កម្ពុជាដំណឹង

អ្នកវិភាគថា ហ៊ុន សែន អួត​ពីអភិក្រម​ទី៥ តែមិន​ទម្លាយ​ពី​«អភិ​ក្រម​ទី៦»

នៅចំពោះការលើកឡើងច្រំដែលៗ ពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកផង ពីសំណាក់អ្នកគាំទ្រ​ផង ជុំវិញ«អភិក្រមទី៥ ស្ដីពីការវះកាត់» ដែលដាក់ចេញ​ដោយនាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជានោះ លោក គឹម សុខ អ្នកវិភាគនយោបាយបានថ្លែងឡើងថា លោក ហ៊ុន សែន គួរត្រូវទម្លាយពី«អភិ​ក្រម​ទី៦»​មួយទៀត​របស់លោក នោះគឺ«ចិញ្ចឹម​សាច់ស្អុយ​​បាតដៃ​ទី៣»។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដកមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​ចេញពីតំណែង យ៉ាងប្រថុចញ៉ុច។ ការដកតំណែងនេះ មិនត្រូវបានលោក ហ៊ុន សែន អះអាងពីទោសកំហុស របស់មន្ត្រីទាំងនោះទេ។

តែជាការដកតំណែង ដែលធ្វើឡើង​បន្ទាប់ពីមន្ត្រីទាំងនោះ ទទួលរងការរិះគន់ខ្លាំងក្លា ពីមតិសាធារណៈជន ជាពិសេសពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទាក់ទងនឹងទង្វើរបស់ពួកគេ ដូចយ៉ាងការចែកប្រាក់សន្ធឹកសន្ធាប់ ឲ្យកូនៗរបស់ផងខ្លួន ឬការដឹកនាំកងកម្លាំងអាជ្ញាធរ ឲ្យចុះអនុវត្តន៍សាលក្រមជាដើម។

ជារៀងរាល់លើក បុរសខ្លាំងកម្ពុជាបានត្អូញតែរថា លោកបានធ្វើការសម្រេចចិត្តដកតំណែង របស់មន្ត្រីជាន់ខ្ពស់ទាំងនោះ ដោយ«ការឈឺចាប់» តាម«អភិក្រមទី៥»របស់លោក។

សម្រាប់លោក គឹម សុខ វិញ បានពន្យល់នៅក្នុងសំណេរដ៏វែងអន្លាយ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា ​អភិក្រមទី៥របស់​លោក ហ៊ុន សែន​​ ដែលលោកទើបនឹក​ឃើញ​ បញ្ចេញមកថ្មីៗនេះ​ ទំនងជា​ដើម្បី​ព្យាយាម​ទប់ទល់​នឹង​សម្ពាធ​ធំពីរ។

អ្នកវិភាគមិនសំចៃសំដីរូបនេះ បានលើកឡើងថា៖

«មួយ​ គឺ​ការ​អនុវត្តន៍​ផែនការ​នយោបាយ ​ពង្រឹងអំណាច​ផ្ដាច់ការ​គ្រួសារ​បក្ស ធ្វើឲ្យ​ប្រជារាស្ត្រ​​ កម្មករ​-​កសិករ​… សម្គាល់​ថា​ លោក​ ហ៊ុន សែន ប្រើកលល្បិច​បំផ្លាញ ​ប្រជាធិបតេយ្យូបនីយកម្ម​​​នយោបាយ​-សង្គម​។ នយោបាយ​អំណាច​ច្រាសស្រកី​ ផ្ទុយនឹង​ចរន្ត​ទឹកចិត្ត​រាស្ត្រ​ អនុវត្ត​ដោយ​លោក​ ហ៊ុន សែន​ នេះ​​ បាននាំឲ្យ​កើតមាន​សម្ពាធ​ធំ​មួយទៀត​ គឺសហភាព​អឺរ៉ុប​​ប្រកាស ព្រ​មានដក​ការអនុគ្រោះពន្ធ “EBA”​ ពី​កម្ពុជា​។»

