កម្ពុជាដំណឹង

«អ.ស.ប និង​សហគមន៍​អន្តរជាតិ​ត្រូវទប់ស្កាត់​ផែនការឧក្រិដ្ឋ​របស់ ហ៊ុន សែន»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អង្គការសហប្រជាជាតិ (អ.ស.ប) និងសហគមន៍អន្តរជាតិ ឲ្យធ្វើការទប់ស្កាត់បទបញ្ជាមួយ ពីក្នុងចំណោមបទបញ្ជាចំនួនពីរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានឲ្យដឹង រយៈសារបែកធ្លាយមួយ ថានឹង​«សម្លាប់​ក្រុមប្រឆាំង»​ក្នុងប្រទេស​ឲ្យអស់។

លោក សម រង្ស៊ី បានហៅបទបញ្ជានោះ​របស់លោក ហ៊ុន សែន ថាជា«ផែនការឧក្រិដ្ឋ» ដែលមានលក្ខណៈជាការសម្លាប់រង្គាល និងដែលមិនធ្លាប់មាន រាប់ចាប់តាំងពីរបបខ្មែរក្រហម បានរំលំរលាយទៅ។

នៅក្នុងសេចក្ដីអំពាវនាវ សរសេរជាភាសាអង់គ្លេស​របស់មេដឹកនាំប្រឆាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន​កាលពីប៉ុន្មាននាទីមុន បានអះអាងថា បទបញ្ជារបស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យ«សម្លាប់ក្រុមប្រឆាំង»ឲ្យអស់ នៅក្នុងសារបែកធ្លាយ​​នោះ គឺជាការអះអាងមួយទៀត បញ្ជាក់ពីគោលនយោបាយរបស់លោក ហ៊ុន សែន ដែលធ្លាប់ប្រកាសកន្លងមក ឲ្យកម្ទេចរាល់អ្នករិះគន់១០០ ឬ២០០នាក់ចោល។

លោក សម រង្ស៊ី បានសរសេរថា៖

«ការប្រកាស [របស់លោក ហ៊ុន សែន] នោះមានន័យស្មើ​នឹងបទបញ្ជា​ឲ្យសម្លាប់។ គោលបំណង​របស់​លោក ហ៊ុន សែន ក្នុងការប្រើប្រាស់​វិធានការ​មនុស្សឃាត ដើម្បីកម្ទេចសម្លេងរិះគន់ ធ្លាប់ត្រូវបានបង្ហាញឲ្យដឹង ជាសាធារណៈច្រើនដង​រួចមកហើយ នៅក្នុង​ពេល​កន្លងមក។»

«គណបក្សសង្គ្រោះជាតិ ត្រូវបានគាំទ្រដោយប្រជាជនកម្ពុជារាប់លាននាក់ ហើយគណបក្សនេះទទួលបានសម្លេងគាំទ្រ ជិតពាក់កណ្ដាលប្រទេស នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។»

ហ៊ុន សែន សហភាពអ៊ឺរ៉ុប អ.ស.ប និង«ឱកាស»

ក្នុងសារជាលក្ខណៈឯកជន ជាង១២នាទី ដែលលោក​បាន​បញ្ជូន​​​ ទៅកាន់​​មនុស្ស​​ជំនិតៗ​​របស់​លោក តាមរយៈប្រព័ន្ធ​​បញ្ជូនសារមួយ លោក ហ៊ុន សែន បានពន្យល់​នៅក្នុងបញ្ជានោះថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប គឺជា«ឱកាស»​សម្រាប់​​របបដឹកនាំ​របស់លោក  ក្នុងការ«លត់​ពួកអានៅ​ខាងក្នុង»​ ដោយ«មិនអាចឲ្យពួកអាក្រុមនេះរស់ទេ»។

សម្លេងលោកនាយករដ្ឋមន្ត្រី​ ត្រូវបានឮ នៅក្នុងសារឯកជននោះថា៖

«មួយផ្នែកទៀត គឺរឹតពួកអាប្រឆាំង ឲ្យវារលំរលាយកាន់តែឆាប់ ព្រោះគ្មាននរណា (សហគមន៍អន្តរជាតិ) នឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះហើយ។ ដូច្នេះ ជាឱកាសដើម្បីយើងលត់ ពួកអានៅខាងក្នុង ផ្ដាច់ខ្សែសង្វាក់របស់វាឲ្យអស់។ ឥឡូវវាកំពុងដើរ​តាមប្រជុំនៅ​តាមហាង នៅតាមស្អីនានា ដែលខ្ញុំសុំយកឱកាសនេះ ខ្ញុំនឹងបញ្ជូនបញ្ហានេះ សម្រាប់អភិបាលខេត្ត សម្រាប់ការណែនាំនានា ទៅតាម​គ្រប់កន្លែងផងដែរ ព្រោះយើង មិនអាចឲ្យពួកអាក្រុមនេះរស់ទេ។»

