កម្ពុជាដំណឹង

ហ៊ុន សែន ចង់ឃើញ​មុខ​«អ្នកដែលសប្បាយ»​ពេលអ៊ឺរ៉ុប​ធ្វើបាបលោក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AFP)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មនៅថ្ងៃនេះ ថារដ្ឋាភិបាលរបស់លោក នឹងមិនខ្វល់ពីការដកប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុប ហៅថា «គ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA» នោះឡើយ ដោយលោកថ្លែងថា កម្ពុជានៅតែអនុវត្តពាក្យ «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» ហើយចង់មើលមុខ អ្នកដែលសប្បាយ ពេលឃើញបរទេស​ធ្វើបាប​របបដឹកនាំ​របស់លោក។

បុរសខ្លាំងកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ បន្ទាប់ពីលោកមិនបានបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេល២០ថ្ងៃមកហើយ។

លោក ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្រើន ពីហេតុការណ៍ចុងក្រោយ ទាក់ទងប្រព័ន្ធអនុគ្រោះ «EBA» ដែលសហភាពអ៊ឺរ៉ុប ទើបនឹងប្រកាសបើកនីតិវិធី ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីនេះ ក្នុងរយៈពេលច្រើនខែខាងមុខ ប្រសិនណាជាប្រទេស​កម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានល្អប្រសើរ​វិញទេនោះ។

សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅក្នុងតំណែងនេះ តាំងពី៣៤ឆ្នាំមកនោះ ការទាមទារ​របស់សហភាពអ៊ឺរ៉ុប គឺជាការរំលោភលើអធិបតេយ្យភាព និងឯករាជភាពកម្ពុជា ដែលលោកប្ដេជ្ញាមិនយកមកធ្វើជាថ្នូរបានឡើយ។ លោកបានអំពាវនាវ ទៅកាន់ប្រជាជន​កម្ពុជាថា៖

«ជនរួមជាតិ ជាពិសេសកម្មករកម្មការិនី បើនៅតែមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល សុំកុំខ្វល់ពីនរណានិយាយពីអ្វី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជន បើនៅតែទទួលបានបៀវត្សរ៍ ពីរសប្ដាហ៍ម្ដង គឺត្រូវបន្តតាមពាក្យ «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ។ យើងក៏ចង់ឃើញមុខ អ្នកដែលសប្បាយ ដែលឃើញបរទេសធ្វើបាបយើង។»

ការចង់ឃើញមុខ«អ្នកដែលសប្បាយ» ទំនងជាលោក ហ៊ុន សែន ចង់សំដៅទៅលោក សម រង្ស៊ី ដែលជាគូបដិបក្ខផ្នែកនយោបាយ ដ៏ស្រួចស្រាវរបស់លោក។ តែលោកបានព្យាយាមពន្យល់វិញថា លោកមិនចង់ឆ្លងឆ្លើយ ជាមួយមេដឹកនាំប្រឆាំងរូបនេះទេ។ លោកថា៖

«ខ្ញុំក៏កំពុងចង់មើលមុខ អ្នកដែលរង់ចាំអាខ្មោច ដែលវាស្លាប់ទៅហើយ វានឹងរស់ឡើងវិញ ដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់។ នេះ មិនមែនជាកាផ្ចាញ់ផ្ចាលមួយទេ ក៏ប៉ុន្តែវាជារឿងជាក់ស្ដែងមួយ ដែលអ្នកត្រូវយល់ យើងទាំងអស់គ្នាត្រូវយល់ ខ្ញុំគ្មានការចាំបាច់ ឆ្លើយតបជាមួយនរណាទាំងអស់ ប៉ុន្តែខ្ញុំមានភារកិច្ច ពន្យល់ពលរដ្ឋ១៦លាននាក់។»

លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនស្លាប់ ហើយក៏មិនក្លាយជាអ្នកមាន ដោយសារប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុបនោះឡើយ។ លោកបញ្ជាក់ថា លោកសុខចិត្តប្រឹងធ្វើអ្នកមាន ជាជាងនៅជាអ្នកក្រ ឲ្យសហភាពអ៊ឺរ៉ុបម៉ាក់ងាយ។ លោកនិយាយថា៖

«កម្ពុជាមិនស្លាប់ដោយសារតែអត់ភាពអនុគ្រោះ EBA តែក៏មិនអាចធ្វើអ្នកមាន ដោយសារភាពអនុគ្រោះ EBA ដែរ។ គេគ្រាន់តែអនុគ្រោះឲ្យបន្តិចៗហ្នឹង អញ្ចឹងធ្វើអ្នកមានបានឬទេ? បើក្លាយជាអ្នកមានហើយ គេឈប់ឲ្យហើយអាហ្នឹងនោះ។ អញ្ចឹងត្រូវប្រឹងធ្វើអ្នកមានតែម្ដងទៅ វាមិនល្អជាង?»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «មិន​ជម្លៀស»​ពលរដ្ឋ​ចេញ​ពីចិន ព្រោះ​ខ្លាចនាំ​​ជំងឺ​ចូល​ស្រុក

«ខ្ញុំមានមោទនភាពក្រៃលែង ដែលធ្វើការសម្រេចចិត្តត្រូវ!» នេះ ជាការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ ពីការបដិសេធរបស់លោក ក្នុងពេលកន្លងមក ក្នុងការ«មិន​ជម្លៀស»និស្សិត និងពលរដ្ឋខ្មែរចេញពីប្រទេសចិន នៅខណៈពេលដែលមេរោគ «កូរូណា» ...
ទិដ្ឋភាពកងកម្លាំងនគរបាល កំពុងធ្វើប្រតិបត្តិការ បង្ក្រាបភេរវកម្ម នៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

អូទ្រីស៖ មេដឹកនាំអ៊ឺរ៉ុប រួមគ្នាប្រតិកម្ម​នឹងភេរវកម្មនៅ​វីយែន

ភ្លាមៗនៅក្រោយភេរវកម្ម៦កន្លែង នៅរដ្ឋធានីវីយែន (ប្រទេសអូទ្រីស) មេដឹកនាំអ៊ឺរ៉ុប បានបញ្ចេញសារ ប្រតិកម្មរួមគ្នា ដោយអះអាងថា អ៊ឺរ៉ុបនឹងមិនឱនក្បាល នៅក្រោម​ការគម្រាមកំហែង ពីសំណាក់ក្រុមភេរវជន ឬអង្គការភេរវនិយម ណាមួយឡើយ។ ស្នូកាំភ្លើងផ្ទុះជាច្រើនសិបគ្រាប់ ...
កម្ពុជា

អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីរ នឹងរងចំណាត់ការពី ACU

បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែង អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីររូប នឹងរងចំណាត់ការ ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួមនឹងក្រសួងមហាផ្ទៃថែមទៀត។ នេះ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅលើបណ្ដាញសង្គម បន្ថែមពីលើអនុក្រឹត្យនៃការដកតំណែងអភិបាលរងទាំងពីរ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.