សហរដ្ឋអាមរិកបានបន្តជំរុញ ទៅរបបដឹកនាំឯកបក្ស នៅក្នុងប្រទេសកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយរាប់បញ្ចូល ទាំងការ«ដោះលែង» ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យជាប់ឃុំ នៅក្នុងពន្ធនាគារ និងប្ដូរមកក្នុងគេហដ្ឋាន តាំងពីជាង២ឆ្នាំ និងអនុញ្ញាតឲ្យសង្គមស៊ីវិល ក៏ដូចជាសារព័ត៌មានឯករាជ្យ ឲ្យមានដំណើរការឡើងវិញ ដោយគ្មានការគំរាមកំហែង។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ (Morgan Ortagus) បានថ្លែងអះអាងជាថ្មី ពីជំហររបស់ប្រទេសមហាអំណាច ចំពោះសំនុំរឿងមួយនេះ តាមរយៈវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើ​ទំព័រហ្វេ​ស​ប៊ុ​ក នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុងឱកាសខួបពីរឆ្នាំ នៃការឃុំឃាំង លើមេដឹកនាំគណបក្សប្រឆាំង។

អ្នកស្រីបានគូសបញ្ជាក់ថា ការ​ចោទប្រកាន់លើ​លោក កឹម សុខា ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​) ត្រូវបានធ្វើឡើង ដោយគ្មាន​មូលដ្ឋាន​ច្បាស់លាស់​​។ អ្នកស្រីថ្លែងថា​៖

«​រដ្ឋាភិបាល​កម្ពុជា មិនទាន់បាន​កាត់ទោស ឬ​បង្ហាញ​ភស្តុតាង​ណាមួយ​ ដ៏​គួរឱ្យ​ទុកចិត្ត​ ដើម្បី​បញ្ជាក់​ចំពោះ​ការអះអាង​របស់ខ្លួន ដែល​ត្រូវបាន​ប្រើ ដើម្បី​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ដកតំណែង​តំណាង​ជាប់ឆ្នោត ដ៏​ត្រឹមត្រូវ​ ជាង​៥០០០​នាក់​»​។​

​មន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានហៅ​ទង្វើទាំងនេះ ថាជា«ការ​ធ្វើទុក្ខ​បុក​ម្នេញ» ទៅលើ​គណបក្សប្រឆាំង ដ៏​ធំនៅកម្ពុជា ដែលជា«ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ  សេរីពហុបក្ស ដែលមាន​ចែង ​នៅក្នុង​រដ្ឋធម្មនុញ្ញ​​កម្ពុជា»​។ អ្នកស្រីបន្តថា៖

«​សហរដ្ឋអាមេរិក​ សូមជំរុញជាថ្មី​ម្ដងទៀត ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ទម្លាក់​រាល់​ការចោទប្រកាន់​ទាំងឡាយ​ ទៅលើ​លោក កឹម សុខា ហើយ​ប្រគល់​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ ជូនលោកឡើងវិញ​ ក៏ដូចជា”ដោះលែង”​អ្នក​ទាំងឡាយណា ដែល​ត្រូវបាន​ឃុំខ្លួន តាម​អំពើ​ចិត្ត​។ យើង​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ឲ្យប្រកាន់យក​ជំហាន​ជាក់ស្ដែង ដើម្បី​បង្កើតនូវការផ្សះផ្សារ​ឡើងវិញ ដោយ​អនុញ្ញាត ឱ្យ​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ និង​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការភ័យខ្លាច ការគំរាមកំហែង និង​ការ​សងសឹក ដោយសារ​ការអនុវត្ត​សិទ្ធិ​របស់គេ ​ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​ស្រប​ច្បាប់។»

ការលើកឡើងរបស់សហរដ្ឋអាមេរិក នៅក្នុងសំនុំរឿងនេះ មិនមែនជាលើកទីមួយទេ ហើយការថ្លែងលើកមុនៗ តែងទទួលបានប្រតិកម្មយ៉ាងចាស់ដៃ និងជាផ្លូវការ ពីរបបដឹកនាំនៅកម្ពុជា ដោយចាត់ទុកការលើកឡើងនោះ ថាជា​បំណង​ចង់​ជ្រៀត​ជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ ក្រុងភ្នំពេញបានលើកឡើង តបវិញថា រាល់ចំណាត់ការទាំងនោះ ស្ថិតក្នុងដែនអំណាច របស់តុលាការកម្ពុជា ដែលគ្មាននរណាម្នាក់ ស្ថាប័ន ឬប្រទេសណាមួយ មានឥទ្ធិពលមកបង្គាប់បញ្ជាបានឡើយ។

