កម្ពុជាដំណឹង

ស ខេង ថា​រកឃើញ​ជាបឋម​ សំណង់​គ្មានច្បាប់​៥កន្លែង នៅ​ខេត្ត​ព្រះសីហនុ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឡើងថា មកទល់នឹងយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់ បានរាយការណ៍ជូនលោកថា នៅ​ខេត្ត​ព្រះសីហនុ គណៈកម្មការពិសេស បានរកឃើញសំណង់​មិនមានការអនុញ្ញាត ចំនួន៥កន្លែងផ្សេងទៀត។

ក្នុងខេត្តភាគនីរតីមួយនេះ សំណង់ដែលគ្មានការអនុញ្ញាតមួយកន្លែង កំពស់៧ជាន់ ដែលសាងសង់ដោយសហគ្រាសចិន បានបាក់រលំកាលពីចុងសប្ដាហ៍មុន បណ្ដាលឲ្យមានមនុស្សស្លាប់ ២៨នាក់ និងរបួស២៦នាក់។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន នៅសាលមហោស្រពកោះពេជ្រ ក្នុងព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក ស ខេង បុរសខ្លាំងទី២ នៃរបបក្រុងភ្នំពេញ បានលើកឡើង ពីវិធានការមួយចំនួន ទៅលើសំណង់ទាំងឡាយ នៅខេត្តព្រះសីហនុ។ លោកថា៖

«យើងមានគណៈកម្មការពិសេសមួយ ដើម្បីត្រួតពិនិត្យមើលសំណង់ទាំងអស់ ទាំងសំណង់ដែលបានធ្វើហើយ កំពុងដំណើរការអាជីវកម្ម និងសំណង់កំពុងដំណើរការសាងសង់។ ពិនិត្យឡើងវិញទាំងអស់។»

លោកបន្តថា៖

«គ្រាន់តែយប់ម៉ិញ ខ្ញុំទទួលព័ត៌មាន ពីឯកឧត្ដម ជា សុផារ៉ា មកថា ជាបឋមមានប្រាំសំណង់ ប្រាំកន្លែង ដែលថាកំពុងសាងសង់ តែអត់មានច្បាប់ទម្លាប់។ ដូច្នេះទាក់ទងរឿងច្បាប់ ហើយយើងត្រូវធ្វើរឿងទាំងអស់ឡើងវិញ។»

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺមួយថ្ងៃ ក្រោយគ្រោះរលំអគារគណៈកម្មការ​ពិសេស​មួយ ត្រូវបាននាយករដ្ឋមន្ត្រីបង្កើតឡើង ដើម្បី« ត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ»។

គណៈកម្មការនោះ ដឹកនាំដោយលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការប្រសួងមហាផ្ទៃ ជាអនុប្រធាន បូករួមនឹងសមាជិក១៣នាក់ទៀត ក្នុងនោះមានលោក យន្ត មីន (អតីត)អភិបាលខេត្តព្រះសីហនុ មួយរូបផង។

លោកឧបនាយករដ្ឋមន្ត្រី បានព្រមានថា នឹងចាត់វិធានការ ទៅលើមន្ត្រីណា ដែលជាប់ពាក់ព័ន្ធ នៅក្នុងសំណុំរឿងដ៏រំជើបរំជួលនេះ។ លោកថ្លែងថា៖

«ហើយទី៣ គឺខ្ញុំបានដឹកនាំ ត្រួតពិនិត្យឯកសាររដ្ឋបាលទាំងអស់ របស់ខេត្តព្រះសីហនុ ថាតើមានភាពមិនប្រក្រតីអីខ្លះ ហើយនឹងចាត់វិធានការជាក់ស្ដែង (…) ឥឡូវចៅហ្វាយខេត្ត យើងបានសម្រួលហើយ។ តាមការពិតទៅ គាត់ក៏បានដកខ្លួនចេញហើយ។»

«រួចហើយ មិនបានសេចក្ដីថា កិច្ចការហ្នឹងមានតែចៅហ្វាយខេត្តម្នាក់ឯងធ្វើទេ។ វាអាចនឹងពាក់ព័ន្ធនរណាផ្សេងទៀត ប៉ុន្តែខ្ញុំអត់ទាន់ហ៊ាន​[បញ្ចេញឈ្មោះ]ទេ។ យើងត្រូវពិនិត្យឯកសារឲ្យច្បាស់លាស់ ព្រោះអាហ្នឹងវាជាបញ្ហាយុត្តិធម៌។ បើកាលណាយើងធ្វើលើស ខ្ញុំនិយាយថា លើស វាអយុត្តិធម៌សម្រាប់មន្ត្រីណា ដែលគ្នាខំធ្វើការ៕» 



លំអិតបន្ថែមទៀត

កម្ពុជា

អាឡិចថា សោកនាដកម្ម​នឹង​បន្តមាន ព្រោះ​ឫសគល់​«បញ្ហា» គឺ ហ៊ុន សែន

តើការប្ដូរអភិបាលចាស់ ដាក់អភិបាលថ្មី នឹងអាចដោះស្រាយ«បញ្ហា» នៅខេត្តព្រះសីហនុ ដ៏សន្ធឹកសន្ធាប់នោះ បានឬទេ? សម្រាប់ស្ថាបនិកអង្គការមាតាធម្មជាតិ បានពន្យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចផ្លាស់ប្ដរមនុស្ស តាមចិត្តរបស់លោកចង់ ...
កម្ពុជា

នៅក្រុង​ព្រះសីហនុ មានដល់​មន្ទីរពេទ្យ «ព្រះពុទ្ធ»?

រូបថតមួយសន្លឹកខាងលើ ត្រូវបានចែករំលែកតៗគ្នា នៅព្រឹកនេះ ពាសពេញបណ្ដាញសង្គម។ រូបថតនោះ មានសរសេរអក្សរខ្មែរធំៗ ខាងលើអក្សរចិន ដាក់ថា «មន្ទីរពេទ្យ ព្រះពុទ្ធ»។ ម្ចាស់រូបថត ដែលដាក់ឈ្មោះ «ឡៃលី ...
កម្ពុជា

ហ៊ុន សែន បដិសេធ​ព័ត៌មាន​ពី​«ហត្ថលេខា​សម្ងាត់»​ឲ្យចិន​ប្រើ​មូលដ្ឋាន​ទ័ព

បុរសខ្លាំងកម្ពុជា បានចេញមុខបដិសេធ​ដោយផ្ទាល់ ដើម្បីប្រតិកម្មតប នឹងការចុះផ្សាយរបាយការណ៍មួយ របស់សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «The Wall Street Journal» ដែលអះអាងថា កម្ពុជាបានចុះ«ហត្ថលេខា​សម្ងាត់» ដើម្បីអនុញ្ញាតឲ្យចិនកុម្មុយនីស្ដិ៍ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.