របាយការណ៍សន្ទស្សន៍ចំណាត់ថ្នាក់ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) មិនផ្ដល់ក្ដីសោមនស្ស សម្រាប់របបដឹកនាំ របស់លោក ហ៊ុន សែន សព្វថ្ងៃនេះទេ ហើយនៅតែចាត់ទុកកម្ពុជា ថាជាប្រទេសដែលមាន«អំពើពុករលួយធ្ងន់ធ្ងរជាងគេក្នុងតំបន់ និងខ្លាំងជាងឆ្នាំមុន»។ របាយការណ៍នោះ ដែលត្រូវបានចេញផ្សាយ ក្នុងថ្ងៃអង្គារនេះ បានផ្ដល់ពិន្ទុឲ្យកម្ពុជា ក្នុងឆ្នាំ២០១៨ កាន់តែអន់ជាងឆ្នាំ២០១៧ មួយពិន្ទុ។
រវាងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា ក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការតម្លាភាពអន្តរជាតិ នៅតែជាប់លេខ«ជិតចុងគេបង្អស់»ដដែល – លេខ១៦១ ក្នុងចំណោម១៨០ប្រទេស។ តែផ្ទុយទៅវិញ កម្ពុជារកពិន្ទុ ក្នុងឆ្នាំ២០១៨នេះ បានត្រឹមតែ២០ពិន្ទុប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំ២០១៧ ដែលរកបាន២១ពិន្ទុ។
ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ បៀបធៀបនឹងប្រទេសទាំង៩ទៀត នៅក្នុងតំបន់ ដែលបង្ហាញថា កម្ពុជាជាប្រទេសដែលមាន«អំពើពុករលួយធ្ងន់ធ្ងរជាងគេក្នុងតំបន់»៖
១) សិង្ហបូរី មាន៨៥ពិន្ទុ លេខ៣ (ខណៈឆ្នាំ២០១៧ រកបាន៨៤ពិន្ទុ លេខ៦)
២) ប្រ៊ុយណេ មាន៦៣ពិន្ទុ លេខ៣១ (ខណៈឆ្នាំ២០១៧ រកបាន៦២ពិន្ទុ លេខ៣២)
៣) ម៉ាឡេស៊ី មាន៤៧ពិន្ទុ លេខ៦១ (ខណៈឆ្នាំ២០១៧ រកបាន៤៧ពិន្ទុ លេខ៦២)
៤) ឥណ្ឌូនេស៊ី មាន៣៨ពិន្ទុ លេខ៨៩ (ខណៈឆ្នាំ២០១៧ រកបាន៣៧ពិន្ទុ លេខ៩៦)
៥) ថៃ មាន៣៦ពិន្ទុ លេខ៩៩ (ខណៈឆ្នាំ២០១៧ រកបាន៣៧ពិន្ទុ លេខ៩៦)
៦) ហ្វីលីពីន មាន៣៦ពិន្ទុ លេខ៩៩ (ខណៈឆ្នាំ២០១៧ រកបាន៣៤ពិន្ទុ លេខ១១១)
៧) វៀតណាម មាន៣៣ពិន្ទុ លេខ១១៧ (ខណៈឆ្នាំ២០១៧ រកបាន៣៥ពិន្ទុ លេខ១០៧)
៨) ឡាវ មាន២៩ពិន្ទុ លេខ១៣២ (ខណៈឆ្នាំ២០១៧ រកបាន២៩ពិន្ទុ លេខ១៣៥)
៩) ភូមា មាន២៩ពិន្ទុ លេខ១៣២ (ខណៈឆ្នាំ២០១៧ រកបាន៣០ពិន្ទុ លេខ១៣០)
១០) កម្ពុជា មាន២០ពិន្ទុ លេខ១៦១ (ខណៈឆ្នាំ២០១៧ រកបាន២១ពិន្ទុ លេខ១៦១)។
ប្រទេសដែលអង្គការតម្លាភាពអន្តរជាតិ រកឃើញថា មានភាពស្អាតស្អំជាងគេ គឺប្រទេសដាណឺម៉ាក ជាប់លេខ១ ជាមួយនឹង៨៨ពិន្ទុ។ បន្ទាប់មក ប្រទេសជាប់លេខ២ គឺប្រទេស ញ៉ូហ្សេឡែន ដែលទទួលបាន៨៧ពិន្ទុ។ ប្រទេសស្អាតស្អំបន្ទាប់ ដែលទទួលចំណាត់ថ្នាក់ ស្មើប្រទេសសិង្ហបូរីដែរនោះ គឺប្រទេសហ្វាំងឡង់ (ក្នុងពិន្ទុ៨៤ដូចគ្នា)៕