កម្ពុជាដំណឹង

តុលាការថៃ នឹងសម្រេចស្អែក​​លើ​បណ្ដឹង​ពលរដ្ឋខ្មែរ ដែលប្ដឹង​ក្រុមហ៊ុនស្ករ​​ថៃ

ទិដ្ឋភាពដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ នៅចំពោះពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន។ (រូបថតអង្គការសង្គមស៊ីវិល)
ទិដ្ឋភាពដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ នៅចំពោះពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន។ (រូបថតអង្គការសង្គមស៊ីវិល)

តុលាការថៃ ដែលស្ថិតក្នុងភាគខាងត្បូង រាជធានីបាងកក នឹងចេញសេចក្តីសម្រេច នៅថ្ងៃសុក្រ ទី៣១ ខែកក្កដាស្អែក លើបណ្តឹងជាសមូហភាពឆ្លងដែនដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្ដឹងដោយពលរដ្ឋកម្ពុជា ប្រឆាំងក្រុមហ៊ុនស្ករថៃដ៏ធំមួយ ឈ្មោះ «Mitr Phol» ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តិទៅ តាំងពីឆ្នាំ២០០៨។

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៦ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបានកាលពី​មុននេះបន្តិច បានឲ្យដឹងថា ការសម្រេច​របស់«តុលាការថៃ» នឹងកំណត់ពីសិទ្ធិទទួលបានយុត្តិធម៌ សម្រាប់ដើមបណ្ដឹង ដែលជាពលរដ្ឋ​ខ្មែររងគ្រោះ តាមរយៈ​ប្រព័ន្ធយុត្តិធម៌របស់ថៃ ក៏ដូចជាគណនេយ្យភាពសាជីវកម្ម នៅក្នុង​តំបន់​ផងដែរ។

កាលពី​ឆ្នាំ​២០០៨ រដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈក្រសួងកសិកម្ម ​បាន​ផ្ដល់​ដី​វិនិយោគ​ជិត ​២ម៉ឺនហិតា​​ ដល់​ក្រុម​ហ៊ុន​ថៃ ​«Mitr Pohl» ធ្វើ​ការ​វិនិយោគ​ដាំ​អំពៅ​ ចំនួន ​៧០​ឆ្នាំ ​ក្នុង​ស្រុក​សំរោង និង​ចុងកាល់ នៃ​ខេត្ត​ឧត្តរមានជ័យ ដែល​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ៧០០គ្រួសារ ​ដែល​រស់​នៅ​តំបន់​ទាំង​នោះ​ រហូតឈាន​ដល់​ការ​ប្រើប្រាស់​ហិង្សា​រវាង​ពលរដ្ឋ ​នឹង​ក្រុមហ៊ុន​។

ក្រុមហ៊ុនស្ករថៃ «Mitr Pohl» នៅពេលនោះ មានក្រុមហ៊ុនភ្នាក់ងារប្រតិបត្តិចំនួន៣ ក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុន ​អង្គរ​ស៊ូហ្គឺ (Angkor Sugar) ទន្លេ ស៊ូហ្គឺខេន (Tonle Sugar Cane) និង ខេន និង​ស៊ូហ្គឺវ៉ាឡេ​ (Cane and Sugar Valley)។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអង្គការសង្គមស៊ីវិល បានឲ្យដឹងថា៖

«ផ្ទះនិងទ្រព្យសម្បត្តិរបស់ដើមបណ្ដឹង (ពលរដ្ឋខ្មែររងគ្រោះ) ត្រូវបានដុតបំផ្លាញចោល ហើយប្រជាពលរដ្ឋរងគ្រោះ ត្រូវបានគម្រាមកំហែង ដោយប្រើអំពើហិង្សាលើរូបរាងកាយ និងចាប់ដាក់ពន្ធនាគារ នៅពេលពលរដ្ឋធ្វើការតវ៉ា​នឹងក្រុមហ៊ុន។»

