ដំណឹងពិភពលោក

កាម៉ាឡា ហារី អនុប្រធានាធិបតី​ស្ត្រីដំបូងគេ ដែលមិនមែនជា​«ស្ត្រីចុងក្រោយ»

អ្នកស្រី កាម៉ាឡា ហារី (Kamala Harris) នឹងក្លាយជា«អនុប្រធានាធិបតី​ស្ត្រីដំបូងគេ» នៃសហរដ្ឋ​អាមេរិក បន្ទាប់ពីលទ្ធផលស្ទាបស្ទង់ ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានផ្ដល់​ជ័យជំនះ ឲ្យបេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ជំនាន់ទី៤៦ បន្តពីលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចប់តំណែង។

ក្នុងឱកាសនៃការថ្លែង ជាលើកដំបូង ទៅកាន់អ្នកគាំទ្រ កាលពីយប់ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ក្នុងក្រុង «Wilmington» នៃរដ្ឋ «Delaware» (ភាគខាងកើត) អ្នកស្រី ហារី បាន​សង្កត់ធ្ងន់ ពី«សុបិន្ត»​របស់ស្ត្រីអាមេរិកាំង​គ្រប់រូប ហើយថា រូបអ្នកស្រីដែល​នឹងក្លាយ​ជាអនុប្រធានាធិបតី នៃប្រទេសមហាអំណាច មិនមែនជា​«ស្ត្រីចុងក្រោយ»​​នោះឡើយ។

អ្នកស្រី កាម៉ាឡា ហារី បានឧទ្ទិសជ័យជំនះ​របស់អ្នកស្រី ជូនទៅអ្នកម្ដាយឈ្មោះ «Shyamala Gopalan Harris» ដើមកំណើតឥណ្ឌា ដែលបានមករស់នៅ សហរដ្ឋអាមេរិក ក្នុងចុងទសវត្សរ៍​ឆ្នាំ៥០ (ឆ្នាំ១៩៥៧ នៅពេលអ្នកស្រីអាយុ១៩ឆ្នាំ) និងដែលបាន​ទទួលមរណភាព នៅឆ្នាំ២០០៩។ អ្នកស្រី កាម៉ាឡា ហារី បានថ្លែងឡើងថា៖

«អ្នកម្ដាយ ពិតជាមិនអាចនឹកស្មានដល់ អំពីអ្វីដែលកំពុងកើត នៅពេលនេះ (ដែលមានកូនស្រី ក្លាយជា​អនុប្រធានាធិបតី​អាមេរិក) ប៉ុន្តែអ្នកម្ដាយបានជឿជាក់ យ៉ាងជ្រាលជ្រៅ ថាប្រទេសអាមេរិកមួយនេះ ពិតជាមានលទ្ធភាព ក្នុងការផ្ដល់​ឱកាសដូច្នេះ។»

«ដូច្នេះ ខ្ញុំនឹកទៅដល់អ្នកម្ដាយ ទៅដល់ស្ត្រីគ្រប់ជំនាន់ គ្រប់ពណ៌សម្បុរទាំងអស់ ទោះមាន​ស្បែកខ្មៅ មកពីអាស៊ី មានស្បែកស មកពីអាមេរិកឡាទីន ឬមានដើមកំណើត​ជាឥណ្ឌា​ស្បែកក្រហម ថាពួកគេកំពុងដើរ​នៅលើវិថី នៃក្ដីសុបិន្ត ដែលអាចសម្រេច ក្នុងថ្ងៃណា​មួយ។»

អនុប្រធានាធិបតី​ស្ត្រីដំបូងគេ ដែលមិនមែនជា​«ស្ត្រីចុងក្រោយ»

អ្នកស្រី កាម៉ាឡា បានបន្តថ្លែងថា អ្នកស្រីជាស្ត្រីដំបូងគេ ដែលមានដើមកំណើត ពី«អាស៊ី​ខាងត្បូង» ដោយបានឡើង​កាន់កាប់តំណែង ជា«អគ្គរដ្ឋអាជ្ញា» ប្រចាំរដ្ឋ​កាលីហ្វ័នី មុននឹង​ក្លាយជា​​«សមាជិកព្រឹទ្ធសភា» នៃសហរដ្ឋអាមេរិក ហើយអ្នកស្រីបានសំដែង​ការគោរព ទៅដល់ស្ត្រី​ទាំងឡាយ ដែលបានបូជាជីវិត ដើម្បី«សមភាព សេរីភាព និងយុត្តិធម៌ ដើម្បីមនុស្ស​រាល់គ្នា»។

អ្នកស្រីលើកឡើងថា៖

«(ការតស៊ូរបស់ស្ត្រី ធ្លាប់កើតឡើងរួចហើយ) កាលពី១០០ឆ្នាំកន្លងទៅ ជាមួយ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើកទី១៩ – កាលពី៥៥ឆ្នាំមុន ជាមួយនឹងច្បាប់ ដែលផ្ដល់​សិទ្ធិ​ឲ្យស្ត្រី បានចូលរួមបោះឆ្នោត និងពេលនេះ ក្នុងឆ្នាំ២០២០ ជាមួយនឹងស្ត្រីគ្រប់រូប នៅក្នុងប្រទេសយើង ដែលបានបោះឆ្នោត បន្តការប្រយុទ្ធ ដើម្បីសិទ្ធិជាមូលដ្ឋានគ្រឹះ និងដើម្បីសម្លេងរបស់ផងខ្លួន ត្រូវបានស្ដាប់ឮ។»

«ខ្ញុំនឹងមិនមែន ជាស្ត្រីចុងក្រោយបង្អស់ (ដែលនឹងឡើងកាន់តំណែង ជា​អនុប្រធានាធិបតី​អាមេរិក) នោះឡើយ ព្រោះកុមារីគ្រប់រូប ដែលបានទស្សនា (យើង) ក្នុងយប់នេះ នឹងយល់ច្បាស់ថា ទីនេះ (សហរដ្ឋអាមេរិក) ជាទឹកដី ដែលអាច​ធ្វើឲ្យសុបិន្ត​ទាំងឡាយ សម្រេចចេញ​ជារូបរាង៕»



លំអិតបន្ថែមទៀត

របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ...
កម្ពុជា

ស្ថានទូតអាមេរិក បន្តប្រាប់​​ក្រុងភ្នំពេញ​ឲ្យដោះស្រាយ​ករណី កឹម សុខា

ស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ បានបន្តគម្រាមរបបក្រុងភ្នំពេញ ឲ្យដោះស្រាយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយភាពត្រឹមត្រូវ និងការគោរព បើសិនជារបបគ្រប់គ្រងមួយនេះ ចង់មានទំនាក់ទំនងល្អ ជាសហរដ្ឋ​អាមេរិក។ អ្នកស្រី​ ...
កម្ពុជា

ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.