កម្ពុជាដំណឹង

RSF ព្រមានក្រុងភ្នំពេញ នឹងលើក​សំនុំរឿង​ចាប់ចង​អ្នកកាសែត ឡើង​ទៅ EU

លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានថតរូប ក្នុងអំឡុងពេលចាប់ខ្លួន។ (រូបថតនគរបាល)
លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានថតរូប ក្នុងអំឡុងពេលចាប់ខ្លួន។ (រូបថតនគរបាល)

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) អះអាងថា នឹងលើកយកសំនុំរឿង ចាប់ចងអ្នកកាសែត នៅក្នុងប្រទេសកម្ពុជា ឡើងទៅសហភាពអ៊ឺរ៉ុប (EU) ដើម្បី​អំពាវនាវ​ឱ្យស្ថាប័នអន្តរ-រដ្ឋាភិបាលមួយនេះ រឹតបន្តឹងវិធានការ ព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» បន្ថែមពីលើវិធានការ ដែលមានស្រាប់។

ការតំឡើងសម្លេង របស់ស្ថាប័នអន្តរជាតិ ដែលមានជំនាញខាងការឃ្លាំមើល សេរីភាព​សារព័ត៌មាន នៅជុំវិញ​ពិភពលោក ធ្វើឡើង បន្ទាប់ពីហេតុការណ៍ចាប់ចង និងរឹតត្បិត លើអ្នកសារព័ត៌មាន និងស្ថាប័ន​ផ្សព្វផ្សាយ បានកើតឡើង​ជាហូរហែ នៅក្នុងប្រទេស​កម្ពុជា រាប់ចាប់តាំង​ពីចុងខែមីនា ឆ្នាំ២០២០​នេះមក។

ហេតុការណ៍ចុងក្រោយបំផុត គឺការចាប់ខ្លួនលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ភ្លាមៗបន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បាន​បង្ហោះ​អត្ថបទរិះគន់ធ្ងន់ៗ ទៅលើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងការដឹកនាំរបស់លោក។ អត្ថបទ​ចំនួន២ ដែលអ្នកកាសែតខាងលើ បានសរសេរ​នៅលើ​​គណនេយ្យ​ហ្វេសប៊ុក​​របស់​ខ្លួន មានចំណងជើង​ទាំងស្រុងថា៖

«លោក ហ៊ុន សែន នឹងបាត់បង់អ្វីៗទាំងអស់ បើនៅតែចចេស ចង់លើកបន្តុបកូនខ្លួន ធ្វើជានាយករដ្ឋមន្ត្រីនោះ! យួនមិនគាំទ្រ ហ៊ុន ម៉ាណែត ឡើយ!»

«លោក ហ៊ុន សែន កំពុងទល់ច្រក​ រឿងពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ​ គ្មានលុយសង​ធនាគារ ក៏លើក​ទឹកចិត្ត​ឲ្យធនាគារ រឹបអូសទ្រព្យសម្បត្តិ ពលរដ្ឋណា ស្តាប់តាមក្រុមប្រឆាំង មិន​ព្រម​សង់លុយ ​ឲ្យធនាគារ!»

លោក សុឃិត ត្រូវបានចាប់ខ្លួន នៅខេត្តកំពង់ឆ្នាំង និងត្រូវបានចោទប្រកាន់ នៅ៣ថ្ងៃ​ក្រោយមក (ថ្ងៃទី២៨ ខែមិថុនា) ដោយតុលាការរាជធានី ពីបទ«ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បើតាមបទ​ចោទប្រកាន់ខាងលើ ចាងហ្វាងកាសែតជាតិខ្មែររូបនេះ អាចជាប់ពន្ធនាគារ ២ឆ្នាំ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី២៩ ខែមិថុនា អង្គការ «RSF» ដែលមាន ទីស្នាក់ការធំ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានទាមទារឲ្យមាន​ការដោះលែង​លោក រស់ សុឃិត «ជាបន្ទាន់»។ បើតាមអង្គការខាងលើ អ្នកកាសែត រស់ សុឃិត មិនត្រូវបាន​ចាប់​ខ្លួន ដោយគ្រាន់តែលោកបង្ហោះសារ តាមទំព័រហ្វេសប៊ុក រិះគន់​លោក ហ៊ុន សែន នោះឡើយ។

លោក ដានីញែល បាស្តារដ៍ (Daniel Bastard) នាយកការិយាល័យ តំបន់អាស៊ីប៉ាស៊ីហ្វ្រិក នៃ​អង្គការនេះ បានសរសេរក្នុងទូរសាអេឡិចត្រូនិក ផ្ញើមកកាន់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ឱ្យដឹងថា «RSF» បានតាម​ដាន​ហេតុការណ៍ ​ទាំងអស់​ខាងលើ​​យ៉ាងដិតដល់បំផុត។ មេដឹកនាំអង្គការអន្តរជាតិ បាន​អះអាង ជាភាសាបារាំង ដែលមាន​ខ្លឹមសារ ជាខេមរៈភាសា ដូច្នេះថា៖