ពលរដ្ឋ​ខ្មែរបាន​នាំ​គ្នា​តវ៉ា​ ស្វែងរក​ដំណោះ​ស្រាយ ​ពី​អាជ្ញាធរកម្ពុជា ​គ្រប់​លំដាប់​ថ្នាក់ ​តែ​គ្មាន​លទ្ធផល ​ទើប​ចុង​ក្រោយ​បាន​ដាក់​ពាក្យ​បណ្តឹង ​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ​ មុននឹងស្ថាប័នថៃមួយនេះ ចាប់​ធ្វើការ​ស៊ើបអង្កេត​ ចាប់​តាំងពី​ឆ្នាំ​ ២០១០មក​។

ប៉ុន្តែជម្លោះ​បាន​បន្ត​​​ ដោយ​គ្មាន​ដំណោះស្រាយ​ និងបន្ទាប់ពីការស៊ើបអង្កេត របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ ប្រទេសថៃបានដាក់​សំណើរ ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​បញ្ឈប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន «Mitr Pohl» ខាងលើ នៅឆ្នាំ២០១៥។

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ត្រូវបានស្រង់សំដី មកអះអាង​ក្នុង​សេចក្ដីប្រកាសព័ត៌មានថា៖

«ឋានៈជាបណ្ដឹងសមូហភាព គឺមានការចាំបាច់ ដើម្បីការពារសិទ្ធិប្រជាជនកម្ពុជា ដែល​ងាយរងគ្រោះទាំងនេះ។ ការផ្ដល់នូវឋានៈប្រភេទនេះ នឹងក្លាយជាគំរូផ្លូវច្បាប់​ដ៏រឹងមាំមួយ ដែលបង្ហាញថា ក្រុមហ៊ុនសាជីវកម្មធំៗនឹងត្រូវទទួលខុសត្រូវ ចំពោះព្យសនកម្មទាំងឡាយ ដែលបណ្ដាល​មកពីប្រតិបត្តិការ​របស់ខ្លួន មិនថានៅទីណានោះទេ។»

រីឯអ្នកស្រី «Sor. Rattanamanee Polkla» មេធាវីរបស់មជ្ឈមណ្ឌលធនធានសហគមន៍ បានថ្លែងឲ្យដឹងដែរថា៖

«រឿងក្ដីនេះ ជាការសាកល្បងដ៏ពិតប្រាកដមួយថា តើប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ គឺ គ្រាន់តែសម្រាប់រឿងក្ដីក្នុងស្រុក ឬសម្រាប់មនុស្សគ្រប់គ្នា ដែលស្វែងរកយុត្តិធម៌ រួមទាំង​បណ្ដឹង​ឆ្លងដែន​ផងដែរ។ ករណីនេះ ជាឱកាសមួយសម្រាប់ប្រទេសថៃ ដើម្បីបង្ហាញដល់​ប្រជាជន​ថៃ និងសហគមន៍អន្តរជាតិ ថាប្រទេសថៃ​នឹងលើកស្ទួយសិទ្ធិមនុស្ស (…)៕»



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​ស៊ើបអង្កេត«ករណី​ចាប់ពង្រត់»​សកម្មជន​ថៃ តាមការស្នើ​ពី​ស្ថានទូត​ថៃ

បន្ទាប់ពីមិនអើពើ តាំងពីច្រើនថ្ងៃមក នៅថ្ងៃនេះអាជ្ញាធរកម្ពុជា បានប្រកាស​បើក​ការស៊ើបអង្កេតទៅលើ ករណី​ចាប់ពង្រត់ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជននយោបាយថៃម្នាក់ ពីខាងមុខអាគារស្នាក់នៅ​របស់លោក កណ្ដាលរាជធានីភ្នំពេញ ...
កម្ពុជា

ប្រមុខការទូត​អង់គ្លេស លើកពី​​បញ្ហា​សិទ្ធិមនុស្ស ជាមួយ​សមភាគី​កម្ពុជា

រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ពិតជាបាន​«លើកពី​​បញ្ហា​សិទ្ធិមនុស្ស» ជាមួយលោក ប្រាក់ សុខុន សមភាគីកម្ពុជា នៅក្នុងជំនួបទ្វេភាគី ...
កម្ពុជា

ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.