ក្រុមអ្នកជំនាញ អង្គការសហប្រជាជាតិ ជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកផែនការ អនុវត្តអនុក្រឹត្យ«ច្រកទ្វាអ៊ិនធើណិត» ទាក់ទិននឹងការគ្រប់គ្រង ការតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយហេតុថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិឯកជន និងសេរីភាព បែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
អ្នកជំនាញ៤នាក់ របស់អង្គការពិភពលោក រួមមាន លោក«Vitit Muntarbhorn» អ្នករាយការណ៍ពិសេស ស្តិពីស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជា (Special Rapporteur on the situation of human rights in Cambodia), អ្នកស្រី«Irene Khan» អ្នករាយការណ៍ពិសេស ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ ក្នុងការមានមតិ និងបញ្ចេញមតិ (Special Rapporteur on the promotion and protection of the right to freedom of opinion and expression), និងអ្នកស្រី«Mary Lawlor» អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស (Special Rapporteur on the situation of human rights defenders)។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញ ដែលចេញផ្សាយចេញ ក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ពីការិយាល័យធំផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) បានឲ្យដឹងថា អនុក្រឹត្យដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ លើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេស ដែលនឹងធ្វើឱ្យលំហស៊ីវិល ដែលលក្ខណៈរឹតត្បិតរួចទៅហើយ កាន់តែរួមតូចទៅ។ អនុក្រឹត្យនេះ អនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជា អាចតាមដានសកម្មភាព លើប្រព័ន្ធអ៊ីធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទង តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូលរក្សាទុក និងចែករំលែកព័ត៌មានបុគ្គល របស់អ្នកប្រើប្រាស់នីមួយៗ។
អ្នកជំនាញបានមានប្រសាសន៍ថា៖
«អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះ អាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់ លើសិទ្ធិឯកជនភាព និងបង្កើតបានជាហានិភ័យគ្រោះថ្នាក់មួយប្រសិនបើព័ត៌មានទាំងនោះ ត្រូវបានគេប្រើខុស។»
អត្ថបទដដែលរបស់ក្រុមអ្នកជំនាញ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានបញ្ជាក់ច្បាស់ថា អនុក្រឹត្យដ៏ប្រទាំងប្រទើស របស់រដ្ឋអំណាចនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អំណាចលើសលុប ដល់ប្រតិបត្តិករ«ច្រកទ្វាអ៊ិនធើណិត»ជាតិ ក្នុងការតាមដានគេហទំព័រ ដែលមនុស្សទូទៅចូលមើល ក៏ដូចជាបណ្តុំទិន្នន័យលម្អិត ទាក់ទងនឹងរាល់ការចូលមើលគេហទំព័រ។ អនុក្រឹត្យនេះក៏នឹងអនុញ្ញាត ឱ្យអាជ្ញាធរអាចបិទការចូលប្រើអ៊ីនធឺណិត ឬបិទគេហ ទំព័រ ឬដែនអ៊ិនធឺណិតជាក់លាក់ណាមួយ តាមអំពើចិត្ត។
អ្នកជំនាញបន្ថែមថា៖
