ដំណឹងពិភពលោក

យ៉ាងតិច៧ប្រទេសនៅអ៊ឺរ៉ុបទទួលស្គាល់ ហ្គេដូ ជាប្រធានាធិបតីស្ដីទី

បន្ទាប់ពីឱសានវាទបានផុតកំណត់ ប្រទេសនានានៅអ៊ឺរ៉ុប ចាប់ផ្ដើមប្រកាសជាផ្លូវការ និងជាបន្តបន្ទាប់ ទទួលស្គាល់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ក្នុងប្រទេសវេណេស៊ុយអេឡា ជាប្រធានាធិបតីស្ដីទី ដើម្បឲ្យលោកទទួលខុសត្រូវ ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីមួយថ្មី ដែលសេរី ត្រឹមត្រូវ យុត្តិធម៌។

ប្រទេសអេស្ប៉ាញ បានធ្វើសេចក្ដីប្រកាសនេះ មុនគេ។ លោក ប៉េត្រូ សិនឆេស (Pedro Sanchez) នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងកាលពីព្រឹកម៉ិញថា៖ 

«រដ្ឋាភិបាលអេស្ប៉ាញ ប្រកាសទទួលស្គាល់ជាផ្លូវការ ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក ហ្គេដូ ជាប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា។ លោក ហ្គេដូ ត្រូវទទួលបន្ទុករៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅក្នុងពេលដ៏ឆាប់បំផុត នាពេលខាងមុខ។»

បន្ទាប់ពីអេស្ប៉ាញ ប្រទេសជាបន្តបន្ទាប់នៅអ៊ឺរ៉ុប ក្នុងនោះ ចក្រភពអង់គ្លេស អូទ្រីស ស៊ុយអែដ ដាណឺម៉ាក បារាំង និងអាល្លឺម៉ង់ ក៏បានប្រកាសពីជំហររបស់ផងខ្លួន ដូចគ្នាដែរ។

ការប្រកាសទទួលស្គាល់ របស់បណ្ដាប្រទេសនៅអ៊ឺរ៉ុប បានរងប្រតិកម្មពីប្រទេសរ៉ុស្ស៊ី ដែលជាសម្ព័ន្ធមិត្តមួយ របស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា។ លោក «Dmitri Peskov» អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងឡើងថា៖

«យើងចាត់ទុក​ការព្យាយាមផ្ដល់ភាពស្របច្បាប់ ទៅឲ្យការប្លន់អំណាច [នៅក្នុងប្រទេសវេណេស៊ុយអេឡា] គឺជាការលូកដៃ ដោយផ្ទាល់ និងដោយប្រយោល នៅក្នុងកិច្ចការផ្ទៃក្នុង នៃប្រទេសវេណេស៊ុយអេឡា។»

សម្រាប់ប្រទេសស្វីសវិញ កំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពក្នុងប្រទេសវេណេស៊ុយអេឡា។ នេះ បើតាមក្រសួងការបរទេសស្វីស ដកស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសស្វីស។ ក្រសួងការបរទេស បានបញ្ជាក់ថា៖

«សម្រាប់ការវិវត្តន៍ចុងក្រោយ [នៅក្នុងប្រទេសវេណេស៊ុយអេឡា] ប្រទេសស្វីសទាមទារឲ្យគ្រប់ភាគីទាំងអស់ ឲ្យបង្ហាញការអត់ធ្មត់ និងដោះស្រាយវិបត្តិនយោបាយ ដោយគោរពដល់រដ្ឋធម្មនុញ្ញរបស់ប្រទេស។»

ប្រទេសជាច្រើននៅទ្វីបអ៊ឺរ៉ុប បានដាក់ឱសានវាទកាលពីចុងសប្ដាហ៍មុន ឲ្យរយៈពេល៨ថ្ងៃ ទៅលោក នីកូឡា ម៉ាឌូរ៉ូ ដើម្បីឲ្យលោកប្រកាសរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឡើងវិញ។ ឬបើមិនអញ្ចឹងទេ ប្រទេសទាំងនោះ នឹងប្រកាសទទួលស្គាល់លោក រ៉ន់ ហ្គេដូ ជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា។

ប៉ុន្តែឱសានវាទខាងលើ ត្រូវបានលោក នីកូឡា ម៉ាឌូរ៉ូ ច្រានចោលដោយអះអាងថា៖

«គ្មាននរណាម្នាក់ អាច ដាក់ឱសានវាទ ឲ្យយើងនោះឡើយ (…) អ្វីដែលបានកើតឡើង គឺមានអាមេរិកនៅពីក្រោយ។ ពួកគេវាយប្រហារយើង ហើយពួកគេគិតថា ប្រទេស​វេណេស៊ុយអេឡា ជាសួនច្បាររបស់ពួកគេ។»

សហរដ្ឋអាមេរិក កាណាដា និងប្រទេសជាច្រើនទៀត នៅក្នុងតំបន់ បានប្រកាសទទួលស្គាល់លោក ហ្គេដូ ភ្លាមៗក្រោយការប្រកាស របស់មេដឹកនាំប្រឆាំងរូបនេះ ក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ធ្វើជាប្រធានាធិបតីស្ដីទី នៃប្រទេសវេណេស៊ុយអេឡា៕



លំអិតបន្ថែមទៀត

ដំណឹង

រូបភាព​ចុងក្រោយ នៅ​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​បង្ក្រាប

ការតាមប្រមាញ់ជនសង្ស័យ ដែលមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ ជនសង្ស័យ ជាខ្មាន់កាំភ្លើង ឈ្មោះ «Chérif Chekatt» ត្រូវបានអាជ្ញាធរបង្ក្រាប ដោយបានបាញ់សម្លាប់ នៅនឹងកន្លែង។ រដ្ឋអាជ្ញាបារាំង ...
ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
ដំណឹង

ទិដ្ឋភាពកាំជ្រួចជ្វាលា អបអរឆ្នាំថ្មី ឆ្នាំ២០១៩ នៅរដ្ឋធានីប៉ារីស

បន្ទាប់ពីច្រើនសប្ដាហ៍ នៃរលកបាតុកម្ម របស់បណ្ដាជនអាវកាក់លឿង រដ្ឋធានីប៉ារីស នៅតែប្រារព្ធធ្វើជាធម្មតា នូវកម្មវិធីរបស់ខ្លួន ដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំ២០១៩ ដូចដែលបាន​ព្រៀងទុក។ បណ្ដាជនប្រមាណជាង ២៥០ ០០០នាក់ ទាំងបារាំង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.