កម្ពុជាដំណឹង

ព្រះសង្ឃ លួន សុវ៉ាត កំពុង​គង់​ក្នុង​ទីសុវត្ថិភាព ដើម្បីគេចពីការ​«ធ្វើស៊ី»

ព្រះតេជគុណ លួន សុវ៉ាត បានចេញភ័ក្រធ្វើប្រតិកម្ម នៅទីបំផុត! ព្រះសង្ឃដ៏ល្បីអង្គនេះ ដែល​ត្រូវបាន​ជ្រើសរើស ឲ្យទទួល​ពានរង្វាន់សិទ្ធិមនុស្ស ដោយអង្គការអន្តរជាតិជាច្រើន បានអះអាងថា ក្នុងវេលានេះ ព្រះអង្គ កំពុង​គង់​ក្នុង​ទីសុវត្ថិភាព ដើម្បីគេចចេញ ពីការ«ធ្វើស៊ី»បែបនយោបាយ បង្កើតឡើង​ដោយក្រុមអ្នកមានអំណាច នៅកម្ពុជា។

ប្រតិកម្មរបស់ព្រះតេជគុណ ធ្វើឡើងនៅលើបណ្ដាញសង្កម បន្ទាប់ពីមានព្រឹត្តិការណ៍ បង្ហោះសារជាសម្លេង ដ៏គួរឲ្យមន្ទិល នៅលើទំព័រហ្វេសប៊ុកមួយ ឈ្មោះ «Srey Da Chi-Kraeng» ដែលទើបត្រូវបានបង្កើត កាលពី​ចុងខែឧសភា​នេះប៉ុណ្ណោះ។ សារជា​សម្លេង​នោះ ជាការថតវីដេអូ ទៅលើការជជែកគ្នាមួយ ដែលមានរូបថត និងឈ្មោះព្រះសង្ឃ លួន សុវ៉ាត នៅជាប់ជាមួយ។

នៅប៉ុន្មានថ្ងៃ ក្រោយការបង្ហោះសារជាសម្លេង នៅលើទំព័រហ្វេសប៊ុក ដែលគ្មាន​អត្តសញ្ញាណ​​ពិតប្រាកដ​ខាងលើ ក្រុមមេដឹកនាំសាសនា នៅកម្ពុជា ក្នុងនោះមានព្រះ​មេ​គណ​ខេត្ត​សៀមរាប បាន​ប្រកាស​សម្រេច​ ឲ្យ​ផ្សឹកព្រះសង្ឃ លួន សុវ៉ាត ក្រោម​ការចោទ​ប្រកាន់​​ថា ​បានសេព​មេថុនធម្ម ​(រួមភេទ)​ ជាមួយ​ស្រ្តី​ភេទ​។

ផ្ទុយទៅវិញ គណនេយ្យហ្វេសប៊ុកមួយ ឈ្មោះ «Tev Vev» ដែលអះអាងថា មានរូបថតខ្លួន ត្រូវបានបង្ហោះ​​ដោ​យគ្មានការអនុញ្ញាត នៅលើទំព័រហ្វេសប៊ុក «Srey Da Chi-Kraeng» ខាងលើ បានចេញមុខមកបដិសេធថា សារសម្លេងនោះ មិនមែន​ជា​ការពិតទេ ដោយ​ហៅ​ការបង្ហោះទាំងនោះ ថាគឺដើម្បីបង្ខូចកិត្តិយសខ្លួន និងគ្រួសារខ្លួន។

សម្រាប់ព្រះតេជគុណ លួន សុវ៉ាត ដែលពេលនេះ «កំពុង​គង់​ក្នុង​ទីសុវត្ថិភាព» បាន​ចាត់ទុក​​រឿងរ៉ាវ​ ទាំងអស់ខាងលើ គឺជា«រឿង នយោបាយ» ក្រោមមូលហេតុ ដូចការ​ដកស្រង់​ប្រតិកម្ម«ភាគខ្លះ» របស់ព្រះអង្គ នៅខាងក្រោមដូច្នេះ៖

