កម្ពុជាដំណឹង

នួន ជា ខ្មែរក្រហម«បងធំទី២» បាន​លាចាក​លោក​ ក្នុងអាយុ៩៣ឆ្នាំ

បងធំទី២ នៃរបបខ្មែរក្រហម គឺលោក នួន ជា បានទទួលមរណភាពហើយ ក្នុងអាយុ៩៣ឆ្នាំ នៅល្ងាចថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩ នាមន្ទីរពេទ្យរ៉ុស្ស៊ី រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង របស់សាលាក្តីវិសាមញ្ញ សម្រាប់កាត់ក្តីមេដឹកនាំខ្មែរក្រហម។

មូលហេតុដែលបណ្ដាលឲ្យលោកស្លាប់ មិនត្រូវបានបង្ហាញជាផ្លូវការទេ។ តែសារព័ត៌មានក្នុងស្រុកអះអាងថា លោកមានជំងឺទឹកនោមផ្អែម ដ៏រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ តម្រូវឲ្យកាត់ជើង ដើម្បីសង្គ្រោះជីវិត។

លោក នួន ជា គឺជាប្រធានសភាប្រជាជន នៃរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ហើយក៏ជាមេដឹកនាំផ្នែកមនោគមវិជ្ជា ជិតស្និទ្ធជាទីបំផុតជាមួយលោក សាឡុតស ហៅ ប៉ុលពត នោះដែរ។

ដៃស្ដាំរបស់ ប៉ុលពត រូបនេះ រួមជាមួយមេដឹកនាំ សំខាន់ៗដទៃទៀត នៃក្រុមខ្មែរក្រហម បានដឹកនាំប្រទេសកម្ពុជា រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ និងបានធ្វើឲ្យប្រជាជនកម្ពុជា ចំនួនប្រមាណជា២លាននាក់ ស្លាប់បាត់បង់ជីវិត។

ប៉ុន្តែនៅក្នុងតុលាការកូនកាត់ ដែលបង្កើតឡើងក្រោមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ លោក នួន ជា មិនដែលឆ្លើយទទួលខុសត្រូវ មិនត្រឹមតែចំពោះការដឹកនាំ របស់លោកទេ តែបើសូម្បីចំពោះអ្វី ដែលបានកើតឡើង ក្នុងរបបនោះក៏ដោយ។

នៅចំពោះតុលាការ អតីតមេដឹកនាំរូបនេះ ធ្លាប់អះអាងថា ឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមែនជាជម្លោះរវាងខ្មែរ និងខ្មែរទេ តែជាការបង្គាប់បញ្ជា និងដឹកនាំពីវៀតណាមទាំងអស់។

យ៉ាងណា តុលាការមួយនេះ ដែលកំពុងមានសកម្មភាពនៅឡើយ ក្នុងរាជធានីភ្នំពេញ បានកាត់ទោសរូបលោក ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍។

លោក នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត កើតថ្ងៃទី៧ កក្កដា ១៩២៦ នៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោកមានម្ដាយជាខ្មែរសុទ្ធ ចំណែកឪពុកជាខ្មែរជាប់សែចិន។

សាលាក្ដីកាត់ទោសខ្មែរក្រហម បានឲ្យដឹងទៀតថា សាកសពលោក នួន ជា នឹងត្រូវឆ្លងកាត់ការធ្វើកោសល្យវិច័យ ដោយសាលាក្តីជាមុនសិន ទើបត្រូវប្រគល់ ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យសព។

ជាការរំឭកឡើងវិញ លោក នួន ជា បានដាក់អាវុធចុះចូល ជាមួយរបបក្រុងភ្នំពេញ ដែលដឹកនាំដោយលោក ហ៊ុន សែន នៅឆ្នាំ១៩៩៨ ដើម្បីជាថ្នូរនឹងការរស់នៅដោយសេរី ក្នុងអតីតតំបន់គ្រប់គ្រងដោយខ្មែរក្រហម។

លោកទើបតែត្រូវបានចាប់ខ្លួន នៅឆ្នាំ២០០៧ ពោលគឺបន្ទាប់ពីរបបដឹកនាំរបស់លោក ហ៊ុន សែន រងសំពាធជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ ជាពិសេសពីអង្គការសហប្រជាជាតិ ដែល ចាំបាច់ត្រូវនាំខ្លួន បណ្ដាមេដឹកនាំនៃកម្ពុជាប្រជាធិបតេយ្យ ឲ្យឡើងទៅកាត់ទោស៕



លំអិតបន្ថែមទៀត

របាយការណ៍

«សមិទ្ធិផល»នៃសម្តេច សីហនុ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

តើ«សមិទ្ធិផល»របស់សម្ដេច នរោត្ដម សីហនុ ណាខ្លះ ដែលបានបាត់បង់ និងសមិទ្ធិផល​ណាទៀត ដែល​នៅសេសសល់ ហើយក្លាយជាអ្វី នៅពេលបច្ចុប្បន្ននេះ? កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ខណៈដែលប្រជាជនកម្ពុជាជាទូទៅ ...
កម្ពុជា

ហ៊ុន សែន ពន្យល់​ពីខួប​ទី៥០ នៃថ្ងៃខែឆ្នាំ​កំណើត​«មិនពិត»​របស់លោក

ថ្ងៃខែឆ្នាំកំណើត «មិនពិត» របស់លោក ហ៊ុន សែន មិនមែនជារឿងថ្មីទេ ព្រោះវាត្រូវបាននាយករដ្ឋមន្ត្រីរូបនេះ លើកឡើងដដែលៗ សឹងជារៀងរាល់ឆ្នាំ។ តែប្លែកនៅត្រង់ថា ឆ្នាំថ្មី ឆ្នាំ២០២០ បុរសខ្លាំងកម្ពុជា ...
កម្ពុជា

ហ៊ុន សែន ជូនពរ​«ចូលឆ្នាំចិន»​៤ថ្ងៃមុន ដោយធៀប​ទៅ​របបខ្មែរក្រហម

«ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យ”ចូលឆ្នាំចិន”ខាងមុខ និងមានលាភសំណាងគ្រប់ៗគ្នា។» ខាងលើនេះ ជាការថ្លែងពាក្យជូនពរ សម្រាប់ពិធីចូលឆ្នាំចិន-វៀតណាម ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈពិធីជាប្រពៃណីនេះ នឹងចូលមកដល់ ក្នុង៤ថ្ងៃខាងមុខ។ យ៉ាងណា បុរសខ្លាំងកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.