កម្ពុជាដំណឹង

ផៃ ស៊ីផាន ប្រើ​ភាសា​ឲ្យ​អាមេរិក​«វេចបង្វេច»​ចេញពី​កម្ពុជា បើមិន​ពេញចិត្ត

បន្ទាប់ពីក្រសួងការបរទេស ដែលប្រតិកម្មតបកាលពីម្សិលម៉ិញរួច នៅថ្ងៃនេះ​ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានប្រើភាសា​បណ្ដេញ​មន្ត្រី នៃស្ថានទូតសហរដ្ឋអាមេរិក ឲ្យ«វេចបង្វេច»​ចេញពីកម្ពុជា ប្រសិនជាមន្ត្រីទាំងនេះ មិនពេញចិត្តជាមួយកម្ពុជា។

ជាប្រតិកម្មខ្លាំងៗ និងជាបន្តបន្ទាប់របស់របបក្រុងភ្នំពេញ តបទៅនឹងសាររបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលបង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រំឭកឡើងវិញ ហៅការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ ថា«មានកំហុសឆ្គងយ៉ាងខ្លាំង» និង«មិនបានតំណាងឲ្យឆន្ទៈ» របស់ពលរដ្ឋកម្ពុជា។

«មនុស្សព្រៃ»

​ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​សមិទ្ធផល​១​ឆ្នាំ បន្ទាប់ពី​ការបោះឆ្នោត នីតិកាល​ទី​៦​ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី១ ខែសីហានេះ លោក ផៃ ស៊ីផាន បានផ្ញើរសារត្រឡប់ទៅវិញ ដោយហៅមន្ត្រីអាមេរិក ថាជា«មនុស្សព្រៃ» ហើយស្នើស្ថានទូតអាមេរិក «ឲ្យ​បញ្ចប់​ការប្រើប្រាស់ សារ​វាយប្រហារ» ​មកលើ​រដ្ឋាភិបាល​កម្ពុជា ជា​បន្តទៀត​។

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកនាំពាក្យរដ្ឋាភិបាល រូបនេះ បានបញ្ជាក់​ថា ជំហរ​របស់​របបក្រុងភ្នំពេញ ​គឺចង់មិន​បង្ក​ជម្លោះ​ ជាមួយ​សហរដ្ឋអាមេរិក​ទេ តែចង់ដោះស្រាយ​តាម​ការទូត។ ផ្ទុយទៅវិញ បើមន្ត្រី​អាមេរិក​ ដែលកំពុងធ្វើការក្នុងស្ថានទូតសព្វថ្ងៃ ​មិន​ពេញចិត្ត​កម្ពុជា សូម«​វេច​បង្វេច»​​ចេញពី​កម្ពុជា​ទៅ​។​

សារបង្ហោះរបស់ស្ថានទូតអាមេរិក បានធ្វើឡើង ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ពោលគឺមួយថ្ងៃក្រោយខួបមួយឆ្នាំ នៃការបោះឆ្នោតសកល ដ៏ចម្រូងចម្រាស ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្មានខែបន្ទាប់ពីតុលាការកំពូល បានចេញសាលក្រមរំលាយ គណបក្សសង្គ្រោះជាតិ។

ស្ថានទូតបានសរសេរថា៖

«ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំ នៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាង ឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា [នោះដែរ]។»

សារបង្ហោះនៅលើបណ្ដាញសង្គម ដែលមានការចែករំលែក ដល់ទៅច្រើនរយដង បានអះអាងថា ការបោះឆ្នោតនោះ បានផាត់ចោលគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១មក។

ស្ថានទូតមហាអំណាច បានបន្តថា៖

«យើងសូមអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់ បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្ត នូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន។»

«ប្រជាពលរដ្ឋ ទាំងអស់នៅកម្ពុជា គួរតែអាចប្រើសិទ្ធិរបស់គេ ក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នា ដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួម នៅក្នុងដំណើរការកិច្ចការសាធារណៈ។»

