ដំណោះ​ស្រាយ​១៣​ចំណុច ដែល​​សភា​​អ៊ឺរ៉ុប​អនុម័ត​ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុុន សែន

ខាងក្រោមនេះ ជាដំណោះស្រាយទាំង១៣ចំណុច លេខ «RC-B8-0686/2017» ដែលសភាអ៊ឺរ៉ុបអនុម័ត ក្នុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីដាក់ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា។
ដំណោះ​ស្រាយ​១៣​ចំណុច ដែល​​សភា​​អ៊ឺរ៉ុប​អនុម័ត​ដាក់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុុន សែន
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងអង្គប្រជុំពេញអង្គមួយ របស់សភាអ៊ឺរ៉ុប នៅក្នុងក្រុងស្ត្រាប៊ួរ៍ (ភាគខាងកើត) ប្រទេសបារាំង។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 15, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

សេចក្ដីស្នើដំណោះស្រាយ ទាំង១៣ចំណុច លេខ«RC-B8-0686/​2017» ត្រូវបានសមាជិកសភាអ៊ឺរ៉ុបជាច្រើនសិបនាក់ ស្នើឡើងតាំងពីច្រើនថ្ងៃហើយ និងរងការកែតម្រូវជាច្រើនដង មុននឹងសេចក្ដីស្នើដំណោះស្រាយនេះ ចេញជាអត្ថបទផ្លូវការ កាលពីថ្ងៃទី១៣ ខែធ្នូ និងក្លាយជាសេចក្ដីសម្រេច លេខ «P8_TA​(2017)​0497» ដែលត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ និងជាស្ថាពរ ដោយអង្គប្រជុំនៃសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ អត្ថបទសេចក្ដីសម្រេច ត្រូវបានសរសេរបកប្រែ ចេញជា២៣ភាសា ដែលជាភាសាផ្លូវការ របស់បណ្ដាប្រទេសសមាជិក ទាំង២៨ (រាប់ទាំងចក្រភពអង់គ្លេស) នៃសហភាពអ៊ឺរ៉ុប។

ផ្ទុយពីការលើកឡើង របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែលអះអាងថា នេះគ្រាន់តែជា«ការព្រមាន»នោះ សេចក្ដីសម្រេចខាងលើ មានតម្លៃស្មើនឹងច្បាប់ ហើយនឹងចូលជាធរមានភ្លាមៗ សម្រាប់ឲ្យស្ថាប័នអ៊ឺរ៉ុបដែលពាក់ព័ន្ធ យកទៅអនុវត្តន៍ បន្ទាប់ពីអង្គសភាអ៊ឺរ៉ុប បានបោះឆ្នោតអនុម័តរួច។

មុននឹងឈានដល់ដំណោះស្រាយ ទាំង១៣ចំណុច អត្ថបទសេចក្ដីសម្រេច បានសរសេរយោង និងបានឃើញ ពីសន្ធិសញ្ញា កិច្ចព្រមព្រៀង សេចក្ដីប្រកាសរួម ជាលក្ខណៈអន្តរជាតិជាច្រើន ដែលកម្ពុជាបានផ្ដល់សច្ចាប័ន (មានទាំងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១) ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងយោងតាមមាត្រាមួយចំនួន នៃធម្មនុញ្ញអ៊ឺរ៉ុប ក៏ដូចជាបទ​បញ្ជាផ្ទៃក្នុង របស់សភាអ៊ឺរ៉ុបនោះផង។ បន្ទាប់មក សេចក្ដីសម្រេចនោះ បានសរសេរគូសបញ្ជាក់ អំពីរាល់ទឡ្ហីករណ៍ សក្ខីកម្ម បញ្ហា ទង្វើ និងសកម្មភាព ដែលទើបនឹងកើតឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយដែលបង្កឲ្យមានដំណើរដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ រហូតក្លាយជាវិបត្តិនយោបាយ ដ៏ស្រួចស្រាវក្នុងពេលនេះ។

ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបកប្រែក្រៅផ្លូវការ នូវដំណោះស្រាយទាំង១៣ចំណុចនេះ ជូនប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖

សភាអ៊ឺរ៉ុប៖

១) សំដែងនូវការព្រួយបារម្ភ ដ៏ជ្រាលជ្រៅ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ - សំដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការហាមឃាត់គណបក្សនេះ ដែលបង្ហាញពីសញ្ញាមួយ នៃអំណាចផ្ដាច់ការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន - ទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យដកចេញវិញ នូវការសម្រេច​រំលាយគណបក្សសង្គ្រោះជាតិ, ឲ្យសមាជិករបស់គណបក្សនេះ ត្រឡប់ចូលទៅកាន់តំណែង នៅក្នុងរដ្ឋសភាជាតិ និងនៅក្នុងឃុំសង្កាត់វិញ, ឲ្យមានការចូលរួម ដោយពេញលេញ ពីបណ្ដាគណបក្សប្រឆាំងទាំងអស់ នៅក្នុងជីវិភាពសាធារណៈ, ឲ្យធានាបាន នូវសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គការសង្គមស៊ីវិល, និងឲ្យបិទបញ្ចប់នូវបរិយាកាសបំភិតបំភ័យ និងការឹតត្បិត ដែលសុទ្ធសឹងជាយន្ដការដ៏ចាំបាច់ សម្រាប់ការរៀបចំការបោះឆ្នោត សេរី បើកចំហរ និងប្រកបដោយតម្លាភាព។

២) បញ្ជាក់ជាថ្មីទៀត ពីការខ្វល់ខ្វាយដ៏ខ្លាំងក្លា ដូចដែលសភាអ៊ឺរ៉ុបធ្លាប់បានលើកឡើង នៅក្នុងដំណោះស្រាយលើកមុនៗហើយ នៅចំពោះការដើរថយក្រោយ និងសភាព​កាន់តែអាក្រក់ នៃស្ថានភាពរបស់អ្នកនយោបាយប្រឆាំង ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងសមាជិករបស់អង្គការសង្គមស៊ីវិល នៅប្រទេសកម្ពុជា។

៣) គាំទ្រទាំងស្រុង នូវប្រសាសន៍របស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ទាក់ទងនឹងភាពមិនច្បាស់លាស់ នៃការចោទប្រកាន់ ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ និងសមាជិករបស់គណបក្សនេះ ក៏ដូចជាបទបញ្ញត្តិច្បាប់ ដែលត្រូវបានយកមកប្រើប្រាស់ជាមូលដ្ឋាន សម្រាប់រំលាយគណបក្សនេះ។

៤) យល់ឃើញថា តុលាការកំពូលកម្ពុជា បានជ្រៀតជ្រែកដែលមិនអាចទទួលយកបាន ទៅក្នុងសិទ្ធិសេរីភាព​របស់ប្រជាជនកម្ពុជា ដូចជាសិទ្ធិក្នុងការជ្រើសរើសដោយសេរី នូវអ្នកតំណាងផ្នែកនយោបាយរបស់ពួកគេ និងសិទ្ធិក្នុងការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងទាំងនោះ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ - បរិហារពីអវត្តមាន នៃឯករាជ្យភាព និងភាពមិនលំអៀង នៃអំណាចយុត្តិធម៌កម្ពុជា។

៥) ស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យលុបចោលទាំងអស់ នូវរាល់ច្បាប់ធ្វើវិសោធនកម្មទាំងឡាយ ស្ដីពីគណបក្សនយោបាយ និងស្ដីពីការបោះឆ្នោត ដែល (ការធ្វើវិសោធនកម្មទាំងនោះ) បានកំណត់ព្រំដែន នៃសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយ។

៦) ថ្កោលទោសយ៉ាងក្លៀវក្លា ការឃាត់ខ្លួនលោក កឹម សុខា និងសកម្មជននយោបាយដទៃទៀត - ទាមទារទៅរដ្ឋាភិបាល ឲ្យលើកចេញជាបន្ទាន់ នូវដីការចាប់ខ្លួន ប្រឆាំងមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ក៏ដូចជាការចោទប្រកាន់ទាំងឡាយ ដែលធ្វើឡើងប្រឆាំងរូបលោក, ឲ្យដោះលែងដោយមិនបង្អង់ និងដោយគ្មានលក្ខខណ្ឌ លោក កឹម សុខា និងអ្នកតំណាងរាស្ត្រប្រឆាំងផ្សេងទៀត,​ និងឲ្យលើកចេញទាំងអស់ នូវការចោទប្រកាន់ទាំងឡាយ ដែលធ្វើប្រឆាំងពួកគេ។

