កម្ពុជាដំណឹង

សម រង្ស៊ី៖ របប ហ៊ុន សែន បន្ត​លុប​បឹង ខណៈ​កម្ពុជា​កំពុង​ខ្វះទឹក

បើសិនជាការឆ្លើយឆ្លងគ្នា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហាក់ដូចជាស្ងប់ស្ងៀម នៅក្នុងចុងសប្ដាហ៍នេះ តែមេដឹកនាំប្រឆាំងមិនបានដកឃ្លាឡើយ ក្នុងការលើកឡើងថា របបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ គឺជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្លាញបឹងធម្មជាតិនៅកម្ពុជា ជាពិសេស«ខណៈ​កម្ពុជា​កំពុង​ខ្វះទឹក»។

បន្ទាប់ពីបានចែករំលែក នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញ នូវវីដេអូរបស់អង្គការមាតាធម្មជាតិ ស្ដីពីការចាក់លុបបឹងធម្មជាតិ ក្នុងខេត្តព្រះសីហនុនោះ លោក សម រង្ស៊ី បានបន្តចែករំលែកវីដេអូដដែលនេះ នៅលើទំព័រទ្វីសធើរ ក្នុងថ្ងៃនេះជាថ្មីទៀត។

មេដឹកនាំប្រឆាំង​បានសរសេរជាភាសាអង់គ្លេស អមនឹងការបង្ហោះនោះថា៖

«ខណៈប្រទេសកម្ពុជា កំពុងរងគ្រោះនឹងកង្វះទឹក កាន់តែធ្ងន់ធ្ងរនោះ របបដឹកនាំរបស់លោក ហ៊ុន សែន បន្តលុបបឹងដែលជាជីវិតរបស់ពលរដ្ឋ។ វីដេអូនេះ បង្ហាញពីបឹងព្រែកទប់ ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានលក់ទៅឲ្យក្រុមហ៊ុន លីយ៉ុងផាត់គ្រុប ដែលមានជាប់សែស្រឡាយដោយផ្ទាល់ ជាមួយនឹងក្រុមគ្រួសារត្រកូល ហ៊ុន។»

ក្នុងវីដេអូរបស់អង្គការមាតាធម្មជាតិ យុវជន ថុន រដ្ឋា សកម្មជនបរិស្ថានបានអះអាងយ៉ាងច្រើន អំពីបឹងងធម្មជាតិ ព្រែកទប់ ក្នុងក្រុងព្រះសីហនុ។ លោក រដ្ឋា បានលើកឡើងថា បឹងមួយនេះត្រូវបានលោក ហ៊ុន សែន ចេញអនុក្រឹត្យលុបស្ទើរទាំងអស់ លក់ទៅឲ្យក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ (The LYP Group) ដែលផ្ទុយគ្នាទាំងស្រុង ពីមួយឆ្នាំកន្លះមុន ដែលបឹងនេះត្រូវបានលោក ហ៊ុន សែន អះអាងថាការពារ មិនឲ្យបាត់បង់។

«ខណៈ​កម្ពុជា​កំពុង​ខ្វះទឹក តើសម្ដេចហ៊ានទទួលខុសត្រូវដែរឬទេ?»

សកម្មជនបរិស្ថានបានពន្យល់ថា៖

«ក្រុងព្រះសីហនុ មានសុទ្ធតែទឹកសមុទ្រ ស្របពេលប្រភពទឹកសាបសម្រាប់ពលរដ្ឋប្រើប្រាស់ មានបរិមាណតិចតួច។ បញ្ហាខ្វះទឹកក៏កំពុងកើតមាន ជាពិសេសនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្តង។»

យុវជន រដ្ឋា បានចោទសួរទៅលោក ហ៊ុន សែន ថា៖

«តើការសម្រេចចិត្តលុបបឹងធម្មជាតិប្រវត្តិសាស្ត្រ ដ៏មានសារសំខាន់មួយនេះ រដ្ឋទទួលបានលុយប៉ុន្មាន ពីក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់? ហើយបើសិន​ជាពេលអនាគត ក្រុងព្រះសីហនុ​នៅតែ​បន្តខ្វះខាត​ទឹកប្រើប្រាស់ តើសម្ដេចហ៊ាន​ទទួលខុសត្រូវ​ដែរឬទេ?»

មកដល់ម៉ោងនេះ គ្មានការឆ្លើយតបពីរបបក្រុងភ្នំពេញ ឬពីរដ្ឋបាលសាលាខេត្តព្រះសីហនុទេ នៅចំពោះការលើកឡើងខាងលើ៕



លំអិតបន្ថែមទៀត

កម្ពុជា

សុខ ឥសាន សារភាពថា​នាឡិកា​លោកពាក់​មានតម្លៃ ១លានដុល្លា

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់នាឡិកាតម្លៃរាប់លានដុល្លា នោះជារឿងដ៏​ចាំបាច់ ព្រោះ​សូម្បី​មន្ត្រី​ក្រោម​បង្គាប់ ដែលមានឋានៈ ត្រឹមអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ក៏ពាក់នាឡិកាមានតម្លៃ ដល់​«១លានដុល្លា»​ដែរ។ នេះ ជាសំដី​សារភាព​ផ្ទាល់មាត់​របស់​លោក សុខ ...
កម្ពុជា

ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរ​វិលចូល​ស្រុក​ដោយគ្មាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មី ឲ្យពលរដ្ឋខ្មែរ​នៅក្រៅប្រទេស អាចវិល​ចូល​​មាតុភូមិវិញ ដោយមិនចាំបាច់មាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ថាគ្មាន​ជំងឺ «Covid-19»។ ប៉ុន្តែពួកគេ ត្រូវដាក់ឲ្យនៅដោយឡែក រយៈពេល១៤ថ្ងៃសិន ...
កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាង​លុយ​កខ្វក់

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម​ប្រទេសចំនួន១២ ដែលជាប់ក្នុង​«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់​«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.