ការលើកឡើងខាងលើ ត្រូវបានលោក សម រង្ស៊ី ចាត់ទុកថា ជាគម្រោងរបស់លោក ហ៊ុន សែន ដែលជា​អតីត​មេទាហាន​ខ្មែរក្រហម​មួយរូប ក្នុងការបន្តសម្លាប់រង្គាល ទៅលើប្រជាជន​កម្ពុជា។ ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរថា៖

«នៅក្នុងបរិបទនេះ បទបញ្ជាឲ្យកម្ទេចគណបក្សប្រឆាំង បង្កក្ដីបារម្មណ៍ដ៏ខ្លាំងក្លា អំពីការសម្លាប់រង្គាលទៅលើប្រជាជនកម្ពុជា ដែលមិនធ្លាប់ឃើញ រាប់ចាប់តាំង​ពីរបបខ្មែរក្រហមនោះមក។»

លោក សម រង្ស៊ី បានបន្តថា ផ្ទុយពីតួនាទីរបស់រដ្ឋាភិបាល ដែលត្រូវការពារសុវត្ថិភាព របស់ពលរដ្ឋរបស់ខ្លួន ទង្វើរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក បែរជាបង្កគ្រោះថ្នាក់ចំពោះប្រជាពលរដ្ឋ ហើយដែលធ្វើឲ្យរដ្ឋាភិបាលមួយនេះ កាន់តែបាត់បង់ នូវ«ភាពស្របច្បាប់»ក្នុងការដឹកនាំប្រទេស។

លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖

«អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវធ្វើប្រតិកម្ម ដើម្បីការពារប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងរងការគម្រាមកំហែង ដោយរបបផ្ដាច់ការមួយនេះ»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ កម្ពុជា​កាន់តែ​ជិតជាមួយ​​ចិន ជាពិសេស​ក្នុង​«គ្រាអាសន្ន»

លោក ហ៊ុន សែន បានអះអាងនៅព្រឹកនេះថា ប្រទេសកម្ពុជា នៅវេលានេះ កម្ពុជាមានទំនាក់ទំនង «កាន់តែជិត»ជាមួយ«មិត្តចិន» ជាពិសេសក្នុងកាលៈទេសៈ «គ្រាអាសន្ន» នៃមេរោគ«កូរូណា» ដែលមហាអំណាចតំបន់មួយនេះ កំពុងប្រឈម។ ...
កម្ពុជា

សម រង្ស៊ី ស្នើ EU ឲ្យបន្ត​សម្ពាធ​លើ​ក្រុង​ភ្នំពេញ ​រហូត កឹម សុខា ត្រូវ​បាន​ដោះលែងនិង CNRP មាន​ដំណើរការ​ឡើង​វិញ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតមួយ ទៅកាន់តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) ដើម្បីពន្យល់ ពីការវិវត្តន៍ចុងក្រោយ ...
កម្ពុជា

សួន សេរីរដ្ឋា ថ្លែងពី​«ខ្លាសេដ្ឋកិច្ច» ដែលទិញ​អំបិលទឹកភ្លើង​ពីបរទេស

កម្ពុជាជា«ខ្លាសេដ្ឋកិច្ច»? សម្រាប់លោក សួន សេរីរដ្ឋា ពិបាកឲ្យនិយមន័យ ចំពោះពាក្យ​ថា «កម្ពុជា​ខ្លាសេដ្ឋកិច្ច» ប៉ុន្មានម៉ាត់នេះណាស់ ដោយហេតុថា មេដឹកនាំខ្មែរមិនចេះ​រក​ការងារ​ឲ្យពលរដ្ឋធ្វើនៅក្នុងស្រុក ហើយបើសូម្បីអំបិលទឹកភ្លើង ក៏ខ្មែរត្រូវទិញនាំចូល​ពីបរទេស​ដែរ។ អតីតប្រធានគណបក្សអំណាចខ្មែរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.