។»
«ខ្ញុំនឹងមិនមែន ជាស្ត្រីចុងក្រោយបង្អស់ (ដែលនឹងឡើងកាន់តំណែង ជាអនុប្រធានាធិបតីអាមេរិក) នោះឡើយ ព្រោះកុមារីគ្រប់រូប ដែលបានទស្សនា (យើង) ក្នុងយប់នេះ នឹងយល់ច្បាស់ថា ទីនេះ (សហរដ្ឋអាមេរិក) ជាទឹកដី ដែលអាចធ្វើឲ្យសុបិន្តទាំងឡាយ សម្រេចចេញជារូបរាង៕»