ដំណឹងពិភពលោក

ចាក់សម្លាប់​ប្អូនស្រី ព្រោះ​នាង​ជំទាស់​ការបង្ខំឲ្យរៀបការ នៅ​អាហ្វហ្គានីស្ដង់

នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ទាហានម្នាក់បាន​«ចាក់សម្លាប់​ប្អូនស្រី»​របស់ខ្លួន បន្ទាប់ពីយុវតីរូបនោះ បានជំទាស់នឹង​អាពាហ៍ពិពាហ៍ចាប់បង្ខំមួយ ដែលរៀបចំឡើង ដោយគ្រួសាររបស់នាង។

នគរបាលក្នុងស្រុក បានរាយការណ៍ពីហេតុការណ៍ ដ៏អកុសល ដោយហៅទង្វើនេះ ជា«ឧក្រិដ្ឋកម្ម ព្រោះកិត្តិយស»គ្រួសារ នៅអាហ្វហ្គានីស្ដង់ ដែលជាប្រទេស ដែលមាន​ទំនៀមទម្លាប់ ឥស្លាមនិយម យ៉ាងតឹងតែង។

យុវតីរងគ្រោះ ដែលមានអាយុ១៨ឆ្នាំ បានស្លាប់ នៅក្នុងក្រុង «Baharak» នៃខេត្ត «Badakhshan» ដែលស្ថិតក្នុងភាគឦសាន នៃប្រទេស។

អ្នកនាំពាក្យនគរបាល ត្រូវបានទីភ្នាក់ងារ «AFP» ស្រង់សំដី មកអះអាងថា៖

«បន្ទាប់ពីបានប្រព្រឹត្តិហើយ បងប្រុសរបស់នាង បានគេចខ្លួន ចូលក្នុងតំបន់ ដែល​គ្រប់គ្រង ដោយក្រុមតាលីបង់។ តែនគរបាល ​នៅតែបន្ត​ស្វែងរក ចាប់ខ្លួន​ជនដៃដល់​រូបនេះដដែល។»

សកម្មនារីការពាសិទ្ធិស្ត្រី អ្នកស្រី «Asifa Karimi» បានរៀបរាប់ ពីឧក្រិដ្ឋកម្ម​ខាងលើ​ថា យុវតីរងគ្រោះ មានបំណង ចង់រៀបការជាមួយបុរស ដែលនាងស្រឡាញ់។ អ្នកស្រីបន្តថា៖

«ដូច្នេះហើយ នាងបានបដិសេធ អាពាហ៍ពិពាហ៍ ដែលរៀបចំឡើង ដោយគ្រួសាររបស់នាង ហើយបានដើរចូល ទៅក្នុងប៉ុស្ដិ៍នគរបាល ដើម្បីទទួលបានការការពារ។ ផ្ទុយទៅវិញ កងកម្លាំងនគរបាល នៅទីនោះ បាននាំរូបនាង ត្រឡប់ទៅឲ្យគ្រួសារនាងវិញ។»

ស្ត្រីការពារសិទ្ធិស្ត្រីរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីបាននាំ ទៅដល់ផ្ទះរួចហើយ បងប្រុស​របស់នាង ដែលជា​ទាហាន​មួយរូប បាន​«ចាក់សម្លាប់​ប្អូនស្រី»​ខ្លួនឯង យ៉ាងសាហាវ​ព្រៃផ្សៃ។

ក្រុមអ្នកនយោបាយប្រឆាំង បានបរិហារ ពីតួនាទី​របស់អាជ្ញាធរមូលដ្ឋាន នៅក្នុង​ឧក្រិដ្ឋកម្ម​មួយនេះ។ ពួកគេបានថ្លែងថា ប្រជាជនអាហ្វហ្គានីស្ដង់​ភាគច្រើន រួមទាំង​នគរបាល និងប្រព័ន្ធយុត្តិធម៌ផង នៅតែមានផ្នត់គំនិតថា «ឧក្រិដ្ឋកម្ម ដើម្បីកិត្តិយស» ជាមធ្យោបាយ​ដ៏​សមស្រប​មួយ ដើម្បីដាក់ពិន័យ ទៅលើ​សមាជិក​គ្រួសារជាស្ត្រីរូបណា ដែលដើរចេញពីផ្ទះ។

នៅក្នុងរយៈពេល នៃការកាន់អំណាច ពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ ២០០១ ក្រុមតាលីបង់​បានហាម ពលរដ្ឋជាស្ត្រី មិនឲ្យធ្វើការងារ ឬទៅសាលារៀនឡើយ។ ស្ត្រីរូបណា ដែល​ចាំបាច់​ត្រូវចេញពីផ្ទះ ពួកគេត្រូវគ្របក្បាលឲ្យជិត ដោយកំណាត់។

ក្នុងឆ្នាំ២០១៩កន្លងមក គណៈកម្មាធិការសិទ្ធិមនុស្ស នៃប្រទេសអាហ្វហ្គានីស្ដង់ បាន​រាប់ឃើញករណី ប្រើហិង្សាលើស្ត្រី នៅលើផ្ទៃប្រទេស មានប្រមាណជាង ២៧០០ករណី ដែលកើនឡើង ប្រមាណជា៩% លើសឆ្នាំ២០១៨៕



លំអិតបន្ថែមទៀត

កម្ពុជា

ភរិយា កែម ឡី សុំឲ្យ​​ស្ត្រីរងគ្រោះទាំងឡាយ​«រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម»

«សូម រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម ព្រោះថា ស្វាមីពួកយើង មិនបានធ្វើរឿងដែលខុសនោះទេ» នេះ ជាការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោកបណ្ឌិតកែម ...
កម្ពុជា

កែម ឡី៖ អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ស្នើឲ្យ អ.ស.ប ចូល​អង្កេត​ឃាតកម្ម

អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានចេញសេចក្ដី​ថ្លែងការណ៍​រួមមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នើឲ្យមានស៊ើបអង្កេត ទៅលើ​ករណី​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយមានការចូលរួម ...
កម្រមាន

Covid-19៖ តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ និស្សិត​ស្រី​អ៊ីតាលី​ម្នាក់​ត្រូវ​សង្សា​ខ្លួន​សម្លាប់

និស្សិតស្រីមួយរូប ត្រូវបានសង្សារបស់នាង ច្របាច់កសម្លាប់ កាលពីថ្ងៃអង្គារ នៅលើកោះ «Sicile» ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ខណៈពលរដ្ឋទូទាំងប្រទេស ជាប់បម្រាមរបស់រដ្ឋាភិបាល ដែល តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ទល់​នឹងការរាលដាល នៃជំង«Covid-19»។ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...