កម្ពុជាដំណឹងអាស៊ី-ប៉ាស៊ីភិក

មេដឹកនាំសភាអ៊ឺរ៉ុប ទាមទារឲ្យ​ស៊ើបអង្កេត​ករណី​ចាប់ពង្រត់ វ៉ាន់ឆាឡឺម

សភាសហភាពអ៊ឺរ៉ុប (EU Parl) ដែលមានទីតាំងនៅក្រុងស្ត្រាប៊ួរ (Strasbourg) ប្រទេសបារាំង បានស្នើឲ្យកម្ពុជា និងថៃ ត្រូវធ្វើការស៊ើបអង្កេត ឲ្យបានម៉ត់ចត់ និងជាបន្ទាន់ ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជននយោបាយថៃ ដែលត្រូវបានចាប់ពង្រត់ នៅខាងមុខលំនៅដ្ឋានរបស់លោក កណ្ដាលរាជធានីភ្នំពេញ កាលពីដើមខែកន្លងមក។

តាមរយៈសេចក្ដីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មេដឹកនាំ​បីរូប របស់​សភាអ៊ឺរ៉ុប បានសំដែងការខ្វល់ខ្វាយ ចំពោះហេតុការណ៍នេះ និងចំពោះ​សេចក្ដី​រាយការណ៍ ដែលបានឲ្យដឹងថា មានការចាប់បញ្ជូនខ្លួន អ្នកនយោបាយប្រឆាំង រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល នៅក្នុងតំបន់អាស៊ាន។

សេចក្ដីថ្លែងការណ៍បានសរសេរថា៖

«យើងសូមរំឭកថា ការចាប់ពង្រត់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញា អន្តរជាតិ សម្រាប់​ការពារ​មនុស្សទាំងអស់ ពីការបាត់ខ្លួនដោយបង្ខំ និង​កតិកាសញ្ញា​អន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ អាជ្ញាធរជាតិ ត្រូវតែធានាថា ឧក្រិដ្ឋកម្ម​បែបនេះ ត្រូវបានស៊ើបអង្កេត ប្រកបដោយប្រសិទ្ធភាព ហើយ​អ្នក​ដែលទទួលខុសត្រូវ ត្រូវបាន​នាំយកមកកាត់ទោស។»

ប្រភពជាច្រើន​បានអះអាងថា សកម្មជនប្រជាធិបតេយ្យថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បាននិរទេស​ខ្លួន មករស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៤។ សាក្សីច្រើននាក់ដែល​ត្រូវបានស្រង់សំដី ដោយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) បាន​អះអាងថា សកម្មជនរូបនេះ ត្រូវបានចាប់ពង្រត់ ពីខាងមុខ​អាគារ​ស្នាក់នៅរ​បស់លោក នៅវេលា​ម៉ោង​ប្រមាណ ជាង៥ល្ងាច ថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយជន​បិទមុខ​មួយក្រុម ប្រដាប់ដោយអាវុធ។

សម្រាប់អាជ្ញាធរកម្ពុជា បានអះអាងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មិនបានមកសុំ​ពន្យាពេល​ទិដ្ឋាការ តាំងពីឆ្នាំ២០១៧ និងបានបាត់ដំណឹង ពីពេលនោះរហូតមក។

ប៉ុន្តែក្រុមមេដឹកនាំសភា នៃសហភាពអ៊ឺរ៉ុប បានសំដែងក្ដីបារម្ភទៀតថា ការបាត់ខ្លួន​សកម្មជន​រូបនេះ ទំនងជាជាប់ទាក់ទង នឹងការផ្លាស់ប្ដូរអ្នកនយោបាយប្រឆាំង ដោយ​អាជ្ញាធរ​រដ្ឋាភិបាល នៅក្នុងសមាគមប្រជាជាតិអាស៊ាន។ ក្រុមមេដឹកនាំសភាអ៊ឺរ៉ុប​បាន​ព្រមាន​ឡើងថា៖