«អាត្មាភាព សូមធ្វើការបដិសេធន៍ចោលទាំងស្រុង រាល់ការចោទប្រកាន់ មូលបង្កាច់ លាបពណ៌ ប្រឌិតពត៌មានក្លែងក្លាយ កាត់តយករូបភាពអ្នកដទៃ និងសម្លេង មកថត​បញ្ចូលគ្នា ក្នុងហ្វេសប៊ុក ឲ្យកើតទៅជាសាច់រឿង១ ដែលខុសការពិត ដែលបង្កើតឡើង​ក្នុងសម័យបច្ចេកវិទ្យាទំនើប ដោយខុសទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់សាសនា និងច្បាប់បណ្តាញពត៌មានសង្គម ដើម្បីកំចាត់ (ធ្វើស៊ី ) ហើយបង្ហោះចូល ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកក្លែងក្លាយ ផ្សព្វផ្សាយបន្តលឿនរហ័ស ដូចរន្ទះបាញ់ខែចេត្រ តាមបណ្តាញ​ពត៌មានផ្សេងៗ បន្តទៀត ដែលមាននិន្នាការនយោបាយ បក្សក្តោបក្តាប់អំណាច និង​បក្សពួក​ក្រុមជនដែលតែងតែជេរប្រមាថព្រះសង្ឃជារឿយៗ និងដែលតែងតែស្អប់​អាត្មា។»

«អាត្មាចាត់ទុករឿងទាំងអស់នេះ គឺជារឿងនយោបាយទាំងស្រុង ព្រោះថា ចំណាត់ការ របស់មន្ត្រីថេរសភាសង្ឃ ខេត្តសៀមរាប និងក្រុងភ្នំពេញ និងមន្ទីរធម្មការ និងសាសនា​ជាដើម បានធ្វើការចេញសេចក្តីសម្រេច ស៊ីសង្វាក់គ្នា និងលឿនរហ័ស ដូចភ្នែកបន្ទោល ដែលខុសពីរឿងបុគ្គលផ្សេងៗ ដោយមិនបានធ្វើការ ពន្យាពេល ស្រាវជ្រាវរាវរក ស៊ើបអង្កេត រកភ័ស្តុតាង បទល្មើសជាក់ស្តែងពិតប្រាកដណា១ទេ ក្រៅតែពឹងផ្អែក ទៅលើសម្លេង និងហ្វេសប៊ុកក្លែងក្លាយ យកមកធ្វើជាគោល នៃសេចក្តីសម្រេច។»

«សម្លេងគ្រាន់តែជានាម តែគ្មានរូបរាង ពណ៌សម្បុរទេ ហើយសម្លេង ក៏ត្រូវបានគេ​ធ្វើ​ត្រាប់ តាមមនុស្សឬសត្វ, ច្រៀងតាម ឬបញ្ចូលសម្លេង ឬសម្លេង​ស្រដៀងគ្នា​ដូចគ្នា ដែល​យើងធ្លាប់ឃើញឮ ជារឿយៗផងដែរ ហើយការបង្កើតជាសារបែកធ្លាយ នៃសម្លេង​ឆ្លងឆ្លើយ​ ជាច្រើននាក់ នៃឥស្សរជនអ្នកនយោបាយ នៅក្នុង​ប្រទេសកម្ពុជាកន្លងមក ក៏យើងធ្លាប់ឃើញ កើតមានផងដែរ ដែលសុទ្ធតែកើតឡើង ក្នុងន័យប្រើសម្លេង ជាអាវុធ​ដើម្បីកេងចំណេញនយោបាយ ឬវាយប្រហារបង្ខូចកិត្តិយស​កេរ្តិឈ្មោះ ដល់គូបដិបក្ខ​ផង​ដែរ ហើយសម្លេងខ្លះ គេនិយាយលេងសើចសោះ បែជាបញ្ចេញបញ្ចូល មកធ្វើជាការពិត ទៅវិញក៏មាន។»

«ប្រសិនបើមានវីដេអូជាក់ស្តែងណា១ ដែល [បង្ហាញថា អាត្មាភាព] បានប្រព្រឹត្តខុសឆ្គង ដូចការចោទប្រកាន់ខាងលើ មកលើអាត្មាភាពមែននោះ អាត្មានឹងទទួល​យកទោស​កំហុស ទៅតាមវីដេអូសកម្មភាពជាក់ស្តែងទាំងនោះ។ ប៉ុន្តែបើគ្រាន់តែជាសម្លេង ជារូបភាពកាត់តទេ គឺអាត្មាមិនអាច ទទួលយកបានទេ។»

