កម្ពុជាដំណឹង

ហ៊ុន សែន «ពុក»​នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃពុធ​នេះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានក្រុមអ្នកគាំទ្រ ហៅថាជាសម្ដេច​«ពុក» បានអះអាងថា លោកនឹងវិលមកមាតុប្រទេសវិញ នៅថ្ងៃពុធ ទី១០ ខែកក្កដានេះ ​ដើម្បី​ត្រៀម​ដឹកនាំ​ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​ នៅ​ថ្ងៃទី១២ ខែកក្កដាខាងមុខ។ នេះ​ បើ​គេបានអាន សំណេរ​«​Comment»​របស់លោក នៅខាងក្រោមវីដេអូមួយ របស់ទំព័រហ្វេសប៊ុក «​ចំរៀង​គ្រួសារ​ខ្មែរ​»​ នៅថ្ងៃអង្គារ ទី០៩ ខែកក្កដានេះ។​

លោក ហ៊ុន សែន បានសរសេរថា៖

«​ពុក​បាន​ចេញពី​មន្ទី​ពេទ្យ​ មក​នៅ​សណ្ឋាគារ​ តាំងពីព្រឹក​មិញ​ម្ល៉េះ។ ​ថ្ងៃទី​១០​កក្កដា ​នឹង ត្រឡប់​ទៅវិញ​ ដើម្បី​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​ថ្ងៃទី​១២​ ខែកក្កដា ​ឆ្នាំ​២០១៩​។ អរគុណ​បងប្អូន​ជនរួមជាតិ ​ដែល​បាន​ជូនពរ​ ឬ​បារម្ភ​ពី​សុខភាព​ខ្ញុំ​។»

សម្ដេច«ពុក» ហ៊ុន សែន បានបន្តសរសេរជួសមុខ ឲ្យ«យមរាជ»ថា៖

«​ពុក​នៅ​អាច​ចូលរួម​កម្មវិធី​ ចម្រៀង​គ្រួសារ​ខ្មែរ​បាន។ យមរាជ​មិន​ត្រូវការ​ជីវិត​ពុកទេ​ ព្រោះ​យមរាជ​ត្រូវការ ​ឱ្យ[ពុក]នៅ​ការពារ​កូនៗ ​និង​ប្រជាជន​កម្ពុជា ​តទៅទៀត​។ ​ពួក​ចង់ឱ្យ​ពុក​ស្លាប់​ ពិតជា​ខកចិត្ត​ ពេល​ឃើញ​ពុក​​នៅមាន​​លទ្ធភាព​ចូលរួម ជាមួយ​កូនៗ​បាន​»​។​

លោក ហ៊ុន សែន បានទម្លាយឲ្យដឹង កាលពីថ្ងៃទី៦ ខែកក្កដាសប្ដាហ៍មុនថា លោកមានជំងឺ«គ្រេចស្មាខាងស្ដាំ» ហើយគ្រូពេទ្យតម្រូវ ឲ្យលោកត្រូវទៅពិនិត្យ និងព្យាបាល នៅឯមន្ទីរពេទ្យបូរីរដ្ឋ សិង្ហបូរី។ ការប្រកាសរបស់លោក មានន័យស្មើនឹងការជូនដំណឹង អំពីការលប់ចោល នូវរាល់ជំនួបក្នុងសប្ដាហ៍នេះ ជាមួយបណ្ដាភ្ញៀវជាតិ និងអន្តរជាតិ ដែលលោកមានគម្រោងជួបជាមួយ ពីមុនមក។

​លុះស្អែកឡើង នៅថ្ងៃទី៧ ខែកក្កដា លោកបានរៀបរាប់បន្ថែមថា ជំងឺគ្រេចស្មាខាងស្ដាំនោះ ត្រូវបាន«ដោះស្រាយ​ដោយជោគជ័យ»ហើយ។ ប៉ុន្តែក្រុមគ្រូពេទ្យ បានតម្រូវឲ្យលោក ត្រូវផ្អាកកីឡាវាយកូនគោល មួយរយៈ។

នេះ ជាលើកទីពីរ ក្នុងរយៈពេលជាងកន្លះឆ្នាំ ដែលលោក ហ៊ុន សែន អះអាងជាសាធារណៈ ថាលោកមានជំងឺ ដែលតម្រូវឲ្យមានការពិនិត្យ និងការព្យាបាល។

កាលពីចុងខែធ្នូកន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានបង្ហើប ឲ្យដឹងម្ដងហើយ  ជុំវិញជំងឺរបស់លោកមួយ ដែលគ្រូពេទ្យបានហាមលោក មិនឲ្យឈរឬអង្គុយយូរ។ បុរសខ្លាំងកម្ពុជា អាយុ៦៦ឆ្នាំរូបនេះ បានអះអាងក្នុងពេលនោះថា គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនោះ។

បន្ទាប់មក នៅចុងខែមករា ចូលមកដើមខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី បានអវត្តមាន មិនបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេល១៩ថ្ងៃ ដែលធ្វើឲ្យផ្ទុះឡើងនូវសំនួរជាច្រើន រួមនឹងសង្គ្រាមប៉ាកកា ជាមួយមន្ត្រីគណបក្សប្រឆាំងផង ជុំវិញបញ្ហាសុខភាពពិត របស់លោក៕

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញត្រឡប់ មកកម្ពុជាវិញ នៅថ្ងៃទី១០ កក្កដាស្អែកនេះ ។

Posted by Kosal Chum on Tuesday, July 9, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី វិលមក​ដឹកនាំ​បក្ស​​ «ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ ហ៊ុន សែន បរាជ័យ»

«យុទ្ធសាស្ត្រ របស់លោក ហ៊ុន សែន បរាជ័យ ទាំងស្រុង ក្នុងការប៉ុនប៉ងកម្ទេចគណបក្សសង្គ្រោះជាតិ ពីខាងក្នុង» ដោយសារការវិលត្រឡប់ របស់លោក សម រង្ស៊ី មកដឹកនាំគណបក្សសង្គ្រោះជាតិវិញ ...
របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ...
ដំណឹង

មេរោគកូរូណា​វាយលុក​រដ្ឋសភា​បារាំង – តំណាងរាស្ត្រ​៤រូប ឆ្លង​ជំងឺនេះ

តំណាងរាស្ត្រ​៤រូប របស់ប្រទេសបារាំង បានឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាលមកពីមេរោគ «កូរូណា»ថ្មី។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរបារាំង ទទួលបន្ទុកផ្នែកសុខភាពសាធារណៈ ក្នុងយប់ថ្ងៃអាទិត្យនេះ។ អាជ្ញាធរសុខាភិបាលបារាំង «ARS» ប្រចាំតំបន់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.