កម្ពុជាដំណឹង

ព្រះរាជា​តែងតាំង​អតីត​ប្រធានបក្ស​រាជានិយម ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ

លោក កែវ ពុទ្ធរស្មី ដែលជាអនុជថ្លៃនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានព្រះអង្គត្រាស់បង្គាប់តែងតាំង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិថ្មី។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលត្រូវបាន​ឡាយព្រះហស្ថលេខា នៅថ្ងៃទី៩ ខែឧសភា និងត្រូវបានផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

ការត្រាស់បង្គាប់នេះ ធ្វើឡើងក្នុងក្របខណ្ឌសមាជិកទាំងបីរូប នៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញចែងថា ត្រូវទទួលបានការតែងតាំង ពីព្រះមហាក្សត្រ (ខណៈ៦រូបផ្សេងទៀត ត្រូវបានតែងតាំងពីរដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម)។

ក្នុងអណត្តិកន្លងមក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងបីរូប (អង្គ) ដែលតែងតាំងឡើង ដោយព្រះមហាក្សត្រ រួមមាន ព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ (តែងតាំងនៅឆ្នាំ២០១០) – ព្រះអង្គម្ចាស់ នរោត្ដម ច័ក្រពង្ស (តែងតាំងនៅឆ្នាំ២០១៣) និងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី (តែងតាំងនៅឆ្នាំ២០១៦)។

បើយោងតាមអាណត្តិ ដែលមានរយៈពេល៩ឆ្នាំ នៃការកាន់តំណែងរបស់ខ្លួន លោក កែវ ពុទ្ធរស្មី នឹងត្រូវមកជំនួសព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ ដែលត្រូវបញ្ចប់តំណែងតាម​អណត្តិ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

ក្រៅពីជាសមាជិកព្រះញាតិវង្ស លោក កែវ ពុទ្ធរស្មី ធ្លាប់កាន់តំណែងជា ប្រធានគណបក្ស​​ហ្វុនស៊ីនប៉ិច រវាងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ និងធ្លាប់ជាឧបនាយរដ្ឋមន្ដ្រី ក្នុងរដ្ឋាភិបាល​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលនោះផង។ សព្វថ្ងៃ ឥស្សរជនអាយុ៦៦ឆ្នាំរូបនេះ ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ លោក កែវ ពុទ្ធរស្មី បានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៨ ដែលហៅជាភាសាអង់គ្លេស «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន ដែលជាការទទួលស្គាល់ នូវការរួមចំណែករបស់លោក ដែលធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព កម្ពុជា-ជប៉ុន៕



លំអិតបន្ថែមទៀត

កំសាន្ដ

ព័ត៌មានអាជ័យ៖ ព្រះរាជាខ្មែរ ចុះព្រះហត្ថលេខារហ័ស

ពុកម៉ែបងប្អូន ជាទីមេត្រី! ប្រធានបទថ្ងៃនេះ គឺការផ្ដល់សិទ្ធិនយោបាយ ដោយ​«ព្រះរាជាខ្មែរ» ឲ្យអតីត​មន្ត្រីគណបក្ស​ប្រឆាំង​មួយរូប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលធ្វើឡើង​បន្ទាប់ពីលោក ហ៊ុន សែន បើកភ្លើង​ខៀវមួយថ្ងៃ ឬពីរមុន។ ...
របាយការណ៍

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ព​កំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន ...
វប្បធម៌ និងជីវិត

អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.