កម្ពុជាដំណឹង

ព្រះរាជា​តែងតាំង​អតីត​ប្រធានបក្ស​រាជានិយម ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ

លោក កែវ ពុទ្ធរស្មី ដែលជាអនុជថ្លៃនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានព្រះអង្គត្រាស់បង្គាប់តែងតាំង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិថ្មី។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលត្រូវបាន​ឡាយព្រះហស្ថលេខា នៅថ្ងៃទី៩ ខែឧសភា និងត្រូវបានផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

ការត្រាស់បង្គាប់នេះ ធ្វើឡើងក្នុងក្របខណ្ឌសមាជិកទាំងបីរូប នៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញចែងថា ត្រូវទទួលបានការតែងតាំង ពីព្រះមហាក្សត្រ (ខណៈ៦រូបផ្សេងទៀត ត្រូវបានតែងតាំងពីរដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម)។

ក្នុងអណត្តិកន្លងមក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងបីរូប (អង្គ) ដែលតែងតាំងឡើង ដោយព្រះមហាក្សត្រ រួមមាន ព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ (តែងតាំងនៅឆ្នាំ២០១០) – ព្រះអង្គម្ចាស់ នរោត្ដម ច័ក្រពង្ស (តែងតាំងនៅឆ្នាំ២០១៣) និងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី (តែងតាំងនៅឆ្នាំ២០១៦)។

បើយោងតាមអាណត្តិ ដែលមានរយៈពេល៩ឆ្នាំ នៃការកាន់តំណែងរបស់ខ្លួន លោក កែវ ពុទ្ធរស្មី នឹងត្រូវមកជំនួសព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ ដែលត្រូវបញ្ចប់តំណែងតាម​អណត្តិ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

ក្រៅពីជាសមាជិកព្រះញាតិវង្ស លោក កែវ ពុទ្ធរស្មី ធ្លាប់កាន់តំណែងជា ប្រធានគណបក្ស​​ហ្វុនស៊ីនប៉ិច រវាងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ និងធ្លាប់ជាឧបនាយរដ្ឋមន្ដ្រី ក្នុងរដ្ឋាភិបាល​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលនោះផង។ សព្វថ្ងៃ ឥស្សរជនអាយុ៦៦ឆ្នាំរូបនេះ ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ លោក កែវ ពុទ្ធរស្មី បានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៨ ដែលហៅជាភាសាអង់គ្លេស «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន ដែលជាការទទួលស្គាល់ នូវការរួមចំណែករបស់លោក ដែលធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព កម្ពុជា-ជប៉ុន៕



លំអិតបន្ថែមទៀត

កម្ពុជា

ឡៅ ម៉ុងហៃ សុំព្រះរាជា​លើកលែង​ទោស​និង​ផ្ដល់ងារ​«សម្ដេច»​ឲ្យ សម រង្ស៊ី

បរមងារជា«សម្ដេច សម រង្ស៊ី» អាចទៅរួចឬទេ? ទោះរួចឬមិនរួច វាជាការស្នើឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យដ៏មានឥទ្ធិពលមួយរូប ដោយហៅមេដឹកនាំប្រឆាំងដ៏សំខាន់ របស់ប្រទេសកម្ពុជា ថាជា​«រដ្ឋបុរសខ្មែរ ...
កម្ពុជា

យន្ត មីន ឡើង​ផ្កាយ៤ និង​មាន​តំណែងជា​រដ្ឋលេខាធិការ​ការពារជាតិ

បន្ទាប់ពីត្រូវបានផ្លាស់ចេញ ពីអភិបាលខេត្ពព្រះសីហនុ លោក យន្ត មីន ដែលសារភាពថាលោក ទទួលខុសក្នុងហេតុការណ៍បាក់រលំអគារចិន កំពស់៧ជាន់ កាលពីចុងសប្ដាហ៍មុន ត្រូវបានព្រះមហាក្សត្រតម្លើងឋានន្តរស័ក្ដិ ជានាយឧត្ដមសេនីយ៍ (ផ្កាយ៤) នៃកងខេមរភូមិន្ទ ...
កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.