«ក្រោយថ្ងៃចេញសេចក្តីសម្រេច ឲ្យចាប់ផ្សឹកដោយចោទថា ខុសនឹងវិន័យសង្ឃរួចមក សកម្មភាព នៃការតាមចាប់ខ្លួនអាត្មា គឺខុសបច្ចេកទេស ទាំងស្រុង គឺបែជា ប្រើអំណាច​ព្រះរាជអាជ្ញារ និងអំណាចស្នងការប៉ូលីសខេត្តសៀមរាប ទៅចោទទៅចាប់​អ្នកដទៃ ដែល​មិនមែន ជាអាត្មាទៅវិញ ក្នុងនោះ មានការនាំខ្លួនក្មួយប្រុសអាត្មា២នាក់ ទៅសាកសួរ នៅស្នងការខេត្ត ហើយវ៉ៃខ្នោះដៃ និងប្រើហឹង្សា និងឃុំខ្លួនក្មួយអាត្មា ម្នាក់១យប់២ថ្ងៃ ទើប​​មានការដោះលែង ក្រោយបងប្អូនទៅធានា និងបង់លុយកាក់ អស់មួយចំនួន​ធំ​ផងដែរ។»

«ក្រៅពីការនាំខ្លួនក្មួយប្រុសអាត្មា ទៅសួរចម្លើយ និងគម្រាមគំហែង ក្រុមប៉ូលីស​ស្នងការ​ខេត្ត ប្រមាណ៤ទៅ៥ឡាន បានដឹកនាំកម្លាំង ទៅឆែកឆេរ និងរឹបអូសទ្រព្យសម្បត្តិ​ឯកជន រំលោភលើសិទ្ធិមានកម្មសិទ្ធិ របស់អាត្មានៅភូមិកំណើត​ក្នុង ឃុំជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃ៧មិថុនា២០២០ ដោយដកហូត​​ទូរស័ព្ទ​មួយចំនួន ពីក្មួយអាត្មា ដកហូតឡាន «Lexus470» ១គ្រឿង កាមេរ៉ាជិត១០គ្រឿង ទូរទស្សន៍១គ្រឿង ទូទឹកក ធុងទឹកកក ឯកសាផ្សេងៗ​​មួយចំនួនទៀត ចេញពីផ្ទះញោមប្រុសអាត្មាផង ផ្ទះក្មួយប្រុសអាត្មាផង ពីក្នុងវត្តស្លែងផង យកទៅរក្សាទុក នៅស្នងការប៉ូលីសខេត្ត ក្រៅពី​នោះ ក៏បាននាំខ្លួនព្រះសង្ឃ២អង្គ ក្នុង​វត្តស្លែង ទៅសួរចម្លើយ និងដកហូត​ទូរស័ព្ទ​ផងដែរ។»

«ក្រោយមក បានប្រគល់​ទូរស័ព្ទមក​ឲ្យវិញ ប៉ុន្តែទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិឯកជន របស់​អាត្មាភាព ត្រូវបានគេដកហូតរក្សាទុក នៅស្នងការប៉ូលីសខេត្ តរហូតមកដល់​ថ្ងៃនេះ មិនទាន់​ប្រគល់ឲ្យវិញទេ។»

«គេចោទថា ខុសនឹងច្បាប់សាសនា តែដល់ធ្វើចំណាត់ការអនុវត្តន៍ច្បាប់ មិនយកច្បាប់​សាសនា​​មកប្រើទេ បែជាយកអំណាចអាជ្ញា មកវាយប្រហារ គំរាមគំហែង បំភិតបំភ័យ ចោទចាប់ទៅវិញ។»