ការព្រមានឲ្យ«វេចបង្វេច» មិនមែនធ្វើឡើងជាលើកទី១

នៅក្នុងសន្និសីទ​សារព័ត៌មាន​ដដែល លោក ផៃ ស៊ីផាន បានថ្លែង​ទៀតថា ក្រៅពីប្រជាពលរដ្ឋខ្មែរ ប្រទេសកម្ពុជា​មិនទទួលបញ្ជារ ពីបរទេស​ណាមួយឡើយ​ មិន​ថា​ប្រទេស​ចិន ឬ​អាមេរិក​ក្ដី​។ លោកថែមទាំងបានព្រមាន «កំទេចចោល» នូវ​ជន​ណា ឬ​ក្រុម​ណាក៏ដោយ ដែល​ហ៊ាន​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​ នៅ​ប្រទេស​កម្ពុជា។​

យ៉ាងណា បើទោះជាបានប្រើភាសា បណ្ដេញ​បែបនេះក្ដី ក៏លោក ផៃ ស៊ីផាន ងាកមកបន្ទន់សំដីវិញ​ថា ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា​គ្មាន​បំណង ដេញ​មន្ដ្រី​ទូត​អាមេរិក​ ចេញពី​កម្ពុជា​នោះទេ​។ លោកនិយាយថា អាមេរិកត្រូវ​ចាត់ទុក​កម្ពុជា ដូច​ជា​ប្អូនស្រី​មួយរូប ដែល​ទើបតែ«​ពេញ​ក្រមុំ» ហើយ​កុំ​«ឆារ​ឆៅ​»។

ការប្រើភាសាបញ្ឆិតបញ្ឆៀង បែបជាការបណ្ដញ សហរដ្ឋអាមេរិក ឲ្យចេញពីប្រទេស​កម្ពុជា មិនមែនទើបត្រូវលោក ផៃ ស៊ីផាន លើកឡើងជាលើកទីមួយទេ។ កាលពីអំឡុងខែមេសាកន្លងទៅ ក៏អ្នកនាំពាក្យរូបនេះ បានភ្ជាប់ការបង្ហោះសារ របស់ស្ថានទូតអាមេរិក នាពេលនោះ ទៅនឹងព្រឹត្តិការណ៍ នៃការ«ដកទូត»​របស់ប្រទេសមហាអំណាច ចេញពីកម្ពុជា ​កាលពីឆ្នាំ១៩៧៥ដែរ៕

នៅ ពេល អង្គការ ក្រៅ រដ្ឋាភិបាល និង បណ្ដាញ សារព័ត៌មាន ដែល តាំង ខ្លួន ជា ក្រុម ឯករាជ្យ ដែល គេ ទាំង នោះ ទទួល ថវិកា ពី បរទេស បាន បន្ថយ សំឡេង ញុះញង់ និង បំភ័ន្ត ដែល តែងតែ ផ្សព្វផ្សាយ ពាក់ព័ន្ធ នឹង រូបភាព អវិជ្ជមាន របស់ ចិន នៅ កម្ពុជា …

Posted by Siphan Phay on Sunday, April 21, 2019


You may also like

ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

ត្រាំ មិនចូលរួម​ពិធីស្បថ​«ចូលកាន់តំណែង»​របស់ បៃដិន ថ្ងៃ២០មករាទេ

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងមិនចូលរួម ក្នុងពិធីស្បថ​«ចូលកាន់តំណែង»​របស់លោក ចូ បៃដិន (Joe Biden) ...
កម្ពុជា

អាមេរិក​លើកពី​«សេរីភាព និង ចំណង​ទ្វេភាគី» ដើម្បី​ជូនពរ​ឆ្នាំថ្មី​ដល់​កម្ពុជា

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបានផ្ញើរសារ ជូនពរប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យសង្កត់ធ្ងន់ ទៅលើ«សេរីភាព» និងលើកឡើង ពីក្ដីសង្ឃឹម នៃការពង្រឹង«ចំណងទ្វេភាគី» កាន់តែខ្លាំងឡើង ក្នុងឆ្នាំខាងមុខ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស របស់ប្រទេសមហាអំណាច ...
ដំណឹង

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...