កម្ពុជាដំណឹង

ដំណឹង​«ហ៊ុន សែន អាចនៅមិនបានយូរទៀត»​បង្កកំហឹង

«ហ៊ុន សែន អាចនៅមិនបានយូរទៀត» ជាការបង្ហើបចេញ ដោយក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆេះដុំ។ នាយករដ្ឋមន្ត្រីដែលកាន់អំណាច តាំងពីជាង៣០ឆ្នាំ បានប្រតិកម្ម​តបទៅវិញ ដោយឲ្យក្រុមមន្ត្រីទាំងនោះ ត្រូវរង់ចាំ«ជាតិក្រោយ» បើសិនជាធ្វើនយោបាយ «រង់ចាំ»ឲ្យលោកស្លាប់ដូច្នេះ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក សោរ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសកាណាដា បានបង្ហោះសារខ្លីៗប៉ុន្មានម៉ាត់ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា «លោក ហ៊ុន សែន អាចនៅមិនបានយូរទៀត»។

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានបង្ហាញអំណះអំណាង ជុំវិញការសង្កេតរបស់លោក ចំពោះការតម្លើងឋានន្តរស័ក្ដិ និងការតែងតាំងលោក ហ៊ុន ម៉ាណែត ជាកូនច្បងរបស់លោក ហ៊ុន សែន យ៉ាងប្រញាប់ប្រញាល ឲ្យឡើងកាន់តំណែងដ៏សំខាន់ ទាំងនៅក្នុងជួរកងទ័ព និងជួរគណបក្ស។ លោក ចាន់ដេត បានសរសេរថា៖

«តាមការ​សង្កេតឃើញ​ភាពប្រញាប់ប្រញាល់​ នៃការបញ្ចេញឥទ្ធិពល​ ហ៊ុន​ ម៉ាណែត​ យេីងអាចធ្វេីការសន្និដ្ឋានបានថា​ “សុខ​ភាព​លោក​ ហ៊ុន​ សែន​ ឆ្លងមិនផុតទេ”​ ច្បាស់​ជា​ត្រូវ​ដួលមួយរំពេចភ្នែក។»

សម្រាប់លោក ហ៊ុន សែន ការបង្ហោះសារខាងលើ​របស់លោក សោរ ចាន់ដេត អាចជាការប្រមាថដល់អាយុជីវិតរបស់លោក ដែលចង់ឲ្យតែលោកស្លាប់។ ជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាព​ធ្វើកីឡាវាយកូនហ្គោល លោក ហ៊ុន សែន បានសរសេរវាយបកទៅលោក សោរ ចាន់ដេត វិញ ដោយលើកឡើងថា អតីតសមាជិកព្រឹទ្ធសភាប្រឆាំងរូបនេះ ធ្លាប់«យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ» និងកំពុង«ធ្វើនយោបាយរង់ចាំ»លោកស្លាប់។

បុរសខ្លាំងកម្ពុជា បានសរសេរក្នុងព្រឹកនេះ នៅលើបណ្ដាញសង្គមថា៖

«សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំ ថាមិនអាចរស់បានយូរទៀត។»

«សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯង ប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ។»

ប៉ុន្តែរឿងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ។ លោក សោរ ចាន់ដេត បានតបវិញ ដោយអះអាងថា លោក ហ៊ុន សែន ស្គាល់លោកមិនច្បាស់ទេ ដែលផ្ទុយពីរូបលោក ដែលស្គាល់លោក ហ៊ុន សែន ច្បាស់ ដោយហេតុថា លោកក៏ធ្លាប់ជាសមាជិកគណបក្សប្រជាជនកម្ពុជាដែរ។ លោក ចាន់ដេត បានបន្តថា៖

«ដូច្នេះ​ខ្ញុំ​ នៅមាន​មិត្តភ័ក្ដិ​ខ្ញុំ​ ដែល​ស្និទ្ធស្នាល​នឹង​លោក​ ហ៊ុន​ សែន​ ច្រើន​ ហេីយ​ខ្ញុំ​តែងតែ​សួរ​នាំ​ពួក​គេ​ អំពី​បញ្ហា​សុខភាព​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​ ជារឿយៗ​ធម្មតា​ទៅ​ហើយ​ ពិសេស​សុខភាព​របស់​លោក​ “ហ៊ុន​ សែន​”​ តែម្ដង​ ព្រោះ​ធ្លាប់​មាន​អនុស្សាវរីយ៍​។»