«នេះគឺជា ចេតនានយោបាយ គំនុំគុំគួន យ៉ាងពិតប្រាកដ ដោយគ្រាន់តែយកលេសថា ខុសវិន័យសង្ឃ ប៉ុន្តែចេតនានយោបាយ ដោយសាតែ​កន្លងមក អាត្មាភាព​ជាសកម្មជន​សិទ្ធិមនុស្ស សង្ឃដ៏ល្បី ទាំងក្នុង និងក្រៅប្រទេស ធ្វើការងារ​សង្គម-​ជាតិ-សាសនាជាច្រើន ទាក់ទងនិង បញ្ហាជម្លោះដីធ្លី,សិទ្ធិមនុស្ស, ព្រៃឈើ, តស៊ូមតិ ដើម្បីយុត្តិធម៌សង្គម, មនុស្សធម៌, បាតុកម្ម, នយោបាយ, សម្ភាសន៍ និងផ្សាយពត៌មាន​ឯករាជ្យ, ដែលធ្វើឲ្យ​អ្នក​មានអំណាច​មួយចំនួន ក្តៅក្រហាយ មិនសប្បាយចិត្ត នឹងសកម្មភាព​អាត្មា ជួយសង្គម-​ជាតិ-​សាសនា-​ទឹកដីព្រៃព្រឹក្សា​នោះទេ ព្រោះវាប៉ះពាល់​នយោបាយ និងឆ្នាំងបាយ ផលប្រយោជន៍បក្សពួកគេ។»

«ប្រសិនបើ គេចាប់ខ្លួនបានវិញនោះ គឺមិនត្រឹមតែគេផ្សឹកប៉ុណ្ណោះទេ គឺអាចនឹង​ត្រូវ​រងទារុណកម្ម អំពើហឹង្សា រហូតដល់ឆ្កួតឬស្លាប់ និង ការចោទប្រកាន់​ពីប្រព័ន្ធតុលាការ ទាំងបទចោទចាស់ ដែលមានស្រាប់ ក្នុងដៃតុលាការ ក៏ដូចជា បទចោទ ដែលតុលាការ​ធ្លាប់ចោទ ចាប់អាត្មាកន្លងមក មានបទ ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តិ​ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស, បទរួមគំនិតក្បត់ជាតិ និង​បទចោទប្រកាន់ថ្មី យើងមិនអាចស្មានត្រូវ ថានិងចោទបទអ្វី និងអាចជាប់ពន្ធនាគារ ថែមទៀតផង។»

«ហើយនេះ មិនមែនជាការចោទ និងចាប់ជាលើកទី១ឡើយ គឺច្រើនលើកច្រើនសាហើយ ដែលអាត្មារងគ្រោះ ត្រូវបានគេចោទ និងចាប់ថា ខុសច្បាប់ជាតិ ច្បាប់សាសនា ចាប់តាំង​​ពីចូលរួម សកម្មភាពការងារសង្គម ចាប់ពីឆ្នាំ២០០៩ រហូតមកដល់​២០២០នេះ។»

«ដោយមើលឃើញ ពីហានិភ័យខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ ដល់វត្ត​អារាម ដល់គ្រួសារបងប្អូនញាតិមិត្ត ដូច្នេះហើយ ទើបអាត្មាភាព មិនអាចនៅ​តតាំង ច្បាំងនឹងការចោទប្រកាន់ ដូចមហាខ្យល់ព្យុះសង្ឃរានេះបានទេ មានតែរត់គេចខ្លួន ដើម្បីមានឱកាស ( ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត ) ផ្លូវដែល​ត្រូវបន្ត​ដំណើរ នៅវែងឆ្ងាយណាស់ មិនអាចឈប់​ត្រឹមនេះបានទេ បើផ្លូវនេះជួប​ឧបសគ្គ​គ្រោះថ្នាក់ យើងអាចស្វែង​រកផ្លូវផ្សេងទៀត ដើម្បីធ្វើដំណើរ ឆ្លងកាត់ឧបសគ្គគ្រោះថ្នាក់ រហូតដល់ទិសដៅ នៃភាពជោគជ័យ គឺមានជីវិត ត្រូវតែមានន័យ ត្រូវតែតស៊ូ មិនឆាប់​មិនយូរ គង់បានជោគជ័យ។»

កំពុង​គង់​ក្នុង​ទីសុវត្ថិភាព = នៅក្រៅប្រទេស?