«ករណី​ទីពីរ​នេះ បើលោក ​ហ៊ុន សែន ​នៅតែបន្ត​នយោបាយ​អំណាចផ្ដាច់ការ​ បែប​កុម្មុយនិស្តិ៍ ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​និង​អធិបតេយ្យ​ភាព​ [ដែល]ជាពាក្យ​បែប​ ប៉ុល​ ពត​ បានប្រើ គឺបើ​លោក​ ហ៊ុន សែន ​មិន​ស្ដារ​ស្ថានការណ៍​ប្រជាធិបតេយ្យ​ឡើងវិញ​​ ដូច​នៅ​មុនការ​រំលាយ​គណៈ​បក្ស​សង្គ្រោះ​ជាតិ​ (ដែលជា​តំណាង​​នៃ​ឆន្ទៈ​​រាស្ត្រ​​ខ្មែរ​​ជាង​​ពាក់កណ្ដាល​​ប្រទេស) ​នៅមុនខែវិច្ឆិកា ឆ្នាំ២០១៧ទេ នោះលោក ហ៊ុន សែន​ នឹងគឺជាអ្នក​បំផ្លាញ​ផលប្រយោជន៍​មួយឆ្នាំៗ ​ប្រមាណ​១២០០​លាន​ដុល្លារ​ ដែល​ប្រទេស​កម្ពុជា​ និងប្រជារាស្ត្រខ្មែរ ត្រូវ​បានពី​ការអនុគ្រោះពន្ធ “EBA-អឺរ៉ុប​” និង “GSP-អាមេរិក”​។»​

អភិក្រមទី៥ ដែលធ្វើឡើងតាមបែបបង្ខំចិត្ត…

អ្នកវិភាគបានបន្តថា លោក ហ៊ុន សែន បានលើកដដែលៗ យក«អភិក្រមទី៥»របស់លោក មកធ្វើជា«ល្បែងឈុតរៀបថ្មី» ដើម្បីគ្រាន់តែទប់ខ្លួន ពីទម្ងន់សម្ពាធធំទាំងពីរខាងលើនេះប៉ុណ្ណោះ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភ​របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងព្រឹកថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖

«បើមាន​គ្រួស​ឬខ្សាច់​ក៏ដោយ ត្រូវយកចេញពីជើងយើងឲ្យអស់ បើមិនដូច្នោះទេ យើងមិនអាចដើរទៅមុខទៀតបានទេ ឬក៏យើងដើរទៅ [អាចធ្វើឲ្យ]ពងជើងរបស់យើង ឬឈឺជើងរបស់យើង។ ខ្ញុំចង់និយាយថា មន្ត្រីរាជការណាដែលធ្វើអំពើផ្ដេសផ្ដាស ត្រូវតែទទួលនូវវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬពួកគេត្រូវទទួលវិន័យធ្ងន់ធ្ងរជាងនេះ តាមរយៈនៃការផ្ដន្ទាទោសដោយច្បាប់។»

ចំពោះលោក គឹម សុខ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាការបង្ហាញឲ្យដឹងទៅវិញថា ប្រទេសកម្ពុជានៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន «មិន​ត្រឹមតែ​ប្រែរូប ទៅជា​របបផ្ដាច់ការ​ឯកបក្ស​វិញទេ» តែថែមទាំងជា​ប្រទេស ដែល«​ញាំញី​ដោយ​អំពើ​ពុករលួយ​បំផ្លាញ​ជាតិ ការរំលោភបំពានសព្វបែបយ៉ាង ការឆក់ប្លន់ទ្រព្យសម្បត្តិជាតិ-សម្បត្តិរាស្ត្រ ការលួចជាតិដើម្បីបំពេញ​ និង​បំប៉ោងទូដែក​​ផល​ប្រយោជន៍ ​ពួកមេដឹកនាំ​ប្រទេស​»។

អ្នកវិភាគបានរៀបរាប់ថា ភាសាបង្ហាញពី«ការឈឺចាប់»របស់លោក ហ៊ុន សែន មានន័យស្មើនឹងការធ្វើឡើង​ដោយ«បង្ខំចិត្ត» ព្រោះលោក ហ៊ុន សែន «​ឥតចង់​ធ្វើ»ការវះកាត់នេះឡើយ ឬនិយាយម្យ៉ាងទៀត គឺលោក ហ៊ុន សែន «ស្ដាយ​សាច់ស្អុយទាំងនេះ»។ លោក គឹម សុខ បន្ថែមថា៖

