កម្ពុជាដំណឹង

លិខិត​ចុងក្រោយ​ដែល ហ៊ុន សែន សរសេរ​ជូន​«អ៊ំ ឡេ ឌឹកអាញ់»

នៅចំពោះសពលោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម លោក ហ៊ុន សែន ក្នុងឋានៈលោកជាប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតមរណទុក្ខមួយច្បាប់ ហៅអតីតមេដឹកនាំវៀតណាម ថាជា«អ៊ំ» រួមនឹងពាក្យពេជន៍«រួមសុខរួមទុក្ខ»ជាច្រើន។

នៅក្នុងលិខិតផ្ញើរជូនសពលោក ឡេ ឌឹកអាញ់ នោះ លោក ហ៊ុន សែន បានលើកឡើង ពីការចូលរួមរបស់លោក ឡេ ឌឹកអាញ់ ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ប៉ុលពត និងបានការពារលោក ឡេ ឌឹកអាញ់ ថាក្នុងអំឡុងពេលមានវត្តមាននៅកម្ពុជា លោក«អ៊ំ»ម្នាក់នេះ បាន«គោរព​ឯករាជ្យ អធិបតេយ្យភាពកម្ពុជា»​យ៉ាងម៉ឺងម៉ាត់។

នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរថា៖

«ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជា លោកអ៊ំបានតំណាងឲ្យបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម អនុវត្តបានយ៉ាងពេញលេញ នូវគោលការណ៍ គោរព​ឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ នូវការជ្រើសរើសរបស់ប្រជាជនកម្ពុជា នូវ​ប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។»

កម្រងរូបភាពមួយចំនួន ក្នុងដំណើររបស់លោក ហ៊ុន សែន ចូលជួបមេដឹកនាំរូបនេះ កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០១៣ ពោលគឺនៅប៉ុន្មានថ្ងៃ មុនការបង្ក្រាបយ៉ាងហិង្សា ទៅលើបាតុកម្មរបស់គណបក្សប្រឆាំង និងកម្មករ-នយោជិត នៅក្នុងប្រទេស​កម្ពុជា នៅដើមខែមករា ឆ្នាំ២០១៤ (រូបថតរបស់សារព័ត៌មានវៀតណាម)។

បន្ថែមពីលើនេះ លោក ហ៊ុន សែន បានយកទំនាក់ទំនងឯកជន រវាងគ្រួសារលោក និងលោក ឡេ ឌឹកអាញ់ មកលាតត្រដាង នៅក្នុងលិខិតនោះផង។ លោកសរសេរថា៖

«តាំងពីពេលស្គាល់គ្នា រហូតមកដល់ពេលបែកគ្នា លោកអ៊ំ តែងយកចិត្តទុកដាក់​ ដល់​រូប​ខ្ញុំ ភរិយា និងកូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ។ ខ្ញុំនៅចាំបានថា នៅក្នុងគ្រាដែល ​ខ្ញុំ​លំបាកបំផុត ពេលកសាងកងទ័ពដំបូង លោកអ៊ំបានផ្តល់នូវការឧបត្ថម្ភគ្រប់យ៉ាង ដើម្បីឲ្យ​កងទ័ព​កម្ពុជា បានរីកធំធាត់យ៉ាងឆាប់រហ័ស។»

«លោកអ៊ំមិនពិសារបារីទេ តែលោកអ៊ុំមិនភ្លេច​ផ្ញើ​បារីឲ្យខ្ញុំ ដោយសាអ៊ុំដឹងថា ខ្ញុំជាអ្នកជក់បារីច្រើន។ លោកអ៊ំតែងផ្តល់យោបល់ ឲ្យខ្ញុំថែសុខភាព។»

បើតាមលោក ហ៊ុន សែន អតីតប្រធានាធិបតីវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នោះ គឺជាវីរជន ជាអ្នកមានគុណ និងជាកំពូលអ្នក​យុទ្ធសាស្ត្រ​ផ្នែកយោធា ដែលគ្មាននរណាដូច។

តែសម្រាប់លោក គីម សុខ អ្នកវិភាគនយោបាយ បានចាត់ទុកលោក ឡេ ឌឹកអាញ់ ថាជា​ជន«ឈ្លានពាន ធ្វើទុក្ខបុកម្នេញ សម្លាប់ ធ្វើបាប និង​កម្ទេច​ប្រទេស​កម្ពុជា» ឲ្យបែកបាក់​រហូតមកដល់សព្វថ្ងៃនេះ។ អ្នកវិភាគរូបនេះ បានថ្លែងតាមវិទ្យុអាស៊ីសេរីថា ទង្វើរបស់លោក ហ៊ុន សែន ក្នុងការទៅគោរព​សព​អតីត​មេដឹកនាំ​វៀតណាមខាងលើ មានន័យស្មើ​នឹង«ការមាក់ងាយ»​ពលរដ្ឋខ្លួនឯង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីរដ្ឋាភិបាល កងទ័ព និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួនសរុប២៥រូប ទៅគោរពសពលោក ឡេ ឌឹកអាញ់ ក្នុងរដ្ឋធានី ហាណូយ ប្រទេសវៀតណាម។ ប្រតិភូបានចេញពីកម្ពុជា កាលពីរសៀលថ្ងៃទី២ និងត្រឡប់មកកម្ពុជាវិញ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ខណៈការចូលគោរពសព និងសរសេរលិខិតមរណទុក្ខ ធ្វើឡើងនៅវេលាព្រឹក(ថ្ងៃទី៣)៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថារូបលោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានលើកឡើងក្នុងន័យធៀបថា លោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ ដោយនៅលេងកីឡា វាយកូនគោលបាន។ ប៉ុន្តែទន្ទឹមនឹងការប្រៀបធៀបនេះ បុរសខ្លាំងវ័យ៦៦ឆ្នាំរូបនេះ បានរំលឹកខ្លួនលោក ទាំងមិនដាច់ស្នូរថា លោកត្រូវធ្វើកីឡាឲ្យបានច្រើន ដើម្បីកុំឲ្យលោកឡើងទម្ងន់ ...
កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ត្រូវការ​«អំណាច»​ដើម្បី​បញ្ចៀស​ទោសឧក្រិដ្ឋ​របស់គាត់

ជាថ្មីទៀត គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងបរិហារលោក ហ៊ុន សែន ថាកំពុងអង្កៀម «អំណាច» ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីគេចចេញ ពីការផ្ដន្ទាទោស ...
របាយការណ៍

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​វៀតណាម​មករំដោះ​​កម្ពុជា?

ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកពី«បុព្វហេតុ»របស់លោក ដោយហៅការចាកចេញ​ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ​ចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់​ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.