«ការឃុំខ្លួនអ្នកសារព័ត៌មាន ដោយសារការបង្ហោះសារចំនួនពីរ ដែលគ្រាន់តែ​រិះគន់​នាយករដ្ឋមន្ត្រី បង្ហាញពី​វិធីសាស្ត្រ នៃរបបផ្តាច់ការដ៏អាក្រក់បំផុត ដែលរដ្ឋាភិបាល​កម្ពុជា កំពុងយកមកអនុវត្ត ក្នុងពេលនេះ។»

«ការបែកធ្លាយសារសម្លេង របស់លោក ហ៊ុន សែន និងបក្សពួក បង្ហាញពីភាព​មិនមាន​ដែនកំណត់​ ក្នុងការ​ចាត់​វិធានការ  ដើម្បីបិទសម្លេងប្រឆាំង ចេញទាំងអស់។ នៅក្នុង​បរិបទនេះ យើងអំពាវនាវ​ទៅសហភាពអ៊ឺរ៉ុប ឲ្យរឹតបន្តឹងបន្ថែមទៀត នូវទណ្ឌកម្ម​ពាណិជ្ជកម្ម ដែលត្រូវបាន​​​សម្រេចធ្វើ​មួយផ្នែក កាលពីពេលថ្មីៗ ប្រឆាំងរបប​ក្រុង​ភ្នំពេញ។»

មកដល់ថ្ងៃនេះ អ្នកសារព័ត៌មានយ៉ាងហោច ៣នាក់ ត្រូវបានចាប់ខ្លួន និងស្ថាប័ន​ផ្សព្វផ្សាយ របស់ពួកគេផង ត្រូវបាន​បង្ខំឲ្យបិទទ្វា។ រីឯគេហទំព័រ ​របស់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ «MONOROOM.info» បានរង​ការរាំង​ខ្ទប់ ដោយមិន​ឲ្យប្រិយមិត្ត​បើក​ចេញ នៅក្នុង​ប្រទេស​កម្ពុជា តាំងពីចុងខែមីនា​រហូតមក។

សម្រាប់អាជ្ញាធរកម្ពុជា ធ្លាប់អះអាង ក្នុងពេលកន្លងមកថា ការចាប់ខ្លួន​អ្នកកាសែត​ទាំងនោះ គឺដោយសារពួកគេ ពុំបានធ្វើទៅតាមតួនាទី និងការទទួលខុសត្រូវ របស់​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងយ៉ាងខ្លីថា ការចាប់ចង​លើ​អ្នកសារព័ត៌មានខាងលើ គឺជាភារកិច្ចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ ក្នុង​ការ​អនុវត្តន៍​​ច្បាប់កម្ពុជា។

យ៉ាងណា អង្គការ «RSF» បានបន្តព្រមាន​របបក្រុងភ្នំពេញ តាមរយៈ​សេចក្ដី​ថ្លែងការណ៍ របស់​ខ្លួនទៀតថា ទណ្ឌកម្មពាណិជ្ជកម្ម របស់ «EU» គឺជាការឆ្លើយតប ទៅនឹង​នយោបាយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការ​រឹតត្បិត និងការវាយបង្ក្រាប មិនឈប់ឈរ ទៅលើ​សិទ្ធិសេរីភាព​ពលរដ្ឋ ដែលក្នុងនោះ ក៏មាន​​សេរីភាព​សារព័ត៌មានមួយដែរ ដូច​របាយការណ៍​របស់ «RSF» បានចេញផ្សាយ​យ៉ាងលំអិត​ម្ដងហើយ កាលពីឆ្នាំ២០១៨៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា EU ប្រកាន់​ជំហរ​ស្នើឲ្យ ហ៊ុន សែន ចាត់​វិធានការ​សមស្រប​ភ្លាមៗ

«EU គេបានបញ្ជាក់ជំហរ របស់គេហើយ គេរង់ចាំឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការសមស្រប ក្នុងពេលវេលាចាំបាច គឺកាន់តែឆាប់ កាន់តែល្អ» នេះ ជាការអះអាងឡើង របស់លោក ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...
កម្ពុជា

សម រង្ស៊ី និង​មន្ត្រី CNRP នឹង​វិលចូល​កម្ពុជា​វិញ នៅ​ខែ​មេសា​ខាង​មុខ?

អ្វីដែលគ្រោងកើត ច្បាស់ជានឹងកើត! នេះ បើតាមអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហើបពីគម្រោងរបស់អ្នកស្រី និងលោក សម រង្ស៊ី ក្នុងការវិលត្រឡប់ ចូលមកក្នុងប្រទេសកម្ពុជាវិញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.