«វាជាការចាំបាច់ណាស់ ក្នុងគោរពគោលការណ៍ នៃការមិនបញ្ជូនជនភៀសខ្លួន ទៅកាន់​ប្រទេសដើមវិញ ដែលត្រូវបានការពារ ដោយច្បាប់អន្តរជាតិ។»

សេចក្ដីថ្លែងការណ៍ បានសង្កត់ធ្ងន់ទៀតថា៖

«យើងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធានាថា សិទ្ធិរបស់បណ្ដាជនទាំងនោះ ដែលស្វែងរកទីជម្រក ដើម្បីភៀសខ្លួននៅក្រៅប្រទេស ត្រូវបានគោរព ហើយសុវត្ថិភាពរបស់ពួកគេ ត្រូវបានធានា។ សេរីភាពនៃការបញ្ចេញមតិ គឺជាផ្នែកសំខាន់មួយ នៃសិទ្ធិទាំងនេះ។ វារាប់បញ្ចូលទាំងសិទ្ធិ នៃការបញ្ចេញមតិដោយសន្តិវិធី របស់សម្លេងប្រឆាំងនោះផង។»

មេដឹកនាំសភាអ៊ឺរ៉ុបទាំង៣រូប រួមមាន៖

អ្នកស្រីតំណាងរាស្ត្រ «Heidi Hautala» មកពីប្រទេសហ្វាំងឡង់ អនុប្រធានសភាអ៊ឺរ៉ុប ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេតយ្យ និងសហគមន៍ពានរង្វាន់ «Sakharov»។

អ្នកស្រីតំណាងរាស្ត្រ «Maria Arena» មកពីប្រទេសប៊ែលហ្សិក ប្រធានគណៈកម្មការ នៃសភាអ៊ឺរ៉ុប ទទួលបន្ទុក​សិទ្ធិមនុស្ស។

លោកតំណាងរាស្ត្រ «Daniel Caspary» មកពីប្រទេសអាល្លឺម៉ង់ ប្រធានគណៈប្រតិភូ​សភាអ៊ឺរ៉ុប ទទួលបន្ទុក​ទំនាក់ទំនង ជាមួយបណ្ដាប្រទេស នៅអាស៊ីប៉ែកអាគ្នេយ៍ និង​ជាមួយសមាគម​អាស៊ាន៕



លំអិតបន្ថែមទៀត

របាយការណ៍

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

វិបត្តិនៅប្រទេស វេណេស៊ុយអេឡា បានបង្កឲ្យមានការប្រទាំងប្រទើស ផ្នែកការទូតអន្តរជាតិ យ៉ាងខ្លាំងក្លា ជាពិសេសនៅបន្ទាប់ពីលោក រ៉ន់ ហ្គេឌូ (Juan Guaido) មេដឹកនាំប្រឆាំង បានប្រកាសខ្លួន ឡើងធ្វើជាប្រធានាធិបតីស្តីទី ...
លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
កម្ពុជា

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ...
ដំណឹង

រដ្ឋសភា​អូទ្រីស បោះឆ្នោត​ទម្លាក់​អធិការបតី «Sebastian Kurz»

អធិការបតីនៃប្រទេសអូទ្រីស លោក «Sebastian Kurz» ទើបនឹងត្រូវបានទម្លាក់ចេញពីតំណែង ដោយញត្តិបន្ទោសមួយ បោះឆ្នោតសម្រេចនិងអនុម័ត ដោយរដ្ឋសភាជាតិ។ ការទម្លាក់មេដឹកនាំរូបនេះ​​ចេញពីអំណាច ធ្វើឡើងកាលពីប៉ុន្មាននាទីមុន និង១០ថ្ងៃ​ក្រោយការបែកធ្លាយ​រឿងអាស្រូវ «Ibizagate» នៃវីដេអូឯកជនមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.