អវត្តមានជាសាធារណៈបង្កមន្ទិល…

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេមិនបានឃើញវត្តមានលោក ហ៊ុន សែន បង្ហាញខ្លួនជាសាធារណៈ ដូចដែលលោកធ្លាប់បានធ្វើជារឿយៗទេ ជាពិសេសនៅក្នុងស្ថានភាពនយោបាយ ដែលមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត កំពុងបង្កើនសកម្មភាពខ្លាំង​ពីក្រៅប្រទេសមកនោះ។

កាលពីចុងខែកន្លងទៅ លោកនាយករដ្ឋមន្ត្រីខ្លួនឯង ក៏បានប្រកាសឲ្យដឹងដែរថា គ្រូពេទ្យបានហាមលោក មិនឲ្យឈរនិងអង្គុយយូរឡើយ។ ជាពិសេស គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនហ្គោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនេះ។

បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមួយរូបទៀត ក៏បានលូកមាត់ចូលក្នុងបញ្ហាសុខភាពរបស់លោក ហ៊ុន សែន ដែរ។ លោក គង់ សុភា អតីតតំណាងរាស្ត្រ​មណ្ឌលស្វាយរៀង បានបង្ហើបថា ជំងឺចាស់របស់លោក ហ៊ុន សែន កំពុងឈឺរើត្រឡប់មកវិញ ហើយថាលោក ហ៊ុន សែន កំពុងយករូបថតចាស់ៗ ស្ដីពីការលេងកីឡាវាយកូនគោល យកមកបង្ហោះឡើងវិញ ដើម្បីបិតបាំងភ្នែកមហាជន។

លោក គង់ សុភា បានអះអាងដូច្នេះ ភ្លាមៗបន្ទាប់ពីប្រតិកម្មរបស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ៖

«តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជំងឺចាស់ (ជំងឺរលាកឆ្អឹងចង្កេះ​) របស់សម្តេចបាននិងកំពុងរេីឡេីងវិញ។ ទោះបីសម្តេចខិតខំយករូបចាស់វាយកូ​ន​ហ្គោល ទៅផុសពេលនេះ ក៌មិនអាចបិទបាំងភ្នែកមហាជន ថាអត់មានជំងឺបានដែរ។»

លោកបន្តថា៖

«ទោះសម្តេចតេជោ​ មានលុយនិងមានអំណាចខ្លាំងប៉ុណ្ណា ក៏មិនអាចទិញ​ ឬ​បញ្ជារមនុស្សឲ្យមកឈឺ ឬស្លាប់ជំនួសសម្តេចបានឡេីយ។»៕

តាមប្រភពច្បាស់ការណ៌បានឲ្យដឹងថាជំងឺចាស់(​ ជំងឺរលាកឆ្អឹងចង្កេះ​ )របស់សម្តេចបាននិងកំពង់រេីឡេីងវិញ។…

Gepostet von Saphea Kong am Freitag, 1. Februar 2019



លំអិតបន្ថែមទៀត

កម្ពុជា

អ្នក​គាំទ្រ CNRP ម្នាក់​ទម្លាយ​ថា កឹម មនោវិទ្យា ជា​«សត្វ​ក្រពើ»

«សត្វ​ក្រពើ» ៖ ការខ្វែងគំនិត និងការប្រើសង្គ្រាមពាក្យសំដី ឆ្លើយឆ្លងគ្នា រវាងក្រុមនិយម កឹម សុខា និងក្រុមនិយម សម រង្ស៊ី ហាក់មានអណ្ដាតភ្លើងកាន់តែខ្លាំងឡើងៗ ជាពិសេសការប្រើប្រាស់ភាសាខ្លាំងៗ ...
កម្ពុជា

ហ៊ុន សែន ទទួលស្គាល់​ការផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី មកពី«បញ្ហា​សុខភាព»?

ផ្ទុយពីអ្នកនាំពាក្យ ដែលអះអាងថា ការផ្អាកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីចុងសប្ដាហ៍មុន មិនពាក់ព័ន្ធនឹងបញ្ហាសុខភាព របស់នាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានចេញមកអះអាង ដែលធ្វើឲ្យគេយល់ថា ការផ្អាកកិច្ចប្រជុំនោះ ...
កម្ពុជា

ហ៊ុន សែន៖ លប់«កាំកុងត្រូល»​ដើម្បីវិនិយោគិន​ទទួល​ប្រយោជន៍​ច្រើន​ជាងមុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការលប់ស្ថាប័ន «កាំកុងត្រូល» មួយចោល នឹងអនុញ្ញាតឲ្យមានការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.