បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយ ក្នុងសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី៥ ខែមិថុនានេះ សមាជិកសភាពអ៊ឺរ៉ុបច្រើននាក់ បានលើកឡើងពីរបបដឹកនាំ របស់«ជនផ្ដាច់ការ ហ៊ុន សែន» ដែលពួកគេទាំងនោះយល់ថា បាននិងកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខាងក្រោមនេះ ជាការលើកឡើងមួយចំនួន របស់ក្រុមសមាជិកសភាអ៊ឺរ៉ុបខ្លះៗ ទាំងនោះ។
«លោក ហ៊ុន សែន ជាជនផ្ដាច់ការ» ឬ«សហភាពអ៊ឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ុន សែន និងរបបរបស់លោក» ទាំងនេះ សុទ្ធសឹងជាការលើកឡើង របស់ក្រុមសមាជិកសភាអ៊ឺរ៉ុប នៅថ្ងៃទី៥ ខែមិថុនានេះ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយ របស់សភាអ៊ឺរ៉ុប នៅក្នុងរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ដើម្បីពិនិត្យមើលឡើងវិញ ពីកិច្ចសហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា មុននឹងសម្រេចបង្កើតច្បាប់មួយ ឈានទៅដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។
កិច្ចប្រជុំ ដែលបានអញ្ជើញ លោក សម រង្ស៊ី ឲ្យឡើងធ្វើជាវាគ្មិនកិត្តិយស ដ៏សំខាន់មួយរូបនោះ បានបញ្ចប់ទៅ នៅវេលាល្ងាចថ្ងៃដដែល ហើយមេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ អះអាងដែរថា សហភាពអ៊ឺរ៉ុប នឹងដាក់របបលោក ហ៊ុន សែន ឲ្យនៅក្រៅច្បាប់ ហើយបណ្ដាកិច្ចសហប្រតិបត្តិការទាំងឡាយ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា នឹងត្រូវលប់ចោល។
បន្តែនៅក្រៅអង្គប្រជុំ សមាជិកសភាអ៊ឺរ៉ុបមួយចំនួន បានទទួលជួបលោក សម រង្ស៊ី ដោយឡែក និងបានបង្ហាញពីប្រតិកម្ម របស់ផងខ្លួន សឹងតែប្រហាក់ប្រហែលគ្នា។
ដូចយ៉ាង លោក «Hans van Baalen» សមាជិកសភាអ៊ឺរ៉ុបមួយរូប ពីប្រទេសហូឡង់ និងជាប្រធានគណបក្សសម្ព័ន្ធភាពសេរីនិយម និងប្រជាធិបតេយ្យអ៊ឺរ៉ុប ហៅកាត់ថា «ALDE*» បានបញ្ជាក់ពីជំនួបនោះ និងប្រតិកម្មខ្លាំងៗ ទៅនឹងរបបដឹកនាំក្រុងភ្នំពេញ ដូច្នេះថា៖
«យើងត្រូវដាក់សម្ពាធគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីដាក់បញ្ចប់ នូវរបបគ្រប់គ្រងនៃ ជនផ្ដាច់ការ ហ៊ុន សែន និងនាំលទ្ធិប្រជាធិបតេយ្យ មកឲ្យកម្ពុជាវិញ ឲ្យបានឆាប់»។
ខណៈលោក «Petras Auštrevičius» សមាជិកសភាពអ៊ឺរ៉ុប ពីប្រទេសលីទុយអានី បានហៅជំនួបរវាងរូបលោក និងលោក សម រង្ស៊ី ថាជា«ព្រឹត្តិការណ៍»មួយ ដើម្បីសំដែងនូវ «សាមគ្គីភាព និងការគាំទ្រទាំងស្រុង» ចំពោះលោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
គឺលោក «Petras Auštrevičius» នេះហើយ ដែលក្នុងនាមលោក ជាប្រធានក្រុមសមាជិកសភាអ៊ឺរ៉ុប ដែលជា«មិត្តភ័ក្រ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីខែតុលា ឆ្នាំទៅម៉ិញ សំដែងការខ្វល់ខ្វាយ «ឥតឧបមា» របស់ក្រុមសមាជិកសភាអ៊ឺរ៉ុប នៅចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរព្រមានថា៖
«ទង្វើរបស់រដ្ឋាភិបាលកម្ពុជា អាចនឹងបង្ក ឲ្យមានផល់រមាស់យ៉ាងធ្ងន់ធ្ងរ ទៅដល់កិច្ចសហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា»។
សម្រាប់លោក «Umberto GAMBINI» ទីប្រឹក្សាជាតិអ៊ីតាលី និងជានាយកខុទ្ទកាល័យ របស់សមាជិកសភាពអ៊ឺរ៉ុប លោក «Ramon Tremosa» បានសំដែងក្ដីសង្ឃឹមថា៖ «សេរីភាព និងលទ្ធិប្រជាធិបតេយ្យ នឹងមានជ័យជំនះនៅកម្ពុជា»។ អ្នកនយោបាយជាតិអ៊ីតាលីរូបនេះ បានថ្លែងថា លោកតែងមានក្ដីរំភើបណាស់ ដែលបានជួបនិងស្ដាប់ការថ្លែង របស់លោក សម រង្ស៊ី នៅសភាអ៊ឺរ៉ុប។
ជាពិសេស លោក «Umberto GAMBINI» ថែមទាំងទទួលបាន ការចុះហត្ថលេខាដោយផ្ទាល់ ពីលោក សម រង្ស៊ី នៅក្នុងសៀវភៅរបស់លោក ដែលមានចំណងជើងថា «កម្ពុជា នឹងធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលម្ដងទៀត» នោះផង។
ជារឿយៗ លោក «Umberto GAMBINI» តែងជំនួសមុខឲ្យលោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអេស្ប៉ាញ ដើម្បីសរសេរក្រើនរំលឹក អំពីកិច្ចការឬនយោបាយទាំងឡាយ ទៅកាន់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ហើយក្នុងនោះ ក៏មានកិច្ចការ ឬនយោបាយជាច្រើន ដែលទាក់ទងនឹងប្រទេសកម្ពុជាផងដែរ។
ដូចជាកាលថ្ងៃទី៤ ខែមិថុនានេះ លោក «Umberto GAMBINI» បានប្រាប់ទៅប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី និងមន្ត្រីអ៊ឺរ៉ុបជាច្រើនរូបផ្សេងទៀតថា៖
«ព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា នៅខែកក្កដាខាងមុខ មិនមែនជាការបោះឆ្នោតទេ តែគ្រាន់ជា”ព្រឹត្តិការណ៍”មួយ ដើម្បីបន្តអំណាច ៣៣ឆ្នាំ របស់លោក ហ៊ុន សែន ទៅមុខទៀតប៉ុណ្ណោះ»៕