តំណាង​រាស្ត្រ​អ៊ឺរ៉ុប​បន្ត​សួរ​ពី​«ទណ្ឌកម្ម»​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

ក្រុមអ្នកតំណាងរាស្ត្រអ៊ឺរ៉ុប នៅតែបន្តជជីកសួរ ទៅកាន់អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អំពីទណ្ឌកម្មទាំងឡាយ ដែលសហភាពអ៊ឺរ៉ុបអាចនឹងដាក់ ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន។
តំណាង​រាស្ត្រ​អ៊ឺរ៉ុប​បន្ត​សួរ​ពី​«ទណ្ឌកម្ម»​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា
កិច្ចប្រជុំពេញអង្គមួយ របស់សភាអ៊ឺរ៉ុប ដែលមានទីស្នាក់ការ នៅក្រុង ស្ត្រាប៊ូរយ៍ ភាគខាងកើតប្រទេសបារាំង។ (រូបថតសភាអ៊ឺរ៉ុប)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ មករា ២០១៨
  • កែប្រែចុងក្រោយ: January 17, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងនឹង​រង់ចាំ​ចម្លើយ» នេះ ជាអ្វីដែលលោក «Umberto Gambini» នាយកខុទ្ទកាល័យសមាជិក​សភា​អ៊ឺរ៉ុប លោក «Ramon Tremosa» បានរំលឹកជាថ្មី ទៅកាន់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ជុំវិញសំនួរ របស់អ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ដែលបានសួរជាលាយលក្ខណអក្សរ កាលពីដើមខែធ្នូកន្លងមក។ សំណួរទាំងបី (ខាងក្រោម) នោះ​ ត្រូវបានសមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» លើកឡើង ទាក់ទងនឹងការរំលាយគណបក្សប្រឆាំង ធំជាងគេ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងប្រទេស​កម្ពុជា និងនយោបាយ «សន្ទនា» របស់សហភាពអ៊ឺរ៉ុប នៅក្នុងសំនុំរឿងនេះ។

សំនួរទាំងបី មានសេចក្ដីជាអាទិ៍ថា៖ 

១) តើវាជឿឬទេ ថានយោបាយសន្ទនា របស់សហភាពអ៊ឺរ៉ុប បានបរាជ័យ ហើយមិនមានប្រសិទ្ធិភាព ជាមួយរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពីឆ្នាំ២០១០នោះមក?

២) តើគួរបន្តសកម្មភាពរបស់សហភាពអ៊ឺរ៉ុប ដូចធម្មតា និងអនុវត្តន៍ នូវមាត្រា១ និងមាត្រា២ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា)?

៣) តើសហភាពអ៊ឺរ៉ុប នឹងត្រៀមអនុវត្តន៍ នូវទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការហាមឃាត់ផ្នែកទិដ្ឋការ ប្រឆាំងនឹងសមាជិក របស់របបដឹកនាំមួយនេះឬ?

នៅក្នុងកិច្ចប្រជុំមួយ របស់សភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងក្រុងស្ត្រាប៊ួ (Strasbourg) ភាគខាងកើតប្រទេសបារាំង អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី ដែលគេហៅម្យ៉ាងទៀត ថាជាប្រមុខការទូតអ៊ឺរ៉ុប បានថ្លែងដោយផ្ទាល់មាត់​ថា៖ «វាមិនអាចមានការអភិវឌ្ឍ ប្រកបដោយចីរភាពបានឡើយ បើគ្មានសិទ្ធិមនុស្ស ហើយគ្មានការធានា ពីលទ្ធិប្រជាធិបតេយ្យនោះ។ ដូច្នេះ យើងកំពុងប្រើ ហើយនឹងបន្តប្រើ គ្រប់លទ្ធភាពដែលមាន ដើម្បីទទូច និងធ្វើការផ្លាស់ប្តូរនិន្នាការនយោបាយ នាពេលសព្វថ្ងៃ។»។

សភាអ៊ឺរ៉ុប បានសម្រេចរួចហើយ នូវដំណោះស្រាយមួយ មាន១៣ចំណុច កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន។ នៅក្នុងចំណុចទី១០ - ១១ និងទី១២ នៃដំណោះស្រាយនោះ មានសរសេរឡើងថា៖

១០) សភាអ៊ឺរ៉ុប រំលឹករដ្ឋាភិបាលកម្ពុជា ថាខ្លួនត្រូវតែបំពេញកាតព្វកិច្ច និងការសន្យារបស់ខ្លួន ទាក់ទងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាធាតុដ៏សំខាន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា)។

១១) សភាអ៊ឺរ៉ុប គូសបញ្ជាក់ឲ្យច្បាស់ថា ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ជាលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីឲ្យប្រទេសកម្ពុជាបន្តទទួលបាន ផលប្រយោជន៍ពីកម្មវិធីអនុគ្រោះ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែអាវុធ» របស់សហភាពអឺរ៉ុប - ស្នើទៅអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (ដែលមានតំណែង ដូចបានជម្រាបខាងលើរួច) និងស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) ឲ្យពិនិត្យឡើងវិញ ដោយមិនបង្អង់យូរ ពីកាតព្វកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌ នៃអនុសញ្ញាដែលពាក់ព័ន្ធ ដូចមានចែងក្នុងមាត្រា ១៩ នៃកម្មវិធីអនុគ្រោះ «អ្វីៗទាំងអស់លើកលែងតែអាវុធ» - ស្នើដោយទទូចថាប្រព័ន្ធអនុគ្រោះឲ្យរួចពន្ធ ត្រូវបានដកចេញជាបណ្ដោះអាសន្ន ពីប្រទេសកម្ពុជា ប្រសិនណាជាប្រទេសនេះ មិនគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្នុងក្របខណ្ឌ នៃអនុសញ្ញាខាងលើ។

១២) សភាអ៊ឺរ៉ុប អញ្ជើញ«ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)» និងគណៈកម្មការអ៊ឺរ៉ុប ឲ្យរៀបចំបញ្ជីឈ្មោះ នៃមន្ត្រីកម្ពុជាទាំងឡាយណា ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដាក់កំហិត ផ្នែកទិដ្ឋាការ (ហាមឃាត់ចូលទឹកដីអ៊ឺរ៉ុប) និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។

ប៉ុន្តែដំណោះស្រាយខាងលើ ត្រូវបានរដ្ឋសភាជាតិកម្ពុជា ប្រតិកម្មតបវិញថា ត្រូវបានធ្វើឡើង ដោយ«ផ្អែកលើព័ត៌មានលម្អៀង ដែលបានមកពីភាគីតែម្ខាង»ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...