ការប្រកាសសួររកលោក ប្រ៊ែដ អាដាម (Brad Adams) ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការឆ្លើយតប ពីលោក អាដាម វិញថា «ខ្ញុំនៅកាលីហ្វ័រនីញ៉ា !»។ នាយករងទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបន្ថែមចម្លើយ នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោក ដោយហៅលោក ហ៊ុន សែន ថាជា«ជនផ្ដាច់ការ» របស់ប្រទេសកម្ពុជា ដែលចេះតែចេញសេចក្ដីថ្លែងការណ៍ បែប«ល្ងង់ខ្លៅ»។
កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំពោះមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងព្រះសីហនុ លោក ហ៊ុន សែន បានប្រកាសសួររកលោក ប្រ៊ែដ អាដាម ដើម្បីអ្វីមួយ ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា ឲ្យលោក អាដាម និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវចេញមុខ មក«ស្រែករិះគន់»អំពីបញ្ហាសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។
បុរសខ្លាំងនៅកម្ពុជា បានថ្លែងដោយសម្លេងធ្ងន់ៗថា៖
«ប្រ៊ែដ អាដាម ទៅណាហើយ? អា Human Right ស្អី Wacth ហ្នឹង ម៉េចមិនឮសូរស្រែក សិទ្ធិមនុស្សទៅឯណា? ពេលកម្ពុជាទប់បាតុកម្ម គេថាកម្ពុជារំលោភសិទ្ធិមនុស្ស ដល់ពេលប្រទេសដទៃទប់បាតុកម្ម គេថាវិធានការ ការពារសណ្តាប់ធ្នាប់សង្គម។ ខុសគ្នាខ្លាំងម្ល៉េះ?»
«ពេលកម្ពុជាមានវិធានការ ទប់ស្កាត់បាតុកម្ម គេថាកម្ពុជារំលោភ លើសិទ្ធិបញ្ចេញមតិ លើសិទ្ធិតវ៉ា ក៏ប៉ុន្តែដល់ប្រទេសប្រជាធិបតេយ្យគេធ្វើវិញ គេទប់ដូចគ្នា ជួនកាលមានការប៉ះទង្គិចបង្ហូរឈាម គេថាវិធានការសណ្តាប់ធ្នាប់សង្គម។»
លោក ហ៊ុន សែន បានព្រមានលោក ប្រ៊ែដ អាដាម កុំបន្តនិយាយ ពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា និងបានហៅមេដឹកនាំអង្គការអន្តរជាតិរូបនេះ ថាមិនមែនជា«មនុស្ស» បើមិននិយាយ ពីបញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន បានថ្លែងថា៖
«ប្រ៊ែដ អាដាម ត្រូវតែនិយាយ។ បើហ្អែងមិននិយាយ ថ្ងៃក្រោយហ្អែងកុំនិយាយប៉ះពាល់ខ្មែរ បើហ្អែងមិននិយាយ ពីស្រុកអាមេរិក។ ពួកសិទ្ធិមនុស្សទាំងឡាយ នៅលើលោកកីយ៍ ទៅណាអស់ហើយ ម៉េចក៏ស្ងាត់ឈឹង? (…)រឿងបង្ក្រាបបាតុករ នៅអាមេរិកពេលនេះ បើ ប្រ៊ែដ អាដាម មិននិយាយទេ ប្រ៊ែដ អាដាម មិនមែនជាមនុស្សទេ។»
ក្នុងលិខិតមួយច្បាប់ ដែលផ្ញើរទៅកាន់អ្នកសារព័ត៌មាន លោក ប្រ៊ែដ អាដាម បានតបទៅលោក ហ៊ុន សែន វិញថា លោករីករាយនឹងឆ្លើយ នឹងរាល់សំនួរខាងលើ របស់មេដឹកនាំកម្ពុជា។ លោកបានសរសេរថា៖
«ខ្ញុំនៅកាលីហ្វ័រនីញ៉ា ! ជាមួយនឹងសហការីដទៃទៀត ខ្ញុំបានចូលរួម ដើរដង្ហែរជាបាតុកម្មអហិង្សា ប្រឆាំងនឹងអំពើហិង្សា បង្កឡើងដោយក្រុមនគរបាល និងដើម្បីគាំទ្រ ដល់ចលនា “#BlackLivesMatter”។»
លោក អាដាម អះអាងទៀតថា លោកនិងកូនប្រុសលោក ត្រូវបាននគរបាល ប្រើឧស្ម័នបាញ់ ឲ្យហូរទឹកភ្នែក នៅក្នុងបាតុកម្មនោះផង។
ចំពោះសំនួររបស់លោក ហ៊ុន សែន ដែលថា អង្គការសិទ្ធិមនុស្ស «នៅឯណា» នាយករងទទួលបន្ទុកកិច្ចការអាស៊ី របស់អង្គការអន្តរជាតិ បានលើកយកមកបង្ហាញ ដោយ«ត្រួសៗ» នូវរបាយការណ៍ និងសេចក្ដីថ្លែងការណ៍សំខាន់ៗ ជាច្រើន ដែលចេញផ្សាយ ដោយអង្គការរបស់លោក ជុំវិញព្រឹត្តិការណ៍ចុងក្រោយ នៅសហរដ្ឋអាមេរិក។
លោក ប្រ៊ែដ អាដាម បានបញ្ជាក់ទៀតថា បើចង់ដឹងពីចម្លើយច្បាស់ជាងនេះ លោក ហ៊ុន សែន បណ្ដាអ្នកហែហម និងប្រព័ន្ធឃោសនារបស់លោក គ្រាន់តែចូលទៅពិគ្រោះគេហទំព័រ របស់អង្គការរបស់លោក នោះនឹងដឹងពីសកម្មភាព របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទាំងអស់ហើយ។
ប៉ុន្តែមេដឹកនាំរបស់អង្គការអន្តរជាតិ នៅបានបន្ថែមពាក្យប៉ុន្មានម៉ាត់ នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោកទៀតថា៖
«ជនផ្ដាច់ការរបស់កម្ពុជា បានវាយប្រហារខ្ញុំ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ថាមិនបានរិះគន់ អំពើហិង្សារបស់ក្រុមនគរបាល នៅសហរដ្ឋអាមេរិក។ បើលោក ហ៊ុន សែន បានពិគ្រោះគេហទំព័របស់យើង គាត់នឹងមិនធ្វើសេចក្ដីថ្លែងការណ៍ ដ៏ល្ងង់ខ្លៅ ដូច្នេះទេ។»
«សិទ្ធិមនុស្ស មានលក្ខណៈជាសាកល។ មើល៍លោក ហ៊ុន សែន ! តើលោកនឹងគោរពសិទ្ធិទាំងនេះ នៅពេលណា?»