កម្ពុជាដំណឹង

សម រង្ស៊ី៖ បណ្ដឹង​របស់ ស ខេង ធ្វើឡើង​តាម​«បញ្ជា»​របស់ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានពន្យល់ថា បណ្ដឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលបានដាក់ឡើង​ទៅតុលាការរាជធានី ប្ដឹងរូបលោក ជុំវិញករណីមរណភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិនោះ គឺគ្រាន់តែជាការធ្វើតាម«បញ្ជា» របស់លោក ហ៊ុន សែន ដើម្បីបង្ហាញថា លោក ស ខេង មិនបែកពីលោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រធានស្ដីទីគណបក្សប្រឆាំង បានហៅទង្វើរបស់លោក ស ខេង ថាខ្វះភាពថ្លៃថ្នូ និងភាពក្លាហាន ដែលហ៊ានដាក់បណ្ដឹង ទៅកាន់តែតុលាការក្នុងស្រុក ខណៈតុលាការកម្ពុជា បានរងការចោទប្រកាន់ថា ជា«អាយ៉ង» ដែលចាំតែស្តាប់បញ្ជា ពីអ្នកនយោបាយ និងអ្នកកាន់អំណាច។

លោក សម រង្ស៊ី បានរៀបរាប់តាមរយៈទំព័រហ្វេសប៊ុក របស់លោកថា៖

«បើលោក ស ខេង ចង់មានភាពថ្លៃថ្នូរមែន គាត់មិនគួរទៅលេងសើច ជាមួយតុលាការទីក្រុងភ្នំពេញ សព្វថ្ងៃនេះទេ។ តុលាការនេះ ជាតុលាការអាយ៉ង ដែលចាំតែស្តាប់បញ្ជា ពីអ្នកនយោបាយ កាន់អំណាចសព្វថ្ងៃ។ សាលក្រម ប្រកាសដោយតុលាការនេះ គ្មានតម្លៃអ្វីទេ បើគិតពីគតិយុត្តិធម៌ ពីព្រោះអ្នកទន់ខ្សោយ​គ្មានសែស្រឡាយ​នយោបាយ និងអ្នកក្រគ្មានលុយសូក​ចៅក្រម គឺជាអ្នកដែលគេឲ្យចាញ់ និងជាអ្នករងគ្រោះជានិច្ច យ៉ាងអយុត្តិធម៌​ជាទីបំផុត។»

លោកបន្តថា៖

«ខ្ញុំយល់ច្បាស់ហើយថា លោក ស ខេង ប្តឹងខ្ញុំនៅចំពោះ​តុលាការអាយ៉ងនេះ គឺគ្រាន់តែពីព្រោះគាត់ធ្វើតាម”បញ្ជា”ពីលោក ហ៊ុន សែន ដែលបានប្រាប់គាត់ថា “បើចង់ឲ្យគេជឿថាគាត់ (ស ខេង) មិនព្រមបែកពី ហ៊ុន សែន ទេ ដូចអ្វីដែល សម រង្ស៊ី បានលើកឡើងនោះ គាត់ (ស ខេង) ត្រូវតែប្តឹងពី សម រង្ស៊ី”។ ដូច្នេះ រឿងនេះ ជារឿងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទេ។ តុលាការអាយ៉ង ទីក្រុងភ្នំពេញ ច្បាស់ជាឲ្យ ស ខេង ឈ្នះ ១០០ ភាគរយ ដោយគ្មានហានិភ័យអ្វីឡើយ។»

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក ស ខេង បុរសខ្លាំងទីពីរនៅកម្ពុជា ដែលតំណាងដោយមេធាវីលោក ចំនួន៣នាក់ បានដាក់ពាក្យបណ្ដឹងមួយ ឡើងទៅតុលាការរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក សម រង្ស៊ី ពីបទ «ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

ជាពាក្យបណ្ដឹង ដើម្បីជំទាស់នឹងការលើកឡើង របស់មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គមដែលថា លោក ស ខេង គាំទ្រលោក ឌី វិជ្ជា ក្នុងគម្រោងសងសឹងឲ្យឪពុកខ្លួន (លោក ហុក ឡងឌី) ហើយថា មរណភាពរបស់អតីតស្នងការនគរបាលជាតិ នៅក្នុងព្រឹត្តិការណ៍ផ្ទុះឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨​នោះ គឺជា«ឃាតកម្ម»រៀបចំទុកជាមុន បញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពាក្យបណ្ដឹងរបស់ក្រុមមេធាវីលោក សខេង បានចាត់ទុកពាក្យសំដី របស់លោក សម រង្ស៊ី ថាជា«ការប្រឌិតព័ត៌មាន ទម្លាក់កំហុស និងមួលបង្កាច់» ដើម្បីឲ្យ«ថ្នាក់ដឹកនាំជាន់ខ្ពស់» នៃរបបក្រុងភ្នំពេញសព្វថ្ងៃ មាន«ការសង្ស័យគ្នា និងបែកបាក់សាមគ្គីផ្ទៃក្នុង» ដែលអាចធ្វើឲ្យមាន«វិវាទផ្ទៃក្នុង»។

