កម្ពុជាដំណឹង

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវវិញ។

ការកត់សម្គាល់ ពីចរិតនយោបាយរបស់លោក ហ៊ុន សែន ដោយមេដឹកនាំអ៊ឺរ៉ុបរូបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ពីដំណើរនីតិវិធី របស់សហភាពអ៊ឺរ៉ុប ក្នុងជំហាន ទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។

ឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មាន លោក មាន ឫទ្ធិ ដែលចង់ដឹង ពីក្ដីសង្ឃឹម​របស់មេដឹកនាំ​សហភាពអ៊ឺរ៉ុប ចំពោះដំណើរជឿនលឿន ជាយថាហេតុ នៃការគោរពសិទ្ធិមនុស្ស និងការដឹកនាំតាមគន្លងប្រជាធិបតេយ្យ ពីសំណាក់​បុរសខ្លាំង​កម្ពុជា​នោះ អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម បានមានប្រសាសន៍ថា៖

«រឿងនេះ គឺស្ថិតក្នុងកណ្ដាប់ដៃទាំងស្រុង របស់លោក ហ៊ុន សែន និងរដ្ឋបាលរបស់លោក។ ពីព្រោះយើងគិតថា ស្ថានភាពបានដើរថយក្រោយ ជុំវិញវិស័យសិទ្ធិមនុស្ស ក្នុងរយៈពេលចុងក្រោយនេះ ដែលគណបក្សប្រឆាំងត្រូវគេរំលាយ ការបោះឆ្នោតជាតិមិនត្រូវបានទទួលស្គាល់ ដោយប្រទេសជាច្រើន​លើពិភពលោក យើងឃើញមានការកំហិតលំហ សម្រាប់សង្គមស៊ីវិល និងប្រព័ន្ធសារព័ត៌មានជាដើម។ ក៏មានការព្រួយបារម្ភជាច្រើន អំពីបទដ្ឋានការងារ និងការច្បាមយកដីធ្លី។»

EU – កម្ពុជា និងលោក ហ៊ុន សែន

អ្នកស្រី ម៉ាលស្ត្រម បន្តថា៖

«យើងគិតថា មានការកែលំអតិចតួចដែរ ខាងវិស័យសង្គមកិច្ច ដែលជារឿងល្អ។ ប៉ុន្តែយើងសង្ឃឹមថា នឹងមានការកែប្រែច្រើនជាងនេះ។ អ្វីៗ អាចកើតមានឡើងបាន ប៉ុន្តែនៅក្នុងកណ្ដាប់ដៃ របស់លោក ហ៊ុន សែន ទំនងជាមិនអាចកើតឡើង បានច្រើននោះទេ។»

យ៉ាងណា អ្នកស្រីបន្តលើកឡើងថា កម្ពុជានៅមានពេលនៅឡើយ ចំពោះដំណើរធ្វើឲ្យប្រសើរឡើង ពាក់ព័ន្ធនឹងអ្វី ដែលកម្ពុជាខ្លួនឯង បានចុះកិច្ចព្រមព្រៀង ជាមួយសហភាពអ៊ឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះ ដែលបានផ្ដល់ផលប្រយោជន៍ ដល់ការនាំចេញ និងផ្ដល់ការងារសម្រាប់ពលរដ្ឋ របស់ប្រទេស។

ស្នងការជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុបបានថ្លែងថា៖

«នៅក្នុងអត្ថបទផ្លូវច្បាប់ នៃកិច្ចព្រមព្រៀងនេះ មានចែងយ៉ាងច្បាស់ថា ប្រសិនជាមានការធ្លាក់ចុះដុនដាប នៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ប្រព័ន្ធអនុគ្រោះពន្ធនេះ អាចនឹងត្រូវដកហូត ដោយផ្នែកឬទាំងស្រុង។ ដូច្នេះហើយ ក្នុងនាមជាស្នងការ យើងមានកាតព្វកិច្ច ក្នុងការត្រួតពិនិត្យមើល​បញ្ហា​ទាំងអស់​នេះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

លិខិត​ចុងក្រោយ​ដែល ហ៊ុន សែន សរសេរ​ជូន​«អ៊ំ ឡេ ឌឹកអាញ់»

នៅចំពោះសពលោក ឡេ ឌឹកអាញ់ អតីតប្រធានាធិបតីវៀតណាម លោក ហ៊ុន សែន ក្នុងឋានៈលោកជាប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតមរណទុក្ខមួយច្បាប់ ហៅអតីតមេដឹកនាំវៀតណាម ថាជា«អ៊ំ» រួមនឹងពាក្យពេជន៍«រួមសុខរួមទុក្ខ»ជាច្រើន។ នៅក្នុងលិខិតផ្ញើរជូនសពលោក ...
កម្ពុជា

កម្ពុជា៖ អ្នកជំងឺស្លាប់កើនដល់ ជាង១ពាន់នាក់ – ថ្ងៃនេះស្លាប់៣៩នាក់

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ (Covid-19) ស្លាប់កើនឡើងដល់ ជាង១ពាន់នាក់ បន្ទាប់ពីអ្នកជំងឺ៣៩នាក់​ទៀត បានស្លាប់ក្នុង​ថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២១។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។ ...
កម្ពុជា

ស្ថានទូតអាមេរិកថា កឹម សុខា គ្មានកំហុសនិងជាប់ឃុំដោយអយុត្តិធម៌

ស្ថានទូតសហរដ្ឋអាមេរិក បានចេញមុខ មកអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។ ទំព័រហ្វេសប៊ុកផ្លូវការ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.