កម្ពុជាដំណឹង

សម រង្ស៊ី ថ្លែង​បន្ថែម​ឲ្យ​ជនមាន​កាំភ្លើង ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ

នៅចំពោះគម្រោងបើកសវនាការ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ «ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព» លោក សម រង្ស៊ី បានបញ្ជាក់ជំហរថា លោកមិនខ្វល់អ្វីឡើយ។ ផ្ទុយទៅវិញ លោកបានអំពាវនាវបន្ថែម ទៅកាន់ជនណាក៏ដោយ ដែលប្រដាប់ដោយអាវុធ ឲ្យរក្សាអាវុធនេះ ដើម្បី«ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ»។

សារព័ត៌មានក្នុងស្រុកបាន ផ្សាយឲ្យដឹងថា ព្រះ​រាជ​អាជ្ញា​រង​ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី លោក ប្លង់​ សុផល​ បាន​ចេញ​​ដីកាកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ​​កោះ​ហៅ​លោក ​សម រង្ស៊ី​ ឲ្យ​ចូល​រួម​សវនាការ​ នៅ​ថ្ងៃទី​ ២២ ​ខែ​មេសា​ខាង​មុខ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​​ទាំងពីរខាងលើ ​តាម​មាត្រា​ ៤៧១ និង​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

អះអាងតាមបណ្ដាញសង្គម កាលពីមុននេះបន្តិច មេដឹកនាំប្រឆាំងបានសរសេរថា៖

«ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា តុលាការអាយ៉ង នៅទីក្រុងភ្នំពេញ កោះហៅខ្ញុំ ឲ្យទៅបង្ហាញមុខ នៅថ្ងៃ ២២ មេសា ខាងមុខនេះ ពីបទចោទប្រកាន់ “ញុះញង់កុំឲ្យយោធិន ស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព”។»

«តែខ្ញុំមិនខ្វល់ ពីការកោះហៅរបស់តុលាការអាយ៉ងនេះទេ ហើយខ្ញុំនៅតែអំពាវនាវកាន់តែខ្លាំងឡើងៗ ហើយកាន់តែញឹកញាប់ទៅៗ៖ “សូមកងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និងកងនគរបាល កុំធ្វើតាមបញ្ជា ពីមេដឹកនាំផ្តាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់”។»

តាម​មាត្រា​ទាំង​២​ខាងលើ ​លោក​ សម រង្ស៊ី អាចប្រឈម​​​នឹងការ​ផ្តន្ទា​ទោស​ ដាក់​ពន្ធនា​គារ​ចន្លោះ​ពី​ ២​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ​ពី​៤លាន​រៀល ​ទៅ ​១០ លាន​រៀល។ ការ​ចោទ​ប្រកាន់នោះ ធ្វើឡើងដោយឈរ លើការអំពាវ​នាវមួយរបស់លោក កាលពី​ថ្ងៃទី ​៩ ខែធ្នូ ​ឆ្នាំ ២០១៧ អះអាង​ថា​៖

«​សូម​​កងកម្លាំង​ប្រដាប់​អាវុធ​ ពល​ទាហាន ​និង​នគរបាល​កុំ​ធ្វើ​តាម​បញ្ជា ​ពី​មេដឹកនាំ​ផ្តាច់ការ ​បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ ​និង​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់។»។

«ត្រៀម​ការពារ​ខ្លួន​និង​ពលរដ្ឋ»

នៅក្នុងការថ្លែងរបស់លោក នៅថ្ងៃនេះ មេដឹកនាំប្រឆាំងបានបន្ថែមការអំពាវនាវមួយទៀតថា៖ 

«សូមបងប្អូនជនរួមជាតិ និងកូនក្មួយម្នាក់ៗ ដែលមានកាំភ្លើងមួយដើមក្នុងដៃ ត្រៀមខ្លួនឈប់ស្តាប់បញ្ជា ពីរបបតិរច្ឆាន ហ៊ុន សែន ហើយរក្សាកាំភ្លើងនោះ ដើម្បីការពារខ្លួនឯង និងការពារប្រជាពលរដ្ឋ ដែលមានសាច់ឈាមជាខ្មែរដូចគ្នា”។ ក្រោម​របប​តិរច្ឆាន​នេះ យើងក៏ត្រូវរក្សាអាវុធផងដែរ ដើម្បីការពារដីធ្លី និងផ្ទះសម្បែងរបស់យើង ពេលណាគេមករឹបអូសដីធ្លី និងផ្ទះសម្បែងរបស់យើង ថែមទាំងបាញ់ប្រហារមកលើយើងថែមទៀត។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តថា៖

«ការការពារអាយុជីវិតរបស់យើងម្នាក់ៗ ពេលប្រឈមមុខ ការគំរាមកំហែងដល់ជីវិត ពីសំណាក់ជនណាមួយ ឬក្រុមណាមួយដ៏សាហាវ មិនមានទោសអ្វីទេ ចំពោះមុខច្បាប់ ពីព្រោះបើយើងមិនការពារ អាយុជីវិតរបស់យើងទេ គេច្បាស់ជា នឹងសម្លាប់យើងតែម្តង៕»



លំអិតបន្ថែមទៀត

កម្ពុជា

CNRP រៀបចំ​ឲ្យ សម រង្ស៊ី វិល​ចូលស្រុក​វិញ​តាម​រយៈ​«វិធានការចំនួន៥»

គណៈកម្មការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ដែលបានជួបប្រជុំគ្នា នៅក្នុងក្រុងឡូវែល សហរដ្ឋអាមេរិក ក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានប្រកាសឲ្យដឹង ពីការត្រៀមលក្ខណៈ នៃការវិលចូលប្រទេសកម្ពុជាវិញ របស់ប្រធានស្ដីទីគណបក្ស លោក ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...
កម្ពុជា

ហ៊ុន សែន បន្ត​និយាយ​ឆ្លើយឆ្លង​ ជាមួយ​«ឆ្កែ»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានថ្លែងហៅលោក សម រង្ស៊ី ថាជា«ឆ្កែ»យ៉ាងពេញមាត់ ខណៈបុរសខ្លាំងនៅក្នុងអំណាច តាំងពីជាង៣៤ឆ្នាំរូបនេះ បានលើកឡើងជាបន្តបន្ទាប់ ថាលោកឈប់ឆ្លងឆ្លើយ ជាមួយមេដឹកនាំប្រឆាំងទៀតហើយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.