«ដោយពិភពលោកបានធ្វើការវិវត្តន៍ ទៅពឹងផ្អែកលើការប្រើប្រាស់ តាមប្រព័ន្ធអ៊ីនធឺណិត ជាមធ្យោបាយចម្បង ក្នុងការប្រាស្រ័យទាក់ទងគ្នា ការចែករំលែកព័ត៌មាន និងភ្ជាប់បណ្តាញគ្នា ស្ថាប័នដែលគ្រប់គ្រងអ៊ីនធឺណិត មានលទ្ធភាពគ្រប់គ្រងទិដ្ឋភាពភាគច្រើននៃសង្គម យ៉ាងមានប្រសិទ្ធភាព។»
អ្នកជំនាញអះអាងថា អនុក្រឹត្យដែលស្ថិតក្នុងទម្រង់បច្ចុប្បន្ន ធ្វើទៅហួសពីការរឹតត្បិត ដែលត្រូវបានអនុញ្ញាត ក្នុងការកម្រិតសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងមាត្រា១៧ និង១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយ ដែលកម្ពុជាជាភាគីហត្ថលេខី។ អ្នកជំនាញស្នើឱ្យអាជ្ញាធរកម្ពុជា ផ្អាកការអនុវត្ត និងធ្វើការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេស ដើម្បីធ្វើឱ្យអនុក្រឹត្យនេះ ស្របទៅនឹងកិច្ចការពារសិទ្ធិមនុស្ស។
អ្នកជំនាញលើកឡើងទៀតថា៖
«ដើម្បីបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ ការរឹតត្បិតសេរីបុគ្គលបែបនេះ ទាមទារឱ្យអនុលោម តាមការកម្រិតយ៉ាងតឹងរឹង តាមផ្លូវច្បាប់ មានភាពចាំបាច់ និងមានសមាមាត្រ រួមទាំងបញ្ហាសន្តិសុខជាតិ ឬសីលធម៌សាធារណៈផងដែរ។ មើលទៅហាក់ដូចជាលំបាកខ្លាំងណាស់ ក្នុងការស្រមៃមើលថា តើយុត្តិកម្មផ្លូវច្បាប់យ៉ាងតឹងតែងបែបនេះ អាចអនុវត្តបាន នៅក្នុងករណីអនុក្រឹត្យនេះ ដោយរបៀបណា។»
រាល់ការលើកឡើង របស់ក្រុមអ្នកជំនាញអន្តរជាតិខាងលើ ក៏ដូចជាអ្នកជំនាញខាងសិទ្ធិមនុស្សដទៃទៀត តែងទទួលបានប្រតិកម្មយ៉ាងចាស់ដៃ ពីសំណាក់រដ្ឋាភិបាលនៃរបបដឹកនាំនៅកម្ពុជា ដោយចាត់ទុកការលើកឡើងទាំងនោះ ថាមិនបានយល់ពីច្បាប់កម្ពុជា សិក្សាមិនគ្រប់ជ្រុងជ្រោយ ឬរហូតចាត់ទុកថា ការងាររបស់ក្រុមអ្នកជំនាញ កំពុងបម្រើឲ្យនយោបាយ ឬមហិច្ឆតារបស់ក្រុមអ្នកនយោបាយប្រឆាំងជាដើម។
កាលពីឆ្នាំមុន ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ ជូនដល់អាជ្ញាធរកម្ពុជា ដោយបានស្នើកុំឱ្យបន្តអនុវត្តអនុក្រឹត្យ នៃ«ច្រកទ្វាអ៊ិនធើណិត» រហូតលុះត្រាកិច្ចការពារសិទ្ធិមនុស្សយ៉ាងហ្មត់ចត់ ត្រូវបានការអនុវត្តជាមុន។
អ្នកជំនាញលើកឡើងថា៖
«ការបើកឱ្យមានការត្រួតត្រា យ៉ាងទូលំទូលាយបែបនេះ អាចបណ្តាលឱ្យ មានដំណើរថយក្រោយ នៃការការពារ និងការធានាសិទ្ធិមនុស្សយ៉ាងច្រើន ដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនៅពេល ដែលមានការផ្តល់សិទ្ធិអំណាចទូលំទូលាយ ដែលជាការរឹតត្បិតសិទ្ធិបែបនេះ វានឹងពិបាកក្នុងការគ្រប់គ្រងម្តងទៀត។»
គួបញ្ជាក់ដែរថា អ្នករាយការណ៍ពិសេស ដែលជាអ្នកជំនាញរបស់អង្គការសហប្រជាជាតិ គឺជាផ្នែកមួយ ដែលត្រូវបានគេស្គាល់ថា ជានីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស ជាស្ថាប័នធំជាងគេ របស់អ្នកជំនាញឯករាជ្យ នៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅ នៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទ នៅគ្រប់ផ្នែកនៃពិភពលោក។
អ្នកជំនាញនៃនីតិវិធីពិសេសទាំងនោះ ធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិក របស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សន៍ សម្រាប់ការងាររបស់ពួកគេដែរ។ ពួកគេជាអ្នកឯករាជ្យ (ក្រៅរដ្ឋាភិបាល ឬក្រៅអង្គការណាមួយ) ហើយធ្វីការតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ៕