«អាត្មាភាព លួន សុវ៉ាត បួសហើយនឹងសឹកជារឿងធម្មតាទេ ប៉ុន្តែ មិនមែនសឹក ដោយឲ្យ​គេចាប់បង្ខំផ្សឹកនោះទេ ព្រោះគ្មានតម្លៃ និងនាំឲ្យប៉ះពាល់កិត្តិយស គឺនឹងមានពេលវេលា ដ៏សមរម្យណាមួយនឹងសឹក ដោយការសម្រេចចិត្ត ដោយខ្លួនឯង នៅក្រៅប្រទេស ក្នុងពេល​​​អនាគតខាងមុខ។»

«ការរត់គេចពីសេចក្តីទុក្ខ ដ៏ធំធេង នៃការចោទប្រកាន់បែប បំផ្លាញ បំភ្លៃ បំភិតបំភ័យ ក្នុងន័យនយោបាយ លាយឡំនិងសាសនា ក្នុងការចាប់យក ចំណុចខ្សោយរបស់អ្នកបួស ក្នុងសាសនាទាំងអស់ មិនថា លោកតូច លោកធំ លោកនេន ភិក្ខុ ទេគឺបើគេចោទថា ខុសធម៌វិន័យ មានស្រីហើយ គឺ១០០ទាំង១០០ អាចនឹងប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះ បើទោះជា​រឿងនោះពិត ឬមិនពិតក៏ដោយ។»

«ល្បិចចោទសម័យថ្មី បីដូចល្បិចចោទ​សម័យ​ពុទ្ធកាលផងដែរ គឺនាង ចិញ្ចាមាណវិការ យក​ឈើធ្វើជាកូន ហើយទៅចោទព្រះពុទ្ធថា បានរួមមេត្រីនឹងនាងរហូតមានផ្ទៃពោះ តែ​ទីបំផុត ព្រះពុទ្ធយកឈ្នះនាងចិញ្ចា ដោយពាក្យ សច្ចធម៌ យុត្តិធម៌ គឺនាងមិនមាន​ផ្ទៃពោះទេ គឺប្រើល្បិចយកឈើ ទៅរុំព័ទ្ធលើពោះ ឲ្យប៉ោងឡើងទេ។»

«អ្នកដែលបន្ទាបបន្ថោក បំផ្លាញសាសនា ពិតប្រាកដ គឺមិនមែនអ្នក ដែលត្រូវបាន​គេចោទ​ទេ គឺជនអនាមិក បក្សពួកជនទុច្ចរិត ថោកទាប ដែលរួមគំនិតគ្នា ផលិត បង្កើត កាត់ត បង្ហោះពត៌មានក្លែងក្លាយ ផ្សព្វផ្សាយលើហ្វេសប៊ុកក្លែងក្លាយ ហើយអ្នក​ដែលជួយផ្សព្វផ្សាយបន្ត ជាសាធារណៈឯណោះទេ ដែលត្រូវមានទោសកំហុស ក្នុងបទល្មើស​ឧក្រិដ្ឋពត៌មានវិទ្យា ផ្សាយពត៌មានមិនពិត ដែលនាំឲ្យប៉ះពាល់ ដល់តម្លៃពុទ្ធសាសនា ជាសកល តម្លៃសិទ្ធិ ជាឯកជនភាពបុគ្គលដទៃ ជាដើម បីដូចជា បុគ្គលម្នាក់ជាបុរស ឬស្ត្រី ចូលបន្ទប់ទឹកដើម្បីបន្ទោរបង់ ដោយការបិទបាំងកេរ្តិខ្មាសផ្សេងៗ ស្រាប់តែមានបុគ្គលម្នាក់ផ្សេងទៀត ទៅលួចថត ហើយយកទៅបង្ហោះជាសាធារណៈ តើរវាងភាគីទាំងពីរនេះ មួយណាមានទោសកំហុស ខុសច្បាប់ធំជាងគេ គឺអ្នកលួចថត អ្នកបង្ហោះ អ្នកផ្សព្វផ្សាយ ចែកចាយបន្តនោះឯងហើយ ជាអ្នកមានទោសធំជាងគេ។»

«ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានរោងចក្រផលិត និង​ផ្សព្វផ្សាយ​ពត៌មានក្លែងក្លាយ​ជាច្រើន ហើយក៏សម្បូរទៅដោយ បទចោទប្រកាន់​ក្លែងក្លាយ ជាច្រើនកើតឡើង ទៅលើសកម្មជនសិទ្ធិមនុស្ស ដីធ្លី សហជីព សហគមន៍ អ្នកសារពត៌មាន អ្នកនយោបាយ ដែលបានបណ្តាល ឲ្យអ្នកខ្លះរងគ្រោះ ជាប់គុក​ម្តង​ជាពីរដង អ្នកខ្លះភៀសខ្លួនរត់ចោលស្រុក អ្នកខ្លះត្រូវបានគេ​បាញ់សម្លាប់​ជាដើម ហើយ​ក្រៅពី​បញ្ហាទាំងអស់នេះ ក៏មានរឿងក្លែងក្លាយជាច្រើន បានកើតឡើង ដូចជា ប្រជាធិបតេយ្យក្លែងក្លាយ បោះឆ្នោតក្លែងក្លាយ ឈ្នះក្លែងក្លាយ លុយក្លែងក្លាយ ផលិតផល​ក្លែងក្លាយ ភ័ស្តុតាងក្លែងក្លាយ ជាដើម ដូច្នេះរឿង ដែលកើតឡើងមួយចំនួន មិនសុទ្ធតែ​ជារឿងពិត​នោះទេ៕»


សេចក្តីប្រកាសពត៌មាន : ខ្ញុំព្រះករុណាអាត្មាភាព លួន សុវ៉ាត មិនទាន់ត្រូវបានក្រពើ ខ្លា ពស់វែក ចាប់ហែកស៊ី ចាប់ផ្សឹកបាននៅឡើយទេ…

Gepostet von Luon Sovath am Dienstag, 9. Juni 2020


You may also like

កម្ពុជា

អន្ទិត កក្កដា សុភ័ណ្ឌ បាន​ទៅដល់​អាមេរិក មួយថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​ផ្សឹក

វេលានេះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលត្រូវបានចាប់ផ្សឹក ដោយគណៈសង្ឃរាជធានី កាលពីយប់ថ្ងៃអាទិត្យទី២១ ចូលមកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ពីទីនោះ អតីតព្រះភិក្ខុ ...
កម្ពុជា

សង្ឃ​«អាចសឹក​មកធ្វើ​នាយករដ្ឋមន្ត្រី»​ពេល ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់

ព្រះសង្ឃអាចសឹកលាចាកសិក្ខាបទ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី នៅពេលណាលោក ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់ ជាស្ថាពរ។ នេះ ជាការអះអាងរបស់បុរសខ្លាំងកម្ពុជា ក្នុងចម្លើយដ៏គ្រោតគ្រាតមួយ តបទៅនឹងការបិណ្ឌបាត្រ របស់ព្រះសង្ឃមួយអង្គ ដែលស្នើឲ្យលោកនាយករដ្ឋមន្ត្រី ...
ដំណឹង

ចាក់សម្លាប់​ប្អូនស្រី ព្រោះ​នាង​ជំទាស់​ការបង្ខំឲ្យរៀបការ នៅ​អាហ្វហ្គានីស្ដង់

នៅក្នុងប្រទេសអាហ្វហ្គានីស្ដង់ ទាហានម្នាក់បាន​«ចាក់សម្លាប់​ប្អូនស្រី»​របស់ខ្លួន បន្ទាប់ពីយុវតីរូបនោះ បានជំទាស់នឹង​អាពាហ៍ពិពាហ៍ចាប់បង្ខំមួយ ដែលរៀបចំឡើង ដោយគ្រួសាររបស់នាង។ នគរបាលក្នុងស្រុក បានរាយការណ៍ពីហេតុការណ៍ ដ៏អកុសល ដោយហៅទង្វើនេះ ជា«ឧក្រិដ្ឋកម្ម ព្រោះកិត្តិយស»គ្រួសារ នៅអាហ្វហ្គានីស្ដង់ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...