ការបង្កើត«ច្រកទ្វារអ៊ីនធឺណិត»នៅកម្ពុជា ដោយរបបដឹកនាំរបស់លោក ហ៊ុន សែន ទទួលបានការបរិហារធ្ងន់ៗ ពីអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) ដោយហៅចំណាត់ការនេះ ថាមានបំណងគ្រប់គ្រង និងរិតត្បិតលើសេរីភាពព័ត៌មាន ដូចគ្នានឹងចំណាត់ការរបស់ក្រុងប៉េកាំង ក្នុងការបង្កើត«មហាកំផែងព័ត៌មាន»ដូច្នេះដែរ។
សម្រាប់របបក្រុងភ្នំពេញ បានអះអាងថា ការបង្កើតច្រកទ្វារអ៊ីនធឺណិត មិនបានចម្លងយកតាមគំរូប្រទេសចិនទេ ហើយក៏មិនមានការរឹតត្បិត លើសេរីភាពព៏ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនោះដែរ ប៉ុន្តែវាជាការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត ដែលចេះតែវិវត្តិទៅមុខ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាដាក់ឲ្យអនុវត្ត នូវអនុក្រឹត្យមួយស្តីពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» (National Internet Gateway) ដែលមាន១១ជំពូក និង១៩មាត្រា។ អនុក្រឹត្យ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៧ ខែកុម្ភៈ បានចែងនៅត្រង់មាត្រា១ លើកឡើងពីគោលបំណង ថាដើម្បី«ពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព លើការកៀរគរចំណូលជាតិ ការពារសន្ដិសុខជាតិ និការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ»។
ប៉ុន្តែអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានស្រង់យកមាត្រាដទៃទៀត ដែលមានចែងនៅក្នុងអនុក្រឹត្យនេះ មកពន្យល់បង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន «ពិតជាបានលាក់»នូវឧបករណ៍ស្របច្បាប់ថ្មីបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យមានការត្រួតពិនិត្យព័ត៌មាន តាមអ៊ិនធឺណិត ការទាញយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ និងរារាំងទិន្នន័យព័ត៌មាន (ឬផ្នែកខ្លះ) ដែលត្រូវបានដាក់ផ្សាយ នៅតាមបណ្ដាញអ៊ីនធឺណិត។
អង្គការអន្តរជាតិដែលមានស្នាក់ការធំ នៅក្នុងរដ្ឋធានីប៉ារីស (ប្រទេសបារាំង) បានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈថា៖
«អាជ្ញាធរអាចស៊ើបការណ៍ លើសកម្មភាពអ្នកប្រើប្រាស់តាមអ៊ីនធឺណិត ព្រោះពួកគេត្រូវកំណត់អត្តសញ្ញាណរបស់ខ្លួន រៀងរាល់ការប្រើប្រាស់អ៊ីនធឺណិត ដោយត្រូវឆ្លងកាត់តាម”ច្រកទ្វារ”។ ទិន្នន័យកម្មវិធីរុករករបស់ពួកគេ រាប់បញ្ចូលទាំងអាសយដ្ឋាន “IP” និងប្រវត្តិរុករករបស់ពួកគេ នឹងត្រូវរក្សាទុកដោយប្រតិបត្តិករជាតិ យ៉ាងហោចណាស់មួយឆ្នាំ ដោយយោងតាមមាត្រា១៤ (…)។»
«រដ្ឋាភិបាលបានផ្តល់សិទ្ធិ ក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍របស់អ្នកផ្តល់សេវាផងដែរ។ ការរំលោភបំពាន លើការសម្ងាត់នៃការរុករកតាមអ៊ីនធឺណិត និងភាពឯកជនរបស់អ្នកប្រើប្រាស់ បង្កការគំរាមកំហែងដល់អ្នកសារព័ត៌មានឯករាជ្យ ហើយនឹងរារាំងការងាររបស់ពួកគេ។»
លោក ដានីញែល បាស្តារដ៍ (Daniel Bastard) នាយកការិយាល័យ តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានអះអាងថា ការបង្កើត«ច្រកទ្វារអ៊ីនធឺណិត» ទំនងជា«ការបញ្ចប់សេរីភាព» ក្នុងការផ្តល់ព័ត៌មានតាមអ៊ិនធឺណិត ដែលជាមធ្យោបាយចុងក្រោយ របស់អ្នកសារព័ត៌មានឯករាជ្យ និងអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។
នាយកការិយាល័យដដែល ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖
«ច្រកទ្វារ ដែលមានចែងក្នុងអនុក្រឹត្យនេះ គ្រាន់តែជាច្បាប់ចម្លង នៃ”មហាកំផែងព័ត៌មាន”របស់អាជ្ញាធរចិន ដែលបានក្លាយជាអ្នកជំនាញ ខាងការរឹតត្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការឈ្លបយកការណ៍កម្រិតអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងធ្វើឱ្យអន្តរាយ ដល់ដំណើរប្រព្រឹត្តិទៅ នៃក្រុមអង្គការសង្គមស៊ីវិល និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីរក្សាអំណាចរបស់លោក ដែលលោកបានក្រាញ តាំងពី៣៥ឆ្នាំមកហើយ។»
«មហាកំផែងព័ត៌មាន» ត្រូវបានបង្កើតឡើងដោយប្រទេសចិន និងដាក់ឲ្យមានដំណើរការជាបណ្តើរ ៗ តាំងពីប៉ុន្មានឆ្នាំកន្លងមក ដើម្បីឃ្លាំមើល ត្រួតពិនិត្យ ឬច្រោះព័ត៌មាន មុននឹងត្រូវបានពិគ្រោះ ដោយពលរដ្ឋចិនអ្នកប្រើប្រាស់អ៊ីនធឺណិត។ អង្គការអ្នកយកការណ៍គ្មានព្រំដែន បានចេញរៀបរាប់យ៉ាងលំអិត អំពីករណីនេះ នៅក្នុងរបាយការណ៍មួយ ដែលមានចំណងជើងថា «ប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់ប្រទេសចិន» កាលពីឆ្នាំ២០១៩។
ការលើកឡើងរបស់អង្គការអន្តរជាតិ បានបន្ថែមសំឡេងមួយទៀត ទៅលើសំឡេងរបស់ក្រុមអង្គការសង្គមស៊ីវិល ចំនួន៤៦ ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអំពាវនាវឱ្យរបបក្រុងភ្នំពេញ ត្រូវទម្លាក់ចោលគម្រោងត្រួតពិនិត្យ លើអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា។
សម្រាប់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានហៅការលើកឡើងរបស់ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ថាគ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតនយោបាយ។
សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងខាងលើ បានពន្យល់ថា ច្រកទ្វារអ៊ីនធឺណិត ត្រូវបានបង្កើតឡើង ស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំបង្កើត នៅកម្ពុជានោះទេ ហើយការរៀបចំអនុក្រឹត្យ ស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហរ និងមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើន លើក។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា ការរៀបចំបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលជាតិ ដោយផ្អែកលើគោលការណ៍ ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់ នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ជាដើម៕