កម្ពុជាដំណឹង

កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial Time» នៅថ្ងៃចន្ទដើមសប្ដាហ៍។

សារព័ត៌មានដ៏ធំខាងលើ របស់ចក្រភពអង់គ្លេស បានស្រង់ប្រភពពីមន្ត្រីអ៊ឺរ៉ុប ចំនួន៣នាក់ ដែលស្និតនឹងសំនុំរឿង យកមករាយការណ៍ថា  គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេចព្យួរ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ទៅ​លើ​ផលិត​ផល​មួយ​ចំនួន ដែលនាំចេញ ពីប្រទេសកម្ពុជា។

«ព្យួរ EBA ចំពោះផលិតផលមួយចំនួន»

ប៉ុន្តែប្រភពមិនបានអះអាងថា ផលិតផលមួយចំនួននោះ ស្និតក្នុងលក្ខណៈ ឬទិដ្ឋភាពបែបណាទេ។ យ៉ាងណា ប្រភពបានលើកឡើងថា គណៈ​កម្មការ​សហភាព​អឺរ៉ុប ​នៅ​បន្ត​រក្សា​ការ​គាំទ្រ​មួយ​ចំនួន​ សម្រាប់​ផ្នែក​សម្លៀក​បំពាក់ ដើម្បី​ជួយ​ដល់​ការ​រស់​នៅ ​របស់​កម្មករ​កាត់​ដេរ​កម្ពុជា។

«Financial Time» បាន​ស្រង់សំដីអ្នក​ការទូត​មួយរូប មកបញ្ជាក់ដែរ​ថា សហភាព​អឺរ៉ុប​ចង់​ទុក​ទ្វារ​ចំហ​រ សម្រាប់​ការ​ពិភាក្សា​ ជាមួយ​របប​ក្រុង​ភ្នំពេញ ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះការដាក់ទណ្ឌកម្មណាមួយ ទៅលើរបបនេះ ដោយបារម្ភថា ចំណាត់ការនោះ អាច​រុញ​កម្ពុជា​ឲ្យ​ខិត ​ទៅ​ជិត​ប្រទេស​ចិន។

ក្នុង​ថ្ងៃ​ពុធ​ទី១២ ខែកុម្ភៈ សប្តាហ៍​នេះ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ នឹង​បង្ហាញ​សេចក្តីសម្រេច​របស់​ខ្លួន ទៅកាន់របបដឹកនាំដោយលោក ហ៊ុន សែន អំពីលទ្ធភាព នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ ​លើក​លែង​សព្វាវុធ»ឬ «Everything But Arms – EBA» ដែល​កម្ពុជា​ទទួល​បាន តាំងពីឆ្នាំ២០០១នោះមក។

ប្រសិនណា ជាការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹងត្រូវសហភាពអ៊ឺរ៉ុប សម្រេចធ្វើមែននោះ ការ​ចាប់​ផ្តើម​យក​ពន្ធ ​នឹងត្រូវអនុវត្ត ​ចាប់​ពីខែ​សីហា ឆ្នាំ​២០២០ ខាងមុខ​។

ចំណាត់ការខាងលើ ធ្វើឡើងបន្ទាប់ពី​សហភាព​អឺរ៉ុប​ បាន​រក​ឃើញ​ថា​ ក្រុងភ្នំពេញ បាន​រំលោភ​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ «ជា​ប្រព័ន្ធ​ និង​យ៉ាង​ធ្ងន់ធ្ងរ» រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក ដោយក្នុង​នោះ​ មាន​ការ​ចាប់ឃុំ​ខ្លួន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​រហូតឈានដល់ ការ​រំលាយគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ គួបផ្សំនឹង​ការ​ហាមឃាត់​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ចំនួន​១១៨​នាក់ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ សម្រាប់រយៈពេល​៥ឆ្នាំ។

សហភាព​អឺរ៉ុបបានបើកនីតិវិធី ដើម្បីព្រមានរដ្ឋាភិបាលកម្ពុជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩ អំពីចំណាត់ការរបស់ខ្លួន ប្រសិនណាជា របបដឹកនាំនៅកម្ពុជាមួយនេះ មិនធ្វើ​ការ​កែ​លម្អ​ឡើងវិញ ក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេនោះ។

យ៉ាងណា អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) អតីតស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម ធ្លាប់បានសំដែង ក្ដីទុទិដ្ឋិនិយមថា លោក ហ៊ុន សែន នឹងមិនងាកមកដឹកនាំប្រទេសកម្ពុជា តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវ វិញឡើយ។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ក៏តែងបញ្ជាក់ពីជំហរ របស់រដ្ឋាភិបាលលោក ជាច្រើនដង ថាកម្ពុជាមិន«ឱនក្បាល» យក«អធិបតេយ្យ និងឯករាជជាតិ»ខ្លួន ទៅប្ដូរនឹងប្រព័ន្ធអនុគ្រោះពន្ធ «EBA» ខាងលើ របស់សហភាពអ៊ឺរ៉ុបដែរ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជាង៣ទសវត្សរ៍មកនោះ បានប្រកាសទៀតថា កម្ពុជាកំពុងត្រៀមខ្លួន ដោយធ្វើការកែទម្រង់ ដើម្បីពង្រីកទីផ្សារ ទៅកាន់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បន្តប្រាប់ ហ៊ុន សែន កុំដើររករឿងគេឯង«ទាំងងងើល»

ភាគបន្ត នៃសង្គ្រាមពាក្យសំដី ហ៊ុន សែន-សម រង្ស៊ី អាចនឹងរកទីបញ្ចប់គ្មាន។ ក្នុងយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ មេដឹកនាំប្រឆាំងបានបន្តលើកឡើង ដោយប្រើពាក្យខ្លាំងៗថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
កម្ពុជា

អន្ទិត កក្កដា សុភ័ណ្ឌ បាន​ទៅដល់​អាមេរិក មួយថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​ផ្សឹក

វេលានេះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលត្រូវបានចាប់ផ្សឹក ដោយគណៈសង្ឃរាជធានី កាលពីយប់ថ្ងៃអាទិត្យទី២១ ចូលមកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ពីទីនោះ អតីតព្រះភិក្ខុ ...
របាយការណ៍

អង់គ្លេស​មិនយល់ព្រម ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ ពីសំណាក់ EU?

ទីប្រឹក្សាអមនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ជុំ កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីល្បាញ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក បានរៀបរាប់ថា ចក្រភពអង់គ្លេស បានសំដែងការមិនយល់ស្រប ក្នុង«ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ» ដែលសម្រេចឡើង ដោយសហភាពអ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.