ប្រទេសកម្ពុជាបន្តមានចំណាត់ធ្លាក់ទាប ក្នុង​សេរីភាព​សារព័ត៌មាន សម្រាប់ឆ្នាំ២០២០។ នេះ​បើតាមបញ្ជីសន្ទស្សន៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

បញ្ជីសន្ទស្សន៍ បានគណនាពិន្ទុ ឆ្នាំ២០២០ សម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ មានប្រមាណជា ៤៥,៤៦ ដែល​ត្រូវ​នឹងចំណាត់ថ្នាក់ ១៤៤ ពីក្នុងចំណោម១៨០ប្រទេស​នៅលើពិភពលោក។ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានពិន្ទុ ៤៥,៩០ ដែលត្រូវនឹងចំណាត់ថ្នាក់ ១៤៣។

កាលពីដើមខែមេសាថ្មីៗ អ្នកសារព័ត៌មានម្នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន និងបញ្ជូនឡើងទៅតុលាការ ចោទពីបទ«ញុះញង់» បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ បានផ្សាយ នូវសំដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើង ពីវិធានការរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងជំងឺ «Covid-19»។

ទង្វើចាប់ចង់នេះ ត្រូវបានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន វាយតម្លៃថា ជាការប្រើលេស របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងអំឡុងពេល នៃការរាតត្បាតជំងឺដ៏ចង្រៃ ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន ដែលមិនដើរតាមខ្សែបន្ទាត់ របស់រដ្ឋាភិបាល។

ក្នុង​សេរីភាព​សារព័ត៌មាន កម្ពុជាអន់ជាង៥ប្រទេស និង​គ្រាន់​ជាង៤ប្រទេស​ក្នុងតំបន់

ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានចំនួនកាន់តែខ្សត់ទៅ បន្ទាប់ពី​យុទ្ធនាការ​បិទវិទ្យុច្រើនសិប និងប្រព័ន្ធផ្សព្វផ្សាយធំៗ ដោយរដ្ឋាភិបាល កាលពីអំឡុងឆ្នាំ២០១៧។

តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះមក គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ដែលមានអាស័យដ្ឋាន «MONOROOM.info» ក៏មិនអាចឲ្យប្រិយមិត្តរបស់ខ្លួន ចូលទៅពិគ្រោះបានដែរ បន្ទាប់ពីទស្សនាវដ្ដីបានចុះផ្សាយ របាយការណ៍​ជាច្រើន ទាក់ទងជំងឺ«Covid-19»នៅក្នុងប្រទេសកម្ពុជា និងប្រទេសចិនកុម្មុយនីស្ដិ៍។ ក្រុមអ្នក​បច្ចេកទេស​របស់ទស្សនាវដ្ដី បានសង្ស័យអំពីការរាំងខ្ទប់ណាមួយ ដោយអាជ្ញាធរកម្ពុជា។

អង្គការ «RSF» ដដែល បានចេញរបាយការណ៍មួយ កាលពីឆ្នាំ២០១៨ អះអាងថា ប្រព័ន្ធផ្សព្វផ្សាយដែលអាចបន្ត​សម្លេង នៅក្នុងប្រទេសកម្ពុជា មានមួយភាគ ជាកម្មសិទ្ធិរបស់អ្នកជិតដិត និងសមាជិកគ្រួសារ លោក ហ៊ុន សែន និងមួយភាគទៀត គ្រាន់តែជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ» ដើម្បីជាសម្លេង «ដែលបម្រើឲ្យម្ចាស់» ប៉ុណ្ណោះ។

នៅក្នុងតំបន់ ចំណាត់ថ្នាក់សន្ទស្សន៍​ឆ្នាំ២០២០ របស់ប្រទេសកម្ពុជា បានធ្លាក់ចុះអន់ជាង​ប្រទេសថៃ (លេខ១៤០) ភូមា (លេខ១៣៩) ហ្វីលីពីន (លេខ១៣៦) ឥណ្ឌូនេស៊ី (លេខ១១៩) ខណៈប្រទេសម៉ាឡេស៊ី ទទួលបាន​ចំណាត់ថ្នាក់​ល្អជាងគេ នៅក្នុងចំណាត់ថ្នាក់ លេខ១០១។

យ៉ាងណា កម្ពុជាមានពិន្ទុ គ្រាន់ជាងប្រទេសចំនួន៤ នៅក្នុងតំបន់ ដែលសុទ្ធសឹងជាប្រទេសរាជានិយមផ្ដាច់ការ (ព្រុយណេ លេខ១៥២) ប្រទេសដឹកនាំដោយរបបឯកបក្ស (សិង្ហបូរី លេខ១៥៨) និងប្រទេសកុម្មុយនីស្ដិ៍ (ឡាវ លេខ ១៧២ – វៀតណាម លេខ១៧៥)៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ចូលរួម​មរណទុក្ខ ហ៊ុន សែន ដោយ​បញ្ជាក់​ពីទឹកចិត្ត​ផ្ទាល់ខ្លួន

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងមួយរូបទៀត ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានផ្ញើលិខិត​«ចូលរួម​មរណទុក្ខ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹង​បាន​បាត់បង់​ម្ដាយក្មេក កាលពីព្រឹកថ្ងៃទី៤ ខែឧសភា​កន្លងមក។ ...
កម្ពុជា

ហ៊ុន សែន ថា«វណ្ណៈកណ្ដាល»​កើនឡើង តាមរយៈ​ផ្ទះស្បូវ​ថ្លៃជាង​ផ្ទះក្បឿង

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានអះអាងថា ក្រោមការដឹកនាំរបស់លោក រហូតមកដល់ថ្ងៃនេះ «វណ្ណៈកណ្ដាល»នៃអ្នកមានទ្រព្យធន នៅក្នុងប្រទេស បានកើនឡើងយ៉ាងច្រើន។ មិនមានអំណះអំណាង ជាតួលេខ ឬរបាយការណ៍ណាមួយជាក់លាក់ ដើម្បីជួយបញ្ជាក់ នូវការលើកឡើង ...
កម្ពុជា

មាស នី ប្រតិកម្មតប ហ៊ុន សែន ដែលចោទ​លោក ជា«អាយ៉ងបរទេស»

អ្នកវិភាគឯករាជ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម លោកបណ្ឌិត មាស នី បានបញ្ចេញសារខ្លីមួយ ដើម្បីប្រតិកម្មតបនឹងការចោទប្រកាន់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាត់ទុករូបលោក ថាជា«អាយ៉ងបរទេស» បន្ទាប់ពីលោកបានវិភាគ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.