«រឿង​មួយ​ដែល​មហាជន​ដឹង​ ហើយ​លោក ​ហ៊ុន សែន មិនមែន​មិនដឹង​និងមិនមាន​សេចក្ដី​ក្លាហាន ​ឬ​អត់ភាពស្មោះត្រង់​នឹងនិយាយនោះ គឺករណី​មន្ត្រី​រដ្ឋាភិបាល​ ជាពិសេស​ ពួកមេដឹកនាំ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ឬ​គណបក្ស​គ្រួសារ​ ហ៊ុន សែន មានលុយម្នាក់ៗ​វាល់សែនលានដុល្លារ ពីការ​ប្រើតំណែង​តួនាទី​លួចបន្លំជាតិ ​ដូចជា[លោកអតីតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី]​ គឹម រស្មី​ នេះ មានចំនួនរាប់រយ ឬពាន់​ករណី​ក្នុង​ទូទាំង​កម្ពុជា​។»

អភិ​ក្រម​ទី៦ ជាអភិក្រមសម្ងាត់…

រីឯ«​អភិក្រមទី៦»​ ដែលត្រូវបាន​អ្នកវិភាគ​ពន្យល់​ ​និងហៅថា ជា«អភិក្រមសម្ងាត់»​របស់លោក ហ៊ុន សែន នោះ គឺការចិញ្ចឹមសាច់ស្អុយ​ជា​ក្រុមបាតដៃទី៣ ​សម្រាប់​«ផែនការ​ពង្រឹង​អំណាច ផ្ដាច់ការ​គ្រួសារនិយម​»​របស់បុរសខ្លាំងកម្ពុជា។

លោក គឹម សុខ ថា​ក្រុម​ឧក្រិដ្ឋជន​បាតដៃ​ទី៣ ឬអភិក្រមសម្ងាត់ទី៦នេះ ត្រូវបានគេដឹង​តាម​រយៈ​​សេចក្ដី​ថ្លែង​​ជា​សាធារណៈ​​ របស់​លោក​ ហ៊ុន សែន ​ខ្លួនឯង​ និងរបស់លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​របស់គណបក្ស​ប្រជាជន​។ អ្នកវិភាគនយោបាយ បានថ្លែងបន្តថា៖

«ការប្រកាស​ទាំងនេះ ជាការ​ទទួលស្គាល់​ថា ក្រុមលោក​ ហ៊ុន សែន ​ដឹងច្បាស់​អំពី​ក្រុម​ឧក្រិដ្ឋជន​ហៅ​បាតដៃ​ទី៣​ ឬ​និយាយ​ដោយខ្លីទៅ​ គឺ​លោក ​ហ៊ុន ​សែន ជាអ្នកបង្កើតនិង​ចិញ្ចឹម​ក្រុមអភិក្រមទី៦នេះ ដើម្បីសម្លាប់កម្ទេច​ចលនា​ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន ដឹងច្បាស់ថា បើ​ប្រជារាស្ត្រ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព ​តាម​បែប​បទដ្ឋាន​ប្រជាធិបតេយ្យ​នោះ អំណាចផ្ដាច់ការ​គ្រួសារនិយម​របស់​គាត់​ នឹង​ត្រូវ​ប្រជារាស្ត្រ​ខ្មែរ​ជីកកប់​ជាស្ថាពរ៕»



You may also like

កម្ពុជា

EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ...
កម្ពុជា

កាសែតបារាំងបង្ហើបថា មេធាវី​ម្នាក់​បាន​ជួប ហ៊ុន សែន មុន​ដាក់បណ្ដឹង

មុន​ដាក់បណ្ដឹង – សារព័ត៌មានបារាំងដ៏ធំ ឈ្មោះ«Le Progrès» បានបង្ហើបឲ្យដឹងថា មេធាវីជាតិបារាំងម្នាក់ ដែលស្ថិតក្នុងចំណោមមេធាវី ទាំងបីនាក់ បានធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីជួបដោយផ្ទាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋខ្មែរនៅថៃ ផ្អាកការវិល​ចូលស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវ​ជាថ្មី ស្នើទៅបណ្ដាពលករខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យ«ផ្អាកការវិល​ចូលស្រុក» នៅបន្ទាប់ពីការឆ្លងជំងឺកូវីដ-១៩ (Covid-19) បានផ្ទុះឡើងខ្លាំង នៅក្នុងខេត្តសាមុតសាខន (ភាគនារតី ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...