ពាក្យបណ្តឹង ដែលបានទាមទារសំណងជំងឺចិត្ត ចំនួន៤ពាន់លានរៀល (ប្រមាណជា១លានដុល្លារ) និងស្នើឲ្យតុលាការផ្ដន្ទាទោសចុងបណ្ដឹងនោះ បានសរសេរថា៖

«ទង្វើទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សម រង្សី មានចេតនាទុច្ចរិត ក្នុងការញុះញង់ បំផុសបំផុល ធ្វើឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានចលាចល និងភាពវឹកវរយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម បំផ្លិចបំផ្លាញ ដល់ស្ថេរភាពនយោបាយ និងសន្តិភាព របស់ជាតិទាំងមូល។»

យ៉ាងណា លោក ស ខេង បានបញ្ចេញប្រតិកម្មដោយផ្ទាល់ ថាពាក្យបណ្ដឹងរបស់លោក ជាលើកដំបូងនេះ ជាការសម្រេចចិត្ត «ដាស់តឿនដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ»។

រដ្ឋមន្ត្រីមហាផ្ទៃបានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«ស្ទើរពេញមួយជីវិតរបស់ខ្ញុំ មកដល់ពេលនេះ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធ នឹងការប្តឹងផ្តល់ ឬមានក្តីក្តាំ ជាមួយបុគ្គលណាមួយឡើយ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់ខ្ញុំ ដែលខ្ញុំបានសម្រេចប្ដឹង ជាលក្ខណៈឯកជនចំពោះបុគ្គល សម រង្ស៊ី។»

«ការសម្រេចចិត្ត ដាក់ពាក្យបណ្តឹងនេះ គឺជាការដាស់តឿន ដល់អ្នកនយោបាយមួយចំនួន ឲ្យប្រកាន់ខ្ជាប់ នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មាន ដើម្បីញុះញង់បំផុសបំផុល ក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ ដើម្បីបំពេញគោលបំណង និងមហិច្ឆិតាអគតិរបស់ខ្លួន និងក្រុមខ្លួន។»

សម្រាប់មេដឹកនាំប្រឆាំង ដែលរងបណ្ដឹងពីមន្ត្រីរបបក្រុងភ្នំពេញ ច្រើនជាង១០ករណីនោះ បានជំរុញឲ្យលោក ស ខេង ប្ដឹងលោកឡើងទៅតុលាការ ក្នុងប្រទេសបារាំង ដែលលោកអះអាងថា ជាតុលាការឯករាជ្យ។

លោក សម រង្ស៊ី បានសរសេរថា៖

«បើលោក ស ខេង មានភាពថ្លៃថ្នូរមែន ហើយមានភាពក្លាហានតែបន្តិច គាត់ត្រូវតែប្តឹងខ្ញុំ នៅចំពោះមុខតុលាការប្រទេសបារាំង ពីព្រោះតុលាការនេះ ជាតុលាការឯករាជ្យ គឺគ្មាននរណាអាចដឹងថា នរណាឈ្នះ នរណាចាញ់ ជាមុនឡើយ។ ម៉្យាងទៀត ខ្ញុំក៏កំពុងតែរស់នៅប្រទេសបារាំងសព្វថ្ងៃ ហើយយោបល់របស់ខ្ញុំទាំងឡាយ ក៏បញ្ចេញពីទឹកដីប្រទេសបារាំងដែរ៕»

០៩ កក្កដា ២០១៩ / 09 July 2019 ឃាតកម្មខ្លះៗ ប្រព្រឹត្តដោយ ហ៊ុន សែន និងភរិយាគាត់ Some crimes committed by Hun Sen and his…

Posted by Sam Rainsy on Tuesday, July 9, 2019


លំអិតបន្ថែមទៀត

កម្ពុជា

អាជ្ញាធរ​ចិន​រកឃើញ​បុរសចិន​ផ្ទុក​«Covid-19»​ម្នាក់​ទៀត ចេញពី​កម្ពុជា

ជនជាតិចិនមួយរូប អាយុ៣៧ឆ្នាំ ដែលធ្វើដំណើរ ចេញពី​កម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ត្រូវបានអាជ្ញាធរនៃក្រុង ស៊ិនជិន (Shenzhen) ប្រទេសចិន ធ្វើតេស្ដិ៍រកឃើញ ថាបានឆ្លងជំងឺ «Covid-19» ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ...
កម្ពុជា

ហ៊ុន សែន ធ្វើពិធីទទួល«វ៉ាក់សាំងចិន»​ថ្ងៃ៧កុម្ភៈ រួចចាក់​នៅ​ថ្ងៃ១០កុម្ភៈ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.