ប្រតិកម្មខ្លាំងជាងគេ និងលើកចុងក្រោយបំផុត ធ្វើឡើងតាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ ដោយលោកស្នើឲ្យមន្ត្រីការទូតអាមេរិក នៅក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុកថា ជា««មនុស្សព្រៃ» ​ឲ្យ«វេចបង្វេច»ចេញពីកម្ពុជា ប្រសិនណាជាពួកគេ មិនពេញចិត្តនឹងកម្ពុជា ដែលស្ថិតក្រោមការដឹកនាំ របស់របបសព្វថ្ងៃ។

មកដល់ថ្ងៃនេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់ឃុំ​ ទាំងនៅក្នុងពន្ធនាគារ និងនៅក្នុងគេហដ្ឋាន អស់​រយៈពេលជាង​២​ឆ្នាំ​ហើយ។ ​ការចាប់ខ្លួនលោក កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បានឈានទៅដល់ ការរំលាយគណបក្សរបស់លោក នៅប៉ុន្មានខែ​ក្រោយមក​ ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំដដែល។

ព្រឹត្តិការណ៍ទាំងនោះ បានធ្វើឡើងស្របគ្នា នឹងយុទ្ធនាការបិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងស្រុកមួយចំនួន ហើយត្រូវបានក្រុមអ្នកឃ្លាំមើល ចាត់ទុកថា ជាការសំអាតផ្លូវ ដើម្បីអនុញ្ញាត​ឲ្យរបបដឹកនាំ របស់លោក ហ៊ុន សែន អាចឈ្នះការបោះឆ្នោតសកល ក្នុងខែកក្កដា ឆ្នាំ២០១៨ និងបន្តកាន់អំណាច តែម្នាក់ឯងតទៅទៀត៕



លំអិតបន្ថែមទៀត

អ្នកស្រី គា ស៊ី​សុគន្ធី (ភរិយា) និងលោក ម៉ៃ ហុងស្រៀង (ស្វាមី)។ (រូបថតហ្វេសប៊ុក)
កំណាព្យ កម្រងកែវ

កំណាព្យភរិយាសកម្មជន៖ «ឈឺ​ឆ្អាល​រឿង​ជាតិ ឃ្លាតគ្រួសារ»

ឃ្លាតគ្រួសារ – អ្នកស្រី គា ស៊ី​សុគន្ធី ភរិយាលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ...
ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ បៃដិន ឈ្នះអង្គបោះឆ្នោត ៣០៦សំឡេង

លទ្ធផលព្យាករណ៍ចុងក្រោយ បានចេញផ្សាយឲ្យដឹង នៅទីបំផុត៖ លោក ចូ បៃដិន (Joe Biden) បេក្ខជន​មកពីគណបក្សប្រជាធិបតី បាន«ឈ្នះអង្គបោះឆ្នោត (អ្នកតំណាង​ម្ចាស់ឆ្នោត) រហូតដល់៣០៦​សំឡេង» ទល់នឹងលោក ...
ការតទល់ផ្ទាល់មុខចុងក្រោយ រវាងលោក ដូណាល់ ត្រាំ (ខាងឆ្វេង) និងលោក ចូ បៃដេន នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតផ្តិតពីវីដេអូ)
ដំណឹង

ចំណុចសំខាន់​ៗ ក្នុងកិច្ចពិភាក្សាចុងក្រោយរវាង ត្រាំ និងបៃដេន

កិច្ចពិភាក្សាចុងក្រោយ រវាងបេក្ខជនប្រធានាធិបតីអាមេរិក មានសភាពរស់រវើក និងគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជា«ចំណុចសំខាន់ៗ» នៃការថ្លែងរវាងលោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.