៧) បង្ហាញពីមន្ទិលយ៉ាងធ្ងន់ធ្ងរ ចំពោះភាព​ទទួលយកបាន និងតម្លាភាព នៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨  បន្ទាប់ពីសាលក្រមរបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ - សង្កត់ធ្ងន់ថា ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងធំជាងគេ  ត្រូវបានគេរំលាយចោលតាមអំពើចិត្តដូច្នេះ មិនមែនជារឿងស្របច្បាប់នោះទេ ហើយការបោះឆ្នោតប្រកបដោយតម្លាភាព និងប្រកបដោយការប្រកួតប្រជែង គឺជារូបធាតុដ៏សំខាន់ ក្នុងការធានាសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស និងតំបន់ទាំងមូល។

៨) ស្វាគមន៍ចំពោះសេចក្តីសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការព្យួរជំនួយ សម្រាប់ការបោះឆ្នោតទាំងអស់ រហូតទាល់តែកម្ពុជាធ្វើការកែទម្រង់ ស្របតាមស្តង់ដារនៃការបោះឆ្នោតអន្តរជាតិ ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងការពារសកម្មភាពស្របច្បាប់ របស់សង្គមស៊ីវិល។

៩) អំពាវនាវដល់អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ក៏ដូចជាតំណាងពិសេស របស់សហភាពអឺរ៉ុប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការប្រើប្រាស់នូវគ្រប់មធ្យោបាយដែលមាន ដើម្បីការពារសិទ្ធិជាមូលដ្ឋាន របស់ប្រជាជនកម្ពុជា ជាពិសេសសិទ្ធិរបស់ពួកគេ ក្នុងការជ្រើសរើសតំណាង និងសិទ្ធិក្នុងការឈរឈ្មោះជាតំណាង ដើម្បីធានាឲ្យមាន នូវភាពចំរុះនិងគោលការណ៍ប្រជាធិបតេយ្យ ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

១០) រំលឹករដ្ឋាភិបាលកម្ពុជា ថាខ្លួនត្រូវតែបំពេញកាតព្វកិច្ច និងការសន្យារបស់ខ្លួន ទាក់ទងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋាន ដែលជាធាតុដ៏សំខាន់ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា)។

១១) គូសបញ្ជាក់ឲ្យច្បាស់ថា ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ជាលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីឲ្យប្រទេសកម្ពុជាបន្តទទួលបាន ផលប្រយោជន៍ពីកម្មវិធីអនុគ្រោះ ដែលមានឈ្មោះថា «អ្វីៗទាំងអស់លើកលែងតែអាវុធ» របស់សហភាពអឺរ៉ុប - ស្នើទៅអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (ដែលមានតំណែង ដូចបានជម្រាបខាងលើរួច) និងស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) ឲ្យពិនិត្យឡើងវិញ ដោយមិនបង្អង់យូរ ពីកាតព្វកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌ នៃអនុសញ្ញាដែលពាក់ព័ន្ធ ដូចមានចែងក្នុងមាត្រា ១៩ នៃកម្មវិធីអនុគ្រោះ «អ្វីៗទាំងអស់លើកលែងតែអាវុធ» - ស្នើដោយទទូចថាប្រព័ន្ធអនុគ្រោះឲ្យរួចពន្ធ ត្រូវបានដកចេញជាបណ្ដោះអាសន្ន ពីប្រទេសកម្ពុជា ប្រសិនណាជាប្រទេសនេះ មិនគោរពកាតព្វកិច្ចរបស់ខ្លួន នៅក្នុងក្របខណ្ឌ នៃអនុសញ្ញាខាងលើ។

១២) អញ្ជើញ«ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)» និងគណៈកម្មការអ៊ឺរ៉ុប ឲ្យរៀបចំបញ្ជីឈ្មោះ នៃមន្ត្រីកម្ពុជាទាំងឡាយណា ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដាក់កំហិត ផ្នែកទិដ្ឋាការ (ហាមឃាត់ចូលទឹកដីអ៊ឺរ៉ុប) និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។

១៣) ចាត់ឲ្យប្រធានសភាអ៊ឺរ៉ុប ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាអ៊ឺរ៉ុប, ទៅកាន់គណៈកម្មការអ៊ឺរ៉ុប និងអនុប្រធានគណៈកម្មការ / តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងនយោបាយសន្តិសុខ, ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅ របស់សហភាពអឺរ៉ុប, ទៅកាន់អគ្គលេខាធិការ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN), ទៅកាន់រដ្ឋាភិបាល នៃប្រទេសជាសមាជិក និងទៅកាន់សភា នៃប្រទេសជាសមាជិក របស់សហភាពអ៊ឺរ៉ុប, និងជាចុងក្រោយ ត្រូវបញ្ជូន​សេចក្ដី​សម្រច​ដំណោះស្រាយ​នេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់